មនុស្ស​៤​នាក់​របួស​និង​ផ្ទះ​ជិត​១០០​ខ្នង​ខូចខាត​ដោយសារ​ខ្យល់​ព្យុះ

ដោយ សួន សុផលមុន្នី
2013.03.25

មនុស្ស ៤​នាក់ បាន​រង​របួស និង​លំនៅឋាន​​ប្រជាពលរដ្ឋ​​ជិត ១០០​ខ្នង​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​ត្រូវ​ខ្យល់​ព្យុះ​បោក​បក់​បណ្ដា​ឲ្យ​ដួល​រលំ​ដល់​ដី និង​ខ្លះ​ទៀត​ប៉ើង​ដំបូល។ គ្រោះ​ធម្មជាតិ​​នេះ​បាន​កើត​មាន​ជា​ថ្មី​ថែម​ទៀត កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៣​ ប៉ះ​ចំ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង និង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

អធិការ​នគរបាល​ស្រុក​សំឡូត​ លោក​ លី បួយ បញ្ជាក់​ថា លំនៅឋាន​ប្រជាពលរដ្ឋ​រង​ការ​ខូច​ខាត​ទាំង​នោះ ស្ថិត​ភូមិ​ព្រៃ​ធំ ឃុំ​កំពង់ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង៖ «ផ្ទះ​ដែល​ប៉ើង​រៀប​ដល់​ដី​ចំនួន ១៥​ខ្នង ផ្ទះ​ប៉ើង​ដំបូល ១៧​ខ្នង​ របួស​ធ្ងន់​បី របួស​ស្រាល​ម្នាក់។ របួស​ធ្ងន់​ហ្នឹង​យើង​បាន​យក​ទៅ​មន្ទីរ​ពេទ្យ​ខ្លះ​ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​ព្យាបាល​នៅ​តាម​បណ្ដា​ផ្ទះ​ទៅ។ ទើប​ខ្យល់​ព្យុះ​លើក​ទី​១​ទេ លើក​មុន​មាន​ដែរ វា​ប៉ើង​បន្តិច​បន្តួច វា​មិន​សូវ​ខូច​ខាត​ធ្ងន់​ដូច​ឆ្នាំ​នេះ»

គ្រោះ​ខ្យល់​ព្យុះ​ដូច​គ្នា​នេះ​ ក៏​បំផ្លាញ​លំនៅឋាន និង​សាលារៀន​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

លោក ឈុំ សុវណ្ណារិទ្ធិ ជា​អភិបាល​រង និង​ជា​អនុ​ប្រធាន​គណៈកម្មការ​គ្រោះ​មហន្តរាយ​ខេត្ត​បន្ទាយមានជ័យ​ បញ្ជាក់​ថា នៅ​ខែ​មីនា ឆ្នាំ​២០១៣ ខ្យល់​ព្យុះ​បាន​កើត​មាន ៤​លើក ប៉ះ​លើ​​ស្រុក ក្រុង ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​បណ្ដាល​ឲ្យ​លំនៅឋាន​ប្រជាពលរដ្ឋ​ និង​សាលារៀន​ដួល​រលំ​ខូចខាត​​អស់​ជាង ៥០០​ខ្នង​ ហើយ​មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់។

លោក​បញ្ជាក់​ថា​ កាល​ពី​​ល្ងាច​ថ្ងៃ​ទី​២៤​ ខែ​មីនា មាន​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៥០​ខ្នង​ថែម​ទៀត​ ត្រូវ​ខ្យល់​ព្យុះ​បំផ្លាញ​នៅ​ស្រុក​ថ្មពួក៖ «ប៉ុន្មាន​ឆ្នាំ​នេះ គ្រោះ​លើ​គ្រោះ​នៅ​ខេត្ត​បន្ទាយមានជ័យ ទឹក​ជំនន់​ក៏​នៅ​ខេត្ត​បន្ទាយមានជ័យ គេ​អត់​សោះ​ក៏​បន្ទាយមានជ័យ រងគ្រោះ។ ឥឡូវ​នេះ​បើក​ឆាក​បន្ទាយមានជ័យ ទៀត អ៊ីចឹង​ផ្ទះ​បង​ប្អូន​នៅ​ជនបទ​ដែល​មាន​ភាព​មិន​ម៉ាំ​ទាំ​នោះ ខ្យល់​វា​ខ្លាំង​ប៉ើង​ប៉ាណូ​នៅ​ក្រុង​សិរីសោភ័ណ ដែក​ធំ...។  អស់​ហើយ​ផ្ទះ​បងប្អូន​ផ្ទះ​ឈើ​ទៀត​ មាន​អី​នៅ»

នៅ​ក្នុង​ខែ​មីនា នេះ ខ្យល់​ព្យុះ​កើត​មាន​ពីរ​លើក​នៅ​ខេត្ត​ប៉ៃលិន។ របាយការណ៍​គណៈកម្មការ​គ្រោះ​មហន្តរាយ​ខេត្ត​បញ្ជាក់​ថា គ្រោះធម្មជាតិ​នោះ​បាន​បំផ្លាញ​លំនៅឋាន​ប្រជាពលរដ្ឋ​អស់​ចំនួន ៩៩​ខ្នង ខូចខាត​ធ្ងន់​ចំនួន ៦៨​ខ្នង។ នៅ​ខែ​មីនា ឆ្នាំ​២០១៣ គ្រោះ​ធម្មជាតិ​បាន​កើត​មាន​នៅ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង ជា​បន្តបន្ទាប់​ ដែល​បណ្ដាល​ឲ្យ​ដួល​រលំ​លំនៅឋាន​ប្រជាពលរដ្ឋ​ ប៉ើង​ដំបូល សាលារៀន ​និង​មាន​ការ​បាត់​បង់​អាយុជីវិត​មនុស្ស​ជា​ច្រើន​នាក់​ថែម​ទៀត។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ស្ដីពី​គ្រោះ​ធម្មជាតិ​ ហើយ​បាន​អំពាវ​នាវ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ថា ​ប្រទេស​កម្ពុជា នឹង​មាន​មេឃ​ភ្លៀង​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់ បោក​បក់​រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។