ក្រុមអ្នកអភិរក្សសត្វព្រៃ លែងអណ្តើកហ្លួង ២០ក្បាល​ទៀត ចូល​ទៅ​ក្នុង​ទី​ជម្រក​ធម្មជាតិ

ដោយ សន ចាន់រដ្ឋា
2019-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អណ្ដើក​ហ្លួង ឬ​អណ្ដើក​សរសៃ ដែល​ត្រូវ​លែង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល ​ក្នុង​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩។
អណ្ដើក​ហ្លួង ឬ​អណ្ដើក​សរសៃ ដែល​ត្រូវ​លែង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល ​ក្នុង​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩។
រូបថតដោយ សមាគមអភិរក្សសត្វព្រៃ

សមាគម​អភិរក្ស​សត្វ​ព្រៃ​ និង​រដ្ឋបាល​ជលផល ​បាន​លែង​អណ្តើក​ហ្លួង​ ​ឬ​អណ្តើក​សរសៃ​ចំនួន​ ២០ក្បាល​ទៀត​ ចូល​ទៅក្នុង​ទឹក​ព្រែក​ស្រែ​អំបិល​ ​ក្នុង​ស្រុក​កំពង់សីលា ​ខេត្ត​ព្រះសីហនុ ​ដែល​ជា​ទីជម្រក​ធម្មជាតិ​របស់​ពពួក​អណ្ដើក​ហ្លួង​ទាំង​នេះ​។ ​សត្វ​អណ្ដើក​ហ្លួង​ ​គឺជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ដែល​អង្គការ​អភិរក្ស​ពិភពលោក​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ​ចាប់អារម្មណ៍​ ​និង​ផ្ដល់​ជំនួយការពារ​ថែរក្សា​សត្វ​ប្រភេទ​នេះ​ឱ្យ​ខាងតែ​បាន​។ ​កាលពី​ឆ្នាំ ២០០៥ ​កម្ពុជា​ ​បាន​ដាក់​អណ្ដើក​ហ្លួង​នេះ​ ​ជា​សត្វ​ល្មូន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​។

ទីប្រឹក្សា​បច្ចេកទេស​គម្រោង​អភិរក្ស​ខេត្ត​កោះកុង ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ​ខែមេសា ​លោក​ ​សោម ​ស៊ី​ថា​ ​បាន​ប្រាប់​អាស៊ី​សេរី​ថា​ការលែង​អណ្តើក​ហ្លួង​ឱ្យ​ទៅ​រស់​នៅក្នុង​ទី​ជម្រក​ធម្មជាតិ​នេះ​ ​គឺជា​លើក​ទី​បី​ហើយ​។ ​លោក​ថា​ ​ការរៀបចំ​ពិធី​លែង​អណ្តើក​ហ្លួង​នេះ​ ​គឺ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សារធារណៈ​ជន​ទូទៅ​ ​ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ ​បាន​ស្គាល់​អំពី​ ​និង​ចូលរួម​ការពារ​ពូជ​ល្មូន​ ​ដែល​ជិត​ផុត​ពូជ​មួយ​នេះ​៖ «យើង​ចង់​ឱ្យ​ប្រជាជន​ទូទាំង​ប្រទេស បាន​យល់ដឹង​អំពី​ការងារ​អភិរក្ស​របស់​យើង ហើយ​ឱ្យ​ដឹង​ថា​ សត្វ​ដែល​យើង​ប្រលែង​ហ្នឹង​ គឺ​ជា​សត្វ​មួយ​ដែល​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង​ផ្នែក ឧរង្គសត្វ ហើយ​ពួក​វា​កម្រ ហើយ​ពួក​អណ្ដើក​ទាំង​នេះ​កំពុង​រង​ការ​គំរាម​កំហែង។ ជាពិសេស ​អាជ្ញាធរ​មូលដ្ឋាន កន្លង​មក​មាន​បញ្ហា​រឿង ដូចជា​សកម្មភាព​បូម​ខ្សាច់។ អ៊ីចឹង​កត្តា​ទាំង​ហ្នឹង​ យើង​ចង់​​ឱ្យ​​អាជ្ញាធរ​ចូល​រួម​ឱ្យ​បាន​ច្រើន ដើម្បី​រួមគ្នា​អភិរក្ស​ប្រភេទ​អណ្ដើក​ហ្លួង​របស់​យើង»។

លោក​ ​សោម ​ស៊ី​ថា​ ​បន្ថែម​ថា​ មក​ទល់​ពេលនេះ​ ​បញ្ហា​ប្រឈម​ដែល​កើតឡើង​នៅ​បរិវេណ​​ទី​ជម្រក​ធម្មជាតិ​របស់​អណ្តើក​ហ្លួង​ ​នៅតែ​មាន​ ​ដែល​កត្តា​នេះ​អាច​ផ្តល់​ហានិភ័យ​ដល់​ការរស់នៅ​ ​និង​ការបង្កាត់​ពូជ​របស់​​ពពួក​សត្វ​​អណ្តើក​ហ្លួង​ទាំងនេះ​។ ​ទោះយ៉ាងណា​ក្ដី​ ​លោក​ ​សោម ​ស៊ី​ថា​ ​បញ្ជាក់​ថា​ ​ក្រុមការងារ​អភិរក្ស​អណ្តើក​ហ្លួង​ ​នឹង​ដោះស្រាយ​បញ្ហា​ទាំងនេះ​ តាមរយៈ​ការពង្រឹង​ការយាម​ល្បាត​ ​និង​អប់រំ​ប្រជាជន​ដែល​ប្រកប​មុខរបរ​នេសាទ​។​

អណ្តើក​ហ្លួង​ចំនួន​ ២០ក្បាល ​ដែល​​ក្រុម​អ្នកអភិរក្ស​លែង​ចូល​ទៅក្នុង​ធម្មជាតិ​ ​នៅ​ថ្ងៃ​ទី​២៦ ​ខែមេសា​នេះ​ គឺ​មាន​វ័យ​ ១២ឆ្នាំ​។ ​អណ្តើក​ទាំងនេះ​ ត្រូវបាន​ក្រុម​អ្នកអភិរក្ស ​ចិញ្ចឹម​ និង​ថែរក្សា​តាំងពី​វា​បាន​​ញាស់​ចេញ​ពី​ស៊ុត​។ ​ទីតាំង​ដែល​ចិញ្ចឹម​ថែរក្សា​អណ្តើក​ទាំងនេះ​ស្ថិត​នៅ​ក្នុង​​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង ​ដែល​មាន​ឈ្មោះ​ថា​ ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​កោះ​កុង​។

ចាប់តាំងពី​ឆ្នាំ២០១៥ ម​ក ​អង្គការ​អភិរក្ស​សត្វ​ព្រៃ​ ​បាន​លែង​អណ្តើក​ហ្លួង​ទាំងអស់​ចំនួន​ ៦៥ក្បាល​ហើយ​ ​ឱ្យ​ទៅ​រស់នៅ​ទីជម្រក​ធម្មជាតិ​វិញ​។ ​ទោះយ៉ាងណា​ ​នៅសល់​អណ្តើក​ហ្លួង​ប្រមាណ​ ៩០ក្បាល​ទៀត​ ដែល​ក្រុម​អ្នក​អភិរក្ស​កំពុង​ចិញ្ចឹម​ និង​ថែរក្សា​ ​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​កោះ​កុង​។


លោក​ ​សោម ​ស៊ី​ថា​ ​ឱ្យដឹង​ថា​ ​អង្គការ​អភិរក្ស​សត្វ​ព្រៃ​និង​រដ្ឋបាល​ជលផល​នឹង​លែង​អណ្តើក​ហ្លួង​ ​ដែល​គ្រប់​អាយុ​ផ្សេងទៀត​ ​ទៅក្នុង​ទី​ជម្រក​ធម្មជាតិ​ ​នៅ​ចុង​ឆ្នាំ​២០១៩ នេះ​ ​ឬ​នៅក្នុង​ឆ្នាំ​២០២០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល