ពលរដ្ឋ​នៅ​ឃុំ​ដូង ខេត្ត​ស្វាយរៀង ត្អូញត្អែរ​ថា​ឡាន​ដឹកទំនិញ​វៀតណាម​ចូល​ផ្ទេរ​ទំនិញ​ក្នុង​ទឹកដី​ខ្មែរ​ពេល​យប់​រំខាន​ពលរដ្ឋ

ដោយ ខែ សុណង
2020-05-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ក្បែរ​ដង​ផ្លូវ ស្ថិត​នៅ​ក្នុង​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ត្អូញត្អែរ​ថា​ រថយន្ត​ធំៗ ជនជាតិ​វៀតណាម​បើក​រថយន្ត​ធំៗ ដឹក​ទំនិញ​ចូល​ផ្ទេរ​ក្នុង​ទឹកដី​ខ្មែរ​ធ្វើ​ឲ្យ​រំខាន​ពួកគាត់​ស្ទើរជា​រៀងរាល់​យប់។ ប្រជាពលរដ្ឋ​អះអាង​ថា សកម្មភាព​នេះ​បាន​កើត​ឡើង​ចាប់​តាំង​ពី​រដ្ឋាភិបាល​បិទ​ច្រក​ព្រំដែន​ធំ ហើយ​រថយន្ត​ទាំង​នោះ​បាន​បើក​ចូល​ច្រក​តូចៗ ក្បែរ​ព្រំដែន​វិញ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​លំ​មួយ​ខ្សែ ដែល​ជា​ច្រកចេញ​ចូល​តូចៗ ពី​ប្រទេស​វៀតណាម​ចូល​មក​ខេត្តស្វាយរៀង ចង់​ឲ្យ​អាជ្ញាធរ​ផ្លាស់ប្ដូរ​វេលា ឬ​ចាត់វិធានការ​ចំពោះ​សកម្មភាព​ផ្ទេរ​ទំនិញ​និង​សម្ភារៈ​របស់​ជនជាតិ​វៀតណាម​យក​មក​លក់​ដូរ​ក្នុង​ទឹកដី​ខ្មែរ កុំ​ឲ្យ​រំខាន​ពួកគេ​នៅ​ពេល​យប់។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ភូមិ​អង្គុញ ឃុំដូង ស្រុក​រមាសហែក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា ពលរដ្ឋ​ធ្លាប់​បាន​ជូន​ដំណឹង​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ដែរ ប៉ុន្តែ​អាជ្ញាធរ​គ្រាន់​តែ​ចុះ​ទៅ​មើល​រួច​ក៏​ទៅ​វិញ​បាត់​អស់​គ្មាន​ដំណោះស្រាយ។ លោក​ថា រថយន្ត​ទាំង​នោះ​បាន​បើក​ចូល​តាម​ច្រក​របៀង​តូចៗ កាត់​ចម្ការ​អំពៅ​ចូល​ពី​ដី​វៀតណាម​មក​ដោះដូរ​លើក​ទំនិញ​ដាក់​រថយន្ត​ខ្មែរ​ស្ទើរ​រាល់​យប់៖

«គេ​បិទ​ច្រក​ព្រំដែន​តាម​នាយករដ្ឋមន្ត្រី​ប្រកាស​ក៏​បើក​ចូល​តាម​ច្រក​របៀង​តូចៗ ហើយ​ឡាន​ធំៗ​មក​២ថ្ងៃ ឬ​៣​ថ្ងៃ​មក​ម្ដង មក​តែ​ពេល​យប់​គ្រុងគ្រាំងៗ ធ្លាក់​២ ៣ គីឡូ​ដី​ទាល់ៗ ​ភ្លឺ​និយាយ​ភាសា​វៀតណាម ហើយ​លាន់​មួយ​គ្រាំងៗ។ បើ​តាម​បង​តៃកុង​ឡាន​មួយ​នោះ​ដូចជា​មាន​ដឹក​ធុងហ្គាស។ កន្លែង​មួយ​គេ​ដឹក​មក​ស្តុក​កន្លែង​ហ្នឹង គេ​មក​ឈប់​កន្លែង​ហ្នឹង​ស្ទួច​ពី​ឡាន​វៀតណាម​មក​ដាក់​ឡាន​ខ្មែរ​រួច​ហើយ​គេ​ដឹក​ត​ទៅ​ទៀត ទៅ​ប្រាប់​ភូមិ​ហើយ​គ្រាន់​តែ​មក​មើល​ក៏​ទៅ​បាត់​ប្រជាជន​អស់​ជំនឿ​ហើយ។ បើ​ពេល​ថ្ងៃ​ក៏​អត់​ថា​អី​ដែល ណា​កូន​ខ្វី ណា​ម្តាយ​គាត់​ចាស់​គាត់​ឈឺ​ទៀត។»

ស្រដៀងគ្នា​នេះ ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្នុង​ភូមិ​អង្គុញ ដែរ​នោះ ថ្លែង​ថា ផ្លូវ​លំ​មួយ​ខ្សែ​នេះ​ធ្លាប់​មាន​រថយន្ត​បើក​ឆ្លងកាត់​ពី​ប្រទេស​វៀតណាម​ជា​យូរ​មក​ហើយ ប៉ុន្តែ​ចាប់​តាំង​ពី​បិទ​ច្រក​ធំ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ មក ស្រាប់​តែ​មាន​ភាព​មមាញឹក និង​ហាក់​ដូច​ជា​លួចលាក់​ព្រោះ​ជនជាតិ​វៀតណាម​បាន​បើក​ចូល​ផ្ទេរ​ទំនិញ​តែ​នៅ​ពេល​យប់​ដែល​ធ្វើ​ឲ្យ​រំខាន​ពលរដ្ឋ៖ «ផ្លូវ​នេះ​គេ​ធា្លប់​រកស៊ី​ពី​មុន​ធ្លាប់​រកស៊ី ប្រហែល​២​គីឡូ​ដី​ពី​ច្រក​ធំ ខ្ញុំ​រស់នៅ​៥​ឆ្នាំ​ហើយ ផ្លូវ​នេះ​មាន​រត់​អេតចាយ ដឹកឈើ ផ្លូវ​ជួញដូរ​ជ្រូក​យប់​អាធាត្រ។ ទើប​កើត​ជំងឺ​កូវីដ​លែង​មាន​កាល​មុន​ជ្រូក​ចេញ​មួយ​ថ្ងៃ​២ ៣ ជើង​ខ្ញុំ​អត់​សូវ​រវល់​ពេលឥឡូវ​មិត​ពេក​ឡាន​ធំៗ​ហ្មង ទទុងទទាំង​លឺ​ផ្អាល​ធ្លាក់​មួយ​ភូមិ​ពីរ​ភូមិ​នោះ។ សំបូរ​តែ​ឡាន​វៀតណាម​ចូល​មក​ស្រែក​មិន​ទំនង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ មាន​មូលហេតុ​អី​បាន​ជា​អ្នក​មាន​អំណាច​អត់​ខ្វល់​ពី​បញ្ហា​ហ្នឹង

ឆ្លើយតប​បញ្ហា​នេះ មេឃុំ​ដូង លោក តឹក យី បដិសេធ​ជុំវិញ​ការ​លើក​ឡើង​របស់​ពលរដ្ឋ។ លោក​ថា កន្លែង​ផ្លាស់ប្ដូរ​ទំនិញ​នេះ គឺ​ជា​ដី​ឡូដ៍​ទំនេរ​មួយ​កន្លែង​ដែល​បាន​រៀបចំ​ជា​ទីតាំង​សម្រាប់​ផ្ទេរ​ជីរ​ផេះ​ប៉ុណ្ណោះ ដើម្បី​ជៀសវាង​ការ​រំខាន​ប្រជាពលរដ្ឋ។ លោក​អះអាង​ថា ពុំ​មាន​ដោះដូរ​អាជីវកម្ម​លើ​ទឹកដី​កម្ពុជា​ទេ មាន​តែ​ការ​ដោះដូរ​នៅ​តំបន់​ស៖ «ខ្ញុំ​គិត​ថា ខ្ញុំ​អាជ្ញាធរ​រួម​ជាមួយ​កងកម្លាំង​ជាមួយ​នឹង​ប្រជា​ការពារ​ទាំង​អស់ មិន​ទាន់​មាន​អ្វី​ដែល​ថា​រំខាន​សំឡេង​ប្រជាពលរដ្ឋ​រក​ថា​សម្រាន្ដ​មិន​បាន​នោះ​ទេ កន្លែង​នោះ​ជា​កន្លែង​ដាច់​ស្រយាល​ហើយ​គេ​ផ្លាស់ប្ដូរ​ទំនិញ​ធម្មតា មិន​ទាន់​ប៉ះពាល់​អារម្មណ៍​ពលរដ្ឋ​នៅ​សងខាង​នោះ​ទេ។ អត់​មាន​ទេ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដូង លោក សេក វណ្ណា និង​មេ​ប៉ុស្តិ៍​ព្រំដែន លោក សៅ វណ្ណា តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

កន្លងមក​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ច្រក​ព្រំដែន​ទាំងអស់។ ប៉ុន្តែ​នៅ​ក្នុង​បទបញ្ជា​ស្ដី​ពី​ការ​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​កន្លង​ទៅ រដ្ឋាភិបាល​ បាន​លើកលែង​ចំពោះ​ការ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ទាំង​តាម​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​ដែក ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​គិត​ថា ទំនង​ជា​បញ្ហា​ដែល​ពួកគាត់​កំពុង​ជួបប្រទះ នឹង​មិន​ត្រូវ​បាន​លើក​យក​មក​ដោះស្រាយ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល