កម្មករ​​វិស័យ​កាត់ដេរ​បារម្ភ​ស្ថិរភាព​ការងារ​ខណៈ​អឺរ៉ុប​គ្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា

ដោយ មួង ណារ៉េត
2018-10-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​សំណេះសំណាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៨។
ពិធី​សំណេះសំណាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook page

កម្មករ​ក្នុង​វិស័យ​កាត់ដេរ សម្ដែង​ការ​ព្រួយបារម្ភ​អំពី​រឿង​ស្ថិរភាព​ការងារ​របស់​ពួកគេ ខណៈ​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ចេះតែ​ដំណើរការ​ទៅមុខ ប៉ុន្តែ​របប​លោក​ហ៊ុន សែន ហាក់​មិន​មាន​ដំណោះស្រាយ​ច្បាស់លាស់។ កម្មករ​រោងចក្រ និង​សហជីព ស្នើសុំ​ឲ្យ​របប​លោក ហ៊ុន សែន គួរតែ​គោរព​តាម​លក្ខខណ្ឌ​របស់​សហ​ភាព​អឺរ៉ុប ដើម្បី​ជៀស​ផុត​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហើយ អាច​រក្សា​ស្ថិរភាព​ការងារ​របស់​កម្មករ​បាន។

កម្មករ​រោងចក្រ​កាត់ដេរ លើកឡើង​ថា ប្រសិនបើ​ការងារ​របស់​ពួកគាត់​បាត់បង់ ដោយសារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នា​ពេល​ខាងមុខ​មែន​នោះ គឺ​ប្រាកដជា​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​ជីវិត និង​ជីវភាព​គ្រួសារ​របស់​ពួកគាត់ ព្រោះ​ពួកគាត់​ភាគច្រើន ពិបាក​វិលត្រឡប់ ទៅ​ធ្វើ​របរ​កសិកម្ម​ឡើងវិញ​ណាស់។ ក្តី​បារម្ភ​របស់​កម្មករ​នេះ ដោយសារតែ​សហភាព​អឺរ៉ុប កំពុង​អនុវត្ត​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​“​ទំនិញ​គ្រប់មុខ លើកលែង​គ្រឿង​សព្វាវុធ ឬ EBA” ពី​កម្ពុជា ដោយសារ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។ សហភាព​អឺរ៉ុប​ប្រកាស​ឱសានវាទ ឲ្យ​របប​លោក ហ៊ុន សែន ស្តារ​ស្ថានភាព​អាក្រក់​នេះ​ឡើងវិញ ឲ្យ​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ខាងមុខ​ទៀត​នេះ។ បើ​មិន​ដូច្នេះ​ទេ វិធានការណ៍​តឹងរ៉ឹង​នេះ នឹង​អនុវត្ត​ជាក់​ជាមិនខាន។

កម្មករ​រោងចក្រ​មួយ​រូប​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង រៀបរាប់​ថា កម្មករ​កំពុង​ព្រួយបារម្ភ និង​ជជែក​គ្នា​មិន​ដាច់ និង​យ៉ាង​ផុលផុស នៅ​តាម​រោងចក្រ អំពី​រឿង​ស្ថិរភាព​ការងារ​របស់​ពួកគាត់​នេះ នៅ​ពេល​មាន​ការ​ផ្សព្វផ្សាយ​ថា កម្មករ​អាច​ប្រឈម​បាត់បង់​ការងារ ដោយសារ​សហភាព​អឺរ៉ុប គ្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ ពន្ធ​ពី​កម្ពុជា ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ដោះស្រាយ​វិបត្តិ​នយោបាយ គោរព​សិទ្ធិមនុស្ស ដោះលែង​អ្នក​ទោស​នយោបាយ និង​សិទ្ធិ​កម្មករ​ជាដើម៖ «ខ្ញុំ​ព្រួយបារម្ភ​ព្រោះថា កម្មករ​របស់​យើង​រាប់​ម៉ឺន​នាក់​ពឹង​ផ្អែកលើ​វិស័យ​កាត់ដេរ​តែ​រដ្ឋាភិបាល​គាត់​អត់​ព្រួយបារម្ភ​ទេ ដោយសារ​ឈ្លក់​នឹង​អំណាច​ហើយ។ កម្មករ​បាត់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិយោបល់ ដោយសារ​ចេញ​មួយ​ចាប់​មួយ​ចេញ​ពីរ​ចាប់​ពីរ។ ក្នុងនាម​ជា​កម្មករ​មួយ​រូប​សូម​ស្នើ​អោយ​សម្ដេច ហ៊ុន សែន កែប្រែ​ឥរិយាបថ ដើម្បី​ជៀស​ផុត​ពី​ទណ្ឌកម្ម​ផ្សេងៗ។ សូម​ចាត់​ទុក​ប្រជាពលរដ្ឋ​ជាធំ កុំ​យក​អំណាច​ធ្វើ​អោយ​បាត់​សិទ្ធិ​ប្រជាពលរដ្ឋ និង​ជាតិខ្មែរ​ទាំងមូល​ដោយសារ​ប្រជាពលរដ្ឋ​ពឹង​ខ្លាំង​ទៅលើ​អ្នកនយោបាយ ២​ទៅ ៣​រយ​នាក់​ហ្នឹង ហើយ​២​ទៅ​៣​រយ​នាក់​នាក់​នេះ គិតតែ​អំណាច មិន​គិត​ជាតិ​និង​ពលរដ្ឋ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ជាងគេ​លើ​ពលរដ្ឋ»

កម្មការនី​រោងចក្រ​ម្នាក់ទៀត រៀបរាប់​ដែរ​ថា កម្មករ​រោងចក្រ​មួយ​ចំនួន បាន​ដឹង​រួចហើយ​អំពី​រឿង​សហគមន៍​អន្តរជាតិ ដែល​មាន​គម្រោង​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា ហើយ​នឹង​ផ្ដល់​ផល​ប៉ះពាល់ ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​រោងចក្រ។

កម្មការិនី​រូប​នេះ បន្ត​ថា ជីវិត និង​ជីវភាព​គ្រួសារ​ពួកគាត់ នឹង​ជួប​ការ​លំបាក បើ​គ្មាន​ការងារ​រោងចក្រ​ទេ​នោះ ព្រោះ​សព្វថ្ងៃ​ពួកគាត់ ពឹង​ពាក់​ស្ទើរ​ទាំងស្រុង​លើ​ប្រាក់ខែ​រោងចក្រ ដើម្បី​ចិញ្ចឹម​កូន និង​ឪពុកម្ដាយ​ចាស់ជរា​នៅផ្ទះ។ កម្មករ​ភាគច្រើន មិន​អាច​វិលត្រឡប់ ទៅ​ធ្វើ​ស្រែ​ចម្ការ​វិញ​បាន​ឡើយ ព្រោះ អ្នកខ្លះ​គ្មាន​ដីស្រែ​ចម្ការ ហើយ​អ្នក​ខ្លះ​ទៀត ទោះបី​មាន​ដីស្រែ​ចម្ការ ក៏​គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិផល អោយ​បាន​តម្លៃ​ខ្ពស់​ដែរ៖ «ប៉ះពាល់​ខ្លាំង​ក្នុង​ជីវភាព​គ្រួសារ អត់​លុយ​ចិញ្ចឹម​កូន អត់​លុយ​អោយ​កូន​រៀន។ និយាយ​រួម​លំបាក​គ្រប់មុខ​។ អ្នកខ្លះ​មាន​ស្រែ​អ្នកខ្លះ​គ្មាន​ស្រែ ហើយ​ធ្វើស្រែ​បាន​ផល​មិន​គ្រប់គ្រាន់ គឺ​បាន​ត្រឹមតែ​ហូប​ខ្លះៗ»

មិន​ខុសគ្នា​ប៉ុន្មាន​នោះ​ឡើយ កម្មករ​រោងចក្រ​មួយ​រូប​ទៀត រៀបរាប់​ថា ប្រសិនបើ​រោងចក្រ​បិទទ្វារ ដោយសារ​បញ្ហា​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន​នោះ គឺ​កម្មករ​រាប់​ម៉ឺន​នាក់ នឹង​គ្មាន​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹម គ្រួសារ​និង​ដោះ​បំណុល​ធនាគារ​នោះ​ទេ។ ម្យ៉ាងទៀត ការ​វិល​ទៅ​ចាប់ផ្ដើម​ធ្វើស្រែ​ចម្ការ​វិញ ក៏​មិនបាន​ផល​ច្រើន សម្រាប់​ដោះស្រាយ​ជីវភាព​នោះ​ដែរ។ កម្មករ​រូប​នេះ បន្ត​ថា ប្រសិនបើ​របប​លោក ហ៊ុន សែន ពិតជា​គិតគូរ​ដល់​សុខទុក្ខ​របស់​កម្មករ​-​កម្មការិនី​រោងចក្រ និង​ប្រជាពលរដ្ឋ​ខ្មែរ​មែន​នោះ គួរតែ​គោរព​តាម​លក្ខខណ្ឌ​របស់​សហគមន៍​អន្តរជាតិ និង​សហភាព​អឺរ៉ុប ព្រោះ​លក្ខខណ្ឌ​ទាំងនោះ មិន​លំបាក​គោរព​នោះ​ឡើយ ដោយ​គ្រាន់តែ​យល់ព្រម​ដោះស្រាយ​បញ្ហា​នយោបាយ គោរព​សិទ្ធិមនុស្ស និង​គោរព​សិទ្ធិ​កម្មករ​ជាដើម​តែប៉ុណ្ណោះ៖ «ខ្ញុំ​គិត​ថា អត់​លំបាក​ទេ ប្រសិនបើ​គាត់​ស្រលាញ់​ប្រជាពលរដ្ឋ កម្មករ និង​កូន​ខ្មែរ​គឺ​គាត់​គួរតែ​សហការ​គ្នា​ចាប់ដៃ​គ្នា​សម្លឹង​ទៅមុខ ដើម្បី​អោយ​ប្រជាពលរដ្ឋ​យើង​សំបូរ​សប្បាយ និង​មាន​សន្តិភាព​ពិតប្រាកដ។ សព្វថ្ងៃ​នេះ ប្រជាពលរដ្ឋ​ភ័យខ្លាច​ក្នុង​ការ​និយាយ​ស្ដី»

មិន​ត្រឹមតែ​កម្មករ​ទេ ដែល​ខ្វល់​ពី​អនាគត​របស់​ពួកគេ ខាង​ភាគី​រោងចក្រ​ក៏​បារម្ភ​អំពី​បញ្ហា​នេះ​ខ្លាំង​ណាស់​ដែរ។ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​ហៅ​កាត់​ថា GMAC លោក ខេន លូ កាលពី​ថ្ងៃ ទី​២០​តុលា ក៏បាន​លើកឡើង​ថា ការ​ព្យួរ​បណ្ដោះអាសន្ន នៃ​គម្រោង​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ EBA ឬ​ទណ្ឌកម្ម​ឯកតោភាគី​រយៈពេល​ខ្លី​ណាមួយ អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​រយៈ​ពេល​វែង​ដល់​ជីវិត​របស់​កម្មករ និង​គ្រួសារ​របស់​ពួកគេ ហើយ​លោក​ព្រមាន​ថា ភាព​រីកចម្រើន​ទាំងអស់ ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈកាល​២​ទសវត្សរ៍​កន្លងមក​នេះ អាច​នឹង​ត្រូវ​បាន​បំផ្លាញ​យ៉ាង​លឿន។ អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់ ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បានទេ កាលពី​ថ្ងៃ​ទី​២៧ តុលា ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ។ ប៉ុន្តែ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន អះអាងថា របប​លោក នឹង​មិន​ប៉ះពាល់​ទេ អ្នក​ដែល​ប៉ះពាល់​ខ្លាំង​ជាងគេ គឺ​ថៅកែ​រោងចក្រ​ដែល​អាច​បាត់បង់​ប្រាក់ចំណេញ។ ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន ហាក់​នៅ​មិនទាន់​បង្ហាញ​សញ្ញាណ​ចុះ​ញ៉ម​តាម​ការ​ស្នើសុំ​របស់​សហភាព​អឺរ៉ុប​នៅឡើយ​ទេ ទោះបី​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ ចុងក្រោយ​នេះ ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​វិស័យ​រោងចក្រ​កាត់ដេរ​នេះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍ថា កម្មករ​ពិតជា​មាន​ក្តី​ព្រួយបារម្ភ​ខ្លាំង​មែន​អំពី​ស្ថិរភាព​ការងារ​របស់​ពួកគាត់ និង​បាន​ស្នើ​សុំ​អោយ​សហជីព​ជួយ​ដោះស្រាយ​ផង​ដែរ។ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា អ្នក​ដែល​មាន​សិទ្ធិ​សម្រេច​ចិត្ត​នៅ​ក្នុង​រឿង​នេះ គឺ​របប​លោក ហ៊ុន សែន មិនមែន​ពួកគាត់​នោះ​ទេ។ លោកស្រី យល់ថា ប្រសិនបើ​របប​លោក ហ៊ុន សែន ចង់​ចៀស​ផុត​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ គឺ​មិន​លំបាក​ឡើយ ពោល​គឺ​គ្រាន់តែ​គោរព​តាម​លក្ខខណ្ឌ​របស់ សហភាព​អឺរ៉ុប ដូចជា​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ និង​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​សេរីភាព​កម្មករ​ឡើងវិញ នោះ​គឺជា​ការ​ស្រេច៖ «ខ្ញុំ​មានតែ​ស្នើសុំ​យ៉ាង​ទទូច​ទៅ​រដ្ឋាភិបាល សូម​ពិចារណា​ឡើងវិញ​នូវ​ចំណុច​នេះ​ឡើងវិញ ព្រោះ​ការសម្រេចចិត្ត​របស់​គាត់ អាច​ជួយ​រួមចំណែក ដល់​កម្មករ​និង​ប្រជាពលរដ្ឋ​ច្រើន។ ចំណុច​នេះ​វា​ធំធេង ហើយ​បើ​គាត់​មិន​គិត​គូរ​ចំណុច​នេះ​គឺ​លំបាក​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​យើង។ ខ្ញុំ​មិន​ចង់​អោយ​ស្ថានភាព​នយោបាយ​មួយ​ដែល​ធ្វើ​ទៅ បង្ហាញ​ចេញពី​ម្នាក់ៗ​ចង់​យក​ឈ្នះ​រៀងៗ​ខ្លួន ។​ខ្ញុំ​គិត​ថា មនុស្ស​កន្លែង​គួរតែ​ហ៊ាន​ចុះចាញ់​ដើម្បី​មនុស្ស​ដែល​យើង​ស្រលាញ់ ដើម្បី​ក្រុម​គ្រួសារ​របស់​យើង និង​ប្រទេសជាតិ​របស់​យើង​ដែរ។ តែ​បើ​យើង​ធ្វើ​នយោបាយ​អត់​ហ៊ាន​ចាញ់ ខ្ញុំ​គិត​ថា លំបាក​ណាស់​ក្នុង​ការ​ទទួល​បានការ​គាំទ្រ​ព្រោះ​មិន​ហ៊ាន​ចាញ់​ដើម្បី​ប្រជាពលរដ្ឋ​ផង»

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC) ឲ្យ​ដឹង​ថា វិស័យ​កាត់ដេរ​កម្ពុជា​បាន​ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៧០​ម៉ឺន​នាក់ ដែល​ជាង​៨៥%​ជា​ស្ត្រី​មកពី​បណ្ដា​ខេត្ត និង​ជនបទ ហើយ​ប្រជាពលរដ្ឋ ២​លាន​នាក់​ដទៃ​ទៀត ទទួល​ផល​ដោយ​ប្រយោល​ពី​វិស័យ​នេះ។

បច្ចុប្បន្ន​នេះ ប្រាក់​ឈ្នួល​គោល​កម្មករ ក្នុង​វិស័យ​កាត់ដេរ​ទូទាំង​ប្រទេស គឺ ១៧០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​គ្រោង​នឹង​ដំឡើង​ដល់ ១៨២​ដុល្លារ នៅ​ដើម​ឆ្នាំ ២០១៩។ ប្រាក់ខែ​ប៉ុណ្ណេះ ខាង​សហជីព​កម្មករ នៅតែ​ចាត់ទុកថា មាន​កម្រិត​ទាប ដែល​មិនទាន់​អាច​ឆ្លើយតប​ទៅ​នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​កម្មករ បាន​ផង កុំថាឡើយ​ដល់​អស់​ការងារ​ធ្វើ ពេល​សហភាព​អឺរ៉ុប​ឈប់​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

anonymous

The smart thing all people have to stay away from instant karma Hun Sen rather to seem him and don't try to risk your life with him...because tmil Hun Sen's life"logoff"face dead or alive with ton of crimes he'd committed.Dictator himself try to takes many people lives with him"human shield",and be careful with this horrible monster.

Oct 29, 2018 12:07 PM

death row for dictator Hun Sen

Who are the people who believe and become B-R-A-I-N-W-A-S-H-E-D by dictatorship"HS"who preach false,scams,lies,liars,cheating fantastic ideology and unpromising claims to behead, impute limb,or step down if he doesn't work.People who believe in dictator Hun Sen and follow their traps,may eventually realize their mistakes-by then--they maybe permanent stuck in a helpless struggle without money,power,land and like-mined people to fight off destructive forces.

Oct 29, 2018 11:34 AM

គេហទំព័រ​ទាំងមូល