សកម្មជន​បរិស្ថាន​ថា​វីរភាព​របស់​លោក ឈុត វុទ្ធី ជា​គំរូ​របស់​ពួកគេ

ដោយ មួង ណារ៉េត
2019.04.28
វីដេអូ​ឯកសារ ឈុត វុទ្ធី ២០១៦ ៨៥៥ ផ្ទាំង​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​មេត្តា​ហោស៍ (Meta House) អំពី​ខ្សែ​ភាពយន្ត​ឯកសារ​ស្ដីពី​ជីវិត​របស់​អតីត​អ្នក​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ដែល​គ្រោង​នឹង​បញ្ចាំង​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៦។ Screenshot
Screenshot

សកម្មជន​បរិស្ថាន​លើក​ឡើង​ថា វីរភាព​របស់​លោក ឈុត វុទ្ធី ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​រហូតដល់​បាត់បង់​ជីវិត​ដើម្បី​ការពារ​ព្រៃឈើ​គឺ​បាន​ជំរុញ​ចិត្ត​ពួកគេ​ដែល​ជា​អ្នក​ជំនាន់​ថ្មី​នេះ​ឱ្យ​ហ៊ាន​តស៊ូ​ធ្វើ​ការងារ​ការពារ​បរិស្ថាន​ដោយ​មិន​ខ្លាច​ការនឿយហត់​។ ពួកគេ​បាន​ចាត់​ទុក លោក ឈុត វុទ្ធី ជា​វីរជន​ការពារ​ព្រៃឈើ។

សកម្មជន​បរិស្ថាន​និង​អ្នកការពារ​ព្រៃឈើ​មួយ​ចំនួន​លើកឡើង​ថា ពួកគេ​ហក់​ចូល​បម្រើ​ការងារ​ការពារ​បរិស្ថាន និង​ការពារ​ព្រៃឈើ​ក៏​ព្រោះ​គេ​មើល​ឃើញ​នូវ​ភាព​ក្លាហាន​របស់​សកម្ម​ជន​ការ​ព្រៃ ឈើ​ដ៏​ល្អ និង​ល្បី​លោក ឈុត វុទ្ធី ដែល​លោក​ហ៊ាន​លះបង់​ជីវិត​ដើម្បី​ការពារ​ព្រៃឈើ​កម្ពុជា​។ ភាព​ក្លាហាន​របស់​លោក ឈុត វុទ្ធី នេះ​ហើយ​ដែល​ជម្រុល​ទឹកចិត្ត​ពួកគេ​ឱ្យ​យក​គំរូ​តាម និង ចាត់ទុក​លោក ឈុត វុទ្ធី ជា​វីរបុរស​របស់​ពួកគេ។

សកម្មជន​ការពារ​ព្រៃឈើ​ម្នាក់​លោក ហេង ស្រស់ ប្រាប់​អាស៊ីសេរី​ថា លោក​ទើប​ស្គាល់​លោក ឈុត វុទ្ធី ក្រោយពេល​ឃាតក​បាញ់សម្លាប់​លោក​កាលពី​ឆ្នាំ​២០១២​កន្លងទៅ ហើយ​លោក​ក៏​ចាប់ផ្ដើម​ស្វែងយល់​ការងារ​របស់​លោក ឈុត វុទ្ធី។ លោក​បន្ត​ថា បន្ទាប់​ឃើញ​ពី​វីរភាព​របស់​លោក ឈុត វុទ្ធី ក្នុង​ការ​បំពេញ​ការងា​រ​ទាក់ទង​កិច្ចការពារ​ព្រៃឈើ លោក​ក៏​ចាប់ផ្ដើម​ធ្វើជា​អ្នកការពារ ព្រៃឈើ​ដូច​លោក ឈុត វុទ្ធី ដែរ​៖ «និយាយ​រួម​ទៅ នេះ​ជា​ចំណូល​ចំណង​ចិត្ត​របស់​យើង​ដែរ ហើយ​មួយវិញទៀត​យើង​ឃើញ​ពី​វីរភាព​របស់​គាត់​(​លោក ឈុត វុទ្ធី​) ដែល​គាត់​ខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ព្រៃឈើ​ការពារ​ធនធានធម្មជាតិ​តែ​ត្រូវ​គេ​បាញ់សម្លាប់​គាត់​ដោយ​អយុត្តិធម៌​នេះ​ហើយ​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឱ្យ​ចូលរួម​ការងារ​ព្រៃ»

សកម្មជន​ការពារ​បរិស្ថាន​ជំនាន់​ថ្មី​ម្នាក់ទៀត លោក សាន់ ម៉ាឡា និយាយ​ថា អ្វី​ដែល​ធ្វើ​ឱ្យ​លោក​កើត​ចិត្ត​ស្ងប់​ស្ងែង​ចំពោះ​លោក ឈុត វុទ្ធី គឺ​លោក ឈុត វុទ្ធី ជា​អ្នកការពារ​ព្រៃឈើ​ដ៏​ក្លាហាន​និង​មាន​ឆន្ទៈ​មោះមុត ដោយ​ហ៊ាន​ដឹកនាំ​ពលរដ្ឋ​ចូលចាប់​ឈើ​ក្នុង​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​ឈើ​ខុសច្បាប់​។ លោក សាន់ ម៉ា​ឡា បន្ត​ទៀត​ថា សកម្មភាព​ទាំង​នេះ​ហើយ​ដែល​ជំរុញ​ឱ្យ​លោក​សម្រេចចិត្ត​ចូលរួម​ក្នុង​ការងារ​បរិស្ថាន៖ «ខ្ញុំ​សង្កេត​ឃើញ​ថា លោក ឈុត វុទ្ធី គាត់​ធ្វើការ​ដោយ​សេចក្ដី​ក្លាហាន និង​មាន​ឆន្ទៈ​មោះមុត​គាត់​បាន​ពុះពារ​ជាមួយ​សហគមន៍​មូលដ្ឋាន​នៅ​ក្នុង​ការទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់»

លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ចំណុច​វាល​បី ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង បន្ទាប់ពី​លោក​និង​អ្នកកាសែត​ពីរ​រូប​ទៀត​បាន​ចូល​ទៅ​ថតរូប​ភាព​គំនរ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​កាប់​ឈើ ដែល​គេ​ស្គាល់​ឈ្មោះថា​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ស្ដារ​បាត​អាង​ដើម្បី​ធ្វើ​វា​រី​អគ្គិសនី​ក្នុងស្រុក​ថ្មបាំង ខេត្ត​កោះកុង។

លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ការពារ​ធនធានធម្មជាតិ​យ៉ាង​ស្វិតស្វាញ​ត្រូវ​ខ្មាន់កាំភ្លើង បាញ់សម្លាប់​នៅ​កន្លែង​ពោរពេញ​ដោយ​បទល្មើស​ព្រៃឈើ។ របាយការណ៍​របស់​សមត្ថកិច្ច​បង្ហាញ​ថា ឃាតក​បាញ់សម្លាប់​លោក ឈុត វុទ្ធី គឺជា​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា ដោយ​របាយការណ៍​នោះ​បញ្ជាក់​ថា ក្រោយ​បាញ់សម្លាប់​លោក ឈុត វុទ្ធី រួចហើយ​គេ​ក៏បាន​បាញ់សម្លាប់​ខ្លួនឯង​ចំនួន​២​គ្រាប់។

ប៉ុន្តែ ក្រោយ​ឃាតកម្ម​រយៈពេល ៧​ឆ្នាំ​មក ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី និង​មន្ត្រី​សង្គម​ស៊ីវិល​មិន​ជឿ​លើ​ការ​អះអាង​នេះ​ទេ និង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​បង្កើត​ក្រុម​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដើម្បី​រក​ឃាតក​ពិត​និង​អ្នក​នៅ​ពីក្រោយ។

សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ និង​ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អា​ឡិច ហាន់​ដ្រូ​ហ្គា​ន់​ហ្សា​លេស ដេវីត​សុន (Alejandro Gonzalez Davidson)​ហៅ​លោក​អា​ឡិច​ប្រាប់ អាស៊ីសេរី​ថា លោក​ធ្លាប់​សហការ​ជាមួយ​លោក ឈុត វុទ្ធី មុន​ឃាតក​បាញ់សម្លាប់​លោក ឈុត វុទ្ធី ទាក់ទង​បទល្មើស​ព្រៃឈើ ប៉ុន្តែ​លោក​ថា​ពេលនោះ​លោក​មិនទាន់​ចេញមុខ​។ លោក អា​ឡិច​ឱ្យ​ដឹង​ទៀតថា នៅ​លោក​ឃើញ​លោក ឈុត វុទ្ធី ហ៊ាន​លះបង់​ជីវិត​ដើម្បី​ធ្វើការ​ងារ​ការ ពារ​បរិស្ថាន​លោក​បាន​លាឈប់​ពី​ការងារ​ឯកជន​ចូល​ធ្វើ​ការងារ​ទាក់ទង​បរិស្ថាន៖ «លឺ​ថា គេ​បាន​សម្លាប់​គាត់ (លោក ឈុត វុទ្ធី) ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​គាត់​ជាទីបំផុត​ដោយសារ​ឃើញ​គាត់​ហ៊ាន​លះបង់​គាត់​មាន​ប្រពន្ធ​ផង​មាន​កូន​ផង​គាត់​ហ៊ាន​ណា ដល់​អ៊ីចឹង​ខ្ញុំ​ប្ដេជ្ញា​ថា ខ្ញុំ​នឹង​ឈប់​ការងារ​ពី​វិស័យ​ឯកជន​ដើម្បី​ចាប់ផ្ដើម​មុខ​នៅ​តាម​សារព័ត៌មាន​ហើយ​ខ្ញុំ​នឹង​ធ្វើ​ការងារ​ជំនួស​គាត់​ឱ្យ​អស់ពី​លទ្ធភាព»

លោក ឈុត វុទ្ធី មាន​អាយុ​ជាង ៤០​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។ លោក​មាន​កូន​ចំនួន​បី​នាក់​ប្រុស​ម្នាក់ ស្រី​២​នាក់​។ លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ទាហាន​មកពី​ប្រទេស​រុស្សី។ បន្ទាប់ពី​លោក​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​១៩៩២ លោក ឈុត វុទ្ធី បាន​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា និង​ធ្វើជា​គ្រូបង្ហាត់​នាយ​ទាហាន​នៅ​ក្រសួង​ការពារជាតិ។

លុះដល់​ឆ្នាំ​២០០៣ លោក ឈុត វុទ្ធី បាន​បម្រើ​ការងារ​នៅ​អង្គការ គ្លូបល វីនេស (Global Witness) មាន​តួនាទី​ជា​នាយករង​នៃ​អង្គការ​អន្តរជាតិ​មួយ​នេះ​ដែល​ធ្វើការ​ឃ្លាំមើល​អំពី​ការ​កាប់​ព្រៃឈើ​នៅ​កម្ពុជា​។

ក្រោយ​របប​ក្រុងភ្នំពេញ​បាន​បណ្ដេញ​អង្គការ គ្លូបល វីនេស ចេញពី​កម្ពុជា លោក ឈុត វុទ្ធី បាន​បង្កើត​អង្គការ​មួយ​ឈ្មោះថា អង្គការ​ការពារ​ធន​ធាន​ធម្មជាតិ​ដែល​គេ​ដឹង​ថា អង្គការ​របស់​លោក​មាន​ជំនួយ​ពី​ប្រទេស​អាល្លឺម៉ង់​ដែល​មាន​សកម្មភាព​ការងារ​ផ្ដោត​សំខាន់​លើ​ការ​ការពារ​ព្រៃឈើ​និង​ធនធានធម្មជាតិ​រហូត​ដល់​ឃាតក​បាញ់សម្លាប់​លោក​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២។ សព្វថ្ងៃ​កូនប្រុស​ច្បង​របស់​លោក ឈ្មោះ ឆឺយ ឧត្តមរស្មី ជា​អ្នក​បន្តវេន​វីរភាព​របស់​ឪពុក ដោយ​ដឹកនាំ​និង​បន្ត​ធ្វើជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។