បណ្ដាប្រទេសទន្លេមេគង្គ មាន កម្ពុជា វៀតណាម ឡាវ ប្រទេសថៃ និងមីយ៉ានម៉ា ឬភូមា កំពុងពិភាក្សាគ្នាលើប្រធានបទស្ដីពី ថាមពលព្រះអាទិត្យ ក្នុងបំណងស្រូបយកថាមពលនេះមកពង្រីកការប្រើប្រាស់នៅក្នុងតំបន់ ដើម្បីធានាដល់និរន្តរភាពនៃបរិស្ថាន និងត្រៀមខ្លួនទុកជាស្រេចនៅពេលណាដែលថាមពលអគ្គិសនីដើរដោយប្រេងឥន្ធនៈអស់ធនធានទៅ។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលរបស់ប្រទេសកម្ពុជា គឺលោក សាត សាមី។ លោកបានមានប្រសាសន៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ថា វេទិកានេះមានគោលបំណង ៤យ៉ាងដែលសំខាន់ គឺកំណត់និងដោះស្រាយបញ្ហានានា ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយអំពីថាមពលពន្លឺព្រះអាទិត្យ ដែលជាផ្នែកមួយនៃថាមពលកកើតឡើងវិញ។ ជាមួយគ្នានេះ បណ្ដាប្រទេសនៃទន្លេមេគង្គទាំងអស់ នឹងចងក្រងប្រមូលយកគម្រោងជាច្រើនដែលទាក់ទងនឹងផ្នែកឯកជន ឬក៏អ្នកវិនិយោគទុនដែលកំពុងមាននៅក្នុងតំបន់ផងដែរ។
លោក សាត សាមី៖ «ហេតុអ្វីបានយើងចង់ជំរុញឱ្យបណ្ដាប្រទេសទន្លេមេគង្គ គាត់ជួយយើងផ្នែកជំនាញថាមពលពន្លឺព្រះអាទិត្យ ពីព្រោះជាការជំរុញ និងអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញ គឺមានគោលបំណងទី១ ធំបំផុត ដើម្បីបន្ថយការប្រើប្រេងឥន្ធនៈធំបំផុតនៅលើពិភពលោក មិនមែនតែស្រុកយើងទេ។ ដោយសារប្រេងឥន្ធនៈលើពិភពលោកវាជាធនធានធម្មជាតិមួយ ប្រើយូរៗទៅខ្លាចអស់ផុត។ ទន្ទឹមនឹងនោះ យើងចាប់ផ្ដើមពីឥឡូវទៅ ដើម្បីយើងសន្សំ ធនធានធម្មជាតិផង ហើយយើងលើកកម្ពស់ថាមពលព្រះអាទិត្យផង ដូច្នេះហើយឆ្នាំ២០៥០-២១០០ គេខ្លាចថាប្រេងវាអស់ទៅ វានឹងធ្វើឱ្យបញ្ហាដល់ពិភពលោក។ ឯណាទៅថាមពលបន្ត...?»។
ប្រទេសហ្វាំងឡង់ (Finland) គឺជាអ្នកសកម្មក្នុងការផ្ដល់មូលនិធិមកឱ្យបណ្ដាប្រទេសទន្លេមេគង្គទាំង ៥ ឱ្យផ្ដួចផ្ដើមគម្រោងនានាទៅលើការប្រើប្រាស់ថាមពលអគ្គិសនី ដែលបានពីពន្លឺព្រះអាទិត្យ និងជីវឧស្ម័ននានានោះ។
ឯកអគ្គរដ្ឋទូតប្រទេសហ្វាំងឡង់ដ៍ ប្រចាំទីក្រុងបាងកក (Bang Kok) អ្នកស្រី គ្រីស្ទី វេសផាឡិន (Cristi West Phalen) បានថ្លែងថា ប្រទេសហ្វាំងឡង់ ដែលគាំទ្រឱ្យបណ្ដាប្រទេសទន្លេមេគង្គចាប់ផ្ដើមងាកទៅរកការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងជីវឧស្ម័នជាដើមនោះ គឺវាមានសារសំខាន់យ៉ាងខ្លាំងក្នុងការជួយដល់បរិស្ថានឱ្យមាននិរន្តរភាព ព្រមទាំងអាចជួយទប់ស្កាត់ដល់ការប្រែប្រួលអាកាសធាតុនៅលើពិភពលោកផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។