សមាជិក​សភា​បក្ស​ប្រឆាំង​ព្រមាន​ប្រើ​យន្តការ​សភា​ស្នើ​ដក​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល

ដោយ យ៉ង ចាន់តារា
2017-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ព្រមាន​ប្រើ​យន្តការ​សភា​ដើម្បី​ស្នើ​ដក​លោក ស៊ុយ សែម ពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង គ្រោង​ធ្វើ​បែប​នេះ​ដោយ​យល់​ឃើញ​ថា រដ្ឋមន្ត្រី​រូប​នេះ​មិន​បាន​បំពេញ​មុខងារ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ទាក់ទង​នឹង​ការ​ឆ្លើយ​បំភ្លឺ​រឿង​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស។

ការ​ព្រមាន​របស់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ដោយសារ​តែ​ក្រសួង​រ៉ែ និង​ថាមពល ខកខាន​មិន​បាន​ឆ្លើយតប​នឹង​សំណើ​របស់​លោក សុន ឆ័យ សុំ​ឲ្យ​ក្រសួង​បង្ហាញ​ព័ត៌មាន​លម្អិត​នានា​ទាក់ទង​នឹង​ការ​នាំ​ចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា ឬ​ខ្សាច់​ស ទៅ​ក្រៅ​ប្រទេស ដែល​លោក​បាន​ស្នើ​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ។

អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៩ កក្កដា ថា ទង្វើ​បែប​នេះ​របស់​លោក ស៊ុយ សែម គឺ​ជា​ការ​បំពាន​រដ្ឋធម្មនុញ្ញ និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​រដ្ឋមន្ត្រី«ខ្ញុំ​សោកស្ដាយ​ណាស់ ពីព្រោះ​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​នេះ គឺ​សុទ្ធតែ​តាម​គោលការណ៍​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភា ប៉ុន្តែ​រដ្ឋមន្ត្រី ស៊ុយ សែម នេះ គឺ​បំពាន​តែ​ម្តង ប្រមាថ​ស្ថាប័ន​ជាតិ​តែ​ម្តង។ លិខិត​ដែល​មាន​ចុះ​ហត្ថលេខា​បញ្ជូន​ដោយ​ប្រធាន​រដ្ឋសភា សម្ដេច ហេង សំរិន ក៏​គាត់​មិន​ឈឺ​ក្បាល​វិល​មុខ​នឹង​ឆ្លើយ​ដែរ។ យើង​កំពុង​ពិចារណា​ដើម្បី​ស្នើ​ឲ្យ​មាន​ការ​អញ្ជើញ​រដ្ឋមន្ត្រី​រូប​នេះ​មក​រដ្ឋសភា ដើម្បី​បោះឆ្នោត​ទម្លាក់​ពី​មុខ​តំណែង ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង ដែល​កម្ពុជា យើង​មិន​ដែល​បាន​ធ្វើ​ទេ​តាំង​ពី​មាន​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ មក»

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ លោក សុន ឆ័យ តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ស្នើ​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ព័ត៌មាន និង​ឯកសារ​ផ្លូវការ​ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ចេញ​ទៅ​ក្រៅ​ប្រទេស ក៏ប៉ុន្តែ​ជាង​មួយ​ខែ​មក​នេះ ក្រសួង​រ៉ែ និង​ថាមពល មិន​ទាន់​ឆ្លើយតប​នឹង​សំណើ​របស់​លោក សុន ឆ័យ នៅ​ឡើយ​ទេ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ កក្កដា ដើម្បី​ឆ្លើយតប​រឿង​នេះ ដោយ​លោក​មិន​លើក​ទូរស័ព្ទ ក៏ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​ធ្លាប់​បាន​បញ្ជាក់​កាល​ពី​សប្ដាហ៍​មុន​ថា ក្រសួង​កំពុង​អនុវត្ត​តាម​នីតិវិធី ដើម្បី​ឆ្លើយតប​នឹង​សំណើ​របស់​លោក សុន ឆ័យ។ អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​ធ្លាប់​បាន​បញ្ចេញ​មតិ​ដែរ​ថា អ្វី​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​នេះ​ជា​ការ​កេង​ចំណេញ​នយោបាយ​ច្រើន​ជាង«យើង​បាន​ពន្យល់​រួច​ហើយ ហើយ​រឿង​ហ្នឹង​ក៏​បាន​ចប់​ម្តង​ជា​ពីរ​ដង ក៏ប៉ុន្តែ​គាត់​នៅ​តែ​យក​រឿង​ហ្នឹង​មក​បន្ថែម រុញ​ឲ្យ​ទៅ​ជា​រឿង​មិន​ប្រក្រតី​នៅ​ពេល​ដែល​យើង​ពន្យល់​ថា អ្វីៗ​សុទ្ធតែ​ប្រក្រតី​អស់​ហើយ»

សកម្មភាព​កាយ​ខ្សាច់​ប្រភេទ​ស៊ីលីកា​ដាក់​កប៉ាល់ នៅ​កំពង់ផែ ម៉ុង ឫទ្ធី ឋិត​នៅ​ភូមិ​កែវផុស ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of Mother Nature
សកម្មភាព​កាយ​ខ្សាច់​ប្រភេទ​ស៊ីលីកា​ដាក់​កប៉ាល់ នៅ​កំពង់ផែ ម៉ុង ឫទ្ធី ឋិត​នៅ​ភូមិ​កែវផុស ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of Mother Nature Photo courtesy of Mother Nature

កាល​ពី​សប្ដាហ៍​មុន ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​បញ្ឈប់​ជា​ស្ថាពរ​នូវ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នាំ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់ ចេញ​ពី​ខេត្ត​កោះកុង ទៅ​ក្រៅ​ប្រទេស។

ខេត្ត​កោះកុង គឺ​ជា​ទី​ដែល​មាន​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដ៏​ច្រើន​សម្បើម​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​អះអាង​ថា អាជីវកម្ម​ខ្សាច់​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង។

ការ​ប្រកាស​បិទ​បញ្ចប់​ជា​ស្ថាពរ​នៃ​សម័យកាល​នាំ​ខ្សាច់​ចេញ​ពី​ខេត្ត​កោះកុង ទៅ​បរទេស​នេះ ធ្វើ​ឡើង​ជាង ១០​ខែ ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ដ៏​រសើប​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី ដែល​កម្ពុជា បាត់​ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ​អាមេរិក ហើយ​ដែល​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន​រក​ឃើញ​ថា ជា​ការ​នាំ​ចេញ​ខុស​ច្បាប់។

លោក សុន ឆ័យ ស្វាគមន៍​ចំពោះ​វិធានការ​របស់​ក្រសួង​នេះ ក៏ប៉ុន្តែ​លោក​ថា​វា​មិន​អាច​បញ្ចប់​បញ្ហា​នានា​ជុំវិញ​ភាព​មិន​ប្រក្រតី​រឿង​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស ក្នុង​រយៈកាល​កន្លង​ទៅ​បាន​នោះ​ទេ។ លោក​បញ្ជាក់​ថា ក្នុង​នាម​លោក​ជា​តំណាងរាស្ត្រ លោក​នឹង​តាមដាន​ករណី​នេះ​ជា​បន្ត​ទៀត។ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ​នេះ គឺ​ជា​ការងារ​របស់​តំណាងរាស្ត្រ មិន​មែន​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​នោះ​ទេ«ខាង​រដ្ឋាភិបាល​ក្រោយ​ពី​លាក់​បាំង​មក គឺ​លាក់​បាំង​មិន​ជិត ដូចជា​ទទួល​ស្គាល់​ហើយ​បាន​ជា​គាត់​បញ្ឈប់។ កាល​ពី​មុន គាត់​និយាយ​ថា​អ៊ីចេះ​ថា​អ៊ីចុះ គាត់​មាន​វិធានការ​ច្បាស់លាស់​ណាស់​មិន​ខូច​បរិស្ថាន​ទេ មិន​អី​ទេ តែ​ឥឡូវ​គាត់​បញ្ឈប់​ទាំងស្រុង។ បញ្ហា​ខ្សាច់​នេះ​មិន​មែន​បញ្ចប់​ត្រឹម​ការ​ប្រកាស​របស់​ក្រសួង​ថា​នឹង​ផ្អាក​ទាំងស្រុង​នោះ​ទេ។ យើង​ចង់​បាន​ឯកសារ​ដែល​បង្ហាញ​ពី​ឈ្មោះ​ក្រុមហ៊ុន​ចំនួន​ទឹកប្រាក់ ចំនួន​ខ្សាច់ ចំនួន​ទីតាំង​ដែល​បាន​អនុវត្ត​កន្លង​ទៅ​ជាដើម​នោះ ឲ្យ​បាន​ជា​ផ្លូវការ​មក»

លោក សុន ឆ័យ បញ្ជាក់​ថា ការ​គ្រប់គ្រង​វិស័យ​ធនធាន​រ៉ែ​នេះ​នៅ​មាន​បញ្ហា​ជាច្រើន ជាពិសេស​គឺ​ការ​ខាតបង់​ប្រាក់​ចំណូល​ជាតិ និង​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន តែ​ផល​ប្រយោជន៍​បែរ​ជា​ធ្លាក់​ក្នុង​ដៃ​ក្រុម​អ្នក​មាន​អំណាច​ទៅ​វិញ។ លោក​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ ឲ្យ​ចូលរួម​តាមដាន​ដំណើរការ​អនុវត្ត​គម្រោង​របស់​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ ដើម្បី​ឲ្យ​មាន​តម្លាភាព និង​គណនេយ្យភាព​ក្នុង​វិស័យ​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

don't go direct, play strategy let them come to you.

Jul 21, 2017 01:14 AM

LY HONG

ពី PHNOM PENH

មេចទៅលោកស្ថានបេសកកម្មអចិន្ដ្រៃអង្កការសហប្រជាជាតិលុយ៧០០
លានដុល្លាជារៀងកំបិចកំបុកឫ ខាងរដ្ឋាភិបាលលោកគ្រាន់តែរឿងស្រីរកស៊ីអង្កកាគេជួយ​៤០០;៥០០
ដុល្លាចាប់គេដាក់គុកទាំងចង្កោម ហើយលោកទៅភូតអង្កការសហប្រជាជាតិទៅកើត​ តើគេជឿលោកទេ?រំលឹកលោកកុំឲ្យខូចពូជខ្មែ៕

Jul 19, 2017 08:11 PM

គេហទំព័រ​ទាំងមូល