ក្រសួង​មហាផ្ទៃ​នឹង​ជូន​ដំណឹង​ដល់​លោក អាឡិក ឲ្យ​រៀបចំ​ខ្លួន​ចាក​ចេញ​ពី​កម្ពុជា

ដោយ ប្រាជ្ញ ចេវ
2015-02-21
Share
អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ៦២២ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន
Photo​ courtesy of Mother Nature

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កំពុង​រៀបចំ​លិខិត​មួយ​ច្បាប់​ជូន​ដំណឹង​ទៅ លោក អាឡិក ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ឲ្យ​រៀបចំ​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។

ទោះ លោក អាឡិក កំពុង​រស់នៅ​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ក្តី ប៉ុន្តែ​ក្រសួង​មិន​ទាន់​បញ្ជាក់​ថា នឹង​មាន​វិធានការ​បែប​ណា​លើ​ជន​បរទេស​រូប​នេះ​នៅ​ឡើយ​ទេ។

លិខិត​របស់​ក្រសួង​មហាផ្ទៃ ជូន​ដំណឹង​ដល់ លោក អាឡិក ឲ្យ​បាន​ដឹង​ថា គេ​កំពុង​រស់នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ហើយ។ ក្នុង​ករណី​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា នឹង​ចាប់​ផ្ដើម​ផាក​ពិន័យ​ជា​ប្រាក់​ចំពោះ​ការ​រស់នៅ​ខុស​ច្បាប់​នេះ​ដាក់​ចូល​ក្នុង​ថវិកា​ជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ថា នៅ​ពេល​នេះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កំពុង​ព្រាង​លិខិត​មួយ​ច្បាប់​ជូន​ដំណឹង​ឲ្យ លោក អាឡិក បាន​ដឹង​ថា ពេល​នេះ​គាត់​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ខុស​ច្បាប់​ហើយ។ លោក​បន្ត​ថា លិខិត​ធ្វើ​រួច ក្រសួង​នឹង​ផ្ញើ​ចេញ​ភ្លាមៗ៖ «ប្រសិន​គ្មាន​ការ​ប្រែប្រួល​ទេ នាយកដ្ឋាន​អន្តោប្រវេសន៍​នឹង​ផ្ញើ​លិខិត​ជូន លោក អាឡិក ដើម្បី​ឲ្យ​រៀបចំ​ខ្លួន»

ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ថា លោក អាឡិក បាន​ប្រព្រឹត្ត​ខុស​នឹង​លក្ខន្តិកៈ​របស់​អង្គការ​មាតា​ធម្មជាតិ ដែល​តម្កល់​ទុក​ក្នុង​ក្រសួង​មហាផ្ទៃ ដោយ​ញុះញង់​ប្រជាពលរដ្ឋ​បិទ​ផ្លូវ​សាធារណៈ និង​មិន​ឲ្យ​ក្រុម​ការងារ​របស់​អាជ្ញាធរ​ចុះ​ជួប​ប្រជាពលរដ្ឋ ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ ទិដ្ឋាការ​ស្នាក់នៅ​កម្ពុជា របស់​លោក​បាន​ផុត​កំណត់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។

លោក ខៀវ សុភ័គ បញ្ជាក់​ថា ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ គឺ​ក្រសួង​មាន​ការ​យោគយល់​ច្រើន​ចំពោះ​អ្នក​ការពារ​ធនធាន​ធម្មជាតិ​រូប​នេះ ហើយ​លោក​ក៏​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រសួង​នឹង​មាន​ចំណាត់​ការ​យ៉ាង​ណា​ចំពោះ លោក អាឡិក ដែរ។ ទោះ​បែប​នេះ​ក្តី លោក ខៀវ សុភ័គ ធ្លាប់​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​មាន​សមត្ថកិច្ច មិន​មែន​សំពះ​អង្វរ​សុំ​ឲ្យ អាឡិក ចាក​ចេញ​ពី​ប្រទេស​កម្ពុជា នោះ​ទេ។

ទន្ទឹម​នឹង​ការ​ប្រកាស​ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ ដូច​នេះ លោក អ៊ូ វីរៈ  ប្រធាន​អង្គការ​វេទិកា​អនាគត និយាយ​ថា ក្រសួង​ធ្វើ​ដូច​នេះ​មិន​ខុស​ច្បាប់​ទេ។ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ មិន​គួរ​ធ្វើ​ទង្វើ​បែប​នេះ​ឡើយ។ លោក អ៊ូ វីរៈ យល់​ថា សកម្មភាព​ការងារ​របស់ លោក អាឡិក កន្លង​មក មិន​សម​អាជ្ញាធរ​ខ្មែរ​បណ្ដេញ​លោក​ចេញ​ពី​ប្រទេស​ឡើយ ទោះ​ក្នុង​រូបភាព​ផុត​ទិដ្ឋាការ​ក៏ដោយ៖ «តាម​ខ្ញុំ​យល់ កំហុស លោក អាឡិក មិន​ទាន់​ដល់​ថ្នាក់​ត្រូវ​បណ្ដេញ​ចេញ​ពី​កម្ពុជា ទេ ទោះ​ក្នុង​រូបភាព​ណា​ទេ»

សំណុំ​រឿង​ជន​បរទេស​ការពារ​បរិស្ថាន​ប្រទេស​កម្ពុជា នេះ បាន​ឡើង​ដល់​ប្រធាន​រដ្ឋសភា និង​ស្ថាប័ន​ព្រះមហាក្សត្រ​ហើយ ដោយ​អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្វាយ​លិខិត​មួយ​ច្បាប់​ទៅ​ព្រះមហាក្សត្រ សុំ​ព្រះរាជ​អន្តរាគមន៍​អនុញ្ញាត​ឲ្យ លោក អាឡិក បន្ត​រស់នៅ​ប្រទេស​កម្ពុជា បាន​ស្រប​ច្បាប់។ គិត​មក​ទល់​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កុម្ភៈ លោក កឹម សុខា ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​បាន​លិខិត​ពី​ក្រសួង​មហាផ្ទៃ បញ្ជាក់​ពី​ការ​ជូន​ដំណឹង​នេះ​នៅ​ឡើយ​ទេ។ អ្នក​ការពារ​ធនធាន​ធម្មជាតិ​រូប​នេះ នៅ​តែ​អះអាង​ថា លោក​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទេ ព្រោះ​លោក​រង់ចាំ​ការ​លិខិត​ឆ្លើយ​ពី​ព្រះមហាក្សត្រ និង​ប្រធាន​រដ្ឋសភា ឆ្លើយ​តប​នឹង​លិខិត​របស់ លោក កឹម សុខា សិន៖ «ជំហរ​របស់​ខ្ញុំ គឺ​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទេ»

លោក អាឡិក សញ្ជាតិ​អេស្ប៉ាញ ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា ជាង ១២​ឆ្នាំ​មក​ហើយ ជា​អ្នក​ដែល​ហ៊ាន​បញ្ចេញ​សកម្មភាព​ខ្លាំងៗ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​នៅ​តំបន់​អារ៉ែង ឲ្យ​ទៅ​ជា​តំបន់​វារីអគ្គិសនី​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ស៊ីណូ ហាយដ្រូ (Sino Hydro)។ លោក អាឡិក ថា លោក​នឹង​បង់​ប្រាក់​ពិន័យ​នៃ​ការ​រស់នៅ​ផុត​ទិដ្ឋាការ​ជូន​ទៅ​រដ្ឋ ដើម្បី​បន្ត​រស់នៅ​ប្រទេស​កម្ពុជា ដរាប​ណា​សមត្ថកិច្ច​មិន​ប្រើ​ហិង្សា​បញ្ជូន​លោក​ចេញ​ពី​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល