អ្នក​ឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត មិន​បាច់​ហត់​ដើរ​ទាក់​ម៉ូយ​ទេ គ្រាន់​តែ​កម្ចាត់​អំពើ​ពុករលួយ​នឹង​បាន​ម៉ូយ​ល្អៗ​ហើយ

ដោយ ខាន់ លក្ខិណា
2024.01.21
អ្នក​ឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត មិន​បាច់​ហត់​ដើរ​ទាក់​ម៉ូយ​ទេ គ្រាន់​តែ​កម្ចាត់​អំពើ​ពុករលួយ​នឹង​បាន​ម៉ូយ​ល្អៗ​ហើយ លោក ហ៊ុន ម៉ាណែត (ស្ដាំ) ជួបលោក ហ្សង់ស័រ ហ្គឹស (François GUEZ) នាយកប្រតិបត្តិ ក្រុមហ៊ុន ភីអិល វីស្ដា (PL Vista) ពិភាក្សាការងារ កាលពីថ្ងៃទី១៩ ខែ​មករា ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល និង​សហជីព​ថា នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត មិន​បាច់​ហត់​ដើរ​ទាក់​ម៉ូយ​ទេ គ្រាន់តែ​ស្ដារ​ប្រជាធិបតេយ្យ និង​កម្ចាត់​អំពើពុករលួយ បាន​ម៉ូយ​ល្អៗ ចូល​វិនិយោគ​នៅ​កម្ពុជា​ហើយ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត អះអាង​អំពី​ជោគជ័យ​នៃ​យុទ្ធនាការ​ដើរ​គោះទ្វារ និង​ទាក់​ម៉ូយ​វិនិយោគិន​អន្តរជាតិ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែង​ម្ដង​ហើយ​ម្ដងទៀត អំពី​ការ​ដើរ​ទាក់​ម៉ូយ​វិនិយោគ​អន្តរជាតិ​ឱ្យ ទៅ​ដាក់​ទុន​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​លោក​បាន​តំណែង​នាយករដ្ឋមន្ត្រី ដែល​ឪពុក​របស់​លោក ផ្ទេរ​ឱ្យ​កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣ និង​ចុង​ក្រោយ​បង្អស់ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​អួត​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប ទាក់ទង​នឹង​ការ​ជិះ​យន្តហោះ ទៅ​ទាក់​ម៉ូយ​នេះ បន្ថែម​នឹង​ឃ្លា «​ដើរ​គោះទ្វារ​» ទៀត។

លោក ហ៊ុន ម៉ាណែត៖ «នេះ​ហើយ​បាន​ជា​ការ​ធ្វើ​ដំណើរ ១០​ម៉ោង​ជាង ១៥ ម៉ោង មក​ទីនេះ​ដាក់​ពេល​វេលា​ជាប់​គ្នា​ទាំងអស់​គឺ​ភារកិច្ច​តែមួយ​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​គោះទ្វារ ដើម្បី​ចាប់​ដៃ ដើម្បី​បង្ហាញ​ទាំង​ថ្នាក់​ដឹកនាំ​នយោបាយ ទាំង​អង្គការ ក៏ដូចជា​ធុរកិច្ច នៅ​លើ​ពិភពលោក​អំពី​កម្ពុជា ហើយ​បបួល​គេ​ទៅ​តែម្ដង​ហៅ​ថា ដើរ​ទាក់​ម៉ូយ»

ថ្លែង​ចេញ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​រស់នៅ​ទ្វីបអឺរ៉ុប កាល​ពី​ថ្ងៃទី​១៤ មករា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើង​ថា វត្តមាន​របស់​លោក​នៅ​អឺរ៉ុប​រយៈពេល ៦​ថ្ងៃនេះ ទាំង​នៅ​ប្រទេស​បារាំង និង​ក្នុង​វេទិកា​សេដ្ឋកិច្ច ពិភពលោក លើក​ទី​៥៤ នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស មាន​កម្ម​វិធី​ប្រជុំ​ប្រមាណ​៤០ ហើយ​ពេលខ្លះ សូម្បីតែ​ម៉ោង​បាយ ក៏​ត្រូវ​ធ្វើឡើង​នៅ​លើ​យន្តហោះ​ផង​ដែរ។

អនុប្រធាន​សហជីព​ណាហ្គា វើលដ៍​កញ្ញា ឈឹម សុខន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២០ មករា ថា យុទ្ធនាការ​ដើរ​គោះទ្វារ​ទាក់​ម៉ូយ​របស់​លោក ហ៊ុន ម៉ាណែត មិន​បាន​ផល​ទេ មិន​អាច​ទាក់ទាញ​បាន​អ្នក​វិនិយោគ​អន្តរជាតិ​ល្អៗ​ទៅ​កម្ពុជា​ឡើយ ពី​ព្រោះតែ​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់ អំពី​ពុករលួយ​ខ្លាំង​ពេក ព្រមទាំង ការ​មិន​គោរព​សិទ្ធិ​កម្មករ គឺ​សូម្បីតែ​វិវាទ​ណាហ្គា វើលដ៍​រ៉ាំរ៉ៃ​រាប់​ឆ្នាំ​នៅ​ចំពោះ​មុខ រដ្ឋាភិបាល​មិន​ព្រម​ដោះស្រាយ​ផង។

កញ្ញា ឈឹម សុខន៖ «គេ​ម៉េច​ហ៊ាន​យក​លុយ​គេ​ទាំង​លានៗ​មក​បណ្ដាក់​ចោល​មើល​ឃើញ​ច្បាប់​ទម្លាប់​អីហ្នឹង បញ្ហា​អត់​មាន​សម្រាប់​សុវត្ថិភាព​គេ វា​អត់​ច្បាស់លាស់ មាន​បញ្ហា​អំពើពុករលួយ​ច្រើន ស្នើ​ឱ្យ​គាត់​តែ​រៀបចំ​លក្ខខណ្ឌ​ការងារ ឱ្យ​បាន​ត្រឹមត្រូវ កុំឱ្យ​មានការ​រំលោភសិទ្ធិ​អី​អ៊ីចឹង ការពារ​កម្មករ​អី​អ៊ីចឹង​ទៅ​អ្នក​វិនិយោគ គេ​ទាក់ទាញ​មក​ខ្លួនឯង​ហើយ​ព្រោះ​គេ​ចង់តែ​រកស៊ី​ទេ»

យ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​និយាយ​ថា គឺជា​ជោគជ័យ ដែល​លោក ហ៊ុន ម៉ាណែត បាន​ដើរ​លើ​កម្រាលព្រំ​ពណ៌​ក្រហម និង​ត្រឹម​តែ​មាន​វត្តមាន​ជួប​ជាមួយ​អ្នក​វិនិយោគ​អន្តរជាតិ។

រីឯ​អ្នកនាំពាក្យ​រដ្ឋាភិបាល​មួយ​រូប​ទៀត គឺ​លោក តាន់ ហ្សង់ហ្វ្រង់ស័រ (Tain Jean Francois) ដែល​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត ថ្ងៃទី​២០ មករា ថា អ្នក​វិនិយោគ​អន្តរជាតិ​មាន​គម្រោង​ទៅ​រក​ស៊ី​នៅ​កម្ពុជា ក្នុង​ករណី​ស្ថានភាព​អំណោយ​ប៉ុណ្ណោះ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ «ខ្លះ​ជា​ក្រុមហ៊ុន​ដែល​មាន​វត្ត​មាននៅ​ស្រុក​ស្រាប់​ហើយ​។ រីឯ​ខ្លះទៀត ចង់​ឬ​មាន​គម្រោង​មក​ដាក់​ទុន​រកស៊ី នៅ​កម្ពុជា បើសិន​ស្ថានភាព ហើយ​ជឿ​ខ្ញុំ​ចុះ​ទាំង​នៅ​ប៉ារីស​ទាំង​នៅ​ដាវ៉ូស​បណ្ដាល​ថៅកែ​ធំៗ​មកពី​គ្រប់​ជ្រុងជ្រោយ​នៃ​សកលលោក មក​រួម​ប្រជុំ​គ្នា​នៅ​ដាវ៉ូស​ដែល​ជា​កន្លែង​បណ្ដាញ​ការងារ (Networking) បន្ត​កន្ទុយ​គ្នា​ចាំ​ជួយ​សម្ដេច​ធិបតី​ហើយ​ជួយ​ម្ដងៗ ១៥ នាទី​ទៅ ៣០​នាទី​តែ​ប៉ុណ្ណោះ»

ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ទៅ​ជួប​អ្នក​វិនិយោគ​រយៈពេល​ខ្លីៗ មិន​គ្រប់គ្រាន់​ទេ ពីព្រោះ​ស្ថានភាព​កម្ពុជា​សព្វថ្ងៃ​នៅ​ខ្វះ​ភាព​ស្អាតស្អំ ដូច្នេះ​ពិបាក​ទាក់ទាញ វិនិយោគិន​អន្តរជាតិ​ល្អៗ​បាន​ណាស់។

លោក​ថា លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ថែម ទាំង ខ្វះ​ការ​លើទឹក​ចិត្ត​ដល់ សហគ្រាស​ក្នុងស្រុក​ល្អៗ ក្នុង​ការ​ពង្រឹង​សមត្ថភាព ផលិតកម្ម​ក្នុងស្រុក និង​ខ្វះ​ការ​ផលិត​វត្ថុធាតុ​ដើម​ផង ដែល​នាំ​ចូល​ពី​ក្រៅ​ស្ទើរតែ​ទាំងស្រុង ដូចជា​ពី​ប្រទេស​ចិន ហើយ​នេះ​ធ្វើ​ឱ្យ​យ​កម្ពុជា​បាត់បង់​សក្ដានុពល កសាង​សេដ្ឋកិច្ច។

លោក​បន្ថែម​ថា ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​កំណែទម្រង់​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច កំណែទម្រង់​រដ្ឋ​កម្ចាត់​អំពើពុករលួយ គោរព​សិទ្ធិមនុស្ស ការ​បែងចែក​ផល​ដោយ​តម្លាភាព​ដល់​ពលរដ្ឋ និង​ការ​លើក​កម្ពស់​គុណភាព សេវា​សាធារណៈ ជាពិសេស​ការ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​សេរី ដើម្បី​អាច​ពង្រីក​ទីផ្សារ​អនុគ្រោះ​ពី​អន្តរជាតិ​ធំៗ ជាង​គេ​ពីរ ដូចជា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម ជីអេសភី (GSP) របស់​អាមេរិក និង​បាន​អ៊ីប៊ីអេ (EBA) ទាំងមូល​របស់​អឺរ៉ុប ជាដើម។

លោក ឃុន ថារ៉ូ៖ «សំខាន់​ណាស់​សម្រាប់​ប្រទេស​មួយ​ដើម្បី​កសាង​នូវ​មុខមាត់ បើ​សិន​ជា​យើង​ចង់​ទាក់ទាញ​វិនិយោគ​ទុន​បរទេស​ធំៗ យើង​ត្រូវ​ពង្រឹង​នីតិរដ្ឋ ការគោរព​ច្បាប់ មានន័យថា សំណាញ់​នៃ​ការអនុវត្ត​នីតិរដ្ឋ ដើម្បី ឱ្យ​មាន​ការអនុវត្ត​អាជីវកម្ម​ធុរកិច្ច​មួយ ប្រកបដោយ​ការទទួលខុសត្រូវ​ឬ ក៏​ការគោរព​សិទ្ធិមនុស្ស ការគោរព​សិទ្ធិ​ការងារ​ទាំងអស់​ហ្នឹង»

ក្នុង​ដំណើរ​ទៅ​សហរដ្ឋអាមេរិក កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០២៣ ដើម្បី​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក ហ៊ុន ម៉ាណែត ក៏​ធ្លាប់​ថ្លែង​ថា គាត់​បាន​ជួប​ក្រុមហ៊ុន​អាមេរិក ចំនួន​៥៨​ក្រុមហ៊ុន មាន​ទាំង​ក្រុមហ៊ុន​ខ្នាត​យក្ស​ផង។

លោក ហ៊ុន ម៉ាណែត៖ «លោក អ៊ីឡុន ម៉ាស់ (Elon Musk) ដែល​នាយករដ្ឋមន្ត្រី​ថៃ​ទៅ​ជួប​គាត់​ជា​អ្នក​មាន​ត្រូវ​ហើយ ខ្ញុំ​មិន​បាន​ជួប​គាត់​ត្រូវ​ហើយ ប៉ុន្តែ​ខ្ញុំ​ជួប ៥៨​ក្រុមហ៊ុន​អាមេរិក នៅក្នុង​មាន​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក ម៉ា​គគោក។ ក្រុមហ៊ុន​យក្ស​ដែល​ខ្ញុំ​ជួប ក្រុមហ៊ុន បូអ៊ីង (Boeing) ក្រុមហ៊ុន​យក្ស​កប៉ាល់ហោះ ក្រុមហ៊ុន ហ្វៃហ្ស័រ (Pfizer) ផលិត​ថ្នាំ​របស់​អាមេរិក ក្រុមហ៊ុន អាបុត (Abbot) ក្រុមហ៊ុន​យក្ស​របស់​អាមេរិក ក្រុមហ៊ុន​វីសា (Visa) ក្រុមហ៊ុន​ម៉ាស្ទ័រកាត (MASTERCARD) ក្រុមហ៊ុន ឆេវរ៉ុន (Chevron) ក្រុមហ៊ុន​រឿង​វិស័យ​ប្រេងកាត ក្រុមហ៊ុន កូណាកូហ្វីលីបស៍ (Conoco Phillips) ក្រុមហ៊ុន​យក្ស​ក្នុង​វិស័យ​ប្រេងកាត​នៅក្នុង​ហ្នឹង មាន​តើ​ហេតុ​ម៉េច​ក៏​មិន​និយាយ»

ប៉ុន្តែ​មាន​ការ​កត់សម្គាល់​ថា ពុំ​ឃើញ​មាន​អ្នក​វិនិយោគិន​អាមេរិក​ណាមួយ ទោះ​តូច ឬ​ដល់​ខ្នាត​យក្ស​ចាប់​អារម្មណ៍​ទៅ​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា​ទេ បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​អួតអាង​ជិត ៤​ខែ​មក​នេះ។

លទ្ធផល​ស្ងាត់​អ្នក​វិនិយោគ បែប​នេះ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក​បណ្ឌិត សេក សុជាតិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ មករា ថា ដោយសារ​រដ្ឋាភិបាល មិនបាន​សម្អាត​បញ្ហា​វិបត្តិ​ផ្ទៃក្នុង​ជាតិ ឱ្យ​ល្អ​ក្នុង​តម្លាភាព រួម​ទាំង អសន្តិសុខ​សង្គម និង​បញ្ហា​ឧក្រិដ្ឋកម្ម​ជាដើម។

លោក សេក សុជាតិ៖ «ដូច្នេះ​បញ្ហា​ដែល​កម្ពុជា​គួរ​ធ្វើ គឺ​ដោះស្រាយ​បញ្ហា​វិបត្តិ​ផ្ទៃក្នុង​នយោបាយ​ក៏ដូចជា​បញ្ហា​អំពើពុករលួយ ហើយ​និង​នីតិវិធី​ក្នុង​ការ​ប្រកួតប្រជែង ក្នុង​ទីផ្សារ​កម្ពុជា តើ​ទីផ្សារ​នៅ​កម្ពុជា មាន​ឈ្មោះ​ជាទី​ផ្សារ​សេរី​មែន ប៉ុន្តែ​វា​ជា​សេរី​ផ្ដាច់មុខ ហើយ​វា​មាន​ការ​បោះ​ទៅ​ឱ្យ​ក្រុម ឬ ក៏​មាន​អំពើពុករលួយ​មួយចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ការ​វិនិយោគ​ស្របច្បាប់ ឬ​ការ​ប្រកួតប្រជែង​ដែល​មាន​ភាព​ត្រឹមត្រូវ»

នាយិកា​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា អ្នកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ធ្លាប់​បាន​លើកឡើង​កាល​ពី​ចុង​ឆ្នាំ​២០២៣ ថា សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៣ មាន​ភាព​យឺតយ៉ាវ​ជាង ការ​ប៉ាន់ស្មាន​ទុក កាល​ពី​ពេល​មុន ដោយសារ​បញ្ហា​ប្រឈម​ផ្នែក​រចនា​សម្ពន្ធ និង​ការ​ធ្លាក់​ចុះ សកម្មភាព​សេដ្ឋកិច្ច​ពី​ក្រៅប្រទេស​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។