ពលរដ្ឋមួយចំនួនរស់នៅក្រុងសៀមរាប កំពុងប្រឈមបញ្ហាជីវភាពធ្លាក់ដុនដាបខ្លាំង និងខ្លះទៀតស្ទើរតែគ្មានប្រាក់ទិញអង្ករបរិភោគប្រចាំថ្ងៃ ដោយសារគ្មានការងារធ្វើ និងលំបាកស្វែងរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។ មន្ត្រីសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាលអន្តរាគមន៍ជាបន្ទាន់ករណីនេះ។
អ្នករត់ម៉ូតូឌុបរស់នៅក្រុងសៀមរាបលោក គឹម ណៃ ប្រាប់អាស៊ីសេរីថា លោកបានផ្អាករត់ម៉ូតូឌុបជាង ១ឆ្នាំ មកហើយ ដោយសារតែខ្សត់ភ្ញៀវ ហើយបច្ចុប្បន្ន លោកបានដើររើសអេតចាយ នេសាទត្រី និងចាប់ក្តាមខ្ចងលក់ ដើម្បីទិញអង្ករហូបប្រចាំថ្ងៃ។ លោកថា មុខរបរនេះអាចរកប្រាក់បានមួយថ្ងៃចាប់ពី ៥ពាន់រៀល (៥០០០) ដល់ ១ម៉ឺនរៀល (១០០០០) ពុំគ្រប់គ្រាន់សម្រាប់ថ្លៃចំណាយប្រចាំថ្ងៃនោះទេ។ លើសពីនេះទៀត មានថ្ងៃខ្លះស្ទើរតែគ្មានអង្ករច្រកឆ្នាំង ដោយសារមិនអាចនេសាទត្រី និងរើសអេតចាយបាន ៖ «ស្ងាត់ឈឹងវាគ្មានអ្នកជិះ វាស្ងាត់បណ្តោយ ដើរទៅបង់ត្រី ស្ទួចត្រី ខ្ចីសំណាញ់គេ បង់បានហូប បាចត្រី រើសខ្ចង តាំងពីយើងអត់មានកូវីដ នៅតែយើងមិនគ្រប់គ្រាន់ ទម្រាំតែកូវីដអ៊ីចឹងទៀត។ យើងអត់មានរកចំណូលចូល »។
អ្នករត់ម៉ូតូកង់បីលោក ប៉ក់ ថូរ ថ្លែងថា ភាពស្ងបស្ងាត់ភ្ញៀវទេសចរនេះ ធ្វើឱ្យគ្រួសារលោកសឹងតែរកអង្ករច្រកឆ្នាំងមិនបានដោយសារគ្មានការងារធ្វើ និងគ្មានប្រាក់ចំណូលចិញ្ចឹមជីវិត។ លោកបានផ្អាករត់កង់បីជាច្រើនខែមកហើយ ដោយសារគ្មានភ្ញៀវ ហើយបច្ចុប្បន្នលោកចិញ្ចឹមមាន់ទា និងដាំបន្លែនៅផ្ទះជំនួសវិញ។ លោកបន្ថែមថា មុខរបរនេះ អាចរកប្រាក់បានតិចតួចដើម្បីដោះទាល់តែប៉ុណ្ណោះ៖ «បញ្ញាប្រឈមរបស់អ្នកដែលរកស៊ីវិស័យទេសចរ គឺយើងពុំមានចំណូល គឺអត់សោះតែម្តង។ នៅពេលដែលយើងអត់មានចំណូលទី១ ខ្វះខាត អត់មានថវិកាទិញអង្ករហូប និងម្ហូបហូប។ និយាយទៅសឹងតែរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ហើយបើនិយាយរឿងចំណូលវិញ គឺគ្មានហ្មង ពិបាកខ្លាំងមែនទែន ទោះបីជាចង់ធ្វើសំណង់គឺពិបាកហ្នឹងរក »។
ពលរដ្ឋថា ទីក្រុងអង្គរដែលធ្លាប់មានមនុស្សអ៊ូអរ និងមានភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តរាប់លាននាក់ក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែក្រោយពីផ្ទុះជំងឺកូវីដ១៩ បែរជាស្ងាត់ជ្រងំ ធ្វើឱ្យកន្លែងផ្តល់សេវាកម្មភ្ញៀវទេសចរណ៍ កន្លែងលក់វត្ថុអនុស្សាវរីយ និងភោជនីយដ្ឋានជាច្រើនបានបិទទ្វារ និងក្ស័យធន។ រីឯសណ្ឋាគារ និងផ្ទះសំណាក់តូចៗ ជាច្រើនទៀត ស្ទើរតែគ្មានភ្ញៀវទាល់តែសោះ។
របាយការណ៍គ្រឹះស្ថានអង្គរឱ្យដឹងថា រយៈពេល ២ខែ ដំបូងនៅដើមឆ្នាំ ២០២១ មានភ្ញៀវទេសចរទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួនជាង ៤ពាន់នាក់ ( ៤ ១៩៤ ) ធ្លាក់ចុះជិត ៩៩ ភាគរយ (៩៨,៧៧ ) ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ ចំណែកប្រាក់ពីការលក់សំបុត្រចូលទស្សនាមានចំនួនសរុបជិត ២០ម៉ឺនដុល្លារ ( ១៧២ ៨២៣) ធ្លាក់ចុះជិត ៩៩ ភាគរយ ( ៩៨,៩៣ ភាគរយ)។
អ្នកគ្រប់គ្រងសណ្ឋាគារម្នាក់លោក អាង ឆាល បារម្ភថា ពលរដ្ឋក្រីក្រដែលរកមួយថ្ងៃស៊ីមួយថ្ងៃកំពុងដង្ហើយរកជំនួយបន្ទាន់ដោយសារខ្វះស្បៀងអាហារ។ លោកថា សណ្ឋាគារលំដាប់ផ្កាយជិត ២០០កន្លែង និងកន្លែងផ្តល់សេវាកម្មភ្ញៀវទេសចរជាច្រើនកន្លែងទៀតត្រូវបង្ខំចិត្តបិទទ្វារ ធ្វើឱ្យពលរដ្ឋរាប់ពាន់នាក់បាត់បង់ការងារធ្វើជាច្រើនខែមកហើយ។ ចំណែកទំនិញលក់លើទីផ្សារដូចជា ត្រីសាច់ បន្លែ សាំង និងផ្លែឈើជាដើម ក៏ឡើងថ្លៃដែរ៖ «អ្វីដែលយើងខ្វះខាត គឺម្ហូបអាហារ ដែលយើងត្រូវចំណាយប្រចាំថ្ងៃ។ បញ្ហាទី២ សាំងនៅតែថ្លៃដដែល ចំណូលរាល់ថ្ងៃ គឺយើងអត់មានទេ។ សូមសុំណូមពរដល់រដ្ឋាភិបាលឱ្យលោកជួយចាត់វិធានការថ្លៃសាំង ឱ្យបានចុះថោក។ បើអាចទំនិញនៅទីផ្សារពិបាកណាស់រាល់ថ្ងៃថ្លៃ ហើយយើងអត់មានចំណូលចឹងទៀត វាកាន់តែលំបាក »។
ចំណែក ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ វិញ លោកជំរុញឱ្យរដ្ឋាភិបាលត្រូវអន្តរាគមន៍បន្ទាន់ឧបត្ថម្ភប្រាក់ និងអង្ករហូបចុកផ្តល់ជូនពលរដ្ឋជួបការលំបាកខ្លាំង។ លោកថា ស្ថានភាពដ៏លំបាកនេះរដ្ឋាភិបាលគួរតែរៀបចំប្រព័ន្ធធារាសាស្ត្រផ្តល់កន្លែងឱ្យពលរដ្ឋអាចបង្កបង្កើតផលបាន ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងរកទីផ្សារកសិផលជូនប្រជាកសិករ៖ «សរុបសេចក្តីមករដ្ឋត្រូវគិត ទី១ ឧបត្ថម្ភទាក់ទងអាហារហូបចុកប្រចាំថ្ងៃ ឧបត្ថម្ភគ្រឿងបរិភោគ ឬក៏ប្រាក់ជាប្រចាំខែ ដូចប្រទេសជិតខាង និង Free ការប្រើប្រាស់ថ្លៃទឹកភ្លើង អន្តរាគមន៍ទៅមីក្រូហិរញ្ញវត្ថុ និងរៀបចំប្រព័ន្ធធារាសាស្ត្រឱ្យមានលក្ខណៈងាយស្រួល ឱ្យពួកគាត់បង្កបង្កើនផល នៅពេលដែលពួកគាត់បាត់បង់ការងារធ្វើ »។
រីឯសមាគមមគ្គុទេសក៏អង្គរដែលជាអ្នកឈរជួរមុខនៅក្នុងវិស័យនេះជាង ៣ពាន់នាក់ (៣.០០០ ) ដែលទទួលអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍ បានផ្អាកការងារជាង ១ឆ្នាំ មកហើយ។ ការធ្លាក់ចុះភ្ញៀវទេសចរនេះ បានរុញច្រានឱ្យប្រព័ន្ធសេដ្ឋកិច្ចប្រជាជនក្នុងតំបន់ និងក្រុមមគ្គុទេសក៏អង្គរជួបវិបត្តិធ្ងន់ធ្ងរ គ្មានប្រភពចំណូល ខ្វះប្រាក់បង្វិលសងធនាគារ និងបង់រំលស់ដីធ្លី ផ្ទះជាដើម។
អាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីអភិបាលក្រុងសៀមរាបលោក នួន ពុទ្ធារ៉ា និងអភិបាលខេត្តសៀមរាបលោក ទៀ សីហា បាននៅឡើយទេ នៅថ្ងៃទី២៣ ខែមីនា ព្រោះពួកលោក មិនលើកទូរសព្ទ។ ចំណែកអ្នកនាំពាក្យនៃអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងទេសចរ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អាស៊ីសេរីមិនអាចទាក់ទងបានដែរ ព្រោះពួកលោកមិនលើកទូរសព្ទ។
ទោះបីយ៉ាងណា មន្ត្រីរដ្ឋាភិបាលលើកឡើងថា វិស័យទេសចរណ៍បានក្លាយជាវិស័យចម្បងមួយនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់។ របាយការណ៍ប្រចាំឆ្នាំ ២០១៥ នៃក្រសួងទេសចរណ៍បានឲ្យដឹងថា ប្រាក់ចំណូលប្រចាំឆ្នាំដែលកម្ពុជាទទួលបានពីវិស័យទេសចរណ៍ក្នុងឆ្នាំ ២០១៥ គឺ ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។