ធនាគារ​ពិភពលោក​ផ្ដល់​កម្ចី​ការប្រាក់​ទាប​ដល់​កម្ពុជា​សម្រាប់​វិស័យ​អប់រំ​និង​ផ្លូវ​ថ្នល់

មាន ឫទ្ធិ
2018.07.12
គេហទំព័រ​ធនាគារ​ពិភពលោក គេហទំព័រ​ធនាគារ​ពិភពលោក បង្ហាញ​ព័ត៌មាន​ជា​ភាសាខ្មែរ កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០១៨។
Screenshot

ធនាគារ​ពិភពលោក ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​កម្ចី​ការប្រាក់​ទាប ឬ​ឥណទាន​សម្បទាន ដល់​គម្រោង​ចំនួន​២ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប ២០០ ឮ​លាន​ដុល្លារ​អាមេរិក ដើម្បី​ចូលរួម​កែ​លំអ​ការ​អប់រំ​កម្រិត​ឧត្ដមសិក្សា និង​ការ​ផ្សា​ភ្ជាប់​បណ្ដាញ​ផ្លូវថ្នល់​នៅ​កម្ពុជា។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក ចេញផ្សាយ​ថ្ងៃ​ទី​១២ កក្កដា នេះ ឲ្យ​ដឹង​ថា ធនាគារ​ពិភពលោក បាន​ចុះហត្ថលេខា​ជាមួយ​របប​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១២ កក្កដា ដើម្បី​ចាប់ផ្ដើម​អនុវត្ត​គម្រោង​វិនិយោគ​សំខាន់ៗ​ចំនួន​ពីរ ក្នុង​នោះ​រួមមាន គម្រោង​កែ​លម្អ​ការអប់រំ​កម្រិត​ឧត្ដមសិក្សា ផ្ដោត​លើ​ការអភិវឌ្ឍន៍​ផ្នែក​ឧស្សាហកម្ម និង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​ផ្សា​ភ្ជាប់​បណ្ដាញ​ផ្លូវថ្នល់ ពី​ភ្នំពេញ​ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ នៅ​ខេត្ត​ព្រះសីហនុ។

គម្រោង​កែ​លម្អ​សមត្ថភាព​ស្ថាប័ន​អប់រំ​ឧត្ដមសិក្សា មាន​រយៈពេល ៦​ឆ្នាំ តម្លៃ​៩០​លាន​ដុល្លារ ដើម្បី​ផ្ដល់​ការ​គាំទ្រ​ការ​កែលំអ​គុណភាព​ការអប់រំ ការស្រាវជ្រាវ​កម្រិត​ឧត្ដមសិក្សា និង​ពង្រីក​លទ្ធភាព​ទទួល​បាន​ការអប់រំ​ថ្នាក់​ឧត្ដមសិក្សា​ដល់​និស្សិត​ក្រីក្រ​មកពី​តាម​តំបន់​ជនបទ ដោយ​ផ្តោត​លើ​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិជ្ជា វិស្វកម្ម គណិតវិទ្យា និង​កសិកម្ម។

ដោយឡែក គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី​២ ក្នុង​តម្លៃ ១១០លាន​ដុល្លារ មាន​គោលដៅ​ដើម្បី​កែលំអ​ស្ថានភាព សុវត្ថិភាព និង​ការ​ធន់​នឹង​អាកាសធាតុ​នៃ​ផ្លូវជាតិ​លេខ​៤ ដែល​ជា​ផ្លូវថ្នល់​ដ៏​សំខាន់ ភ្ជាប់​ទៅកាន់​តំបន់​សេដ្ឋកិច្ច និង​តំបន់​កសិកម្ម​នានា។

អ្នកស្រី Inguna Dobraja នាយក​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍ថា ជា​ការ​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​វិនិយោគ​ទៅលើ​ធនធានមនុស្ស និង​កែលំអ ជំនាញ​ពលរដ្ឋ​វ័យក្មេង​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រកួតប្រជែង​ក្នុង​វិស័យ​សេដ្ឋកិច្ច​នៅ​ពេល​អនាគត។ អ្នកស្រី​ថា ការ​បិទ​គម្លាត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ក៏​នឹង​មាន​សារៈសំខាន់​ផង​ដែរ ដើម្បី​ជំរុញ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា នៅ​ក្នុង​តំបន់ និង​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។