កម្ពុជា​រំពឹង​ថា​នឹង​មាន​អ្នកដំណើរ​ឆ្លងកាត់​ដល់​១០​លាន​នាក់​នៅ​ចុង​ឆ្នាំ​២០១៨

ដោយ ម៉ៅ សុធានី
2018.12.18
ទេសចរណ៍ សៀមរាប ៦២២ ទេសចរ​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៨។
រូបថត​ក្រសួង​ទេសចរណ៍

ក្រុមហ៊ុន​អាកាសយាន​កម្ពុជា​រំពឹង​ថា នឹង​អាច​មាន​លទ្ធភាព​ទទួល​អ្នកដំណើរ​ចំនួន ១០​លាន​នាក់ នៅ​ចុង​ឆ្នាំ​២០១៨ នៅ​តាម​អាកាសយាន​អន្តរជាតិ​៣ រួមមាន ក្រុងភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ។

អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសយាន​កម្ពុជា លោក អេរិច ដេឡូប៊ែល (Eric Delobel) ត្រូវ​បាន​កាសែត​ខ្មែរ​ថាមស៍ (Khmer Times) ដកស្រង់​សម្ដី​កាលពី​ថ្ងៃ​អង្គារ​ទី១៨ ខែ​ធ្នូ ថា ក្រុមហ៊ុន​លោក​កំពុង​ពង្រីក និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​តាម​អាកាសយានដ្ឋាន​ទាំងនោះ ដើម្បី​ទទួល​កំណើន​ភ្ញៀវ​ទេសចរ។ លោក​បន្ត​ថា ក្រុមហ៊ុន​មាន​ជំនឿ​ថា នឹង​អាច​សម្រេច​បាន​នូវ​គោលដៅ ទទួល​ភ្ញៀវ​ដល់​ទៅ ១០​លាន​នាក់ ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ គឺ​លើស ១​លាន ២​សែន​នាក់។ លោក អេរិច ដេឡូប៊ែល ទទួលស្គាល់​ថា នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត ដែល​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​រួម​មាន ការហោះហើរ បង្កើន​ការ​ភ្ជាប់​ជើង​យន្តហោះ និង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត។

បច្ចុប្បន្ន​កម្ពុជា​មាន​ជើង​យន្តហោះ ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ ជាង​៦០ ក្នុង​នោះ រួមមាន​ចិន កូរ៉េខាងត្បូង ជប៉ុន កាតា និង​ឌូបៃ ជាដើម​។ ក្រុមហ៊ុន​អាកាសយាន​កម្ពុជា បាន​ប្រកាស​ពី​គម្រោង​បង្កើត​ការហោះហើរ​ដោយ​ផ្ទាល់​ពី​កម្ពុជា ទៅ​អូស្ត្រាលី ឥណ្ឌា និង​រុស្សី។

ក្នុង​អំឡុង ១០​ខែ ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​បរទេស ចំនួន ៤​លាន ៨​សែន បាន​មក​លេង​កម្ពុជា ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន ច្រើន​ជាងគេ​បំផុត ដែល​មាន​ចំនួន ជាង ១​លាន ៦​សែន​នាក់ គឺ​កើន​៧១% បើ​ប្រៀបធៀប​អំឡុង​ដូចគ្នា កាលពី​ឆ្នាំ​២០១៧។ ក្រៅពី​ភ្ញៀវ​ទេសចរ​ចិន គឺ​មាន​វៀតណាម ឡាវ កូរ៉េខាងត្បូង​និង​ថៃ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ពី​ទ្វីប​អាមេរិក​ខាងជើង និង​អឺរ៉ុប មានការ​ថយ​ចុះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។