ក្រុម​ស្រាវជ្រាវ​បញ្ជាក់​ថា​ឡាវ​មិន​ទាន់​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង

ដោយ ឡេង ម៉ាលី
2015-07-16
Share
វារី​អគ្គិសនី​ដនសាហុង ៦១០ ១២-មីនា-២០១៤៖ ច្រក​ទន្លេ​ហ៊ូសាហុង (Hou Sahong) ដែល​ប្រទេស​ឡាវ គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ក្នុង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។
RFA/Yeang Socheametta

ក្រុម​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​របស់​រាជបណ្ឌិត្យសភា​កម្ពុជា ចុះ​ទៅ​ពិនិត្យ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) នៅ​ប្រទេស​ឡាវ រក​ឃើញ​ថា រដ្ឋាភិបាល​ឡាវ មិន​ទាន់​ចាប់​ផ្ដើម​សាងសង់​នៅ​ឡើយ​ទេ។

លោក​បណ្ឌិត សុខ ទូច ដែល​ដឹក​នាំ​ក្រុម​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ចុះ​ទៅ​ពិនិត្យ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង របស់​រដ្ឋាភិបាល​ឡាវ ថ្លែង​ថា ស្ថានភាព​ជាក់ស្ដែង​នៅ​មិន​ទាន់​មាន​អ្វី​ប្លែក​នៅ​ឡើយ​ទេ។

លោក​មាន​ប្រសាសន៍​បញ្ជាក់​ពេល​ឆ្លង​មក​កម្ពុជា វិញ នៅ​ព្រលប់​ថ្ងៃ​ទី​១៥ កក្កដា ថា អ្វីៗ​ដែល​មាន​ពី​មុន​មក​នៅ​លើ​កោះ​ដនសាហុង និង​តំបន់​ជុំវិញ គឺ​នៅ​មាន​ស្ថានភាព​ដដែល​ទេ៖ «មក​ដល់​ដំណាក់​កាល​នេះ មិន​មែន​បន្ត​ការ​កសាង​ទេ គឺ​មិន​ទាន់​មាន​ការ​សាងសង់។ អត់​ទាន់​មាន​អី​ទេ។ អ្វី​ដែល​មាន​កាល​ពី ១០០​ឆ្នាំ​មុន វា​នៅ​តែ​ដដែល​អ៊ីចឹង វា​អត់​មាន​ប្រែប្រួល​អី​ទេ ហើយ​ភូមិ​អ្នក​ស្រុក​អី​ក៏​អត់​ដែរ ប្រែប្រួល​តែ​ឈូស​ផ្លូវ ឈូស​ផ្លូវ​ធ្វើ​ធំ ហើយ​ផ្លូវ​ហ្នឹង​ដឹក​ជា​លក្ខណៈ​ដែក​អី គឺ​អត់​មាន​ទេ។ សាឡាង​៣ មក​ហ្នឹង ដែល​យើង​បាន​ថត យើង​បាន​ឈរ​ឃើញ​ហ្នឹង​ដឹក​អេស្កាវ៉ាទ័រ និង​រ៉ូឡូ កិន​ថ្នល់​នោះ​ទេ»

លោក​បណ្ឌិត សុខ ទូច ថ្លែង​ទៀត​ថា ផ្លូវ​ដែល​ឈូស​ឆាយ​ពង្រីក​ធំ​ជាង​មុន​នោះ គឺ​ផ្លូវ​ចាក់​បេតុង​ប្រវែង ២០​ម៉ែត្រ​ឡើង​ច្រាំង​ទៅ​លើ​កោះ​ដនសាហុង។ កម្មករ​ដែល​ធ្វើ​ផ្លូវ គឺ​ជា​អ្នក​ភូមិ​រស់នៅ​ចុង​កោះ​ដនសាហុង។ ការ​ប្រែប្រួល​បន្តិចបន្តួច​នេះ គឺ​លោក​ប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​ដែល​បាន​ពិនិត្យ​កាល​ពី​ខែ​កុម្ភៈ។ លោក​សន្និដ្ឋាន​ថា ការ​មិន​ទាន់​សាងសង់​នេះ គឺ​លោក​ជឿ​ថា ឡាវ គោរព​តាម​កិច្ច​ព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​ជា​ហត្ថលេខី​នៃ​សេចក្ដី​ថ្លែងការណ៍​ហួហ៊ីន ប្រទេស​ថៃ ឆ្នាំ​២០១០ និង​សេចក្ដី​ថ្លែងការណ៍​ក្នុង​ហូជីមិញ ប្រទេស​វៀតណាម ឆ្នាំ​២០១៤ និង​ការ​សន្យា​ជាមួយ​កម្ពុជា៖ «ទី​បួន​ហ្នឹង ប្រធាន​បក្ស​របស់​ប្រទេស​ឡាវ បាន​ចរចា​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ដោយ​លើ​ជំហរ​ថា សិក្សា​ឲ្យ​បាន​សព្វគ្រប់​ទើប​សាងសង់។ ក្នុង​ករណី​ប៉ះពាល់​មាន​លក្ខណៈ​ជ្រាលជ្រៅ ភាគី​ឡាវ នឹង​មិន​ធ្វើ។ អ៊ីចឹង យើង​ចង់​ទៅ​ត្រួត​ពិនិត្យ​ថា តើ​ឡាវ គោរព​នូវ​កិច្ចសន្យា​ទាំង​បួន​ចំណុច​ខាង​លើ​ហ្នឹង​ដែរ​ឬ​ទេ? អ៊ីចឹង យើង​ឃើញ​ថា ភាគី​ឡាវ មិន​មាន​ប្រែប្រួល​អ្វី​ជា​ដុំ​កំភួន​ដូច​ការ​ផ្សព្វផ្សាយ ឬ​អ្នក​ស្រាវជ្រាវ​ដទៃ ព្រោះ​យើង​បាន​ទៅ​ដល់​ទីនោះ​ច្បាស់​ណាស់ គ្មាន​ការ​ប្រែប្រួល​ទេ»

លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា ថ្វី​បើ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង មិន​ចាប់​ដំណើរ​ការ​ក៏​ពិត​មែន ក្នុង​នាម​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​នេះ ព្រោះ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ឡាវ មិន​ទាន់​សិក្សា​ស៊ី​ជម្រៅ ឬ​បង្ហាញ​ឯកសារ​ពី​ផល​ប៉ះពាល់​លើ​ប្រទេស​កម្ពុជា នៅ​ឡើយ​ទេ។ លោក​ទទូច​ឲ្យ​ឡាវ សិក្សា​ស៊ី​ជម្រៅ ដើម្បី​ចៀសវាង​ការ​បាត់​បង់​ធនធាន​ដ៏​មាន​តម្លៃ​របស់​មនុស្ស​ជាតិ។

ពលរដ្ឋ​លើក​បដា​បង្ហាញ​ពី​សារសំខាន់​នៃ​ទន្លេ​មេគង្គ និង​ទន្លេសាប ទ្រទ្រង់​ជីវិត​មនុស្ស​រាប់​លាន​នាក់ នា​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៤។
ពលរដ្ឋ​លើក​បដា​បង្ហាញ​ពី​សារសំខាន់​នៃ​ទន្លេ​មេគង្គ និង​ទន្លេសាប ទ្រទ្រង់​ជីវិត​មនុស្ស​រាប់​លាន​នាក់ នា​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Mom Sophon

ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ជា​បញ្ហា​ចម្រូងចម្រាស​ក្នុង​សហគមន៍​អន្តរជាតិ ជាពិសេស​ពលរដ្ឋ និង​ប្រទេស​ដែល​នៅ​តាម​ដង​ទន្លេ​មេគង្គ។

កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤ ប្រធាន​គ្រប់គ្រង​កម្មវិធី​នៃ​អង្គការ​សម្ពន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល ឬ​ហៅ​ថា អង្គការ​ហ្វែក (FACT) លោក យុគ សេងឡុង ថ្លែង​ថា ការ​សាងសង់​ទំនប់​ដនសាហុង មាន​កត្តា​ប៉ះពាល់​សំខាន់​បំផុត​២។ ទី​មួយ ធនធាន​ជលផល គឺ​ការ​រាំង​ខ្ទប់​ការ​បន្លាស់​ទី​របស់​ត្រី។ ទី​ពីរ ប៉ះពាល់​ជីវភាព​របស់​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ រហូត​ដល់​ទៅ ៦០​លាន​នាក់។ ពលរដ្ឋ​ទាំង​នេះ រស់នៅ​ពឹង​ផ្អែក​លើ​ទន្លេ​មេគង្គ ទាំង​ធនធាន​ជលផល ទាំង​ការងារ ចំណី​អាហារ និង​របរ​កសិកម្ម។

សហគមន៍​អន្តរជាតិ ទាមទារ​ឲ្យ​ឡាវ បញ្ឈប់​គម្រោង​សាងសង់​នេះ ទោះ​ជា​រដ្ឋាភិបាល​ឡាវ លើក​ហេតុផល​យ៉ាង​ណា​ក៏ដោយ។

លោក​បណ្ឌិត សុខ ទូច សង្ឃឹម​ថា រដ្ឋាភិបាល​ឡាវ នឹង​មិន​សង់​ទំនប់​វារីអគ្គិសនី​នេះ​ទេ។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា និង​រាជបណ្ឌិត្យសភា​កម្ពុជា នឹង​ប្រើ​គ្រប់​លទ្ធភាព និង​មធ្យោបាយ ដើម្បី​ទប់ស្កាត់​ការ​សាងសង់​ទំនប់​ដនសាហុង នេះ។ លោក​បញ្ជាក់​ទៀត​ថា រាជបណ្ឌិត្យសភា​កម្ពុជា នឹង​បន្ត​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ជានិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល