ធនាគារ​ពិភព​លោក​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ត្រូវ​ធ្លាក់​ចុះ ដោយសារ​បញ្ហា EBA និង​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​សេដ្ឋកិច្ច​ចិន

ដោយ មាន ឫទ្ធិ
2019.04.25
រាជធានីភ្នំពេញ ២០១៨ ទិដ្ឋភាពរាជធានីភ្នំពេញ និងសំណង់​អគារ​ខ្ពស់
រូប៖ ហ្វេសប៊ុក​សាលារាជធានីភ្នំពេញ ថ្ងៃ​២៤ ខែវិច្ឆិកា ឆ្នាំ២០១៨

ធនាគារ​ពិភពលោក ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​នឹង​ធ្លាក់​ចុះ​ពី​ ៧,%​ ​ក្នុង​ឆ្នាំ ២០១៨ មក​នៅ ៧% ក្នុង​ឆ្នាំ២០១៩ ហើយ​បន្ត​ធ្លាក់​ចុះ​ដល់​ ៦,% ក្នុង​ឆ្នាំ២០២០។ នេះ​បើ​យោង​តាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក ​ស្ដីពី​ «ការ​គ្រប់គ្រង​បញ្ហា​ប្រឈម» (Managing Headwinds) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៤ ​ខែ​មេសា ​ឆ្នាំ២០១៩ នេះ។

ហានិភ័យ​ និង​បញ្ហា​ប្រឈម​ចម្បងៗ ចំនួន​បី​ ​ដែល​របាយការណ៍​ថា​ ​អាច​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ ​ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នេះ​ ​រួម​មាន៖ ការ​ពិចារណា​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​របស់​សហភាព​អឺរ៉ុប ​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​លំហូរ​ទុន​វិនិយោគ​ពី​ប្រទេស​ចិន​ ​ស្រប​ពេល​សេដ្ឋកិច្ច​ប្រទេស​នេះ​កំពុង​ជួបប្រទះ​នូវ​ការ​ធ្លាក់​ចុះ​រហ័ស​ជាង​ការ​រំពឹង​ទុក​ និង​បញ្ហា​នៃ​ការ​កើន​ឡើង​យ៉ាង​រហ័ស​នៃ​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​ ​ដែល​អាច​ជះ​ឥទ្ធិពល​ទៅលើ​វិស័យ​ហិរញ្ញវត្ថុ។ ធនាគារ​ពិភព​លោក​ថា បញ្ហា​ទាំង​បី​នេះ​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រាកដប្រជា ​ហើយ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កាន់​តែ​តានតឹង។ ជុំវិញ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ធនាគារ​ពិភព​លោក​ ​ព្រមាន​ថា​ ​ការ​បាត់បង់​ភាព​អនុគ្រោះ​ពន្ធ​ EBA ​នេះ​ ​អាច​នឹង​ធ្វើឲ្យ​កំណើន​នៃ​ការនាំចេញ​របស់​កម្ពុជា​ ​ថយ​ល្បឿន​មក​វិញ។

ធនាគារ​ពិភព​លោក​ ​ផ្ដល់​អនុសាសន៍​ថា​ ​ដើម្បី​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​ម៉ាក្រូ​សេដ្ឋកិច្ច​ឲ្យ​មក​នៅ​កម្រិត​ទាប​ វិធានការ​ចាំបាច់​ដែល​រដ្ឋាភិបាល​ត្រូវ​ពិចារណា​ដាក់​ចេញ​ ​រួមមាន​ ​ការ​រក្សា​បញ្ជី​បៀវត្សរ៍​សាធារណៈ​កុំ​ឲ្យ​រីក​មាឌ​ត​ទៅ​ទៀត​ ​ការ​ពង្រឹង​សមត្ថភាព​ឃ្លាំមើល​ ​និង​ត្រៀម​ឆ្លើយតប​វិបត្តិ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ដាក់កំហិត​ធនាគារ​កុំ​ឲ្យ​ផ្ដល់​កម្ចី​ដល់​ផ្នែក​សំណង់​ ​និង​អចលន​ទ្រព្យ​ជា​ដើម។ ធនាគារ​ពិភព​លោក​ ​ក៏​ស្នើ​ឲ្យ​កម្ពុជា​ ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ក្រៅ​ប្រទេស​ ធ្វើ​កំណែ​ទម្រង់​ជា​ប្រព័ន្ធ​មួយ​ដើម្បី​ជួយ​កែ​លម្អ​បរិយាកាស​វិនិយោគ​ឲ្យ​ប្រសើរ​ឡើង​ និង​កាត់បន្ថយ​ថ្លៃ​ដើម​ក្នុង​ការ​ធ្វើ​ជំនួញ​ ​ព្រោះ​កត្តា​ទាំង​នេះ​ជា​មូលហេតុ ដែល​នាំឲ្យ​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា។

ការ​ព្យាករ​របស់​ធនាគារ​ពិភពលោក​នេះ គឺ​មិន​សូវ​ជា​ខុសគ្នា​ប៉ុន្មាន​ឡើយ​ពី​ការ​ព្យាករ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ​ដែល​ទើបនឹង​ចេញផ្សាយ​កាលពី​ដើម​ខែ​មេសា​នេះ។ កាល​ណោះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ព្យាករណ៍​ដូចគ្នា​ថា សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​មក​នៅ​ ៧% ក្នុង​ឆ្នាំ២០១៩ ​និង​ធ្លាក់​ចុះ​ដល់​ ៦,% ក្នុង​ឆ្នាំ២០២០ ​គឺ​ទាប​ជាង​ធនាគារ​ពិភពលោក​បន្តិច។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ​ក៏​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ខាងលើ​នេះ​ដែរ រួមផ្សំ​នឹង​កត្តា​គ្រោះថ្នាក់​រាំងស្ងួត​ក្នុង​ឆ្នាំ២០១៩ នេះ​ដែល​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​កសិកម្ម​ ​និង​ថាមពល​អគ្គិសនី និង​បញ្ហា​នៃ​ការ​ខ្វះ​ធនធាន​មនុស្ស​មាន​ជំនាញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។