ធនាគារ​ពិភពលោក​ប្រកាស​បន្ត​ប្រាក់​កម្ចី​ដល់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2016.05.21
Share on WhatsApp
Share on WhatsApp
អ្នក​បឹងកក់​តវ៉ា​មុខ​ធនាគារ​ពិភពលោក ២០១៦ ៨៥៥ ​ទ្វារ​របង​​ធនាគារ​ពិភពលោក (World Bank) ត្រូវ​បាន​អ្នក​បឹងកក់​អង្រួន និង​គប់​ពង​មាន់​ដាក់​ស្លាក ក្នុង​ពេល​តវ៉ា​​ទាមទារ​ដំណោះស្រាយ​ដីធ្លី កាលពី​​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA
RFA

ធនាគារ​ពិភពលោក (The World Bank) ប្រកាស​ថា នឹង​បន្ត​ប្រាក់កម្ចី​ដល់​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​នៅ​កម្ពុជា បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈពេល ៥​ឆ្នាំ។

សេចក្ដី​ថ្លែងការណ៍​របស់​ធនាគារ​ពិភពលោក នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​ឧសភា ឲ្យ​ដឹង​ថា ធនាគារ​បាន​សម្រេច​ផ្ដល់​ប្រាក់​កម្ចី​ចំនួន ១៣០​លាន​ដុល្លារ លើ​គម្រោង​កម្មវិធី​ចំនួន​៤ រួម​មាន ផ្លូវថ្នល់ ទឹក កសិកម្ម និង​សុខាភិបាល។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា កម្មវិធី​ថ្មី​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ធនាគារ​ដើម្បី​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន និង​កាត់​បន្ថយ​អត្រា​ក្រីក្រ យ៉ាង​ហោច​ណាស់​ឲ្យ​បាន ១% ក្នុង​មួយ​ឆ្នាំៗ។

ម្យ៉ាង​វិញ​ទៀត គោលដៅ​សំខាន់​របស់​ធនាគារ គឺ​ជួយ​ពង្រឹង​បរិយាកាស​ពាណិជ្ជកម្ម ដើម្បី​អាច​ឲ្យ​កម្ពុជា អាច​ប្រកួតប្រជែង​ផលិតផល​របស់​ខ្លួន​លើ​ទីផ្សារ​អន្តរជាតិ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​ដឹក​ជញ្ជូន​ជាដើម។

ធនាគារ​ពិភពលោក​មិន​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​សម្រេច​បន្ត​ផ្ដល់​ប្រាក់​កម្ចី​ដល់​កម្ពុជា នោះ​ទេ បើ​ទោះ​បី​ជា​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់ មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ​ក៏ដោយ។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១១ ធនាគារ​ពិភពលោក​បាន​ប្ដេជ្ញា​ថា ខ្លួន​នឹង​អាច​បន្ត​ប្រាក់​ជំនួយ លុះត្រាតែ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​សំណង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៣​ពាន់​គ្រួសារ ដែល​ត្រូវ​បាន​គំរាមកំហែង និង​បង្ខំ​ឲ្យ​ចាក​ចេញពី​លំនៅឋាន​របស់​ខ្លួន។

​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​តែងតែ​តវ៉ា និង​ធ្លាប់​ជាប់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ឧសភា ព្រមាន​លើក​គ្នា​តវ៉ា ប្រសិនបើ​ធនាគារ​ពិភពលោក​បន្ត​ការ​ផ្ដល់​ប្រាក់​កម្ចី​ឡើង​វិញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួកគាត់​នៅ​មិន​ទាន់​ដោះស្រាយ​ចប់។

កាល​ពី​ឆ្នាំ​២០០៧ រដ្ឋាភិបាល​បាន​ចុះ​កិច្ច​សន្យា​ជួល​ដី​តំបន់​បឹងកក់ ក្នុង​រយៈពេល ៩៩​ឆ្នាំ ដល់​ក្រុមហ៊ុន ស៊ូកាគូ (Shukaku) ក្នុង​តម្លៃ​ប្រមាណ ៧៩​លាន​ដុល្លារ។ ប្រជាជន​ប្រមាណ ៤.២៥២​គ្រួសារ ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល