សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចេញ​សេចក្ដី​ថ្លែងការណ៍ បារម្ភ​ពី​ការ​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ប៉ះពាល់​សេដ្ឋកិច្ច​ពលរដ្ឋ

ដោយ សេក បណ្ឌិត
2020.02.09
កម្មករ តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ៦១០ ៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
Photo: RFA

នៅ​សល់​តែ ៣ថ្ងៃ​ទៀត​ទេ គិត​ត្រឹម​ថ្ងៃ​ទី៩​ កុម្ភៈ​ ដែល​គណៈកម្មការ​អឺរ៉ុបនឹង​សម្រេច​ចិត្ត​ចុងក្រោយ ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​ខាង​មុខ​នេះ។ បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នានា លើ​ប្រព័ន្ធ​សេដ្ឋកិច្ច​ជាតិ វិបត្តិ​សង្គម ចំណាកស្រុក និង​ជោគ​វាសនា របស់​កម្មករ​និយោជិត​រាប់​សែន​នាក់ ដែល​នឹង​ប្រឈម​បាត់បង់​ការងារ បើ​សិន​ជា​គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAពី​កម្ពុជា។

ស្រប​ជាមួយ​គ្នា​នេះ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង ក្រុមការងារ ១០០រាត្រី ដែល​បន្ត​បេសកកម្ម​ពី​លោក បណ្ឌិត កែម ឡី បាន​ចេញ​សេចក្តី​ថ្លែង​ថ្មី​មួយ បង្ហាញ​ពី​ក្ដី​កង្វល់​រួម លើ​បញ្ហា​នេះ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ។

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ក្រុម​ការងារ ១០០រាត្រី បាន​បង្ហាញ​ទស្សនាទាន​រួម​មួយ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ចេញ​ផ្សាយ នៅ​ថ្ងៃ​ទី៩ កុម្ភៈ ស្តីពី​ដំណើរការ​ព្យួរ​ជា​ផ្លូវ​ការ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់​​យ៉ាង​​លើក​លែង​តែ​អាវុធ (Everything But Arms (EBA) របស់​សហភាព​អឺរ៉ុប។ ខ្លឹមសារ​សេចក្ដី​ថ្លែងការណ៍​នោះ ផ្ដោត​សំខាន់​ពី​ប៉ះ​ពាល់​ធំធេង ដល់​ប្រយោជន៍​កម្មករ​និយោជិត​​ជិត ១លាននាក់ នឹង​ប្រឈម​បាត់បង់​ការងារ​ធ្វើ ប៉ះ​ពាល់​ការ​អភិវឌ្ឍ​ជាតិ ប្រាក់​ចំណូល​ពលរដ្ឋ និង​ប៉ះពាល់​វិស័យ​វាយនភណ្ឌ​កាត់ដេរ ឬ​វិស័យ​ឧស្សាហកម្ម​យ៉ាង​ហោច​ណាស់ ៣លាន​នាក់។

សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ឃីម សុខុម ថ្លែង​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា កំពុង​ធ្លាក់​ចុះ​ស្រាប់ ប្រសិន​បើ​សហគមន៍​អឺរ៉ុប ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នឹង​បង្ក​ផល​ប៉ះ​ពាល់​កាន់​ធ្ងន់​មួយ​កម្រិត​ទៀត លើ​ជីវភាព​ប្រជាជន ប្រព័ន្ធ​សេដ្ឋកិច្ច​ជាតិ ជា​ពិសេស​ជោគ​វាសនា​ការងារ​របស់​កម្មករ​និយោជិត​រាប់​សែន​នាក់ ដែល​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ។ លោក​ថា ក្រុម​កម្មករ​និយោជិត អាច​នឹង​លំបាក​បង្វែរ​ទិសដៅ​រក​ការងារ​ថ្មី​ជំនួស ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ស្រាប់ ហើយ​ពួក​គេ​នឹង​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​រក​ការងារ​ធ្វើ ដើម្បី​ដោះ​បំណុល​ធនាគារ។ លោក​បន្ថែម​ថា ក្រុម​យុវជន​ព្រួយ​បារម្ភ​ខ្លាំង​ពីភាព​មានៈ​របស់​រដ្ឋាភិបាល មិន​បន្ទន់​ឥរិយាបថ ស្ដារ​ប្រជាធិបតេយ្យ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ៖ «យើង​មើល​ថ្នាក់​ដឹក​នាំ​យើង គាត់​ហាក់​ដូច​ជា មិន​អើពើ​រឿង​ហ្នឹង គាត់​មាន​ជំហរ​របស់​គាត់​មួយ​គឺ ទោះ​ជា​ផ្ដាច់ EBA ក៏​ផ្ដាច់​ទៅ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​ការងារ​របស់​ប្អូន​នៅ​តែ​សង្ឃឹម​ថា ថ្នាក់​ដឹក​នាំ​ត្រូវ​តែ​គិត​ពិចារណា​ឡើង​វិញ។ មិន​ត្រូវ​ធ្វើ​អី ដើម្បី​ប្រយោជន៍​បក្ខ​ពួក​ខ្លួន​ឯង ផល​ប្រយោជន៍​មួយ​ក្រុម ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​យើង​វេទនា ព្រោះ​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង លើ​បញ្ហា​ពលរដ្ឋ​មិនមែន​ជា​បញ្ហា​បុគ្គល​មួយ​ក្ដាប់​តូច​ប៉ុណ្ណឹង​ទេ»

ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែង​ការណ៍​ដដែល​បន្ថែម​ថា ក្រុម​យុវជន ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស បើក​លំហ​សិទ្ធិ​នយោបាយ និង​លំហ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ពលរដ្ឋ​ឡើង​វិញ និង​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ចេញ​​​ពី​លោក កឹម សុខា។ លើស​ពី​នេះ អ្នកនយោបាយ​គួរ​តែ​ពិចារណា​ចរចា​ដោះ​ស្រាយ​បញ្ហា​នេះ​ផ្អែក​លើ​គោល​ការណ៍​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន អនុលោម​តាម​រដ្ឋធម្មនុញ្ញ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ភាព​អឺរ៉ុប និង​បញ្ចៀស​ទណ្ឌកម្ម​អន្តរជាតិ។

សមាជិក​ក្រុម​ការងារ ១០០រាត្រី ម្នាក់ទៀត គឺ​លោក សុត បាន យល់​ថា រដ្ឋាភិបាល គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចម្បង​បញ្ហា​នេះ ប្រសិន​បើ​សហគមន៍​អឺរ៉ុប​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ លោក​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​កម្មករ​និយោជិត និង​ជា​ផល​ប្រយោជន៍​រួម​របស់​ពលរដ្ឋ ប្រសិន​បើ​រដ្ឋាភិបាល​មាន​ស្មារតី​ស្នេហា​ជាតិ​ពិត​ប្រាកដ គួរ​តែ​រក្សា​ឱ្យ​គង់វង្ស និង​ត្រូវ​ស្ការ​ប្រជាធិបតេយ្យ តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អឺរ៉ុប៖ «រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​តែ​ម្តង ទៅ​លើ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​ផល​ប្រយោជន៍​ពលរដ្ឋ ជា​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ អ្នក​ឯង​យក​អំណាច​បក្ខ​ពួក​របស់​អ្នក​ឯង​មក​កាន់​ផ្ដាច់​មាន​ន័យ​ថា អ្នក​ឯង​កំពុង​បំផ្លាញ​ប្រជាធិបតេយ្យ​ដូច​អឺរ៉ុប​គេ​បាន​ចោទ​ប្រកាន់​អ៊ីចឹង។ រដ្ឋាភិបាល​ទប់​មិន​ឈ្នះ​ទេ ប្រសិន​បើ​ពលរដ្ឋ​រហូត​ដល់ ៨សែន​នាក់ បាត់បង់​ការងារ​ធ្វើ ដូច្នេះ​ហើយ​ចំណាក​ស្រុក​កាន់​តែ​ច្រើន ពលរដ្ឋ​ក្នុង​ស្រុក​កាន់​តែ​វេទនា​ទៅ»

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​ព្រួយ​បារម្ភ​របស់​យុវជន គឺ​ជា​ជំងឺ​ព្រួយ​ក្នុង​សតិ​អារម្មណ៍ ដែល​កើត​មាន​យូរ​ណាស់​មក​ហើយ។ លោក​អះអាង​ថា រដ្ឋាភិបាល​បាន​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​ហើយ ក្នុង​ករណី​ដែល​សហគមន៍​អឺរ៉ុប​ផ្ដាច់ EBA ផ្នែក​ណា​មួយ ឬ​ផ្ដាច់​ទាំង​ស្រុង​ពី​កម្ពុជា​នោះ។ ទោះ​យ៉ាង​ណា លោក​មិន​អធិប្បាយ​លម្អិត​ថា រដ្ឋាភិបាល​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​បែប​ណា​ខ្លះ​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង៖ «គាត់​កើត​ជំងឺ​ព្រួយ ព្រួយ​យូរហើយ អ៊ីចឹង​សរុប​មក​វិញ ដូច​ជា មិន​មាន​អ្វី​ចាប់​អារម្មណ៍​ទេ។ ឥឡូវ​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​មួយ​ចំនួន​ក្នុង​លក្ខណៈ ញុះញង់ ក្នុង​លក្ខណៈ​បំភាន់​មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ​ឱ្យ​យល់​ច្រឡំ ព្រោះ​ការ​ឃោសនា​របស់​គេ ការ​ព្រួយ​របស់​គេ​មាន​លក្ខណៈ​ដូច​ការ​ឃោសនា​នយោបាយ​អ៊ីចឹង។ ពី​ព្រោះ​យើង​ដឹង​ថា EBA មិន​មែន​ជា​បាត់​ទីផ្សារ​ទេ EBA គ្រាន់​តែ​ជា​ការ​ជាប់​ពន្ធ បើ​កាល​ណា​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ តែ​ប៉ុណ្ណឹង​ទេ»

ចំណែក​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ យល់ថា សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​យុវជន ជា​រឿង​ត្រឹមត្រូវ ដែល​រដ្ឋាភិបាល​ត្រូវ​តែ​គិត​ពិចារណា​ដោះ​ស្រាយ​បញ្ហា​នេះ ដើម្បី​បញ្ចៀស​ផល​ប៉ះ​ពាល់​អវិជ្ជមាន​នានា ដល់​សង្គម និង​ការងារ​របស់​កម្មករ​និយោជិត ចៀសវាង​រក​លេស​ឆ្លើយ​ដោះសា​គេច​ពី​ការ​ទទួល​ខុស​ត្រូវ។ លោក វន់ ពៅ ក៏​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដែរ ដោយសារ​តែ​រដ្ឋាភិបាល​ហាក់​ព្រងើយ​កន្តើយ មិន​ដោះ​ស្រាយ​បញ្ហា​នេះ ខណៈ​ដែល​ជោគ​វាសនា​ការងារ​កម្មករ​និយោជិត និង ប្រព័ន្ធ​សេដ្ឋកិច្ច​ជាតិ​កំពុង​ប្រឈម​ធ្លាក់​ចុះ៖ «យើង​ទាំង​អស់​គ្នា​ជា​ពលរដ្ឋ​ខ្មែរ​ត្រូវ​គិត​ពី​បញ្ហា​សេដ្ឋកិច្ច​ជាតិ​សំខាន់ ត្រូវ​គិត​ពី​បញ្ហា​ការ​អត់​ការងារ​ធ្វើ​របស់​ពលរដ្ឋ​ខ្មែរ​វា​ជា​រឿង​សំខាន់ ហើយ​ចំណុច​ទាំង​អស់​នេះ​ហើយ ខ្ញុំ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ផង​ដែរ ពី​បញ្ហា​នេះ។ ខ្ញុំ​ឃើញ​រយៈ​កន្លង​ទៅ​នេះ ហាក់​ដូច​ជា​រដ្ឋាភិបាល​ព្រងើយ​កន្តើយ​មិន​សូវ​ខ្វាយខ្វល់​លើ​បញ្ហា EBA ទាល់​តែ​សោះ អា​ហ្នឹង​ហើយ​ដែល​ជា​ក្តី​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ផង​ដែរ»

មន្ត្រី​សង្គម​ស៊ីវិល ក្រុម​យុវជន និង​ពលរដ្ឋ​បារម្ភ​ថា ប្រសិន​បើ​សហគមន៍​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ វិបត្តិ​សង្គម​នឹង​ផ្ទុះ​ឡើង ការ​ធ្វើ​ចំណាក​ស្រុក​នឹង​កើន​ឡើង ការ​អភិវឌ្ឍ​ជាតិ​យឺតយ៉ាវ ពលរដ្ឋ​ប្រឈម​ធនាគារ​រឹបអូស​ទ្រព្យ​សម្បត្តិ ផ្ទះសម្បែង និង​ដី​ស្រែ​ចម្ការ ហើយ​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​នឹង​កើន​ឡើង​ជា​ដើម។ ពួក​គេ​អះអាង​ថា អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចម្បង​រឿង​នេះ គឺ​លោក ហ៊ុន សែន ហើយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក៏​ឋិត​ក្នុង​កណ្ដាប់​ដៃ​របស់​លោក ហ៊ុន សែន ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។