ក្រុម​គ្រួសារ​និង​អ្នក​ការពារ​បរិស្ថាន​ទាមទារ​យុត្តិធម៌​ដល់​លោក ឈុត វុទ្ធី នៅ​ខួប​៦​ឆ្នាំ

ដោយ ទីន ហ្សាការីយ៉ា
2018.04.25
ឈុត វុទ្ធី ៨៥៥ ២០១៦ សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី (រូប​អង្គុយ​លើក​ដៃ) ក្នុង​ឈុត​មួយ​នៃ​វីដេអូ​ឯកសារ “I am Chut Wutty" ឬ "ខ្ញុំ​ជា ឈុត វុទ្ធី"។
RFA Screenshot

ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០១៨​នេះ ជា​ខួប​៦​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ជា​សកម្មជន​ការពារ​ព្រៃឈើ និង​ដីធ្លី​ដ៏​សកម្ម​កម្ពុជា។ ក្រុម​គ្រួសារ និង​សកម្មជន​បរិស្ថាន​ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ ស្វែងរក​ឃាតក​ពិត និង​អ្នក​ជាប់​ពាក់ព័ន្ធ​ឃាតកម្ម​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព។

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​លើកឡើង​ថា មក​ទល់​ពេល​នេះ របប​របស់​លោក ហ៊ុន សែន មិនទាន់​ស្វែងរក​ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ ឃាតកម្ម​លើ​លោក ឈុត វុទ្ធី បាន​នៅឡើយ​ទេ កត្តា​នេះ ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា និទ្ទណ្ឌភាព​នៅតែ​បន្ត​អូស​បន្លាយ​នៅ​ក្នុង​សង្គម​កម្ពុជា។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា អំពើ​ឃាតកម្ម​ទៅ​លើ​សកម្មជន​បរិស្ថាន អ្នក​ហ៊ាន​រិះគន់​របប​លោក ហ៊ុន សែន ជាច្រើន​នាក់ បាន​អូស​បន្លាយ​ពេល​ជាង​១​ទសវត្សរ៍​ទៅ​ហើយ​ក្ដី ប៉ុន្តែ​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគេ នៅ​មិនទាន់​ទទួល​យុត្តិធម៌​នៅឡើយ អ្នក​ទាំងនោះ រួមមាន លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​បណ្ឌិត កែម ឡី ជាដើម។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ក្រុងភ្នំពេញ​មិនទាន់​រក​ឃាតក​ពិត និង​អ្នក​ជាប់​ពាក់ព័ន្ធ​មិន​ឃើញ​នេះ ជា​ការ​បង្ហាញ​កាន់តែ​ច្បាស់​ថា អំពើ​និទ្ទណ្ឌភាព​នៅតែ​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​កម្ពុជា។

លោក អំ សំអាត បន្ថែម​ថា ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នេះ មាន​រយៈពេល​៦​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​ពួកគាត់ មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ។ លោក​បញ្ជាក់​ថា យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក ជា​រឿង​សំខាន់​ណាស់ ដើម្បី​ឲ្យ​របប​ក្រុងភ្នំពេញ​បញ្ចប់​នូវ​ការរិះគន់​ពី​សាធារណជន៖ «ទាំង​សង្គម​ស៊ីវិល ទាំង​ក្រុម​គ្រួសារ ចង់បាន​ការស្វែងរក​ឃាតក​ពិតប្រាកដ​លើ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ជាពិសេស​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ដោយ​ពិតប្រាកដ ដើម្បី​យក​ឃាតក​មក​ផ្ដន្ទាទោស»

លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ចំណុច​វាលបី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង បន្ទាប់ពី​លោក និង​អ្នកកាសែត​ពីរ​រូប​ទៀត បាន​ចូល​ទៅ​ថតរូប​ភាព​គំនរ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​កាប់ឈើ ជាទី​កន្លែង​កើតហេតុ។ ក្នុង​គ្រានោះ មន្ត្រី​កងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា បាន​ព្យាយាម​រារាំង​រហូតដល់​ផ្ទុះ​អាវុធ​ស្លាប់​ទាំងពីរ​នាក់ បន្ទាប់​ពី​លោក ឈុត វុទ្ធី ថត​គំនរ​ឈើ​មួយ​របស់​ក្រុមហ៊ុន​ដែល​គេ​ស្គាល់​ឈ្មោះថា ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ស្ដារ​បាត​អាង ដើម្បី​ធ្វើ​វារីអគ្គិសនី​ក្នុងស្រុក​ថ្មបាំង ខេត្ត​កោះកុង។

ក្រោយពី​ឃាតកម្ម​នេះ ក្រសួងមហាផ្ទៃ​បាន​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ស៊ើបអង្កេត​ឃាតកម្ម​នេះ ក្រោយពី​ស៊ើបអង្កេត គណៈកម្មការ​នេះ បាន​ធ្វើ​របាយការណ៍​បញ្ចប់​ការស៊ើបអង្កេត​ហើយ​អះអាង​ថា លោក អ៊ិន រតនា បាន់​បាញ់​ត្រូវ​រថយន្ត​លោក ឈុត វុទ្ធី ហើយក៏​ខ្ទាត​គ្រាប់​ត្រូវ​លោក ឈុត វុទ្ធី ស្លាប់​នៅ​កន្លែង​កើត​ហើយ ក្រោយ​មក អ៊ិន រតនា ក៏​បាញ់សម្លាប់​ខ្លួនឯង។ ក៏ប៉ុន្តែ​របាយការណ៍​ស៊ើបអង្កេត​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មិន​ជឿ​លើ​ការស៊ើបអង្កេត​នេះ​ទេ ដោយ​ពួកគេ​លើកឡើង​ថា ករណី​ឃាតកម្ម​នេះ មាន​អាថ៌កំបាំង​ច្រើន ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ជាថ្មី និង​មាន​ភាគី​ឯករាជ្យ​ចូលរួម។ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​មិន​ស៊ើបអង្កេត​ឡើងវិញ​ឡើយ។

លោក ឈុត វុទ្ធី មាន​អាយុ​ជាង ៤០​ឆ្នាំ រស់​នៅក្នុង​ភូមិ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។ លោក​មាន​កូន​ចំនួន​បី​នាក់ ប្រុស​ម្នាក់ ស្រី ២នាក់។ លោក ឈុត វុទ្ធី បាន​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ទាហាន​មកពី​ប្រទេស​រុស្ស៊ី។ បន្ទាប់​ពី​លោក​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​១៩៩២ លោក ឈុត វុទ្ធី បាន​ធ្វើការ​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា និង​ធ្វើជា​គ្រូបង្ហាត់​នាយទាហាន​នៅ​ក្រសួងការពារជាតិ។ លុះដល់​ឆ្នាំ​២០០៣ លោក ឈុត វុទ្ធី បាន​បម្រើ​ការងារ​នៅ​អង្គការ គ្លបបល វីនេស (Global Witness) មាន​តួនាទី​ជា​នាយករង​នៃ​អង្គការ​អន្តរជាតិ​មួយ​នេះ ដែល​ធ្វើការ​ឃ្លាំមើល​អំពី​ការ​កាប់​ព្រៃឈើ​នៅ​កម្ពុជា។

ក្រោយពី​របប​លោក ហ៊ុន សែន បាន​បណ្ដេញ​អង្គការ គ្លបបល វីនេស ចេញពី​កម្ពុជា លោក​ក៏បាន​បង្កើត​អង្គការ​មួយ​ឈ្មោះថា អង្គការ​ការពារ​ធន​ធាន​ធម្មជាតិ និង​មាន​ជំនួយ​ពី​ប្រទេស​អាល្លឺម៉ង់ (Germany) ដែល​មាន​សកម្មភាព​ការងារ​ផ្ដោត​សំខាន់​លើ​ការ​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ។ បច្ចុប្បន្ន អង្គការ​នេះ កូនប្រុស​របស់​លោក​ជា​អ្នកដឹកនាំ​បន្ត។

ស្ទើរ​មួយ​ជីវិត លោក ឈុត វុទ្ធី រស់​នៅតែ​ក្នុង​ព្រៃ មិនសូវ​បាន​ជួបជុំ​ក្រុម​គ្រួសារ​ឡើយ។ លោក ឈុត វុទ្ធី មិនមែន​ជា​មនុស្ស​ម្នាក់​ដែល​មានតែ​ទ្រឹស្ដី និង​អង្គុយតែ​នៅ​ក្នុង​ការិយាល័យ​នោះ​ទេ។ ក្នុង​ការ​បំពេញ​ការងារ​ដ៏​សំខាន់​នេះ លោក​តែងតែ​ចុះ​ទៅដល់​សហគមន៍​មូលដ្ឋាន​ជួប​ប្រជា​សហគមន៍ និង​ពិនិត្យមើល​ព្រៃឈើ​ដោយ​ផ្ទាល់ ហើយ​ជា​បន្តបន្ទាប់ លោក​តែងតែ​ហ៊ាន​និយាយ​រិះគន់​របប​លោក ហ៊ុន សែន ចំៗ​អំពី​បញ្ហា​អសមត្ថភាព​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ។

ភាពយន្ត​ឯកសារ​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា “I am Chut Wutty” "​ខ្ញុំ​ជា ឈុត វុទ្ធី" ត្រូវ​បាន​ជនជាតិ​អង់គ្លេស​ឈ្មោះ ហ្វ្រាន ឡាំប្រីកស៍ (Fran Lambrick) ផលិត​ឡើង​ដើម្បី​បង្ហាញ​ពី​សកម្មភាព​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​របស់​លោក ឈុត វុទ្ធី។ នៅ​ក្នុង​ឈុត​ឆាក លោក ឈុត វុទ្ធី បាន​ចុះ​ជួប​សហគមន៍​ព្រៃ​ឡង់ នៅ​ក្នុង​ខែត្រ​កំពង់ធំ កាល​ខែ​វិច្ឆិកា ឆ្នាំ​២០១១​នោះ លោក​បាន​ប្រាប់​សហគមន៍​ព្រៃឡង់​ថា ពេល​លោក​ចុះ​ព្រៃ​ម្ដងៗ លោក​តែងតែ​ផ្ដែផ្ដាំ​ប្រពន្ធ​កូនលោក ព្រោះ​លោក​ដឹង​ថា លោក​ប្រឈម​នឹង​ការ​បាត់​បង់ជីវិត​គ្រប់​ពេល។

កូនប្រុស​ច្បង​លោក ឈុត វុទ្ធី ដែល​កាន់​ការងារ​បន្ត​ពី​លោក គឺ លោក ឆឺយ ឧត្តមរស្មី ដែល​ឥលូវ​នេះ លោក​បាន​អញ្ជើញ​មកដល់​រដ្ឋ​កាលីហ្វរនីញ៉ា សហរដ្ឋអាមេរិក មាន​ប្រសាសន៍​ថា លោក ត្រូវ​បាន​សហគមន៍​ខ្មែរ​អញ្ជើញ​លោក មក​សហរដ្ឋអាមេរិក ដើម្បី​មក​ធ្វើ​ពិធី​រំលឹក​ខួប​៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ឪពុក​របស់​លោក ដែល​នឹង​រៀបចំឡើង​នៅ​ទីក្រុង​ស្ដុកតុន (Stockton) នៅ​ថ្ងៃ​ទី​២៩ មេសា​នេះ។ លោក ឧត្តមរស្មី លើកឡើង​ថា នៅ​ថ្ងៃ​ខួប​៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នេះ លោក​គ្មាន​ចង់បាន​អ្វី​ក្រៅពី​យុត្តិធម៌​ជូន​ឪពុក​លោក​នោះ​ឡើយ៖ «ទី​២​គោលបំណង​របស់​លោក ឈុត វុទ្ធី ចង់​ឃើញ​សកម្មភាព​កាប់​ឈើ​ត្រូវ​បាន​បញ្ឈប់ តែ​ជាក់ស្ដែង​ការ​កាប់​ឈើ ជញ្ជួន​ទៅ​វៀតណា​នៅតែ​ដឹកនាំ​បន្ត​ទៅ​ដោយ​ក្រុម​ឈ្មួញ​ដដែល»

លោក ឆឺយ ឧត្តមរស្មី បន្ថែម​ថា នៅ​ឯ​កម្ពុជា ក៏​សកម្មជន​បរិស្ថាន​ក៏​នឹង​រៀបចំ​ខួប​៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នៅ​ខែត្រ​មួយ​ចំនួន និង​នៅ​រាជធានី​ភ្នំពេញ​ដែរ។ លោក​អះអាង​ថា លោក​គ្រោង​នឹង​រៀបចំ​ខួប​បាញ់សម្លាប់​នេះ ជា​ទ្រង់ទ្រាយ​ធំ ក្នុង​ខួប​១០​ឆ្នាំ នៅ​ឯ​ស្រុក​ថ្មបាំង ខែត្រ​កោះកុង។

នៅ​ក្នុង​របប​លោក ហ៊ុន សែន ពោរពេញ​ដោយ​អំពើ​ហិង្សា។ អំពើ​ឃាតកម្ម និង​ការ​សម្លាប់​មនុស្ស​ក្រៅច្បាប់ តែង​កើតមាន​ជា​ហូរហែ​មកទល់​សព្វថ្ងៃ បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ចែងថា ជន​គ្រប់រូប​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត មាន​សេរីភាព និង​សន្តិសុខ​ផ្ទាល់ខ្លួន​យ៉ាង​ណា​ក្តី។

អំពើ​ឧក្រិដ្ឋ​ទាំងនោះ ត្រូវ​បាន​ធ្វើឡើង​សំដៅ​សកម្មជន​នយោបាយ អ្នក​រិះគន់​រដ្ឋាភិបាល និង​អ្នកសារព័ត៌មាន។ ស្ថានភាព​នេះ​កាន់តែ​អាក្រក់ នៅ​ពេល​ដែល​អាជ្ញាធរ​មិន​អាច​វែកមុខ​ចាប់​ជន​ប្រព្រឹត្តិ ឬ​ស្វែងរក​អ្នកទទួលខុសត្រូវ​បាន​នោះ។ គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ចាត់ទុកថា នេះ​ជា​អំពើ​និទ្ទណ្ឌភាព​ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​កសាង​នីតិរដ្ឋ​របស់​កម្ពុជា។

ជាង ២​ទសវត្សរ៍​មក​នេះ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ជាង ១០០​នាក់​ដែរ ដែល​ត្រូវ​បាន​ធ្វើឃាត​ដោយ​សារ​ការ​បំពេញ​មុខងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ការ​ធ្វើ​សកម្មភាព​នយោបាយ និង​ហេតុផល​ដទៃ​ទៀត។ អ្នក​ទាំងនោះ​រួមមាន អ្នក​សារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី ព្រះសង្ឃ មេដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នកវិភាគ​នយោបាយ។

របាយការណ៍​នៃ​ការ​កាន់អំណាច​របស់​លោក ហ៊ុន សែន រយៈពេល ៣០​ឆ្នាំ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ការ​វាយប្រហារ និង​បាញ់សម្លាប់​សកម្មជន​បក្ស​ប្រឆាំង និង​សហជីព កើត​មាន​ជាច្រើន​ករណី​នៅ​ចន្លោះ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​២ និង​ទី​៣។ នៅ​ក្នុង​របាយការណ៍​ដដែល​នេះ សរសេរ​ថា អាជ្ញាធរ​រដ្ឋាភិបាល​មិនបាន​វែកមុខ​ចាប់​ជន​ដៃដល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ករណី​ហិង្សា​ទាំងពីរ​ព្រឹត្តិការណ៍ យក​មក​ផ្ដន្ទាទោស​តាមច្បាប់​នោះ​ទេ។ ផ្ទុយទៅវិញ អ្នក​ដែល​ជាប់​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឧក្រិដ្ឋ​ទាំងពីរ បែរជា​ត្រូវ​បាន​ដំឡើង​ឋានៈ និង​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅវិញ។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា យុត្តិធម៌​នៅ​កម្ពុជា​គឺ​មាន​តែ​សម្រាប់​ក្រុម​គ្រួសារ​អ្នក​មានអំណាច​តែប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ លោក ឈុត វុទ្ធី និង​ពលរដ្ឋ​ទន់ខ្សោយ​ដទៃ​ទៀត នឹង​មិន​អាច​ទទួល​បាន​យុត្តិធម៌​ឡើយ។ លោក អ៊ូច ឡេង បាន​អះអាង​ថា លោក ឈុត វុទ្ធី មាន​វីរភាព​ធំធេង​ណាស់​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​លោក​បាន​ប្ដូរជីវិត​សម្រាប់​ពលរដ្ឋ​ខ្មែរ ក្នុង​បុព្វហេតុ​ការពារ​ធនធានធម្មជាតិ តែ​យ៉ាង​នេះ​ក្ដី រដ្ឋាភិបាល​នៅតែ​មិន​ទទួល​បាន​ជោគជ័យ​លើ​ការពារ​ព្រៃឈើ ដោយសារតែ​ក្រុម​ឈ្មួញ​មាន​លុយ មានអំណាច ជា​អ្នក​ឃុបឃិត​គ្នា​ក៏​ការ​ជួញដូរ​ឈើ​ទៅ​បរទេស៖ «យុត្តិធម៌​ត្រូវ​ចាប់​បាន​ឃាតក​ពិតប្រាកដ យុត្តិធម៌​គឺ​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​គាត់​ត្រូវ​ផ្ដល់​សំណង​ឲ្យ​រស់នៅ​ដោយ​សេរី និង​សុខ​ស្រួល ដូច​ប្ដី​គាត់​គាត់​នៅ​រស់»

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ឯ​ខែត្រ​ព្រះសីហនុ បាន​ថ្លែង​ព្រមាន​ដក​តួនាទី​មន្ត្រី​ក្រោមបង្គាប់​របស់​លោក​ជាថ្មី​ម្ដងទៀត បើសិនជា​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​នេះ។

ទោះបីជា​បែបនេះ​ក្ដី ចំពោះ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នេះ លោក ឈុត វុទ្ធី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​លោក​នៅ​មាន​ជីវិត​ថា ពលរដ្ឋ​ខ្មែរ​មិន​អាច​ពឹង​ពាក់​របប​លោក ហ៊ុន សែន បានទេ ពីព្រោះ មន្ត្រី​ដែល​មាន​តួនាទី​ការពារ​ព្រៃឈើ ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ឈ្មួញ ធ្វើ​ឲ្យ​សម្បត្តិ​ធម្មជាតិ​កម្ពុជា វិនាស​ហិនហោច៖ «គាត់​ត្រូវតែ​សហការ​គ្នា​ក្រោក​ឈរ​ឡើង​ដើម្បី​ការពារ​ធនធាន​ទាំងអស់​នោះ កុំ​រង់ចាំ​តែ​រដ្ឋាភិបាល»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។