ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថាស៊ី ឌី ស៊ី (CDC) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៧ ខែឧសភាថា ក្នុងខែមេសាឆ្នាំ២០២៤កម្ពុជាបានអនុម័តគម្រោងចំនួន២២ ដែលមានទឹកប្រាក់វិនិយោគទុនសរុបចំនួន៣០៩លានដុល្លារអាមេរិក។ រដ្ឋាភិបាលរំពឹងថា ទឹកប្រាក់វិនិយោគមកពីចិន ៩៨ភាគរយនេះនឹងផ្ដល់ការងារថ្មី ឱ្យប្រជាពលរដ្ឋប្រមាណ២ម៉ឺន ៣ពាន់នាក់ព្រមទាំងជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។ ប៉ុន្តែអ្នកវិភាគយល់ឃើញផ្សេងទៅវិញថា ទឹកប្រាក់វិនិយោគប្រមាណ ៣០៩លានដុល្លារនេះគឺជាចំនួនតិចបំផុតមិនអាចដោះស្រាយបញ្ហាប្រឈមនានារបស់សេដ្ឋកិច្ចកម្ពុជាបានទេ។
អ្នកតាមដានសេដ្ឋកិច្ចនិងសង្គមមើលឃើញថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងតែសន្សំកាក់ល្អិតដើម្បីជួយលើកកំណើនសេដ្ឋកិច្ចជាតិក្នុងពេលដែលកម្ពុជាមិនសូវមានអ្នកវិនិយោគទុនធំៗមកពីប្រទេសលោកសេរីគឺមានតែរំហូរនៃការវិនិយោគពីចិនស្ទើរតែទាំងស្រុងនោះ។
អ្នកវិភាគបញ្ហាសង្គមលោក បណ្ឌិត មាស នី បានថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ ខែឧសភាថា ដោយសារតែកម្ពុជាកំពុងស្ថិតក្នុងការរិះគន់ផ្នែកភូមិសាស្ត្រនយោបាយស្និទ្ធនិងចិនគឺច្រកសេដ្ឋកិច្ចសម្រាប់កម្ពុជាកំពុងតែចង្អៀតពិបាករស់ មិនដូចប្រទេសដទៃដែលបើកចំហឡើយ។
លោកបណ្ឌិត មាស នី មានប្រសាសន៍ទៀតថា បើនិយាយពីសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសមួយមិនអាចទីពឹងទៅលើទំហំទឹកប្រាក់៣០៩លានដុល្លារមកវិនិយោគបានឡើយ។ ប៉ុន្តែលោកថា កម្ពុជាត្រូវតែសន្សំកាក់ល្អិតស្របពេលដែលសេដ្ឋកិច្ចកំពុងតែជួបការលំបាកជាច្រើននេះ។
បណ្ឌិត មាស នី៖ «ដោយសារតែកម្ពុជាយើងកំពុងតែមានការរិះគន់ផ្នែកភូមិសាស្ត្រនយោបាយផងដូច្នេះច្រកសេដ្ឋកិច្ចដើម្បីរស់គឺចង្អៀតមិនទូលាយដូចប្រទេសគេដែលគេបើកចំហទេនេះគឺជាការមើលឃើញរបស់ខ្ញុំ។ សំខាន់បំផុតគឺកម្ពុជាត្រូវបន្តបង្កើនទំនុកចិត្តដើម្បីទាក់ទាញអ្នកវិនិយោគទុនច្រើនមកពីបស្ចិមប្រទេសហើយនិងសហរដ្ឋអាមេរិក។ ជាបទពិសោធន៍វិនិយោគទុនដែលយើងមើលឃើញនៅកម្ពុជាបើសិនជាទំហំទឹកប្រាក់មានតិចតួចវាច្រើនតែមករកស៊ីតាមរបៀបកាប់ដាវ»។
ការថ្លែងរបស់អ្នកវិភាគបញ្ហាសង្គមដូចនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសព័ត៌មានថា នៅក្នុងខែមេសាឆ្នាំ២០២៤កម្ពុជាបានអនុម័តគម្រោងចំនួន២២ដែលមានទឹកប្រាក់វិនិយោគទុនសរុបចំនួន ៣០៩លានដុល្លារអាមេរិក ហើយអ្នកវិនិយោគិន ៩៨ភាគគឺមកពីប្រទេសចិន។
វិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយចំពោះគម្រោងវិនិយោគទាំងនេះ ពីឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក ស៊ុន ចាន់ថុល បាននៅឡើយនៅថ្ងៃទី៨ខែឧសភា។
ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានអះអាងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធបញ្ជរជាតិតែមួយ កាលពីថ្ងៃទី៧ ខែឧសភា ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកំណើនខ្ពស់ ក្នុងរយៈពេលមធ្យមទៅរយៈពេលវែងខាងមុខ តាមរយៈការវិនិយោគបរទេស និងការនាំចេញផ្នែកពាណិជ្ជកម្ម។
លោក ហ៊ុន ម៉ាណែត៖ «ត្រីមាសទី១ឆ្នាំ២០២៤និន្នាការនាំចេញនៅបន្តមានចលនាវិជ្ជមានក្នុងកំណើនប្រមាណ១៧,៧ភាគរយ។ ក្នុងន័យនេះរាជរដ្ឋាភិបាលតែងកំណត់ការកែលំអបរិយាកាសធុរកិច្ចនិងការវិនិយោគនិងកិច្ចសម្រួលក្រុមពាណិជ្ជកម្មគឺជាអាទិភាពដ៏ចម្បងមួយដោយបានដាក់ចេញនូវយុទ្ធសាស្ត្រកម្មវិធី និងវិធានការកែទម្រង់ព្រមទាំងបទដ្ឋានគតិយុត្តិសម្រាប់ការកែលំអការអនុវត្តជាក់ស្ដែងជាបន្តបន្ទាប់»។
បើទោះបីជាយ៉ាងណាអ្នកសិក្សាកិច្ចការសង្គមនិងនយោបាយលោក ប៉ោ មករា មើលឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែប្រឈមខ្លាំង ខណៈចំនួនទឹកប្រាក់វិនិយោគទុនទាំងនោះមានចំនួនតិចតួច។
លោក ប៉ោ មករា បញ្ជាក់ទៀតថា ទឹកប្រាក់វិនិយោគចំនួន៣០៩លានដុល្លារនោះគឺមិនមានសញ្ញាណាមួយអាចជួយដល់សេដ្ឋកិច្ចកម្ពុជាឱ្យប្រសើរឡើយ។ ចំណែកឯការវិនិយោគរយៈពេលវែងទៀតសោតនោះវិញ លោកថា ក៏មិនទាន់អាចឆ្លើយតបទៅនិងស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋខ្មែរដែលកំពុងតែជំពាក់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុ រហូតដល់ទៅជិត៥លាននាក់នោះដែរ។
លោកប៉ោ មករា៖ «បើតាមរបាយការណ៍របស់ CBCដែលបានចេញកាលពីពេលថ្មីៗឱ្យដឹងថា រាល់ថ្ងៃគឺកម្ពុជាប្រឈមទី១និងបំណុលរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសទី២គឺរបស់ជាតិទាំងមូលដែលយើងឃើញបំណុលទាំងអស់នោះគឺជំពាក់ចិនច្រើនជាងគេជំពាក់ធនាគារADBធនាគារពិភពលោក(World Bank)ហើយជំពាក់ជប៉ុនកូរ៉េ និងបារាំងជាដើម។ទាំងអស់នេះគឺសុទ្ធតែបំណុលរបស់រដ្ឋាភិបាលបំណុលរបស់ជាតិ»។
យោងតាមព្រឹត្តិបត្របំណុលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលចេញផ្សាយកាលពីខែមីនា គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាបានជំពាក់បំណុលបរទេសជាង ១១ពាន់លានដុល្លារអាមេរិក។
ទាក់ទងរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវលោក សេក សុជាតិ មើលឃើញថា បច្ចុប្បន្ននេះកម្ពុជាកំពុងមានបញ្ហាទៅលើស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអនុវត្តច្បាប់មិនទាន់ល្អដែលធ្វើឱ្យអ្នកវិនិយោគបរទេសមួយចំនួន ដែលមិនពុករលួយ និងមិនចូលចិត្តការសូកប៉ាន់ពិបាកនឹងមកបោះទុនវិនិយោគនៅកម្ពុជា។
លោក សេក សុជាតិ៖ «បញ្ហានយោបាយកំពុងជះឥទ្ធិពលខ្លាំងក្លាមែនទែនមកលើកម្ពុជាដោយសារតែកម្ពុជាមិនមានមូលដ្ឋានរឹងមាំក្នុងការអនុវត្តច្បាប់ហើយមិនអាចផ្ដល់ទំនុកចិត្តឱ្យសហគមន៍អន្តរជាតិ។ដូច្នេះសេដ្ឋកិច្ចរបស់កម្ពុជាក៏អាចនឹងមានបញ្ហាប្រឈមជាបន្តទៀតដែរ។ ឯការប្រមូលទុនវិនិយោគតូចៗមកប្រមូលផ្តុំគ្នាក្នុងរយៈពេល១ឆ្នាំ គឺមិនស្មើនិងក្រុមហ៊ុនយក្សធំមួយដាក់ទុនផង។ នេះគឺជាបញ្ហាប្រឈមមួយដែលយើងមើលឃើញ»។
អ្នកតាមដានស្ថានការណ៍សេដ្ឋកិច្ច និងសង្គមលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែដោះស្រាយបញ្ហានយោបាយហើយបើកលំហប្រជាធិបតេយ្យ សេរីភាព និងការគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីបរិយាកាសល្អសម្រាប់ការវិនិយោគ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕