តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​ស្នើសុំ​សភា​សិង្ហបុរី​ឲ្យ​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ខ្សាច់

ដោយ យ៉ង ចាន់តារា
2017.04.02
សាឡង់​បូម​ខ្សាច់ ព្រះសីហនុ ២០១៧ ១៤៤០ សាឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល (ASKL) នៅ​តាម​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA/Den Ayuthyea

បញ្ហា​ចម្រូងចម្រាស​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​បរទេស បាន​វិវឌ្ឍន៍​ដល់​ដំណាក់កាល​ថ្មី​មួយ​ទៀត​ហើយ។ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ផ្ញើ​លិខិត​ទៅ​សភា​ជាតិ​សិង្ហបុរី នៅ​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​សិង្ហបុរី ឲ្យ​ផ្តល់​ព័ត៌មាន​លម្អិត និង​ឯកសារ​ផ្លូវការ​នានា​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា ដែល​ពួក​គេ និង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន​សង្ស័យ​ថា មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដ៏​ធំ ដែល​ធ្វើ​ឲ្យ​កម្ពុជា ខាតបង់​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ពី​វិស័យ​មួយ​នេះ។

ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២ ខែ​មេសា ថា ពួក​លោក​នឹង​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋសភា​សិង្ហបុរី ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​មួយ​នេះ​ឲ្យ​ផ្តល់​ឯកសារ​ផ្លូវការ​ទាំងឡាយ ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ខ្សាច់​រវាង​ប្រទេស​សិង្ហបុរី និង​កម្ពុជា។

គម្រោង​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​សិង្ហបុរី តាម​រយៈ​ស្ថានទូត​សិង្ហបុរី ប្រចាំ​ក្រុង​ភ្នំពេញ បដិសេធ​សំណើ​របស់​ក្រុម​តំណាងរាស្ត្រ​កម្ពុជា ពី​ខាង​គណបក្ស​ប្រឆាំង​ដែល​ស្នើសុំ​ឯកសារ​ផ្លូវការ​នានា​ពាក់ព័ន្ធ​នឹង​ការ​ទិញ​ខ្សាច់​ពី​កម្ពុជា«យើង​នឹង​ទាក់ទង​ទៅ​ខាង​រដ្ឋសភា​ម្តង ព្រោះ​ខ្ញុំ​ធ្លាប់​បាន​ជួប​ម្តង​រួច​មក​ហើយ​ជាមួយ​អនុប្រធាន​សភា​សិង្ហបុរី ហើយ​ខ្ញុំ​នឹង​រក​ពេល​ជួប​ទៀត​ក្នុង​ឱកាស​ណា​មួយ ដើម្បី​សុំ​ឲ្យ​ខាង​សភា​ហ្នឹង​សួរ​ដេញដោល ឬ​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល (សិង្ហបុរី) ជួយ​ផ្តល់​ឯកសារ»

លោក សុន ឆ័យ បញ្ជាក់​ថា លោក​បាន​ជួប​ជាមួយ​លេខា​ទី​មួយ​នៃ​ស្ថានទូត​សិង្ហបុរី ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ មីនា កន្លង​ទៅ ដើម្បី​ជជែក​អំពី​សំណើ​នោះ។ លោក​ថា ខាង​ស្ថានទូត​សិង្ហបុរី បញ្ជាក់​ថា ពួក​គេ​មិន​អាច​ផ្តល់​ឯកសារ​ទាំងនោះ​បាន​ឡើយ ព្រោះ​កុំ​ឲ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ខ្សាច់​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា លោក​ថា ខាង​ស្ថានទូត​សិង្ហបុរី អះអាង​ថា តួលេខ និង​តម្លៃ​ខ្សាច់​ដែល​សិង្ហបុរី ទិញ​ពី​កម្ពុជា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ (UN Comtrade) នោះ គឺ​ជា​តួលេខ និង​តម្លៃ​ដែល​ត្រឹមត្រូវ។ ប៉ុន្តែ​មន្ត្រី​ស្ថានទូត​សិង្ហបុរី រូប​នោះ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ទិន្នន័យ​ដែល​កម្ពុជា នាំ​ចេញ​ទៅ​សិង្ហបុរី នោះ​ទេ។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ស្ថានទូត​សិង្ហបុរី ប្រចាំ​កម្ពុជា បាន​ទេ​នៅ​ថ្ងៃ​ទី​២ មេសា ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​អំពី​រឿង​នេះ។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា កន្លង​ទៅ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ស្ថានទូត​សិង្ហបុរី ប្រចាំ​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ក្រសួង​អភិវឌ្ឍន៍​ជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​សិង្ហបុរី ស្នើសុំ​ព័ត៌មាន​លម្អិត​អំពី​ចំនួន​កប៉ាល់​ដឹក​ខ្សាច់​ពី​កម្ពុជា ទៅ​សិង្ហបុរី ដែល​រួម​បញ្ចូល​កាលបរិច្ឆេទ​ដែល​ដឹក​ទៅ​ដល់​សិង្ហបុរី ឈ្មោះ​កប៉ាល់ ចំណុះ និង​តម្លៃ​ខ្សាច់ ឈ្មោះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​ផ្គត់ផ្គង់​ខ្សាច់​នេះ។ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ស្នើសុំ​ឯកសារ​ផ្លូវការ​ពាក់ព័ន្ធ​នានា ដែល​ចេញ​ដោយ​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​កម្ពុជា ដូចជា​អាជ្ញាប័ណ្ណ​នាំ​ចេញ បញ្ជី​ទំនិញ និង​វិក្កយបត្រ​ដឹក​ជញ្ជូន ជាដើម។ ក្រៅ​ពី​នេះ ពួក​គេ​ក៏​ស្នើសុំ​តួលេខ​សរុប​នៃ​បរិមាណ​ខ្សាច់​ដែល​សិង្ហបុរី នាំ​ចូល​ពី​កម្ពុជា ផង​ដែរ។

រាល់​ព័ត៌មាន តួលេខ និង​ទិន្នន័យ​ទាំងអស់​ដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​នេះ គឺ​ជា​ពាណិជ្ជកម្ម​ខ្សាច់​រវាង​សិង្ហបុរី និង​កម្ពុជា ចន្លោះ​ពី​ឆ្នាំ​២០០៧ ដល់​ចុង​ឆ្នាំ​២០១៦។

លោក សុន ឆ័យ បញ្ជាក់​ថា សំណើ​ទៅ​រដ្ឋាភិបាល​សិង្ហបុរី នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​ពី​កម្ពុជា ទៅ​សិង្ហបុរី«ការ​ដែល​បាត់​ថវិកា​ជាតិ​នេះ ត្រូវ​តែ​រក​ដើម​ចម​ឲ្យ​ឃើញ។ ការ​ឆ្លើយ​របស់​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ម្តង​ថា​មក​ពី​មាន​កប៉ាល់​បរទេស​ដោត​ទង់ជាតិ​ខ្មែរ​មួយ​ចំនួន​អាច​មក​ពី​ទីណា​ដទៃ ការ​ឆ្លើយ​បែប​នេះ គឺ​ជា​ការ​ឆ្លើយ​យក​រួច​ខ្លួន ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ចង់​បាន​ការ​បញ្ជាក់​ឡើង​វិញ​ពី​ខាង​រដ្ឋាភិបាល​សិង្ហបុរី»

ទាក់ទង​នឹង​ការ​ស្នើសុំ​ឯកសារ​ពី​សិង្ហបុរី នេះ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា យល់​ឃើញ​ថា វា​ជា​សិទ្ធិ​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​គិត​ថា វា​ជា​រឿង​នយោបាយ​ច្រើន​ជាង ពីព្រោះ​ក្រសួង​រ៉ែ និង​ថាមពល ធ្លាប់​បាន​បកស្រាយ​ជាច្រើន​លើក​ច្រើនសា​មក​ហើយ​អំពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​បរទេស ពិសេស​ទៅ​សិង្ហបុរី«រឿង​ចប់​ម្តង​ជា​ពីរ​ដង ប៉ុន្តែ​គាត់​ព្យាយាម​យក​រឿង​នេះ​មក​បន្ថែម មក​រុញ​ឲ្យ​ទៅ​ជា​រឿង​មិន​ប្រក្រតី​នៅ​ពេល​ដែល​យើង​ពន្យល់​ថា អ្វីៗ​សុទ្ធតែ​ប្រក្រតី​អស់​ហើយ ប្រហែល​ជា​បរិបទ​ជិត​បោះឆ្នោត​ហើយ​ដែល​ជំរុញ​ឲ្យ​គាត់​ធ្វើ​ការងារ​នេះ​ច្រើន​ជាង»

ភាព​ចម្រូងចម្រាស​នៃ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​សិង្ហបុរី នេះ បាន​ផ្ទុះ​ឡើង​ក្រោយ​ពេល​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​ថា សិង្ហបុរី នាំ​ចូល​ខ្សាច់​ពី​កម្ពុជា ជាង ៧៣​លាន​តោន ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៧៥២​លាន​ដុល្លារ​អាមេរិក (៧៥២.៧៦១.៩៧៨​ដុល្លារ) ក្នុង​រយៈពេល ៨​ឆ្នាំ ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ ប៉ុន្តែ​ទិន្នន័យ​ដដែល​នេះ​បង្ហាញ​ថា កម្ពុជា នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី តែ​ជិត ៣​លាន​តោន (.៧៧៤.៦១៣​តោន) ប៉ុណ្ណោះ ដែល​គិត​ជា​ទឹក​ប្រាក់​ជាង ៥​លាន​ដុល្លារ​អាមេរិក (.៥៥៧.៣៦៩​ដុល្លារ) ក្នុង​រយៈពេល​ដូច​គ្នា​នេះ។

ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ដ៏​រសើប​នេះ រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ចំណែក​ឯ​សិង្ហបុរី ក៏​ប្រកាស​ឈប់​ទិញ​ខ្សាច់​ពី​កម្ពុជា ដែរ។ រហូត​មក​ទល់​នឹង​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​បរទេស​សាជាថ្មី​វិញ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។