អឺរ៉ុប​ផ្ដល់​មូលនិធិ​ជាង​៣លាន​ដុល្លារ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា

ដោយ មាន ឫទ្ធិ
2017-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សៀវភៅ​យុទ្ធសាស្ត្រ​ផែនការ​សកម្មភាព​អភិរក្ស​ខ្លា​ធំ​នៅ​កម្ពុជា ២០១៦-២០២០ របស់​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក (WWF)។
សៀវភៅ​យុទ្ធសាស្ត្រ​ផែនការ​សកម្មភាព​អភិរក្ស​ខ្លា​ធំ​នៅ​កម្ពុជា ២០១៦-២០២០ របស់​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក (WWF)។
Photo: RFA

សហភាព​អឺរ៉ុប និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​មូលនិធិ ជិត​៣ លាន​យូរ៉ូ (ប្រហែល​ជាង ៣,៣ លាន​ដុល្លារ​អាមេរិក) ដើម្បី​ការពារ​ធនធានធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា។

កិច្ចព្រមព្រៀង​នេះ គ្រប​ដណ្ដប់​លើ​គម្រោង​គាំទ្រ​ការ​គ្រប់គ្រង​ដោយ​ចិរភាព នៃ​ធនធាន​ព្រៃឈើ​ដ៏​សម្បូរ​បែប​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​មាន​រយៈពេល ៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២។ គម្រោង​នេះ មាន​ឈ្មោះថា គម្រោង «​បង្កើន​សមត្ថភាព​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ធានា​នូវ​ដំណោះស្រាយ​និរន្តរភាព ឬ​ហៅ​កាត់​ថា ACCESS» ។ គោលបំណង​នៃ​គម្រោង​នេះ គឺ​ដើម្បី​ពង្រឹង​តួនាទី និង​ការចូលរួម​របស់​សហគមន៍​ដែល​ពឹង​ផ្អែកលើ​ព្រៃឈើ​នៅ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​អភិបាលកិច្ច​ល្អ រៀបចំ​កិច្ចពិភាក្សា​គោលនយោបាយ​ប្រកបដោយ​ការ​ចូលរួម និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) ផ្សាយ​ថ្ងៃ​ទី​២៥ ធ្នូ ឲ្យ​ដឹង​ថា គម្រោង​នេះ នឹង​ត្រូវ​អនុវត្ត​ដោយ​សម្ព័ន្ធ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​បី រួមមាន អង្គការ​មូលនិធិ​សកល​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ (WWF) មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍ (CLEC) និង​អង្គការ​ភូមិ​ខ្ញុំ (MVI)។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ឲ្យ​ដឹង​ដែរ​ថា អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​គម្រោង​នេះ មាន​ចំនួន ២​ពាន់ គ្រួសារ ក្នុង​ភូមិ​ចំនួន ៣៤ ស្ថិត​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រែពក និង​ដែក​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច ក្នុង​ខេត្ត​មណ្ឌលគិរី។

លោក សេង ទៀក នាយក​ប្រចាំ​ប្រទេស នៃ​អង្គការ WWF-Cambodia ថ្លែង​ថា តំបន់​ព្រៃ​ការពារ​សហគមន៍​ទាំងនេះ គឺ​ប្រៀប​ដូច​ជា​របង​មានជីវិត ដែល​ការពារ​ព្រៃឈើ និង​ជីវចម្រុះ។ លោក​ថា ការ​រួម​បញ្ចូល និង​ពង្រឹង​អំណាច​របស់​សហគមន៍ ក្នុង​ការ​គ្រប់គ្រង​ធនធាន​ព្រៃឈើ ដោយ​និរន្តរភាព គឺជា​ដំណើរ​ឆ្ពោះ​ទៅ​មុខ​នៃ​ការ​អភិរក្ស​ធនធានធម្មជាតិ។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ចច អែដហ្ការ (George Edgar) ថ្លែង​ថា ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​ជោគជ័យ លោក​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​ជាង​មុន ប្រឆាំង​នឹង​ការ​កាប់​ឈើ និង​បរបាញ់​សត្វព្រៃ​ខុសច្បាប់ ដែល​ជា​កត្តា​គំរាមកំហែង​ដល់​តំបន់​ទេសភាព​ពិសេសៗ និង​ប៉ះពាល់​ដល់​ជីវភាព​សហគមន៍​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល