សិស្សានុសិស្ស និស្សិត មន្ត្រីរាជការ ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលជាង ២.០០០នាក់ជួបជុំគ្នាប្រារព្ធមីទីងផ្សព្វផ្សាយទិវាទីក្រុងស្អាត និងនាំគ្នារើសសំរាមនៅក្រុងបានលុង ខេត្តរតនគិរី។ អ្នកចូលរួមលើកឡើងថា កម្មវិធីមានគោលបំណងបំផុសសកម្មភាពរក្សាអនាម័យ និងការវេចខ្ចប់សំរាមបានល្អទាក់ទាញវិស័យទេសចរណ៍។
ពាក្យស្លោក "ទីក្រុងស្អាត សុខភាពល្អ" ទេសចរណ៍មានកំណើន គឺជាប្រធានបទសំខាន់សម្រាប់ដាស់ស្មារតីប្រជាពលរដ្ឋនៅខេត្តរតនគិរី ក្នុងទិវាជាតិទីក្រុងស្អាតលើកទី៤ និងទិវាជាតិយុវជន និងទីក្រុងស្អាតលើកទី១ សម្រាប់ឆ្នាំ២០១៦ នេះ។
សិស្សានុសិស្សនិស្សិត មន្ត្រីរាជការ សង្គមស៊ីវិលជាង ២ពាន់នាក់ បានជួបជុំគ្នាកាលពីថ្ងៃទី២៦ ខែកុម្ភៈ នៅមន្ទីរវប្បធម៌ខេត្តរតនគិរី ដើម្បីប្រារព្ធមីទីងផ្សព្វផ្សាយសារលោកនាយករដ្ឋមន្ត្រី និងបើកយុទ្ធនាការរើសសំរាមសំអាតអនាម័យបរិស្ថាននៅតាមបណ្ដាផ្លូវនានា ក្នុងក្រុងបានលុង។
យុវតីសិស្សថ្នាក់ទី១០ និងជាសមាជិកក្រុមកាកបាទក្រហមខេត្តឈ្មោះ សៀង ស្រីណែត ថ្លែងកត់សំគាល់ថា សំរាមនៅតែបន្សល់រាយប៉ាយគ្រប់ទីកន្លែងនៅតាមផ្លូវសាធារណៈ មុខអគារលក់ដូរទំនិញ អគាររដ្ឋបាល មន្ទីរអង្គភាពក្នុងខេត្ត និងជាពិសេសទីផ្សារនានាក្នុងខេត្តរតនគិរី។ យុវតីចាត់ទុកបញ្ហាសំរាមបង្កផលប៉ះពាល់ផ្នែកបរិស្ថាន និងសោភណភាពទីក្រុង និងវិស័យទេសចរណ៍៖ «សំរាមរាយប៉ាយច្រើន។ ចង់ឲ្យប្រជាពលរដ្ឋលក់ដូរតាមផ្លូវវេចខ្ចប់សំរាមទុកដាក់ឲ្យបានស្រួល។ ការចូលរួមនេះមានប្រយោជន៍ច្រើនណាស់ក្នុងសង្គម យើងធ្វើឲ្យទីក្រុងស្អាតពេលភ្ញៀវទេសចរមកទាក់ទាញគេមកខេត្តយើង»។
ដូចគ្នានេះដែរ យុវជនជានិស្សិតបញ្ចប់ថ្នាក់មហាវិទ្យាល័យ និងជាសមាជិកសហភាពសម្ព័ន្ធយុវជនខេត្តរតនគិរី ឈ្មោះ ឱក រតនវិសាល ចាត់ទុកការសំអាតសំរាមគឺជាតួនាទីរបស់ពលរដ្ឋទាំងអស់គ្នាដែលត្រូវនាំគ្នាយកចិត្តទុកដាក់បំបាត់កាកសំណល់ និងសំរាមនៅគ្រប់ទីកន្លែង។ យុវជនកត់សំគាល់ថា បច្ចុប្បន្នសំរាមត្រូវបានប្រជាពលរដ្ឋបោះចោលដោយគ្មានការទទួលខុសត្រូវ និងបង្កផលប៉ះពាល់ដល់សុខភាព និងអនាម័យ ហេតុនេះសំរាមគឺជាប្រធានបទសំខាន់ដែលប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាកែប្រែទម្លាប់វេចខ្ចប់ ឬដាក់សំរាមក្នុងធុងដើម្បីទីក្រុងស្អាតមានអនាម័យល្អ៖ «ជាការចាំបាច់ក្នុងការរើសសំរាមដើម្បីសំអាតទីក្រុងយើងឲ្យបានស្អាត ជាពិសេសយើងប្រាប់ដល់ប្រជាពលរដ្ឋនៅជុំវិញខេត្តទាំងអស់ឲ្យគេយល់ពីអត្ថន័យការសំអាតបរិស្ថានឲ្យបានស្អាតនៅមុខផ្ទះធ្វើអនាម័យជាដើម»។

កាលពីខែមករា ឆ្នាំ២០១៦ អាជ្ញាធរសង្កាត់បឹងកន្សែង និងមន្ត្រីជំនាញពាក់ព័ន្ធបានដឹកនាំសិស្សនិស្សិតជាង ៥០០នាក់ រើសសំរាមនៅជុំវិញតំបន់ទេសចរណ៍បឹងកន្សែង នៅកណ្ដាលបេះដូងក្រុងបានលុង។ ការចុះសម្អាតតំបន់ទេសចរណ៍នេះ ខណៈអ្នកលក់ដូរចំណីអាហារនៅតំបន់នោះបានបោះចោលកាកសំណល់រួមមាន ថង់ប្លាស្ទិក កំប៉ុងភេសជ្ជៈ ដបទឹកសុទ្ធ និងសំរាមដទៃទៀត ទាំងនៅក្នុងទឹកបឹង និងនៅក្នុងបរិវេណមាត់បឹងនោះដោយគ្មានការវេចខ្ចប់ត្រឹមត្រូវ បើទោះបីមានធុងសំរាម ឬស្លាកណែនាំអំពីការរក្សាអនាម័យបរិស្ថាន ឬស្លាកហាមបោះចោលសំរាមណាក៏ដោយ។ អ្នកលក់ដូរ និងភ្ញៀវទេសចរមួយចំនួនហាក់នៅមិនទាន់យល់អំពីការជួយគ្នាថែរក្សាបរិស្ថាន និងអនាម័យនៅឡើយ។
ចៅសង្កាត់រងទី១ នៃសង្កាត់បឹងកន្សែង លោក ចាន់ សារុន ចាត់ទុកការផ្សព្វផ្សាយទិវាទីក្រុងស្អាតឆ្នាំនេះ និងយុទ្ធនាការរើសសំរាមនៅតាមទីសាធារណៈ គឺដើម្បីដាស់ស្មារតីប្រជាពលរដ្ឋអ្នកលក់ដូរ និងអាជីវករនៅតាមទីផ្សារផ្ទះលក់ទំនិញឲ្យយកចិត្តទុកដាក់សំអាតលំនៅឋាន កន្លែងលក់ដូរ និងចូលរួមថែរក្សាទីសាធារណៈ កុំឲ្យមានសំរាមបន្សល់ចោលដូចមុនទៀត។ លើសពីនេះទៀត លោកអំពាវនាវសុំឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការចូលរួមទាំអស់គ្នាដើម្បីទីក្រុងស្អាត៖ «ខ្ញុំសង្កេតឃើញថា កន្លងមកពាក់ព័ន្ធការភ្ញាក់រលឹករបស់បងប្អូនយើងហាក់ដូចជាមិនសូវយកចិត្តទុកដាក់។ ដូច្នេះហើយក្នុងនាមអាជ្ញាធរ និងជំនាញពាក់ព័ន្ធ យើងខ្ញុំតែងតែរៀបចំផ្សព្វផ្សាយ និងធ្វើពិធីនេះឡើងញឹកញាប់ដើម្បីដាស់ស្មារតីពួកគាត់»។
តួលេខប៉ាន់ប្រមាណរបស់មន្ទីរបរិស្ថានខេត្តរតនគិរី បង្ហាញថា យ៉ាងហោចប្រជាពលរដ្ឋក្រុងបានលុង បញ្ចេញចោលកាកសំណល់ និងសំរាមជាង ៥០តោនក្នុងមួយថ្ងៃៗ។
អភិបាលក្រុងបានលុង លោក អ៊ុក សំអុល ដែលបានចូលរួមក្នុងទិវាផ្សព្វផ្សាយទីក្រុងស្អាតនេះដែរ ថ្លែងបញ្ជាក់ថា ទិវាជាតិក្រុងស្អាត រៀបចំឡើងដោយគណៈកម្មការវាយតម្លៃទីក្រុងស្អាតដែលមានក្រសួងទេសចរណ៍ ជាប្រធាន ក្នុងគោលបំណងធ្វើឲ្យការរស់នៅរបស់ពលរដ្ឋមានសុខុមាលភាព និងអនាម័យល្អ រួមចំណែកទាក់ទាញវិស័យទេសចរណ៍សម្រាប់ខេត្តរតនគិរី បច្ចុប្បន្ន៖ «ទីមួយទីក្រុងយើងស្អាត វាពាក់ព័ន្ធទៅដល់សុខុមាលភាពសង្គម។ អ៊ីចឹងឲ្យគាត់ចូលរួមជាមួយអាជ្ញាធរជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ព្រោះការងារនេះមិនមែនជារបស់ក្រុង ឬមួយរបស់ខេត្តរបស់សង្កាត់ គឺលុះត្រាចូលរួមទាំងអស់គ្នាបានទៅរួច»។
ក្រុងបានលុង ខេត្តរតនគិរី បានទទួលចំណាត់ថ្នាក់ផ្ការំដួលមួយទងដែលជាចំណាត់ថ្នាក់ទីបី ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេសរបស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០១៤។របាយការណ៍របស់មន្ទីរទេសចរណ៍ឲ្យដឹងថា កំណើតអ្នកទេសចរក្នុងឆ្នាំ២០១៥ កន្លងទៅ កើនដល់ជិត ១០ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។