ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី នៅ​តែ​គ្មាន​សង្ឃឹម​ថា នឹង​មាន​យុត្តិធម៌

ដោយ មួង ណារ៉េត
2019-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី (រូប​អង្គុយ​លើក​ដៃ) ក្នុង​ឈុត​មួយ​នៃ​វីដេអូ​ឯកសារ “I am Chut Wutty" ឬ "ខ្ញុំ​ជា ឈុត វុទ្ធី"។
សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី (រូប​អង្គុយ​លើក​ដៃ) ក្នុង​ឈុត​មួយ​នៃ​វីដេអូ​ឯកសារ “I am Chut Wutty" ឬ "ខ្ញុំ​ជា ឈុត វុទ្ធី"។
RFA Screenshot

ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រមាណ ៤០​នាក់ នាំគ្នា​ប្រារព្ធ​ខួប​៧​ឆ្នាំ​នៃ​ឃាតកម្ម​លោក ឈុត វុទ្ធី កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា។ ពួកគេ​បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្ដល់​យុត្តិធម៌​ដល់​លោក ឈុត វុទ្ធី និង​ស្វែងរក​ឃាតក​ពិត​ប្រា​ដក​នៅ​ពីក្រោយ​ឃាតកម្ម​របស់​លោក។

កូនប្រុស លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្តមរស្មី ប្រាប់​អាស៊ីសេរី​ថា លោក​សប្បាយចិត្ត​ដែល​មាន​សកម្មជន​បរិស្ថាន មន្ត្រី​សង្គម​ស៊ីវិល​បាន​ចូលរួម​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​គម្រប់ ៧​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​ឪពុក​លោក។ ជុំវិញ​ការ​ទាមទារ​យុត្តិធម៌​ដល់​ឪពុក កូនប្រុស​ច្បង​របស់​លោក ឈុត វុទ្ធី រូប​នេះ និយាយ​ថា លោក​គ្មាន​សង្ឃឹមថា រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ចេតនា​ក្នុង​ការ​ស្វែងរក​ឃាតក​ពិត​មក​ទទួលទោស​នោះ​ទេ៖ «អរគុណ​បងប្អូន​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​ទាំងអស់​ដែល​បាន​ចូលរួម​ពិធី​ថ្ងៃនេះ​ទោះ​តិច​ក្តី​ច្រើន​ក្តី​ខ្ញុំ​សប្បាយ ខ្ញុំ​ក៏​មាន​សារ​លើក​ទឹក​ដល់​អ្នក​សកម្មជន​បរិស្ថាន ដើម្បី​សង្គមជាតិ​ទាំងអស់​ឱ្យ​បន្ត​ឆន្ទៈ​ទៅ​មុខ​ទៀត»

ពិធីបុណ្យ​គម្រប់​៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ នេះ គឺ​បាន​រៀបចំ​នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ជាទី​កន្លែង​បញ្ចុះសព​លោក ឈុត វុទ្ធី។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សង្កេត​ឃើញ​ថា រយៈពេល​៧​ឆ្នាំ​មកនេះ សំណុំរឿង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី គ្មាន​ការ​វិវឌ្ឍ​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ទៅ​សមត្ថកិច្ច​ពន្លឿន​ការស៊ើបអង្កេត​របស់​ខ្លួន៖ «មើល​ទៅ​រយៈពេល​៧​ឆ្នាំ​ហើយ​ដែល​ភាព​ជឿនលឿន​នៃ​ការស៊ើបអង្កេត​លើ​លោក ឈុត វុទ្ធី នៅ​មិនទាន់​ឃើញ​ទេ ក្រៅពី​តែ​ការ​កាត់ទោស​យុវជន​ម្នាក់​ដែល​ជាប់ទោស​តែ​ប៉ុន្មាន​ខែ​ហ្នឹង»

លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក​កាលពី​ថ្ងៃ​ទី​២៦ ខែ មេសា ឆ្នាំ​២០១២ នៅ​ចំណុច​វាល​បី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង បន្ទាប់​ពី​លោក និង​អ្នកកាសែត​ពីរ​រូប​ទៀត បាន​ព្យាយាម​ចុះ​ថត​យក​រូបភាព និង​យក​ព័ត៌មាន​ជុំវិញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​អនាធិបតេយ្យ និង​ថត​គំនរ​ឈើ​របស់​ក្រុមហ៊ុន​កាប់​ឈើ ធីមប៊ឺ ហ្គ្រីន (Timber Green) នៅ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

របាយការណ៍​របស់​សមត្ថកិច្ច​បង្ហាញ​ថា ឃាតក​បាញ់សម្លាប់​លោក ឈុត វុទ្ធី គឺជា​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា​។ របាយការណ៍​នោះ​បញ្ជាក់​ថា ក្រោយ​បាញ់សម្លាប់ លោក ឈុត វុទ្ធី រួចហើយ លោក អ៊ិន រតនា ក៏បាន​បាញ់សម្លាប់​ខ្លួនឯង​ចំនួន​២​គ្រាប់។

របាយការណ៍​កងរាជអាវុធហត្ថ​នេះ មិន​ស៊ី​សង្វាក់​គ្នា​ជាមួយ​អង្គហេតុ នៅ​ក្នុង​សាលក្រម​របស់​តុលាការ​ខេត្ត​កោះកុង។ តុលាការ​ខេត្ត​នេះ រក​ឃើញ​បុរស​ម្នាក់ទៀត គឺ​លោក រ៉ាន់ បូរ័ត្ន ដែល​ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន ត្រូវ​មានទោស ជាប់ពន្ធនាគារ ២៤ ខែ ប៉ុន្តែ​ទោស​ចំនួន ១៨​ខែ​ត្រូវ​ព្យួរ។ សាលក្រម​នោះ ចេញ​នៅ​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ​២០១២ ត្រូវ​ចំ​ថ្ងៃ​គម្រប់ ៦​ខែ នៃ​ការ​ឃុំខ្លួន​លោក រ៉ាន់ បូរ័ត្ន។ គិត​មកដល់​ថ្ងៃ​ប្រកាស​សាលក្រម​នោះ លោក រ៉ាន់ បូរ័ត្ន ត្រូវ​រួចខ្លួន​ពី​ពន្ធនាគារ។

តុលាការ​ខេត្ត​កោះកុង ថា​លោក រ៉ាន់ បូ​រ័ត្ន ជា​អ្នក​កេះ​កៃ​កាំភ្លើង បាញ់សម្លាប់​ប៉េអិមឈ្មោះ អ៊ិន រតនា ដោយ​អចេតនា ក្រោយ​លោក អ៊ិន រតនា បាន​បាញ់សម្លាប់​លោក ឈុត វុទ្ធី។ សាលក្រម​ដដែល បន្ថែម​ថា​លោក រ៉ាន់ បូរ័ត្ន បាន​ទៅ​ដណ្ដើម​កាំភ្លើង​ពី​លោក អ៊ិន រតនា ដើម្បី​រារាំង​កុំ​ឱ្យ​មានការ​ផ្ទុះ​អាវុធ​ទៀត រួចហើយ ក៏​រាល​កៃ​កាំភ្លើង​ត្រូវ​ឈ្មោះ អ៊ិន រតនា ស្លាប់​នឹង​កន្លែង​កើតហេតុ​ជិត​ក្រុមហ៊ុន Timber Green ដែល​មាន​គំនរ​ឈើ និង​វល្លិ​រមៀត។

ប៉ុន្តែ​ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី និង​មន្ត្រី​សង្គម​ស៊ីវិល មិន​ជឿ​លើ​ការ​អះអាង​ទាំងនេះ​នោះ​ទេ ព្រោះ​សង្ស័យ​ថា អាជ្ញាធរ​មាន​គោលបំណង ចង់​បិទបាំង​ឃាតក​ពិត។ ពួកគាត់ នៅតែ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ បង្កើត​ក្រុម​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដើម្បី​រក​ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​រឿង​នេះ។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន អះអាង​ប្រាប់​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា​ថា សំណុំរឿង​លោក ឈុត វុទ្ធី នៅតែ​ស្ថិត​ក្នុង​ការស៊ើបអង្កេត​។ ប៉ុន្តែ​មិន​លោក​អាច​បញ្ជាក់​ថា ត្រូវការ​ពេលវេលា​ប៉ុន្មាន​ទៀត​នោះ​ទេ​។ លោក​បន្ត​ថា សមត្ថកិច្ច​តែងតែ​ខិតខំ​ស្រាវជ្រាវ ដើម្បី​រក​ការពិត​នៃ​រឿង​នេះ៖ «ចង់​ជម្រាប​អញ្ចេះ​ប្អូន ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ខ្ញុំ​មិន​និយាយ​ថា អ្នក​ណាៗ​ទេ ឱ្យ​តែ​ប្រជាពលរដ្ឋ​ឱ្យ​តែ​ជន​គ្រប់រូប​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​សុទ្ធតែ​ដុតដៃដុតជើង​រក ប៉ុន្តែ​យើងខ្ញុំ​ទទួល​ស្គាល់​ថា ក្នុង​មួយ​រយ​ករណី យើងខ្ញុំ​មិន​ទាន់​មាន​សមត្ថភាព​បង្ក្រាប​បាន​ទាំង​មួយ​រយ​ករណី​ទេ»

ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​រូប​នេះ កូនប្រុស​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្តមរស្មី ប្រាប់​ថា លោក​មិន​ជឿ​លើ​ការ​លើកឡើង​នេះ​ឡើយ។ លោក​បន្ត​ថា រយៈពេល​៧​ឆ្នាំ​កន្លង​មក​នេះ តុលាការ​មិនដែល​កោះហៅ​លោក​ឬ​ម្ដាយ​របស់​លោក​ម្ដង​ឡើយ​ណា​ជុំវិញ​សំណុំរឿង​ឪពុក​របស់​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល