អាជីវករ​ផ្សារ​ស្ទឹងត្រែង​ត្អូញ​ថា​ពិបាក​រក​ប្រាក់​ចំណូល​ដោយសារ​ការ​តាំង​ពិព័រណ៍​ទំនិញ​ថៃ

ដោយ ម៉ែន សុធីរ
2017.07.20
ពិព័រណ៍​លក់​ផលិតផល​ថៃ ស្ទឹងត្រែង ២០១៧ ១៤៤០ ពិព័រណ៍​លក់​ផលិតផល​ថៃ នៅ​ខាង​មុខ​ផ្សារ​សាមគ្គី​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Men Sothyr

ក្រុម​អាជីវករ​ផ្សារ​ស្ទឹងត្រែង ត្អូញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ទេ បែរ​ជា​បណ្តោយ​ឲ្យ​មាន​លក់​ផលិតផល​ចល័ត​របស់​ថៃ ច្រើន​ស្អេកស្កះ ក្រោម​រូបភាព​តាំង​ពិព័រណ៍​លក់​ផលិតផល​ដែល​នាំ​ឲ្យ​ប្រាក់​ចំណូល​របស់​អាជីវករ​ធ្លាក់​ចុះ​យ៉ាង​គំហុក។

ក្រុម​អាជីវករ​ផ្សារ​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​ពី​ស្ថានភាព​អាជីវករ​ក្នុង​ស្រុក​ជា​មុន​សិន មុន​នឹង​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ​ថៃ ចូល​មក​លក់​ផលិតផល។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ កក្កដា ក្រោយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ​ថៃ តាំង​ពិព័រណ៍​លក់​ទំនិញ​នៅ​ក្រុង​ស្ទឹងត្រែង ក្នុង​មួយ​ឆ្នាំៗ​ពី ៣ ទៅ ៥​ដង។

អាជីវករ​លក់​សម្លៀកបំពាក់ លោកស្រី តាន់ សោភា ត្អូញ​ថា មុន​ពេល​មិន​ទាន់​មាន​ការ​តាំង​លក់​ផលិតផល​ថៃ គ្រួសារ​លោកស្រី​អាច​រក​ប្រាក់​ចំណូល​បាន​គិត​ជា​មធ្យម ៥០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ក៏ប៉ុន្តែ​នៅ​គ្រា​ដែល​មាន​ការ​តាំង​លក់​ផលិតផល​ថៃ លោកស្រី​មិន​អាច​លក់​ផលិតផល​សូម្បី​តែ ៥​ម៉ឺន​រៀល។ លោកស្រី​រអ៊ូ​ថា ក្រុម​អាជីវករ​មួយ​ចំនួន​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក ព្រោះ​គ្មាន​ប្រាក់​បង្វិល​សង​ម្ចាស់​បំណុល។ លោកស្រី​បន្ត​ថា ពុំ​សូវ​មាន​អតិថិជន ដោយ​គេ​បែរ​ទៅ​ទិញ​ផលិតផល​ថៃ វិញ ព្រោះ​មាន​តម្លៃ​ថោក​ជាង៖ «ផ្សារ​ថៃ ចូល​មក​ទៀត កាន់​តែ​លក់​អត់​ដាច់។ ដល់​ពេល​ចឹង ពិបាក​ណាស់។ ប្រឈម​មុខ​ធនាគារ​ដូច​គ្នា​ទាំងអស់។ ដល់​ពេល​ចឹង ចង់​សំណូមពរ​ដល់​សម្ដេច គាត់​ជួយ​គិតគូរ​រឿង​ហ្នឹង​ឡើង​វិញ​ផង»

លោកស្រី តាន់ សោភា បន្ថែម​ថា កន្លង​ទៅ អាជីវករ​ជាង ១​ពាន់​គ្រួសារ ធ្លាប់​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្សារ​ស្ទឹងត្រែង ហើយ​ពួក​គាត់​ម្នាក់ៗ​ត្រូវ​ខាត​ប្រាក់​រាប់​ម៉ឺន​ដុល្លារ និង​ត្រូវ​បង្ខំ​ចិត្ត​ខ្ចី​ប្រាក់​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ដើមទុន​រក​ស៊ី​សាជាថ្មី។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ទេ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​រដ្ឋបាល​ក្រុង​ស្ទឹងត្រែង វិញ៖ «សួរ​ទៅ​ក្រុង​ទៅ ការងារ​នេះ​រដ្ឋបាល​ក្រុង​ជា​អ្នក​គ្រប់គ្រង»

ចំណែក​អភិបាល​ក្រុង​ស្ទឹងត្រែង លោក ប៊ុន ណារី ក៏​បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ដែរ ដោយ​ជំរុញ​ឲ្យ​អាស៊ីសេរី​សួរ​ខាង​មន្ទីរ​ពាណិជ្ជកម្ម៖ «សួរ​ខាង​មន្ទីរ​ពាណិជ្ជកម្ម ទៅ​វិញ​ទៅ ជា​អ្នក​សម្រេច ព្រោះ​ក្រុង​រឿង​លក់ដូរ​គ្មាន​នៅ​លើ​ក្រុង​ទេ»

ដោយឡែក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម លោក អ៊ុន សុខា ក៏​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ដែរ ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា កំពុង​ជាប់​រវល់​ប្រជុំ៖ «សុំ​ទោស​ដោយសារ​ខ្ញុំ​ជាប់​រវល់​ប្រជុំ​នៅ​ក្រសួង​ហិរញ្ញវត្ថុ»

ពាណិជ្ជករ​ថៃ បាន​តាំង​លក់​ផលិតផល​របស់​ខ្លួន​រាប់​រយ​តូប​នៅ​ខាង​មុខ​ផ្សារ​ស្ទឹងត្រែង និង​លើ​សួនច្បារ​ប្រហែល ២​សប្ដាហ៍​មក​ហើយ និង​មាន​ប្រគំ​តន្ត្រី​លក់​ស្រាបៀ​ផង។ ពិព័រណ៍​នោះ អាជីវករ​ថៃ លក់​សម្ភារៈ​ផ្ទះ​បាយ សម្ភារៈ​កីឡា សម្លៀកបំពាក់ ស្បែកជើង និង​អាហារ​ហូប​ចុក ជាដើម។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា មុន​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ​ថៃ តាំង​ពិព័រណ៍​លក់​ផលិតផល​នៅ​តំបន់​ណា​មួយ អាជ្ញាធរ​ចាំបាច់​ត្រូវ​សិក្សា​ពី​ស្ថានភាព​អាជីវករ​ក្នុង​ស្រុក​ជា​មុន​សិន ដើម្បី​ស្វែងយល់​ពី​សុខ​ទុក្ខ​របស់​អាជីវករ។ លោក​យល់​ថា បើ​ការ​តាំង​ពិព័រណ៍​ដោយ​ពុំ​បាន​កំណត់​ចំនួន​ឲ្យ​ច្បាស់លាស់​ទេ វា​នឹង​ក្លាយ​ជា​មធ្យោបាយ​មួយ ដើម្បី​កម្ទេច​របរ​លក់ដូរ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន៖ «មាន​ន័យ​ថា លក្ខខណ្ឌ​តាំង​ពិព័រណ៍​គេ​ត្រូវ​កំណត់។ កំណត់​ថា តើ​ដាក់​ទំនិញ​លក់​ហ្នឹង​ប៉ុន្មាន​ភាគរយ​ជា​ការ​ប្រមូលសិន (promotion) លើ​ផលិតផល ជា​ការ​ធ្វើ​ប្រមូលសិន។ បើ​ការ​ការ​តាំង​ពិព័រណ៍​លក់​ពេញ​ទំហឹង​តែ​ម្តង ខ្ញុំ​គិត​ថា នោះ​ហើយ​ជា​ផល​ពិបាក ឬ​ក៏​ជា​គ្រោះ​មហន្តរាយ​មួយ​សម្រាប់​អាជីវករ​ក្នុង​មូលដ្ឋាន​ហ្នឹង​ដែរ»

លោក សន ជ័យ ចំណាំ​ថា កន្លង​ទៅ​ក៏​មាន​ទំនិញ​គេច​ពន្ធ​ជាច្រើន​បាន​ចរាចរ​លក់​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​តាំង​ពិព័រណ៍ ហើយ​ដំណឹង​នេះ​លោក​រំពឹង​ថា គឺ​ជា​តម្រុយ​មួយ​អាជ្ញាធរ​គួរ​មាន​វិធានការ​បន្ទាន់ បំណង​ទប់ស្កាត់​ផល​ប៉ះពាល់​នានា។ លោក​បារម្ភ​ថា ប្រសិន​បើ​ការ​តាំង​ពិព័រណ៍​លក់​ទំនិញ​មិន​បង់​ពន្ធ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាជីវករ​ក្នុង​ស្រុក និង​ខាត​ប្រយោជន៍​ដល់​ការ​បង់​ពន្ធ​គយ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។