សង្គម​ស៊ីវិល​ទទូច​ឲ្យ​ក្រសួង​បរិស្ថាន​ពិសោធ​រក​មូលហេតុ​ត្រី​ពុល​ងាប់​នៅ​ស្ទឹង​សែន​ខេត្ត​ព្រះវិហារ

ដោយ ហង្ស សាវយុត
2017.04.12
ត្រី​ងាប់​ស្ទឹង​សែន ព្រះវិហារ ២០១៧ ១៤៤០ ពលរដ្ឋ​រើស​យក​ត្រី​ដែល​ងាប់​អណ្ដែត​នៅ​លើ​ទឹក​ស្ទឹង​សែន នៃ​ភូមិ​សំរោង ឃុំ​តស៊ូ ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៧។ រូបថត​អង្គការ​ពន្លក​ខ្មែរ
រូបថត​អង្គការ​ពន្លក​ខ្មែរ

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​តែ​សង្ស័យ​ថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ដែល​វិនិយោគ​នៅ​ចន្លោះ​ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ អាច​ជា​អ្នក​បង្ហូរ​ទឹក​មាន​សារធាតុ​ពុល បណ្ដាល​ឲ្យ​ត្រី​រាប់​ម៉ឺន​ក្បាល​នៅ​ក្នុង​អូរ និង​ដង​ស្ទឹងសែន ងាប់​ជា​បន្តបន្ទាប់។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ ជំរុញ​ឲ្យ​ក្រសួង និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ត្រូវ​តែ​យក​ទឹក​ស្ទឹងសែន​ទៅ​ពិសោធ​ឲ្យ​មាន​តម្លាភាព​ពិត​ប្រាកដ ជៀសវាង​ការ​លាក់​បាំង​លម្អៀង​ទៅ​រក​ក្រុមហ៊ុន​ចិន។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ចិន​ខ្លះ​ដែល​កំពុង​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​នោះ ថា​បាន​រំលោភ​ច្បាប់​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ​លើ​កិច្ច​ការពារ​បរិស្ថាន។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ចាន់។ លោក​អះអាង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែ​មេសា ថា លោក​នៅ​តែ​ផ្ដោត​ការ​សង្ស័យ​ថា បញ្ហា​ត្រី​រាប់​ម៉ឺន​ក្បាល​ដែល​ងាប់​នៅ​តាម​ដង​ស្ទឹង​សែន​ក្នុង​ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យសែន គឺ​អាច​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ចិន បង្ហូរ​កាក​សំណល់​ដែល​មាន​ជាតិ​ពុល ក៏ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ដឹង​ប្រភព​ច្បាស់​ថា​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ទៅ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ទី​នោះ ដូចជា​ក្រុមហ៊ុន ឡាន ហ្វេង (Lan Feng) រួយ ហ្វេង (Rouy Feng) ក្រុមហ៊ុន ហេង ណុង (Heng Nung) និង ហេង យូ (Heng Yu) ជាដើម​នោះ តើ​មួយ​ណា​ដែល​បញ្ចេញ​ចោល​កាក​សំណល់​ទេ?«ខ្ញុំ​ថា​វា​អាច​ជា​កាក​សំណល់​ជាតិ​ពុល ដែល​បង្ហូរ​ចេញ​ពី​ក្រុមហ៊ុន​ហើយ បើ​មិន​អ៊ីចឹង សួរ​ថា​ជាតិ​ពុល​ដែល​ប៉ះពាល់​បរិស្ថាន​ទាំងអស់​ហ្នឹង​ចេញ​មក​ពី​ណា

ការ​អះអាង​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ហើយ​ដឹង​ថា រដ្ឋាភិបាល​ចិន មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​បរិស្ថាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម។

លោក ឡោ ចាន់ ជំរុញ​ឲ្យ​ក្រសួង និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ត្រូវ​ពិនិត្យ​រក​មូលហេតុ​ដែល​ត្រី​រាប់​ម៉ឺន​ក្បាល​ងាប់​នៅ​ក្នុង​ស្ទឹង​សែន​នោះ​ឡើង​វិញ​ឲ្យ​បាន​ច្បាស់លាស់។

ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មីនា ត្រី​រាប់​ម៉ឺន​ក្បាល​នៅ​តាម​ដង​ស្ទឹង​សែន ក្នុង​ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យសែន បាន​ងាប់​ជា​បន្តបន្ទាប់​គ្នា ហើយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ បាន​បញ្ជូន​អ្នក​ជំនាញ​ទៅ​ដួស​ទឹក​ស្ទឹង​សែន ផ្ញើ​ទៅ​ក្រសួង​បរិស្ថាន ឲ្យ​ពិសោធ​រក​មូលហេតុ​នៃ​ត្រី​ងាប់​នោះ។

ទោះ​ជា​យ៉ាង​ណា រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែ​មេសា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា នៅ​មិន​ទាន់​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​ពិសោធ​នោះ​យ៉ាង​ណា​នៅ​ឡើយ ដោយ​លោក​មាន​ប្រសាសន៍​ថា​ជាប់​រវល់​ប្រជុំ​ជាមួយ​អភិបាល​ខេត្ត។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ អះអាង​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា លោក​បាន​ចុះ​ទៅ​ពិនិត្យ ឃើញ​ក្រុមហ៊ុន​ចិន ចាក់​ដី​ធ្វើ​ជា​ទំនប់​ទឹក​មួយ​នៅ​ម្ដុំ​តំបន់​អូរ​ព្រាល ប៉ុន្តែ​ទប់​មិន​ជិត​ទេ គឺ​ទឹក​ស្អុយ​នៅ​តែ​ហូរ​ចេញ​ពី​ទំនប់​នោះ ហើយ​អ្វី​ដែល​ចម្លែក គឺ​នៅ​ចុង​អូរ​ព្រាល​ដែល​ទឹក​ហូរ​ចូល​ស្ទឹង​សែន​នោះ គឺ​មាន​កម្លាំង​ប៉ូលិស​ខ្លះ​នៃ​ស្រុក​ជ័យសែន បាន​យាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​ទៅ​មើល​ទីកន្លែង​នោះ​ឡើយ៖ «មាន​សហគមន៍​គាត់​ប្រាប់​ថា​អា​ទំនប់​ទឹក​ស្អុយ​នៅ​ចុង​អូរ​ព្រាល​ហ្នឹង គឺ​វា​ពិត​ជា​ហូរ​ចូល​ទៅ​ស្ទឹង​សែន​មែន​ហ្នឹង»

លោក ប៉ិក សោភ័ណ ជំរុញ​ឲ្យ​ក្រសួង និង​មន្ទីរ​បរិស្ថាន ត្រូវ​ធ្វើ​ការ​ពិសោធ​រក​មូលហេតុ​នៃ​ជាតិ​ពុល​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម ព្រម​ទាំង​បរិស្ថាន​នោះ ដោយ​តម្លាភាព​ច្បាស់លាស់ ជៀសវាង​ការ​លម្អៀង​ទៅ​លើ​ក្រុមហ៊ុន ហើយ​ទុក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។