ពលរដ្ឋ​នៅខេត្ត​កំពង់ស្ពឺ​ប្តឹង​រោងចក្រ "គិរីរម្យ​មីងហ្វា" ​រឿងបង្កក្លិន​ស្អុយ​ប៉ះពាល់​សុខភាព​

ដោយ ថន ថារ៉ូ
2018-11-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រោងចក្រ​កែច្នៃផ្លែឈើ "គិរីរម្យមីងហ្វា" នៅ​ភូមិ​ក្រាំង​តាតន់​ ឃុំ​អូរ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់​ស្ពឺ ដែល​ពលរដ្ឋ​ត្អូញ​ថា បង្ក​ក្លិន​ស្អុយ​ប៉ះពាល់​សុខភាព។
រោងចក្រ​កែច្នៃផ្លែឈើ "គិរីរម្យមីងហ្វា" នៅ​ភូមិ​ក្រាំង​តាតន់​ ឃុំ​អូរ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់​ស្ពឺ ដែល​ពលរដ្ឋ​ត្អូញ​ថា បង្ក​ក្លិន​ស្អុយ​ប៉ះពាល់​សុខភាព។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ក្រាំង​តាតន់​ ឃុំ​អូរ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់​ស្ពឺ សម្រេច​ដាក់​ពាក្យ​ប្តឹង​រោងចក្រ​កែ​ច្នៃផ្លែឈើ​មួយ​កន្លែង​នៅក្នុង​ភូមិ​ទៅមន្ទីរ​បរិស្ថាន​ខេត្ត​​ ដោយសារ​រោងចក្រនោះ​​​បង្កក្លិន​ស្អុយ​អសោច​ ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក​រស់​នៅ។ មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ ថ្លែងថា បញ្ហា​នេះ​កើត​មាន​ជា​យូរ​មក​ហើយ ដែល​អាជ្ញាធរ​ជំនាញ​ថ្នាក់​ខេត្ត​​គួរ​តែ​ចុះ​ដោះស្រាយ​ជូន​ពលរដ្ឋ​។

ក្រុម​ពលរដ្ឋ​ថ្លែង​​នៅក្នុង​ពាក្យ​បណ្តឹង​ថា រោងចក្រ​ “គិរីរម្យមីងហ្វា” គ្រប់​គ្រងកាក​សំណល់​មិន​បាន​ល្អ ធ្វើ​ឱ្យ​មាន​ក្លិន​ស្អុយ​ភាយ​ចេញ​មក​ក្រៅ ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ពលរដ្ឋ​បន្ត​ថា ក្លិន​ស្អុយ​នេះ​កើតមាន​កាន់​តែ​​ខ្លាំង​ឡើងៗ ធ្វើ​ឱ្យ​ពួក​គាត់​មាន​អារម្មណ៍​ធុញថប់ ម៉ួម៉ៅ ពិបាក​ដក​ដង្ហើម​ និង​​ប៉ះពាល់​ដល់​សុខ​ភាព ជា​ពិសេស​កុមារ​តូចៗ​ងាយ​រងគ្រោះដោយសារ​បញ្ហា​ផ្លូវ​ដង្ហើម​។

ពលរដ្ឋ​ម្នាក់​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ប្រាប់​អាស៊ីសេរី​ថា រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ​នេះ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ប្រហែល ៣ឆ្នាំ​មក​ហើយ ហើយ​ក្លិន​ស្អុយបាន​កើត​មាន​តាំង​ពី​ពេល​នោះមក។ លោក​ស្រី​អះអាងថា ក្លិន​ស្អុយ​នេះ​កើតមាន​ស្ទើរ​​ពេញ​មួយ​ឆ្នាំ​ ហើយ​រសាត់​តាម​ខ្យល់​​ដល់​រាប់​រយ​ម៉ែត្រ ឬ​ពេល​ខ្លះ​ស្អុយ​ដល់ភូមិ​ក្បែរនោះ​ថែម​ទៀត។ លោក​ស្រី​ទទូច​ឱ្យអាជ្ញាធរ​ខេត្ត​ចុះ​មក​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​អ្នក​ភូមិ៖ «ប្រជា​ពលរដ្ឋ​បាន​ត្រឹម​តែ​ស្អុយ​អ៊ីចឹង ហើយ​ក៏​នាំ​គ្នា​ពោល​ប្រាប់​តៗ គ្នា។ បើ​និយាយ​ពី​ស្អុយ​វិញ សូម​ខមាទោស ស្អុយ​ជាង​លាមក​ក្នុង​បង្គន់​ទៀត​។ ចង់​សំណូមពរ​ឱ្យ​ថ្នាក់ដឹកនាំ​ជួយ​ប្រាប់​រោងចក្រ​ហ្នឹង ធ្វើ​ម៉េច​កុំ​ឱ្យ​ជះក្លិន​ស្អុយ​ដល់​ប្រជាជន​ក្នុង​ភូមិនេះ និង​ភូមិ​ជិត​ខាង​ ប៉ុន្តែ​មិន​ដឹង​ថា តើ​ថ្នាក់​លើ​គាត់​អាច​ជួយ​ដោះ​ស្រាយ​បាន​ ឬ​អត់

ក្រុម​ពលរដ្ឋ​អះអាង​​​ថា ពួក​គាត់​ធ្លាប់​បាន​ស្នើសុំការ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែរ ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​ឡើយ ទើប​ពេល​នេះ​ពួ​ក​គាត់​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ ដើម្បី​ជួយ​រក​ដំណោះ​ស្រាយ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទងម្ចាស់​រោងចក្រ​កែច្នៃផ្លែឈើ “គិរីរម្យមីងហ្វា” តាម​ទូរស័ព្ទជាច្រើន​ដង នៅ​ថ្ងៃ​ទី ២០ វិច្ឆិកា ដើម្បី​សាកសួរ​អំពី​រឿង​នេះ​ ក៏​ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទឡើយ​។

អភិបាល​ខេត្តកំពង់​ស្ពឺ លោក វ៉ី សំណាង អះអាង​ថា មន្ទីរ​​បរិស្ថាន​ខេត្ត​បាន​ទទួល​បណ្តឹង​របស់​ពលរដ្ឋ​រួច​ហើយ ហើយ​លោក​នឹង​ចាត់​មន្ត្រី​ជំនាញឱ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ករណី​នេះ​​​។

សំឡេង៖ ​“យើង​មិន​មែន​អភិវឌ្ឍឱ្យ​ស្អុយ​ប្រជាជន​ទេ។ យើង​នាំរោងចក្រ​សហគ្រាសមក​ដើម្បី​ជួយជីវភាព​ប្រជាពលរដ្ឋ​។ គ្មាន​អ្នក​ណានាំមក​ឱ្យ​ស្អុយ​ប្រជាជន​​ទេ ប៉ុន្តែ​ប្រជាជន​ខ្លួន​ឯងហ្នឹង ត្រូវ​រត់​មក​រក​អាជ្ញាធរ រត់មក​រក​ជំនាញ មិន​មែនត្រូវ​ប្តឹង​ទៅកាសែត ទៅវិទ្យុមុន​អ៊ីចឹង​នោះ​ទេ។ ចាំខ្ញុំ​ឱ្យ​គាត់ (មន្ត្រីជំនាញ) ទៅមើល អត់​អី​នោះទេ ស្អែក​ហ្នឹង​ត្រូវ​ទៅហើយ ទោះជា​ថ្ងៃឈប់​សម្រាក​ក៏​ដោយ​។”

អ្នក​សម្របសម្រួល​ស្តីទី​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក អាន ភិន​ ថ្លែង​ថា លោក​ធ្លាប់​បាន​លើក​ឡើង​ករណី​នេះ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត​ម្តង​រួច​មក​ហើយកាល​ពី​ដើម​ឆ្នាំ ២០១៨ បន្ទាប់​ពី​សហគមន៍​ដែល​នៅ​ក្បែរ​ភូមិ​ក្រាំង​តាតន់ រាយការណ៍​ប្រាប់​លោ​ក​អំពី​រឿង​នេះ​។ លោកថា​អាជ្ញាធរ​ខេត្ត​ធ្លាប់​បាន​សន្យាថា នឹង​ឱ្យ​មន្ត្រី​របស់​ខ្លួន​ចុះ​ពិនិត្យ​ករណី​នេះ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា រោងចក្រ​ពិត​ជា​បាន​បង្កក្លិន​ស្អុយ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ​មែន​នោះ អាជ្ញាធរ​នឹង​មាន​ចំណាត់​ការ​លើ​រោងចក្រ​ ក៏​ប៉ុន្តែ ករណីនេះបែរ​ជា​នៅ​តែ​កើត​មាន​ដដែល។ ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ចុះដោះស្រាយ​បញ្ចប់​បញ្ហានេះ​ តាមសំណើរបស់ក្រុម​​ពលរដ្ឋ។​​

សំឡេង៖ “ក្នុង​នាម​សង្គម​ស៊ីវិល ខ្ញុំ​សូម​អំពាវនាវ​ទៅ​​អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ ពិសេស​ស្ថាប័ន​ជំនាញ​ខាង​បរិស្ថាន មេត្តាលោក​ចុះ​ពិនិត្យ​មើល ទៅលើ​ការ​អនុវត្ត​កិច្ច​សន្យា​របស់ក្រុម​ហ៊ុន​ក្នុង​ការទុកដាក់កាកសំណល់​ដែល​ជះក្លិន​មិន​ល្អ ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​។ ជំរុញ​ឱ្យ​មានការ​ដោះស្រាយ ឱ្យ​មាន​ការ​សម្របសម្រួល​ជាមួយក្រុមហ៊ុន ឱ្យ​ក្រុមហ៊ុន​ទុកដាក់​ឱ្យ​បានត្រឹម​ត្រូវ​ដើម្បី​ជា​ប្រយោជន៍​ការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។”

រោងចក្រ គិរីរម្យមីងហ្វា ជា​រោងចក្រ​កែច្នៃផ្លែឈើធុន​តូច​ ដែល​មាន​ទីតាំង​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ ៤ ត្រង់​គីឡូ​ម៉ែត្រ​លេខ ៧០ ស្ថិតក្នុង​ភូមិ​ក្រាំង​តាតន់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល