ក្រុម​យុវជន​ព្រមាន​ធ្វើបាតុកម្ម​បើ​របប​​ក្រុង​ភ្នំពេញ​​អនុញ្ញាត​​ឱ្យ​​ចាយ​​លុយ​​យ័ន​​ចិន​​ក្នុង​​ស្រុក​​ខ្មែរ

ដោយ យន់ សាមៀន
2019.04.27
លុយ​យ័ន​ចិន ៦២២ ប្រាក់​យ័ន​ចិន។
screenshot

ក្រុម​យុវជន ព្រមាន​ធ្វើបាតុកម្ម ប្រសិនបើ​របប​ក្រុងភ្នំពេញ​អនុញ្ញាត​ឱ្យ​ចាយ​លុយ​យ័ន​​ចិន ក្នុង​​ទីផ្សារ​​ក្នុង​ស្រុក ដូច​​ប្រាក់​​រៀល​​ខ្មែរ និង​​ប្រាក់​​ដុល្លារ។ ការព្រមាន​នេះ ក្រោយពី​ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរជាតិ​ចិន​ថ្មីៗ​នេះ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​សម្រួល ឱ្យ​មានការ​ចរាចរណ៍​ប្រើប្រាស់​រូបិយប័ណ្ណ​ចិន​នៅ​ទីផ្សារ​កម្ពុជា ដើម្បី​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម។

ក្រុម​យុវជន​ចាត់​ទុក ការ​ចរាចរណ៍​រូបិយប័ណ្ណ​បរទេស​ដោយ​សេរី បង្ក​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ជាតិ និង​ខាត​ចំណូល​សេដ្ឋកិច្ច​ជាតិ។ ពួកគេ​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ ត្រូវ​សិក្សា​ពី​គោលបំណង និង​មហិច្ឆតា​របស់​ចិន ឱ្យ​ជាក់លាក់​បញ្ហា​នេះ ស្រប​ពេល​ដែល​ប្រជាជន​ចិន​រាប់​សែន​នាក់ កំពុង​សម្រុក​មក​រស់​នៅ និង​រកស៊ី​ជួញដូរ​ក្នុង​ប្រទេស​កម្ពុជា។

យុវជន​រស់នៅ​រាជធានី​ភ្នំពេញ លោក ជុំ ហួត ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី២៧ មេសា​ថា ពួកគេ​បាន​ពិភាក្សា​គ្នា​រួចហើយ និង​ត្រៀម​តវ៉ា នៅមុខ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រសិនបើ​រដ្ឋាភិបាល អនុញ្ញាត​ឱ្យ​ចរាចរណ៍​រូបិយប័ណ្ណ​ចិន ដោយ​សេរី​ក្នុង​ប្រទេស​កម្ពុជា ដូច​ប្រាក់​ដុល្លារ​ដែរ​នោះ៖ «ពួក​យើង​នឹង​មាន​ការ​តវ៉ា នៅមុខ​ក្រសួង​សេដ្ឋកិច្ច ទី​២ យើង​តវ៉ា​នៅមុខ​ធនាគារ​ជាតិ ព្រោះ​ធនាគារ​ជាតិ ផលិត​លុយ​ខ្មែរ ហេតុអ្វី​មិន​ព្រម​ចាយ​លុយ​ខ្មែរ បែរជា​ទទួល​លុយ​ទី៣ គឺ​ចិន ហើយ​ពួកគេ​មានការ​ប្រមូល​ផ្តុំ​យុវជន​មួយ​ចំនួន ដើម្បី​ដាស់​ដល់​ស្មារតី​រដ្ឋាភិបាល គិត​ពី​បញ្ហា​ហ្នឹង»

យុវជន​ម្នាក់ទៀត ឈ្មោះ គង់ រ៉ៃយ៉ា បាន​ប្រកាស​ជំហរ តាម​បណ្ដាញ​សង្គម​ហ្វេសបុក​របស់​ខ្លួន​ថា ប្រសិនបើ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​​ធ្វើ​ចរាចរណ៍​រូបិយប័ណ្ណ​ចិន ក្នុង​ប្រទេស លោក​នឹង​ចេញមុខ​តវ៉ា ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត និង​មិន​គាំទ្រ។

កាលពី​ថ្ងៃ​ទី២៤ មេសា ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរ​ជាតិ​ចិន លោក ឈិន យន់ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិភាក្សា​នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។ កិច្ចប្រជុំ​នោះ លោក ឈិន យន់ បាន​ស្នើ​ឱ្យ​លោក ហ៊ុន សែន ជួយ​សម្រួល​ឱ្យ​មានការ​​ធ្វើ​ចរាចរណ៍​ប្រើប្រាស់​រូបិយប័ណ្ណ​ចិន នៅ​ទីផ្សារ​កម្ពុជា ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន​ឡើង។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ប្រកាស​ជំហរ​ថា លោក​នឹង​ស្ម័គ្រចិត្ត​ចូលរួម​បាតុកម្ម ប្រឆាំង​ដាច់ខាត ប្រសិនបើ​រដ្ឋាភិបាល អនុញ្ញាត​ឱ្យ​ចរាចរណ៍​រូបិយប័ណ្ណ​ចិន ក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​រង​ការ​គំរាមកំហែង​ក្ដី។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់ ពី​ផល​ប៉ះពាល់​វិជ្ជមាន និង​អវិជ្ជមាន ទាក់ទិន​ការប្រើប្រាស់​លុយ​យ័ន​ចិន ក្នុង​ប្រទេស​កម្ពុជា ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ និង​ទទួលយក​កង្វល់​របស់​ពលរដ្ឋ​ពិចារណា​ដោះស្រាយ៖ «ការប្រើប្រាស់​លុយ​ដុល្លារ វា​ខាតបង់​ច្រើន​ណាស់ ទៅ​ប្រទេស​អាមេរិក ហើយ​ប្រសិនបើ​កម្ពុជា​សម្រេច​បន្ថែម​ការប្រើប្រាស់​លុយ​យ័ន វា​នឹង​ប៉ះពាល់​បន្ថែម ទៅ​ដល់​ការប្រើប្រាស់​ប្រាក់​រៀល​របស់​ជាតិ​យើង​ដែរ ព្រោះ​យើង​ឃើញ​ថា ជនជាតិ​ចិន​ទៅ​ថ្ងៃ​អនាគត​វា នឹង​មាន​ចំនួន​ច្រើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​យើង​បន្ថែម​ទៀត។ ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក ជាពិសេស​នៅ​តំបន់​អាស៊ី​យើង គេ​ប្រឹងប្រែង​ណាស់ មិន​ឱ្យ​ប្រើប្រាស់​លុយ​បរទេស​សេរី»។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់ថា ការព្រមាន​តវ៉ា​របស់​យុវជន ធ្វើឡើង​តាម​អារម្មណ៍​ដោយ​ពុំបាន​យល់​គ្រប់​ជ្រុងជ្រោយ ពី​ការ​ចរាចរណ៍​ពាណិជ្ជកម្ម​រូបិយប័ណ្ណ​ចិន ក្នុង​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ថា ការ​ដាក់​ឱ្យ​ចាយ​លុយ​យ័ន​ចិន ជា​សេរីភាព​ពាណិជ្ជកម្ម​។ លោក​ថា កម្ពុជា​បាន​បើក​ជំហរ​ទទួល​លុយ​ទាំងអស់ ហើយ​បាន​រៀបចំ​គោលការណ៍​សម្របសម្រួល មិន​រាំងស្ទះ​ដល់​ការ​ចរាចរណ៍​ប្រាក់​របស់​ពាណិជ្ជករ​ឡើយ៖ «បើ​យើង​មិន​ពេញចិត្ត​លុយ​របស់​ចិន យើង​ប្រើ​លុយ​របស់​អាមេរិកាំង​ទៅ បើ​យើង​មិន​ពេញចិត្ត​លុយ​អាមេរិកាំង​យើង​ប្រើ​លុយ​បាត បើ​យើង​មិន​ពេញចិត្ត​លុយ​បាត យើង​ប្រើ​លុយ​ដុង។ អាហ្នឹង​ជា​សេរីភាព ដែល​គ្មាន​ឧបសគ្គ គួរតែ​យុវជន​យល់ កុំ​ឱ្យ​យក​និន្នាការ​មនោគមវិជ្ជា និង​នយោបាយ​មក​ឡូកឡំ។ នេះ​ជា​ប្រសិទ្ធភាព និង​ភាព​ងាយស្រួល​ដល់​ទម្រង់​ពាណិជ្ជកម្ម ចំពោះ​យើង​ធម្មតា​យើង​អាច​ប្រើ​អី​ក៏បាន​ស្រេច​តែ​ចិត្ត»

ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់ថា នៅ​ពេល​ដែល​ប្រទេស​ចិន មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​លើ​កម្ពុជា ប្រទេស​នេះ​អាច​ស្នើសុំ​ប្រើប្រាស់​រូបិយប័ណ្ណ​របស់​គេ ប៉ុន្តែ​ចំណុច​សំខាន់ តើ​យន្តការ​គ្រប់គ្រង​ប្រព័ន្ធ​រូបិយប័ណ្ណ​ទាំងនោះ របស់​រដ្ឋាភិបាល​អនុវត្ត​បាន​កម្រិត​ណា​? លោក​ថា រដ្ឋាភិបាល​គួរ​គិតគូរ​ពី​ផល​ប៉ះពាល់​រូបិយប័ណ្ណ​ជាតិ និង​ហានិភ័យ​នានា ដែល​អាច​នឹង​ប៉ះពាល់​ជា​យថាហេតុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។