កម្មករ​រាប់​ម៉ឺន​នាក់​ដែល​ធ្លាប់​បំរើ​សេវាកម្ម​ទេសចរណ៍​កំពុង​គ្មាន​ការងារ​ធ្វើ ខណៈ​រដ្ឋាភិបាល​អះអាង​ពី​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង

ដោយ ប្រាជ្ញ​ ចេវ
2024.03.28
កម្មករ​រាប់​ម៉ឺន​នាក់​ដែល​ធ្លាប់​បំរើ​សេវាកម្ម​ទេសចរណ៍​កំពុង​គ្មាន​ការងារ​ធ្វើ ខណៈ​រដ្ឋាភិបាល​អះអាង​ពី​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រយៈពេល​២​ខែ​ដើមឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជិត ១​លាន​នាក់​(៩៨៨.៥៧៤ )​។ ចំនួន​នេះ​បាន​កើនឡើង​ប្រមាណ ១៨​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំមុន។

ក៏ប៉ុន្តែ​សហជីព​ផ្នែក​សេវាកម្ម​ទេសចរណ៍ បាន​បង្ហាញ​កង្វល់​ផ្ទុយ​ពី​នេះ​ដោយ​ថា រយៈពេល​ជាង​២-៣​ឆ្នាំ​មក​ហើយ កម្មករ បុគ្គលិក​ច្រើន​ម៉ឺន​នាក់ ដែល​ធ្លាប់​បម្រើការ​ផ្នែក​សេវាកម្ម​ទេសចរណ៍ កំពុង​បាត់បង់​ការងារ​ព្រមទាំង​ប្រាក់ចំណូល​ប្រចាំថ្ងៃ បើ​ទោះបីជា​រដ្ឋាភិបាល​អះអាង​ថា ចំនួន​ភ្ញៀវ​ទេសចរ​កំពុង​កើន​ឡើង​ក្តី។

អ្នកបំរើ​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ជាច្រើន​នាក់​នៅក្នុង​រមណីយដ្ឋាន​អង្គរ​ត្អូញត្អែរ​ថា ចំណូល​ដែល​គេ​រក​បាន​ពី​វិស័យ​ទេសចរណ៍​សព្វថ្ងៃ​នេះ មិន​ប្រសើរ​ទេ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​អះ​អាង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​កើនឡើង​ក៏ដោយ។

អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​ទេសចរ ម្នាក់​ក្នុងចំណោម​ជាច្រើន​ទៀត​នៅ​ខេត្ត​សៀមរាប លោក ប្រាក់ សារ៉ាន់ ឱ្យ​ដឹង​ថា​សព្វថ្ងៃ​នេះ​សេដ្ឋកិច្ច​គ្រួសារ​របស់​លោក ដែល​រកបាន​ពី​ទេសចរណ៍​កាន់តែ​ដុនដាប​ទៅៗ។

លោក ប្រាក់ សារ៉ាន់ បញ្ជាក់​ទៀត​ថា កាលពីមុន​ជំងឺ​កូវីដ-១៩ រូបលោក​អាច​រក​ចំណូល​បាន​យ៉ាង​ទាប​បំផុត​ក៏​ពី​១៥​ទៅ​២០​ដុល្លារ​ក្នុង​១​ថ្ងៃ​។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​នេះ ថ្ងៃ​ខ្លះ លោក​រក​មិន​បាន ៨​ពាន់​រៀល​ឬក៏​២​ដុល្លារ​ផង។

លោក ប្រាក់ សារ៉ាន់៖ «ខ្ញុំ​ជា​អ្នក​រកស៊ី​ផ្នែក​សេវា​ដឹកជញ្ជូន​ភ្ញៀវ រ៉ឺម៉ក​ក៏​មាន​ឡាន​ក៏​មាន។ សព្វថ្ងៃ​ឡាន​ទុកចោល រីឯ​រ៉ឺម៉ក​វិញ​ចេញទៅ​៣​ថ្ងៃ ទើបបាន​ដឹក​ភ្ញៀវ ១​ជើង​បាន​ប្រាក់​៣--៥​ដុល្លារ តើ​ឱ្យ​យក​មក​ដោះស្រាយ​ជីវភាព​គ្រួសារ​ម្ដេច​បាន​?​។ តាំងតែ​ពី​ដើមខែ​មីនា រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​ទើបតែ​ដឹក​ភ្ញៀវ​បាន ១​ក្រុម​ទេ មួយ​ក្រុម​ហ្នឹង​ទៀតសោត គឺ​ដឹក​បាន​រយៈពេល​២​ថ្ងៃ បាន​ប្រាក់​ចំនួន​២៥​ដុល្លារ គឺ​មិន​បាន​ចំណូល​ធំដុំ​ទេ»

ការ​ត្អូញត្អែរ​ដូចនេះ ស្រប​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា ក្នុង​រយៈពេល​២​ខែ​ដើម​ឆ្នាំនេះ មាន​ការ​កើន​ឡើង។

អគ្គនាយក​គ្រឹះស្ថាន​អង្គរ លោក លី សែ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ថា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០២៤ ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជិត ២៤​ម៉ឺន​នាក់ (២៣៥.៨៥០)​។ ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាល​ពី​ឆ្នាំមុន គឺ​កើនឡើង​ប្រមាណ​ពី ៦០ ទៅ ៧០​ភាគរយ។

លោក លី សែ បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​រដ្ឋាភិបាល កំពុង​សហការ​ជាមួយ​ផ្នែក​ឯកជន​ធ្វើការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ជាច្រើន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឱ្យ​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ថែម​ទៀត។

លោក លី សែ៖ «យើង​មាន​ចំណាត់ការ​បង្កើត​ជា​Tourist Board សម្រាប់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដោយ​យើង​ចូលរួម​រវាង​រដ្ឋាភិបាល ជាមួយ​វិស័យ​ឯកជន ដើម្បី​ផ្សព្វផ្សាយ​សារ ឱ្យ​ដូចគ្នា​និង​ឱ្យ​ចំ​គោលដៅ​។ ឥឡូវ​ភ្ញៀវ​នៅ​ប៉ែក​អឺរ៉ុប​គឺ​យើង​បាន​ធ្វើ​ហើយ នៅ​អូស្ត្រាលី ក៏​ធ្វើ​ហើយ ប៉ុន្តែ​នៅ​ចិន និង​ឥណ្ឌា យើង​កំពុង​ប្រឹងប្រែង​ទាក់ទាញ​ទីផ្សារ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ មក​ទស្សនា​កម្ពុជា​កាន់​តែ​កើន​ឡើង​ថែម​ទៀត»

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា​-​ខែ​កុម្ភៈ ឆ្នាំ​២០២៤ គេ​បាន​ប្រាក់​ចំណូល​ប្រមាណ​១១​លាន ២៣​ម៉ឺន​ដុល្លារ ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​តំបន់​អង្គរ។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែមករា​ដល់​ខែកុម្ភៈ ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​ចំនួន​ជិត ១​លាន​នាក់ (៩៨៨.៥៧៤)។ ចំនួន​នេះ កើន​ឡើង ១៨​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន។

រដ្ឋាភិបាល ក៏ដូចជា​ផ្នែក​ឯកជន​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ជាច្រើន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឱ្យ​ចាប់អារម្មណ៍​មក​លើ​កម្ពុជា ដូចជា​អញ្ជើញ​បវរកញ្ញា​មកពី​៥០​ប្រទេស ឱ្យ​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ អញ្ជើញ​សមាគម​និង​ទីភ្នាក់ងារ​ទេសចរណ៍​នៃ​ប្រទេស​ផ្សេងៗ ឱ្យ​មក​ធ្វើ​ទស្សនកិច្ច​សិក្សា អញ្ជើញ​ក្រុម​អ្នកសារព័ត៌មាន​បរទេស​ល្បីៗ ឱ្យមក​ចូលរួម​ថត​និង​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា ព្រមទាំង​កំពុង​ដេញថ្លៃ​ក្បួន​រថយន្ត​ទេសចរណ៍​បរទេស​ល្បីៗ ឱ្យមក​កំសាន្ត​នៅ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​សំខាន់ៗ​ផង។ បន្ថែម​លើ​នេះ​រដ្ឋាភិបាល​កម្ពុជា ក៏​គ្រោង​នឹង​បង្កើត​ប្រព័ន្ធ​ឌីជីថល (E-Arrival) ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ចំពោះ​ភ្ញៀវ​ទេសចរ ដោយ​មិន​ចាំបាច់​បំពេញ​ឯកសារ​នានា លើ​ក្រដាស​ដូច​មុន​ទៀត​ឡើយ។

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៨ ធ្វើ​ឡើង​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី​១៦​ខែ​មីនា ដោយ​ចាត់ទុក​វិស័យ​ទេសចរណ៍​គឺជា​អាទិភាព​មួយ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ការបង្កើត​ឱកាស​ការងារ ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​ប្រយោល។

លោក ហ៊ុន ម៉ាណែត ថែមទាំង​ណែនាំ​មន្ត្រី​ឱ្យ​រួមគ្នា​បង្កើត​ព្រឹត្តិការណ៍​ស្វាគមន៍​ភ្ញៀវ​ទេសចរ ដោយ​ប្រគំ​ភ្លេង​ឆៃយ៉ាំ នៅ​តាម​ព្រលាន​យន្ដហោះ ទូទាំង​ប្រទេស​ក្នុង​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​ផង។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​បានឱ្យ​គោល​គំនិត​ទៅ លោក សុខ សូកេន ដោយសារ​ពេល​ខ្ញុំ​ចូល​មក​ឃើញ​ឆៃយ៉ាំ​ស្វាគមន៍​ខ្ញុំ។ កាល​ពី​បើក​ព្រលាន​យន្តហោះ​នៅ​ខេត្ត​សៀមរាប​លោក វង្សី វិស្សុត មក​ក៏​មាន​ឆៃយ៉ាំ​ស្វាគមន៍ ដូច្នេះ​ពេល​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ខាងមុខ កុំ​ភ្លេច​ស្វាគមន៍​ភ្ញៀវ​នៅ​ព្រលាន​យន្តហោះ ៣-៤​ថ្ងៃ ឬក៏​១​អាទិត្យ ដាក់​ទៅ រាំ​ទៅ​ពេល​ភ្ញៀវ​ចុះ​ពី​យន្តហោះ​គេ​ឃើញ​ឆៃយ៉ាំ​យើង​ហើយ។ ជា​កាដូ​ជូន​អ្នក​ទេសចរ មិន​មាន​អ្វី​ខាត​ទេ។ អនុស្សាវរីយ៍​មុន​គេ​ចូល​មកដល់​ទឹកដី​កម្ពុជា គឺ​ស្វាគមន៍​ដោយ​ភ្លេង​ឆៃយ៉ាំ។ មិនមែន​តែ​ខេត្ត​សៀមរាប​ទេ គឺ​គ្រប់​ខេត្ត​ទាំងអស់ ទាំង​រាជធានី​ភ្នំពេញ​ផង»

បើ​ទោះ​បី​ជា​រដ្ឋាភិបាល បង្ហាញ​ពី​មោទនភាព ព្រមទាំង​កំពុង​ប្រឹងប្រែង​រៀបចំ​យុទ្ធសាស្ត្រ ទាក់ទាញ​ទេសចរ​បន្ថែម​ទៀត​ក្តី ក៏​សហជីព​វិស័យ​ទេសចរណ៍​យល់​ថា ក្នុង​ពេល​នេះ បុគ្គលិក កម្មករ រាប់​ម៉ឺន​នាក់ ដែល​ធ្លាប់​បំរើ​សេវាកម្ម​ទេសចរណ៍​នៅតែ​គ្មាន​ការងារ​ធ្វើ និង​គ្មាន​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​នៅ​ឡើយ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិត វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា (CTSWF) លោក ម៉ម រិទ្ធី មាន​ប្រសាសន៍​ថា ២-៣​ខែ​ចុង​ក្រោយនេះ លោក​សំគាល់​ឃើញ​ថា នៅ​តាម​សណ្ឋាគារ​លំដាប់​ខ្ពស់​ខ្លះ គឺ​មាន​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង​មែន ក៏ប៉ុន្តែ កន្លែង​ទាំងនោះ នៅ​មិនទាន់​អាច​ជ្រើសរើស​បុគ្គលិក កម្មករ ដែល​បាត់បង់​ការងារ​កន្លង​មក ឱ្យ​បាន​ចូល​បំរើ​ការងារ​ឡើងវិញ​នៅ​ឡើយ។

លោក ម៉ម រិទ្ធី៖ «បើ​យើង​និយាយ​ពី​កម្មករ ក្នុង​វិស័យ​ទេសចរណ៍ មិនទាន់​មាន​ការងារ​ធ្វើ​ទេ។ វា​អាច​ត្រឹមតែ​៣០​ភាគរយ ប៉ុណ្ណោះ​ដែល​មាន​ការងារ​ធ្វើ ពីព្រោះ​យើង​ឃើញ​សណ្ឋាគារ ផ្ទះសំណាក់​ឬ​ភោជនីយដ្ឋាន និង​សេវាកម្ម​ផ្សេងៗ​មិន​ទាន់​បាន​ដំណើរការ​ផង។ ដូច្នេះ​ច្បាស់​ណាស់​ពួកគាត់​មិន​មាន​ការងារ​ធ្វើ​ទេ បើ​ផ្អែកលើ​វិស័យ​ទេសចរណ៍​តែមួយ​មុខ​។ បើ​យើង​និយាយ​គ្រាន់តែ​ខេត្តសៀមរាប​មួយ គឺ​មាន​កម្មករ​រាប់​ម៉ឺន​នាក់​ដែល​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ ។ តួលេខ​ហ្នឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អាច​ដឹង​ច្បាស់ ក៏ប៉ុន្តែ​ដឹង​តែ​កន្លែង​ការងារ​ណា ដែល​បាន​ចុះបញ្ជី​ទេ ចំណែក​សហគ្រាស ដែល​មិនបាន​ចុះបញ្ជី ចំនួន​កម្មករ នៅ​មិន​ទាន់​បាន​រាប់​បញ្ចូល​នៅ​ឡើយ​ទេ»

លោក ម៉ម រិទ្ធី អំពាវនាវ ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ គួរ​រៀបចំ​មន្ត្រី​ផ្នែក​ទេសចរណ៍​ចាប់​តាំងតែ​ពី​ថ្នាក់​ជាតិ រហូតដល់​ថ្នាក់​មូលដ្ឋាន ឱ្យ​មាន​ជំនាញ​ពិតប្រាកដ និង​ការគ្រប់គ្រង​ដោយ​ប្រព័ន្ធ​តម្លាភាព ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍ ដែល​កំពុងតែ​ធ្លាក់ចុះ​នេះ ឱ្យ​ប្រសើរ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។