សង្គម​ស៊ីវិល និង​ពលរដ្ឋ​បារម្ភ​ពី​ការនាំចូល​ជ្រួក​ពី​វៀតណាម​ច្រើន​ហួស​ខ្វះ​ត្រួត​ពិនិត្យ​គុណភាព​

ដោយ ជាតិ ចំណាន
2005-02-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាច់​ជ្រូក​ដែល​គេ​ដាក់​លក់​ក្នុង​ផ្សារ​មួយ ក្នុង​រាជធានី​ភ្នំពេញ
សាច់​ជ្រូក​ដែល​គេ​ដាក់​លក់​ក្នុង​ផ្សារ​មួយ ក្នុង​រាជធានី​ភ្នំពេញ
RFA Photo

មន្ត្រី​សង្គម​ស៊ីវិល​ ​និង​ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ​ ក្រោយពី​មាន​ការនាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ការ​បារម្ភ​នេះ​បន្ទាប់ពី​ពួកគេ​ប្រទះឃើញ​ ​ជ្រូក​រាប់​ពាន់​ក្បាល​ ​នាំចូល​ពី​ប្រទេស​វៀតណាម​នៅ​ពេល​យប់​ ​តាម​ច្រក​របៀង​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង​ ​និង​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម​ ​ដើម្បី​បំពេញ​តម្រូវការ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​។​

ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​ នៃ​ស្រុក​រមាសហែក ​ខេត្ត​ស្វាយរៀង​ ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​ ០៤ ​មករា​ថា​ ​អំឡុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​ សមត្ថកិច្ច​តាម​ច្រក​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ស្វាយរៀង​ ​បាន​អនុញ្ញាត​ឲ្យ​ឈ្មួញ​វៀតណាម​នាំចូល​ជ្រូក​រាប់​ពាន់​ក្បាល​ មក​លក់​តាម​ទីផ្សារ​នៅ​ខេត្ត​ស្វាយរៀង​ ​និង​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន​ទៀត។

ពលរដ្ឋ​រស់នៅ​ស្រុក​រមាសហែក ​ខេត្ត​ស្វាយរៀង​ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​ប្រាប់​អាស៊ី​សេរី​ថា​ ​ច្រក​របៀង​ឃុំ​ដួង​ និង​ច្រក​របៀង​ផ្សេងទៀត​ ​នៅ​ខេត្ត​ស្វាយរៀង​ ​មាន​ការ​នាំ​ជ្រូក​ចាប់ពី​ ១ ពាន់​ក្បាល​ឡើង​ទៅ​ ​ដែល​លោក​សង្ស័យ​ថា​ ​ពុំ​មាន​ការ​ត្រួត​ពិនិត្យ​គុណភាព​ត្រឹមត្រូវ​នោះ​ទេ​។ ​លោក​ថា​ ​ការនាំចូល​ជ្រួក​យ៉ាង​ច្រើន​បែបនេះ​ ​ទំនង​ជា​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រ​វៀង​សមត្ថកិច្ច​ព្រំដែន​ មន្ត្រី​គយ ​និង​ឈ្មួញ​វៀតណាម​ ព្រោះ​សកម្មភាព​នាំចូល​ទាំងនោះ​ធ្វើឡើង​តែ​នៅ​ពេល​យប់​ ​ដើម្បី​គេច​ពី​ភ្នែក​មហាជន៖ «សព្វថ្ងៃ​មាន​ជ្រូក​ខ្មែរ​អី​ណា នៅ​លើ​ផ្សារ​កំពង់ត្រាច ស្ទើរ​តែ ១០០ភាគ សុទ្ធ​តែ​ជ្រូក​វៀតណាម​ចូល​ទាំង​ឡានៗ ហ្មង ថ្លង់​ចង់​ងាប់​ហើយ រ៉ឺម៉ក និង​ម៉ូតូ​ឡាន​ធំ​គ្រប់​ប្រភេទ។ ខាង​ជំនាញ​ស្ថាប័ន​រដ្ឋ​គ្មាន​យក​ចិត្ត​ទុក​ដាក់​ទេ។​ បើ​ឡាន​ស្រប​ច្បាប់​គេ​មិន​ដែល​រក​ស៊ី​យប់​ទេ តែ​នេះ​ម៉ោង ១ម៉ោង ២យប់ ថ្លង់​រក​ដេក​នៅ​មិន​បាន»

បុរស​ដដែល​បន្ថែម​ថា ពួក​គេ​តែង​តែ​ប្រទះឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការនាំចូល​ជ្រូក និង​ទំនិញ​ខូច​គុណភាព​មក​លក់​នៅ​ទីផ្សារ​ស្រុក​ខ្មែរ​ជា​ហូរហែ ​និង​បាន​ផ្ដល់​ដំណឹង​នេះ​ទៅ​សមត្ថកិច្ច​ជំនាញ​ តែ​គ្មាន​លទ្ធផល​។ ​លោក​ឆ្ងល់​ថា​ ​អំពើពុករលួយ​រឿង​នាំ​ជ្រូក​ចូល​ពី​វៀតណាម និង​ទំនិញ​ផ្សេងៗ ទៀត មក​លក់​នៅ​ស្រុក​ខ្មែរ កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ​ រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​គ្មាន​ដោះ​ស្រាយ​នោះ​ទេ៖ «ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ យើង​ចាប់​អារម្មណ៍​ណាស់ យើង​មាន​គំនិត​ហើយ តែ​យើង​មិន​ដឹង​រាយការណ៍​តាម​ណា? ពួក​ក្រុម​អ្នក​មាន​អំណាច​ឃុបឃិត​គ្នា ហើយ​មន្ត្រី​តូចតាច​បាន​ត្រឹម​សុំ​លុយ​កាក់ ប៉ះ​ពាល់​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ​ណាស់។ មន្ត្រី​តូចតាច​មិន​ហ៊ាន​ឃាត់​គេ​ទេ​រាល់​ថ្ងៃ​នេះ»

កាលពី​អំឡុង​ខែ​មករា ឆ្នាំ២០១៩ ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក​របស់​ខ្លួន​ថា អគ្គនាយកដ្ឋាន​កាំកុងត្រូល​ទូទាំង​ប្រទេស​ ​បាន​បន្ត​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទំនិញ​នាំចេញ-នាំចូល​តាម​ច្រក​ទ្វារ​ព្រំដែន ពិនិត្យ​តាម​ទីផ្សារ និង​ចុះ​ប្រចាំ​ការ​តាម​បណ្ដា​ទីផ្សារ​នានា ​ដើម្បី​ស្រាវជ្រាវ​ និង​ទប់ស្កាត់​ទំនិញ​ខូច​គុណភាព​ ​ព្រមទាំង​ស្វែងរក​ភាព​មិន​ប្រក្រតី នៅ​ក្នុង​ផលិតផល​ម្ហូប​អាហារ​ជាដើម​។ ​លទ្ធផល​នៃ​ការ​ចុះ​ស្រាវជ្រាវ​នោះ​ មន្ត្រី​សាខា​កាំ​កុងត្រូល​ខេត្ត​ស្វាយរៀង រក​ឃើញ​នំ​ស្នូល​សណ្ដែក​បន្ទះ​ទម្ងន់ ៣គីឡូក្រាម មាន​សារធាតុ​គីមី, ពង​មាន់​ស្អុយ​ ៩០០គ្រាប់ និង​សាច់​មាន់​ខូច​គុណភាព​ ២០ គីឡូក្រាម​ និង​ម្ទេស​គ្រាប់​ទម្ងន់ ៣គីឡូក្រាម មាន​សារធាតុ​កាកសំណល់​ថ្នាំ​កសិកម្ម។

ចំណែក​ពលរដ្ឋ​ ​និង​ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​គ្រាន់តែ​បង្កប់​កិច្ច​ប៉ុណ្ណោះ​ តែ​ធាតុ​ពិត​ទំនិញ​នាំចូល​ពី​វៀតណាម​ច្រើន​លើសលប់ ហើយ​ការស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ​ធ្វើឡើង​តែ​មួយ​គ្រាៗ ពុំ​មែន​អនុវត្ត​ច្បាប់​ជាប្រចាំ​នៅ​តាម​ចក្រ​ព្រំដែន​នោះ​ទេ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី៤ មករា។

ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ ​លោក​ សន ​ជ័យ​ យល់​ថា​ ​ការនាំចូល​ជ្រូក​យ៉ាង​ច្រើន​លើស​លុប​បែបនេះ​ ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ​និង​វៀតណាម​ ​ដែល​លោក​សង្ស័យ​ថា​ ​អាច​នឹង​កើតមាន​ភាព​មិន​ប្រក្រតី​នៃ​ការ​ត្រួត​ពិនិត្យ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​។ ​លោក​យល់​ថា​ ​ស្ថាប័ន​ពាក់ព័ន្ធ​តាម​ព្រំដែន​ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ​ចំពោះ​ការ​ត្រួត​ពិនិត្យ​គុណភាព​ទំនិញ​គ្រប់​ប្រភេទ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន និង​វៀតណាម ដើម្បី​ការពារ​សុខ​សុវត្ថិភាព​អ្នក​ប្រើប្រាស់៖ «ការ​នាំ​ចូល​គំហុក​ហ្នឹង វា​ស្រប​តម្រូវការ​ដែរ ប៉ុន្តែ​បើ​សិន​នាំ​ចូល​ស្រប​ច្បាប់​ដែល​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​អា​ហ្នឹង​មិន​បញ្ហា​ទេ។ តែ​បើ​ការ​នាំ​ចូល​សត្វ​ជ្រូក​មាន​ការ​ហាម​ឃាត់​នឹង​មាន​បញ្ហា។ រឿង​សំខាន់ តើ​មន្ត្រី​តាម​ព្រំដែន​មាន​ការ​ត្រួត​ពិនិត្យ​ហ្មត់​ចត់​ត្រឹមត្រូវ​ប៉ុណ្ណា

សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​រស់នៅ​ខេត្ត​ស្វាយរៀង​បន្ថែម​ថា​ ​ជ្រូក​ដែល​លក់​នៅ​តាម​ទីផ្សារ​គ្រប់​ស្រុក​ ​ទូទាំង​ខេត្ត​ស្វាយរៀង​ភាគ​ច្រើន​ នាំចូល​ពី​ប្រទេស​វៀតណាម​ មាន​តម្លៃ​ថោក​។ ​ពួកគេ​រិះគន់​ថា​ សមត្ថកិច្ច​ព្រំដែន​មាន​ធូរ​រលុង​អនុវត្ត​ច្បាប់​ ​និង​បណ្ដោយ​ឲ្យ​នាំចូល​ជ្រូក​ពី​ក្រៅ​ប្រទេស​ដោយ​សេរី ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ប៉ះពាល់​មុខ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​ របស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល