សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី​ព្រម​ប្រគល់​រថយន្ត​ដឹក​ឈើ​ទៅ​ឲ្យ​មន្ត្រី​បរិស្ថាន

ដោយ រដ្ឋា វិសាល
2015-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​រតនគិរី។
ផែនទី​ខេត្ត​រតនគិរី។
Photo: RFA

សហគមន៍​ភូមិ​ប៉ាតត់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី រួម​ទាំង​មន្ត្រី​មូលដ្ឋាន មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វ​ព្រៃ តំណាង​ក្រុមហ៊ុន​ជីងហ្យុងរី និង​មន្ត្រី​សង្គម​ស៊ីវិល គ្រោង​ជួប​ជុំ​គ្នា​លើក​ទី​ពីរ ដើម្បី​ដោះស្រាយ​បាតុភាព​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ។ កន្លង​ទៅ សហគមន៍​រឹប​អូស​រថយន្ត​ស្ទូច​ឈើ​មួយ​គ្រឿង និង​ឈើ​មូល ៩​ដើម និង​ចោទ​ថា មន្ត្រី​អនុរក្ស និង​ក្រុមហ៊ុន ឃុបឃិត​គ្នា​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ក្នុង​ព្រៃ​អភិរក្ស។

មន្ត្រី​គម្រោង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អះអាង​ថា ការ​សម្រប​សម្រួល​បាតុភាព​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​របស់​សហគមន៍​ភូមិ​ប៉ាតត់ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា បន្ទាប់​ពី​ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​គ្នា​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឈើ​មូល ៩​ដើម និង​រថយន្ត​រ៉េវ​ស្ទូច​ឈើ​មួយ​គ្រឿង ត្រូវ​បាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ប៉ាតត់ ឡោម​ព័ន្ធ​ចាប់​យក​មក​រក្សា​ទុក​នៅ​សាលា​ភូមិ​របស់​សហគមន៍។ អ្នក​ភូមិ​ចោទ​ថា ឈើ​នេះ​មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​បី​នាក់ ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ​ជីងហ្យុងរី កាប់​ពី​ក្នុង​ព្រៃ​អភិរក្ស​សហគមន៍។

មន្ត្រី​ក្រុម​ការងារ​ថ្នាក់​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មាស សុភា មាន​ប្រសាសន៍​បញ្ជាក់​ថា ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​គ្នា​បញ្ចប់​បញ្ហា​តាម​រយៈ​ការ​សម្រប​សម្រួល ឲ្យ​សហគមន៍​ប្រគល់​រថយន្ត​ជូន​មន្ត្រី​បរិស្ថាន​វិញ ពីព្រោះ​ការ​ចាប់​ឃាត់​រថយន្ត គឺ​ជា​ការ​ភ័ន្តច្រឡំ។ លោក​ពន្យល់​ថា មន្ត្រី​បរិស្ថាន​បាន​បញ្ជាក់​ថា ឈើ​នោះ គឺ​មន្ត្រី​បរិស្ថាន​បាន​រឹប​អូស​ពី​ក្នុង​ព្រៃ ហើយ​ខ្ចី​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ពី​ព្រៃ​មក​រក្សា​ទុក​នៅ​ស្នាក់ការ​អនុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ ប៉ុន្តែ​សហគមន៍​បាន​ឃើញ ហើយ​នាំ​គ្នា​ចោទ​ថា មន្ត្រី​បរិស្ថាន​កាប់​ឈើ​នោះ៖ «រឿង​នេះ​សហគមន៍​គាត់​ប្រើ​សិទ្ធិ​របស់​គាត់​អត់​ហួស​អ្វី​ដែល​គាត់​មាន​ទេ គឺ​គាត់​ការពារ​ព្រៃ​សហគមន៍។ គាត់​គ្រាន់​តែ​អាច​មាន​ការ​យល់​ច្រឡំ។ មាន​ការ​ចោទ​ប្រកាន់​ខុស​ថា ឈើ​ហ្នឹង​ជា​ឈើ​របស់​បរិស្ថាន និង​ក្រុមហ៊ុន​ឃុបឃិត​គ្នា។ ប្រហែល​ជា​ការ​យល់​ច្រឡំ»

សហគមន៍​ភូមិ​ប៉ាតត់ គ្រោង​បើក​កិច្ច​ប្រជុំ​នៅ​សាលា​ប្រជុំ​ភូមិ​ប៉ាតត់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ដើម្បី​ដោះស្រាយ​ករណី​រឹប​អូស​រថយន្ត​ដែល​សហគមន៍​ចាត់​ទុក​ថា ជា​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ ក៏ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​ខកខាន​ដោយសារ​មន្ត្រី​បរិស្ថាន និង​ភាគី​ក្រុមហ៊ុន មិន​មក​ចូលរួម។

ទាក់ទិន​គម្រោង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី លោក ជូ សុភ័ក្រ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ លោក​បញ្ជាក់​ខ្លី​ថា អ្វីៗ​នឹង​បាន​ដឹង​ច្បាស់​នៅ​ថ្ងៃ​សម្រប​សម្រួល​នោះ​ហើយ៖ «ខ្ញុំ​លែង​បកស្រាយ​ហើយ បង​ឯង​ទៅ​ជួប​ខ្លួន​ឯង​ទៅ​ណា!»

ចំណែក​អធិការ​ប៉ូលិស​ស្រុក​លំផាត់ លោក សូយ ថាវ បញ្ជាក់​ដែរ​ថា ប៉ូលិស​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ករណី​នេះ​ដែរ ប៉ុន្តែ​ប៉ូលិស​មិន​អាច​រក​ភស្តុតាង​វាយ​តម្លៃ​ថា ឈើ និង​រថយន្ត​ដែល​សហគមន៍​រឹប​អូស​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ ឬ​យ៉ាង​ណា ពីព្រោះ​ព្រៃ​តំបន់​នោះ​ភាគី​សហគមន៍​អះអាង​ថា​ជា​ព្រៃ​អភិរក្ស។ ចំណែក​ក្រុមហ៊ុន​អះអាង​ថា ជា​ព្រៃ​រដ្ឋ​ផ្តល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​មក​ឲ្យ​ក្រុមហ៊ុន៖ «យើង​អត់​ទាន់​ដឹង​ខាង​ណា​ខុស​ខាង​ណា​ត្រូវ​ទេ ពីព្រោះ​ពី​មុន​មក​អត់​ទាន់​មាន​អ្នក​ណា​ផ្ទៀងផ្ទាត់​ដី​ក្រុមហ៊ុន និង​ដី​សហគមន៍។ អត់​មាន​ផែនទី​អះអាង​ម្ខាងៗ ខ្ញុំ​អត់​ដឹង​ទេ»

តំណាង​សហគមន៍ លោក អិន ខាំបែក ធ្លាប់​បាន​បញ្ជាក់​មូលហេតុ​នាំ​ឲ្យ​សហគមន៍​លើក​គ្នា​ទៅ​ស្ទាក់​ចាប់​រថយន្ត​ដឹក​ឈើ​នេះ គឺ​ដោយសារ​តែ​អ្នក​ភូមិ​ខឹង​សម្បា​នឹង​មន្ត្រី​អនុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ តែង​ចាប់​យក​គ្រឿង​សម្ភារៈ​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ដែល​សហគមន៍​អារ​ក្នុង​ព្រៃ ដើម្បី​ធ្វើ​លំនៅឋាន។ ហេតុ​នេះ ខណៈ​សហគមន៍​ឃើញ​មន្ត្រី​អនុរក្ស​អម​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍ ក៏​លើក​គ្នា​ទប់ស្កាត់ ហើយ​រឹប​អូស​រថយន្ត​មក​រក្សា​ទុក​ជា​បទល្មើស​ព្រៃ​ឈើ៖ «ប្រជាពលរដ្ឋ​ទៅ​អារ​ឈើ​មាន​សំបុត្រ​ពី​ភូមិ​ឃុំ ហើយ​បរិស្ថាន​ហាម​ឃាត់​មិន​ឲ្យ​សហគមន៍​អារ​ឈើ ហើយ​មួយ​សន្ទុះ​ទៀត ឃើញ​បរិស្ថាន​យក​ឡាន​មក​ដឹក​ឈើ​ដើម​ឈើ​ក្រំ​កាត់​គល់​កាត់​ចុង​ទាំង​មូលៗ​មក​ដឹក។ បរិស្ថាន​អ្នក​អារ​កាត់​ចុង​កាត់​គុល ត្រកូល​អត់​ស្គាល់​ទេ ស្គាល់​តែ​ទូច សហគមន៍​អារ​ឈើ​ខុស​ដល់​ខ្លួន​ឯង អារ​ទាំង​មូលៗ​អត់​ខុស អ៊ីចឹង​ហើយ​បាន​ជា​សហគមន៍​ចុះ​ទៅ​ចាប់»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មាស សុភា អះអាង​ថា ការ​សម្រប​សម្រួល​ប្រគល់​រថយន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​វិញ រួម​ទាំង​ការ​សន្យា​មិន​ឲ្យ​ក្រុមហ៊ុន​ចូល​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា នៅ​សាលា​ភូមិ​ប៉ាតត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល