របាយការណ៍​ក្រសួង​សេដ្ឋកិច្ច៖ ចិន​មិនបាន​ផ្ដល់​កម្ចី​ណាមួយ​ឱ្យ​កម្ពុជា​ឡើយ​ក្នុង​ឆ្នាំ​២០២៤​នេះ

ដោយ សុ ជីវី
2024.12.12
របាយការណ៍​ក្រសួង​សេដ្ឋកិច្ច៖ ចិន​មិនបាន​ផ្ដល់​កម្ចី​ណាមួយ​ឱ្យ​កម្ពុជា​ឡើយ​ក្នុង​ឆ្នាំ​២០២៤​នេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) ជួប​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) នៅប្រទេស​ចិន គាលពីថ្ងៃទី៣ ធ្នូ ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រទេស​ចិន​មិន​បាន​ផ្ដល់​កម្ចី​ថ្មី​ណាមួយ​ឱ្យ​កម្ពុជា​ទេ នៅក្នុង​អំឡុង​ពេល​ជិត ១​ឆ្នាំ ២០២៤​នេះ។

សារព័ត៌មាន រ៉យទ័រស៍ (Reuters) ផ្សាយ​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឱ្យ​ដឹង​ថា តាម​ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ពុំ​មាន​កម្ចី​ណាមួយ ដែល​ចិន​ផ្ដល់​ឱ្យ​កម្ពុជា​ទេ រាប់​ចាប់តាំងពី​ខែ​មករា ទៅ​ដល់​ខែ​កញ្ញា បើ​ទោះបីជា​ចិន​ជា​ម្ចាស់បំណុល​ធំ​ជាង​គេ​របស់​កម្ពុជា​ក៏ដោយ​។ ក្នុង​រយៈពេល​ដូចគ្នា​នេះ កាលពី​ឆ្នាំ​២០២៣ ចិន​បាន​ផ្ដល់​កម្ចី ដល់​កម្ពុជា​ចំនួន​ជិត ២១២​លាន​ដុល្លារ ហើយ​ក្នុង​រយៈ​ពេញ​មួយឆ្នាំ ចិន​បាន​ផ្ដល់​កម្ចី​ចំនួន​សរុប​ជាង ៣០០ លាន​ដុល្លារ។

គិត​មក​ដល់​ពេល​នេះ​បំណុល​សាធារណៈ​របស់​កម្ពុជា​ឡើង​ដល់​ជិត ១​ម៉ឺន ២​ពាន់​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​ជំពាក់​ចិន​ស្ទើរ​តែ​ជិត​ពាក់​កណ្តាល​គឺ​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ។

រ៉យទ័រស៍​រាយការណ៍​បន្ត​ថា ការ​មិន​ផ្ដល់​កម្ចី​ឱ្យ​កម្ពុជា​នេះ ជា​សញ្ញា​បង្ហាញ​ថា ប្រទេស​ចិន​កំពុង​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​វិនិយោគ​នានា​មក​កម្ពុជា ក្នុង​ដំណាក់កាល​ដែល​គម្រោង​ជាច្រើន​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​បាន​បរាជ័យ​ជា​បន្តបន្ទាប់​គ្នា។

ទោះជា​យ៉ាងណាក៏ដោយ​កម្ពុជា​ក៏​បន្ត​ទទួល​បាន​កម្ចី​មកពី​បណ្ដា​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅក្នុង​ឆ្នាំ​២០២៤ ដែល​មាន​ទំហំ​សរុប​ប្រមាណ ១​ពាន់​លាន​ដុល្លារ។ ក្នុង​នោះ​កម្ពុជា​បាន​កម្ចី​ពី​ធនាគារ​ពិភពលោក​ចំនួន ៥៦៤ លាន​ដុល្លារ ជា​ម្ចាស់​កម្ចី​ធំ​ទី​១ និង ២៦២​លាន​ដុល្លារ ពី​ប្រទេស​ជប៉ុន​ជា​ម្ចាស់​កម្ចី​ធំ​ទី​២ ក្នុង​ឆ្នាំ​២០២៤។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ក្រសួង​ហិរញ្ញវត្ថុ​បាន​ទេ​កាលពី​យប់​ថ្ងៃទី​១១ ខែ​ធ្នូ។

ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក៏​មិនបាន​ឆ្លើយ​នឹង​សំណួរ​របស់​រ៉យទ័រស៍​ទាក់ទង​នឹង​កម្ចី​ចិន​ផ្ដល់​ឱ្យ​កម្ពុជា​នេះ​ទេ ដោយ​ឆ្លើយ​ថា កម្ពុជា និង​ចិន​គឺជា​មិត្ត​ដែកថែប ហើយ​ចិន​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ដោយ​ផ្ដល់​ការ​គាំទ្រ​កម្ពុជា ដោយ​ជំរុញ​ការ​អភិវឌ្ឍ និង​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។

ក្នុង​ឆ្នាំ​២០២២ ចិន​បាន​ផ្ដល់​កម្ចី​ឱ្យ​កម្ពុជា​ច្រើន​ជាងគេ​ក្នុង​ទំហំ​ទឹកប្រាក់ ៥៦៧​លាន​ដុល្លារ។

ទាក់ទង​នឹង​កម្ចី​ចិន​នេះ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​មិត្តភាព និង​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​ទាំង​ប្រថុចញ៉ុច កាល​ពី​ដើម​ខែធ្នូ បាន​ស្នើ​ដល់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ឱ្យ​ជួយ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច ជាពិសេស ផ្ដល់​ជំនួយ និង​ប្រាក់កម្ចី​បន្ថែម​ដល់​រដ្ឋាភិបាល​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន អះអាង​តែឯង​ដោយ​គ្មាន​ភស្តុតាង​នៅ​លើ​ហ្វេសប៊ុក​ថា លោក ស៊ី ជីនពីង បាន​គាំទ្រ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន ទាំង​ដែល​ភាគី​ចិន​មិនបាន​លើកឡើង​ពី​រឿង​នេះ​ទាល់តែ​សោះ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។