អាជីវករ​ដែល​រង​ការ​បណ្ដេញ​ពី​មុខ​វត្តបទុមវតី​ស្នើ​ឱ្យ​រៀបចំ​តូប​ដល់​ពួកគាត់​លក់ដូរ​ជា​ថ្មី​វិញ

ដោយ សេក បណ្ឌិត
2018-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

ក្រុម​អាជីវករ​ដែល​សមត្ថកិច្ច​បណ្ដេញ​ចេញ​ឈប់​ឱ្យ​លក់ដូរ​នៅ​ម្ដុំ​សួនច្បារ មុខ​វត្តបទុមវតី ស្នើសុំ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រៀបចំ​តូប​ឱ្យ​ពួកគាត់​បាន​លក់ដូរ​ត្រឹមត្រូវ​មកវិញ។ អាជ្ញាធរ​ថា ការ​បណ្ដេញ​ឈប់​ឱ្យ​លក់ដូរ​នៅ​ទីនោះ គឺ​ដើម្បី​រៀបចំ​បរិស្ថាន សោភ័ណភាព​ទីក្រុង ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។ ចំណែក​ក្រុម​សង្គម​ស៊ីវិល ចង់​ឱ្យ​អាជ្ញាធរ​អភិវឌ្ឍន៍​ទីនោះ ឱ្យ​ស្អាត ឬ​សង់​ជា​តូប​ឱ្យ​ក្រុម​អាជីវករ​លក់ដូរ គឺ​ក៏​ជា​មធ្យោបាយ​ល្អ ក្នុង​ការ​ទាក់ទាញ​ទេសចរណ៍​ដែរ។

ក្រុម​អាជីវករ​លក់ដូរ កំប៉ិកកំប៉ុក​តាម​រទេះរុញ ឬ​រ៉ឺម៉កម៉ូតូ សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​ប្រើប្រាស់​ក្រុម​សន្តិសុខ​ខណ្ឌ បណ្ដេញ​ពួកគាត់​ទាំង​កំរោល ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ ខណៈ​ដែល​ពួកគាត់​អះអាង​ថា ការ​លក់ដូរ​សព្វថ្ងៃ​ជា​របរ​តែមួយ​គត់​ដើម្បី​ចិញ្ចឹម​គ្រួសារ សងបំណុល​ធនាគារ និង​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូនៗ​របស់​ពួកគាត់។

អាជីវករ​ទាំងនោះ បាន​ប្រមូល​ផ្ដុំ​គ្នា តវ៉ា​នៅ​ចំណុច​មុខ​វត្តបទុមវតី ក្រុងភ្នំពេញ តាំងពី​ព្រលប់​ថ្ងៃ​ទី​៣០ មេសា មក ខណៈ​ក្រុម​អាជ្ញាធរ​វិញ បាន​យក​ឡានទឹក​ទៅ​បាញ់​លាង​សំអាត លើ​ចិញ្ចើម​ផ្លូវ​ដែល​មាន​ការលក់ដូរ និង​បាន​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​មួយ​ចំនួន ផ្សព្វផ្សាយ​ថា ការ​បណ្ដេញ​ចេញ ដោយសារ ក្រុម​អាជីវករ​លក់ដូរ​គ្មាន​អនាម័យ គ្មាន​សណ្ដាប់ធ្នាប់ ខូច​សោភ័ណភាព​ក្រុងភ្នំពេញ ជាដើម។ «»

អាជ្ញាធរ​ខណ្ឌ​ដូនពេញ កាលពី​ព្រលប់​ថ្ងៃ​ទី​៣០ មេសា បាន​នាំគ្នា​ចុះ​បណ្ដេញ​ក្រុម​អាជីវករ​លក់ដូរ​នៅ​ទីតាំង​មួយ​ចំនួន ម្ដុំ​សួនច្បារ មុខ​វត្តបទុមវតី ក្រុង​ភ្នំពេញ ដោយ​សំអាង​ថា នេះ​គឺជា​ការ​អនុវត្ត​តាម​លិខិត​បញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បញ្ជា​ឱ្យ​បញ្ឈប់​ការលក់ដូរ​ទាំងស្រុង នៅ​លើ​ទីតាំង តាម​ចិញ្ចើម​ផ្លូវ​ម្ដុំ​សួនច្បារ មុខ​វត្តបទុមវតី គឺ​ផ្លូវ​ស៊ូស្រុន។

នាយក​រដ្ឋបាល​ខណ្ឌ​ដូនពេញ លោក ចាប ឌីណា អះអាង​ពី​មូលហេតុ នៃ​ការ​បណ្ដេញ​ក្រុម​អាជីវករ​ចេញ​ទាំង​បង្ខំ​នោះ ថា ការ​លក់ដូរ​នៅ​មុខ​វត្ត​បង្ក​ជា​សំឡេង​រំខាន​យ៉ាង​ខ្លាំង និង​បង្ក​ឱ្យ​មាន​ភាព​អនាធិបតេយ្យ​នៅ​ក្បែរ​របង​វត្ត បន្ថែម​ពី​នេះ មន្ត្រី​សាលា​ខណ្ឌ​លើកឡើង​ថា ការលក់ដូរ​របស់​ក្រុម​អាជីវករ​កន្លងមក បាន​បង្ក​ឱ្យ​មានការ​ស្ទះលូ ប្រឡាក់​ថ្នល់ មាន​ក្លិនស្អុយ ឆ្អេះឆ្អាប ជះ​ពេញ​សួនច្បារ។

លោក ចាប ឌីណា អះអាង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​ពេល​ដឹកនាំ​កងកម្លាំង​ទៅ​លាង​សម្អាត​ថ្នល់​នៅ​ផ្លូវ​ស៊ូស្រុន កាលពី​រសៀល​ថ្ងៃ​ទី​០១ ឧសភា បាន​ចោទ​ថា អាជីវករ​បាន​នាំ​គ្នា​លក់ដូរ​នៅ​ទីនោះ ដោយ​ខុសច្បាប់ នាំគ្នា​ចាក់​ធុង​បាស់​កំដរ​ភ្ញៀវ​លឺៗ ច្រៀង​ខារ៉ាអូខេ​លើ​សួនច្បារ​យ៉ាង​អនាធិបតេយ្យ ដែល​រំខាន​ដល់​ព្រះមហាក្សត្រ​ក្នុង​វាំង និង​ព្រះ​សង្ឃរាជ​ទាំងពីរ​គណៈ​ដែល​គង់​ក្នុង​វត្តបទុមវតី។

លោក ចាប ឌីណា យល់ថា ការ​លក់ដូរ​របស់​អាជីវករ​នៅ​ទីនោះ បាន​ក្លាយ​ជា​កន្លែង​ប្រមូលផ្ដុំ​គ្នា​របស់​ក្មេង​ទំនើង វាយ​កាប់​ចាក់​គ្នា នៅ​ពេល​យប់​ជ្រៅ ដោយសារ​អាជីវករ​លក់​ដូរ​ដល់​យប់​ជ្រៅ​ពេក។ «»

ប៉ុន្តែ ការ​លើកឡើង​របស់​មន្ត្រី​ខណ្ឌ​ដូនពេញ​នេះ ត្រូវ​បាន​ក្រុម​អាជីវករ​បដិសេធ​ចោល ដោយ​ពួកគាត់ យល់ថា ការ​លក់ដូរ​នៅ​ទីនោះ មិន​បាន​បង្ក​ជា​សំឡេង​រំខាន ឬ​ខ្វះ​អនាម័យ​ទេ។ អាជីវករ​ឱ្យ​ដឹង​ថា អាជ្ញាធរ​តែង​បាន​ដើរ​ប្រមូល​លុយ​ពី​ពួកគាត់ ក្នុង​មួយ​រទេះ ៣.០០០​រៀល សម្រាប់​ការលក់ដូរ​មួយ​យប់ ដើម្បី​យក​ទៅ​លាង​សំអាត​ថ្នល់។ ពួកគាត់​បដិសេធ​សំឡេង​រំខាន ឡូឡា ចេញពី​ធុងបាស​របស់​អ្នកលក់​នៅ​ម្ដុំ​សួនច្បារ តែ​លើកឡើង​ថា ការ​ដាក់​ធុងបាស​រាំ​ហាត់ប្រាណ​នៅ​លើ​សួនច្បារ មាន​សំឡេង ខ្លាំង​ជាង​ចម្រៀង​ពួកគាត់។ បន្ថែម​ពី​នេះ ក្រុម​អាជីវករ យល់ថា សម្ដេច​ព្រះ​សង្ឃរាជ​ទាំងពីរ​គណៈ មិន​ឈ្វេង​យល់ថា ការលក់ដូរ​របស់​ក្រុម​អាជីវករ​រំខាន​ដល់​ព្រះអង្គ​ទេ ដោយសារ​សម្ដេច​សង្ឃ​តែង​បាន​សន្ដោស​ប្រណី​ពួកគេ​ឱ្យ​បាន​រកស៊ី​លក់ដូរ​បន្តិចបន្តួច គ្រាន់​ចិញ្ចឹម​គ្រួសារ។ «»

យុទ្ធនាការ​បណ្ដេញ​អ្នកលក់​ចេញពី​មុខ​វត្តបទុមវត្តី ត្រូវ​បាន​មន្ត្រី​ខណ្ឌ​ដូនពេញ បញ្ជាក់​ថា មិន​មាន​ការ​ចាប់ ឬ​ផាក​ពិន័យ​អាជីវករ​ណាមួយ​ឡើយ ប៉ុន្តែ ប្រសិនបើ​ពួកគេ​នៅតែ​ជម្នះ​បន្ត​ការលក់ដូរ​ទៀត នឹង​ត្រូវ​រង​ពិន័យ ឬ​ត្រូវ​ចាប់​បញ្ជូន​ទៅ​សាលា​ខណ្ឌ។ អាជ្ញាធរ​ខណ្ឌ​ដូនពេញ ក៏បាន​ដាក់​កងកម្លាំង សន្តិសុខ​ខណ្ឌ​ការពារ​នៅ​ទីនោះ​ដែរ ដើម្បី​ចាំ​ចាប់​អាជីវក​រណា នៅតែ​បន្ត​លក់​នៅ​ទីនោះ។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ គាំទ្រ​ការរៀបចំ​សណ្ដាប់ធ្នាប់​ក្រុង ប៉ុន្តែ លោក​ថា ដើម្បី​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​នេះ អាជ្ញាធរ​ក្រុងភ្នំពេញ មិន​គួរ​បណ្ដេញ​ក្រុម​អាជីវករ​ចេញ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​បែបនេះ​ទេ។ លោក វ៉ន ពៅ យល់​ថា តំបន់​លក់ដូរ​ម្ដុំ​សួនច្បារ​មុខ​វត្តបទុមវតី​ពិត​ជា​មាន​សក្ដានុពល អាច​ទាក់ទាញ​ទេសចរណ៍ បាន​ពិតមែន ដូច្នេះ អាជ្ញាធរ​ក្រុងភ្នំពេញ គួរ​រៀបចំ​ទីកន្លែង​នោះ ជា​តូប​ឱ្យ​បាន​ស្អាត តាម​ការ​ចង់​បាន​របស់​ក្រុម​អាជីវករ​សម្រាប់​ឱ្យ​អាជីវករ​លក់ដូរ វា​នឹង​អាច​ធ្វើ​ឱ្យ​មាន​សោភ័ណភាព​ស្អាត ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរណ៍​បន្ថែមទៀត ហើយ​វា​ក៏​ជា​ការ​ចង់បាន​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែរ។ «»

លោក វ៉ន ពៅ លើក​ឧទាហរណ៍​ថា កន្លងមក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្លាប់​បាន​បណ្ដេញ​អ្នកលក់​ផ្កាឈូក ចេញពី​តំបន់​ព្រះអង្គ​ដង​កើ មុខ​ព្រះបរមរាជវាំង ប៉ុន្តែ ក្រោយពី​អាជ្ញាធរ​បាន​សាងសង់​តូប​ឱ្យ​វិញ ទើប​ធ្វើ​ឱ្យ​មុខ​ព្រះបរមរាជវាំង មាន​សោភ័ណភាព​ល្អ ដូច​សព្វថ្ងៃ។

ក្រុម​អាជីវករ​ដែល​រង​ការ​បណ្ដេញ​ចេញ ប្រាប់​ថា ពួកគាត់​នឹង​ស្វះ​ស្វែងរក​ដំណោះស្រាយ ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឱ្យ​មាន​ការ​អន្តរាគមន៍​ក្នុង​ករណី​នេះ ព្រោះ​នេះ​ជា​ករណី អយុត្តិធម៌​សម្រាប់​ពួកគាត់ ជា​អាជីវករ​តូចតាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល