សង្គម​ស៊ីវិល សហជីព និង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​កម្មករ​ជា​បន្ទាន់​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩

ដោយ ទីន ហ្សាការីយ៉ា
2021.05.03
សង្គម​ស៊ីវិល សហជីព និង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​កម្មករ​ជា​បន្ទាន់​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩ កម្មករ និង​ពលរដ្ឋ​ដែល​ជាប់​ក្នុង​ផ្ទះជួល ពេល​អាជ្ញាធរ​រាជធានី​ភ្នំពេញបិទខ្ទប់​ ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩។
រូប​ពី​ហ្វេសប៊ុក

សង្គម​ស៊ីវិល សហជីព និង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ស្នើ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​កម្មករ​និង​អ្នក​ធ្វើ​ការងារ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩​។ ឆ្លើយតប​នឹង​សំណើ​នេះ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា រដ្ឋាភិបាល​បាន​ដោះស្រាយ​ជូន​កម្មករ ឬ​ពលរដ្ឋ​ទូទៅ​បាន​ច្រើន​មក​ហើយ ប៉ុន្តែ​មិនអាច​ឱ្យ​តាម​ការ​ចង់​បាន​របស់​អ្នក​ទាមទារ​ឡើយ។

កម្មករ​រក​ចំណូល​បាន​មួយថ្ងៃ​រស់​មួយថ្ងៃ​មិនទាន់​ទទួល​បាន​ការ​គាំទ្រ​អាច​ឱ្យ​ហូបចុក​គ្រប់គ្រាន់​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​។ សង្គម​ស៊ីវិល សហជីព និង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ជាបន្ទាន់​នូវ​ការ​ប្រឈម​របស់​កម្មករ​គ្រប់​វិស័យ។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ លើកឡើង​ថា កម្មករ​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​ហើយ​អ្នកខ្លះ​គ្មាន​លទ្ធភាព​ទិញ​ម្ហូបអាហារ​នោះ​ទេ​។ អ្នកស្រី​បន្ត​ថា កម្មករ​មួយ​ចំនួន​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩ ខ្លះ​រង​ការរើសអើង​ពី​អ្នកជិតខាង​ថែម​ទៀត​ផង៖ «ពួកគាត់​(​កម្មករ​រោងចក្រ​)​កំពុងតែ​នៅក្នុង​ស្ថានភាព​លំបាក​អ្នកខ្លះ​ក៏​មាន​លទ្ធភាព​ទិញ​អាហារ​ហូបចុក អ្នកខ្លះ​ក៏​គ្មាន​លទ្ធភាព​ទិញ អ្នកខ្លះ​ជួន​កាល​មាន​លុយ​តិចតួច​ទៅ​នឹង​គេ ប៉ុន្តែ​ទិញ​អត់​ទាន់​អ្នក​មាន​លុយ​អ្នក​នៅ​ជិត​ហ្នឹង»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​( IDEA) លោក វន់ ពៅ និយាយ​ថា ពេល​នេះ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​រាជធានី ភ្នំពេញ និង​ខេត្ត​កណ្ដាល​បាន​បាត់បង់​ចំណូល​ទាំងស្រុង​។ លោក​បន្ត​ថា ពេលនេះ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គ្មាន​ស្បៀងអាហារ​គ្រប់គ្រាន់ ជំពាក់​បំណុល​ធនាគារ និង​ជំពាក់​ថ្លៃ​បន្ទប់​ជួល​ជាដើម។

លោក​ស្នើ​ទៅ​រដ្ឋាភិបាល​គួរ​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។ ជាង​នេះ​ទៅ​ទៀត លោក​ទទូច​ជាថ្មី​ម្ដងទៀត​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ប័ណ្ណ​សមធម៌​ដល់​កម្មករ​ក្រៅ​ប្រព័ន្ធ​ឡើងវិញ ដើម្បី​ឲ្យ​ពួក​អាច​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​មិន​ចាំបាច់​បង់លុយ៖ «មានតែ​សម្ដេច​ប្រមុខ​រដ្ឋាភិបាល​ទេ ដែល​អំណាច​សិទ្ធិ​គ្រប់គ្រាន់​ឱ្យ​អ្នក​ថ្នាក់ក្រោម​ធ្វើ​កិច្ចការ​ឱ្យ​​មាន​ប្រសិទ្ធភាព​ឱ្យ​សម្រាប់​ឱ្យ​ពលរដ្ឋ​ជា​ម្ចាស់​ពន្ធ ម្ចាស់​សំឡេង​នៅក្នុង​ប្រទេសជាតិ​មួយ​នេះ​ដែរ គឺ​ចង់​ការ​រៀបចំ​យន្តការ​ស្បៀង អាហារ​គ្រប់គ្រាន់ ក្នុង​ស្ថានភាព​កូវីដ១៩ ឱ្យ​ពួក​យើង​ប្រកប​របរ​អាជីវកម្ម​ប្រកប​ដោយ​សុវត្ថិភាព ទាំង​អ្នក​ប្រកប​របរ​អាជីវកម្ម និង​អ្នក​ទទួល​ផល​អាជីវកម្ម»

សំណើ​របស់​សង្គម​ស៊ីវិល សហជីព និង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​១៣៥ ថ្ងៃទី​០១ ខែឧសភា ទាក់ទង​ប្រធានបទ​៖ សិទ្ធិ​ការងារ​គឺជា​មូលដ្ឋានគ្រឹះ​ដើម្បី​លើកកម្ពស់​កិច្ច​គាំពារ​សង្គម និង​ធានា​សិទ្ធិ​រស់រាន​មាន​ជីវិត​។ ការ​ជជែក​ដេញដោល​ត្រូវ​បាន​ធ្វើឡើង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ខណៈ​កម្ពុជា​កំពុង​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ ក្រៅពី​ការ​ជជែក​គ្នា​ក្រុម​អ្នកការពារ​សិទ្ធិ​កម្មករ​ក៏​មាន​លិខិត​ផ្លូវការ​ជូន​រដ្ឋាភិបាល​ផង​ដែរ ពី​កង្វល់​និង​សំណើ​របស់​ពួកគេ។

រីឯ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ក៏​បាន​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែរ ដោយ​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កម្មករ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​១៩​។ លោក​យល់​ថា ការ​គិតគូរ​ចម្បង​គឺ​ការ​បើក​លុយ​ឱ្យ​កម្មករ​ក្នុង​អំឡុង​បិទ​ខ្ទប់​និង​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩ ជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​ជូន​កម្មករ៖ «ទន្ទឹម​នឹង​បិទ​ខ្ទប់ គួរតែ​ធ្វើ​ម៉េច​ផ្ដល់​អាហារ ការ​ការពារ​ព្យាបាល​ឱ្យ​បាល​ល្អ ហើយ​ជាពិសេស​បន្ត​ផ្ដល់​ថវិកា​ជួយឧបត្ថម្ភ​ផ្សេងៗ ហើយ​ជំរុញ​ទៅ​និយោជក​ផ្ដល់​ប្រាក់​បៀវត្សរ៍ ខ្ញុំ​គិត​ថា និយោជក​មួយចំនួន​អាច​ផ្ដល់​ប្រាក់​បៀវត្សរ៍​តាម​ប្រព័ន្ធ​អនឡាញ»

ទោះ​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា រដ្ឋាភិបាល ខិតខំ​រក្សា​ការងារ​ចាស់ និង​បង្កើត​ការងារ​ថ្មី​ជូន​ពលរដ្ឋ​។ រដ្ឋាភិបាល​ឱ្យ​ដឹង​ទៀត​ថា រោងចក្រ សហគ្រាស ១.១០៣​កន្លែង បាន​បើក​ដំណើរការ​ថ្មី​ដែល​ផ្ដល់​ការងារ​ឱ្យ​កម្មករ​ជាង ៦​ម៉ឺន​នាក់​បន្ថែម។

ឆ្លើយ​តប​នឹង​សំណើ​របស់​សង្គម​ស៊ីវិល និង​សហជីព​វិញ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការ​ទាមទារ​របស់​អ្នក​ការពារ​សិទ្ធិ​កម្មករ​ទាំងនោះ​គឺជា​ទាមទារ​ទាំង​មិន​បាន​មើល​អ្វី​ដែល​រដ្ឋាភិបាល​បាន​ដោះស្រាយ​ជូន​កម្មករ។ ទោះ​យ៉ាងណា លោក​ថា រដ្ឋាភិបាល​មិន​អាច​បញ្ចេញ​កញ្ចប់​ថវិកា​រាប់ពាន់​ម៉ឺន​ដុល្លារ​ផ្ដល់​ឱ្យ​ពលរដ្ឋ​តាម​ការ​ចង់​បាន​នោះ​ទេ ព្រោះ​កម្ពុជា​ត្រឹម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឬ​ជា​ប្រទេស​ក្រីក្រ៖ «រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​អស់​រួចហើយ តាម​ដំណាក់កាលៗ ម៉េច​ក៏​ថា រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​ហើយ​នៅតែ​ស្នើ​ទៀត​។ គាត់​ស្នើ​ដើម្បី​យកគុណ​សម្បត្តិ​គាត់ តែ​តាមពិត​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​មុន​សំណើ របស់​គាត់​ទៀត»

ក្រុម​អ្នកការពារ​សិទ្ធិ​កម្មករ​លើកឡើង​ថា កម្មករ​គួរ​ហ៊ាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ទាមទារ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។