ជនជាតិដើមភាគតិចខេត្ត​មណ្ឌលគិរី ប្រតិកម្ម​នឹង​អភិបាល​ខេត្ត​មណ្ឌលគិរី ដែល​ថា គ្មាន​បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​នេះ

ដោយ វ៉ែន សុមេធ
2018.11.08
ព្រៃឈើមណ្ឌលគិរី ៦២២ ឃ្លាំង​របស់​ឈ្មួញ​វៀតណាម ដែល​ទទួល​ទិញ​ឈើ​នៅ​ច្រក​ព្រំដែន ប៉ុស្តិ៍​លេខ ៧ ខេត្ត​មណ្ឌលគិរី។ឈើ​ឃ្លាំង​នេះ គឺ​ដឹក​ចេញ​ពី​ព្រៃ​អភិរក្ស​ខេត្ត​មណ្ឌលគិរី។
រូបថត៖ ពលរដ្ឋ​ផ្ដល់​ឲ្យ​កាល​ពី​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ ២០១៨

ជនជាតិ​ដើម​ភាគ​តិច​ព្នង (ពូនង) និង​សកម្មជន​បរិស្ថាន​ ប្រតិកម្ម​ចំពោះ​ ​ការ​លើក​ឡើង​របស់​អភិបាល​ខេត្ត​មណ្ឌលគិរី ​លោក ស្វាយ ​សំអ៊ាង និង​ប្រធាន​មន្ទីរ​កសិកម្ម​ លោក សុង ឃាង ដែល​អះអាង​ថា គ្មាន​បទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​នេះ​ទេ។ ពួក​គេ​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា ជា​លេស​យក​រួច​ខ្លួន​ និង​មិន​បាន​កែ​តម្រូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ឲ្យ​ប្រសើរ​ឡើយ។ ផ្ទុយ​ទៅ​វិញ​នាំ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន និង​មន្ត្រី​ខិលខូច​នៅ​តែ​ប្រព្រឹត្ត​បទ​ល្មើស​ដដែល។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់នៅ​ឃុំ​ប៊ូស្រា ​ស្រុក​ពេជ្រា​ដា ​និង​សកម្មជន​ការពារ​ព្រៃ​ឈើ​សង្កេត​ឃើញ​ថា អភិបាល​ខេត្ត​មណ្ឌលគិរី និង​ប្រធាន​មន្ទីរ​សិកម្ម​ខេត្ត ហាក់​ខ្វះ​ភាព​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ច​គាំពារ​ធនធាន​ធម្មជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​មិន​បាន​ទទួល​យក​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ទៅ​ដោះ​ស្រាយ​នោះ​ទេ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ រស់នៅ​ឃុំ​ប៊ួស្រា ​លោក ក្រើង តុលា ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា​ថា ពលរដ្ឋ​មាន​ភស្តុតាង​ជា​ច្រើន ដែល​ពួក​គេ​ប្រទះ​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​ និង​បាន​ថត​រួប​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសបុក ​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ។ លោក​ថា ថ្មីៗ នេះ ពួក​គេ​បង្ហោះ​រូបភាព​ឃ្លាំង​ស្តុក​ឈើ​របស់​ជន​ជាតិ​វៀតណាម ដែល​ទទួល​ទិញ​ឈើ​ ​ពី​ព្រៃ​អភិរក្ស​នៅ​ខេត្ត​មណ្ឌលគិរី ដែល​ឈ្មូញ​ដឹក​ទៅ​លក់​ឲ្យ​ជនជាតិ​វៀតណាម។ លោក​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់​ ជំរុញ​ឲ្យ​អភិបាល​ខេត្ត​នេះ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ឲ្យ​ម៉ឹង​ម៉ាត់ ដូច​ការ​ប្តេជ្ញា​ចិត្ត​មុន​ចូល​កាន់​តំណែង៖ «យ៉ាង​យូរ​តែ​មួយ​អាទិត្យ​ចាប់​ផ្តើម​កក្រើក​លើស​ដើម។ គាត់​មើល​តែ​បទ​បញ្ជា​ទេ ដល់​ពេល​គេ​ទៅ​ក្រសួង​អស់​ហើយ គាត់​ចាប់​ផ្តើម​ធ្វើ​ទៀត។ នេះ​មាន​ន័យ​ថា គាត់​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​លើ។ សូម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ និង​លោក ស ខេង ជួយ​ជំរុញ​អភិបាល​ខេត្ត​ហ្នឹង​ផង»

លោក​ក្រើង​ តុលា ​បន្ថែម​ថា រយៈ​ពេល​ជាង​ ២ឆ្នាំ​ហើយ ដែល​អភិបាល​រូប​នេះ​ចូល​កាន់​ដំណែង។ ក៏​ប៉ុន្តែ​បទ​ល្មើស​ព្រៃ​ឈើ​មិន​ថយ​ចុះ​នោះ​ទេ ​រហូត​ដល់​មាន​រថយន្ត​ដឹក​ឈើ​ខ្លះ​បើក​បុក​ពលរដ្ឋ និង​សត្វ​ពាហនៈ​ជា​ច្រើន​ករណី។

រីឯ​ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត​រស់នៅ​ ​ភូមិ​ពូរាំង ​ឃុំ​ប៊ូស្រា ​លោក ប្រូប ថាញ់ ឲ្យ​ដឹង​ថា ស្ទើរ​ជាង​រៀង​រាល់​យប់ៗ មាន​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​អភិរក្ស​ក្នុង​ខេត្ត​មណ្ឌលគិរី ​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម។ លោក​បារម្ភ​ថា រថយន្ត​ដឹក​ជញ្ជូន​ឈើ​ភាគ​ច្រើន​បើក​លឿន បង្ក​ហានិភ័យ​ខ្ពស់​ដល់​អ្នក​ដំណើរ។ ជាក់ស្តែង​ថ្មីៗ នេះ រថយន្ត​ដឹក​ឈើ​ក្រឡាប់​គាប លោក និង​ប្រពន្ធ​បាក់​ជើង​ម្ខាង ហើយ​បច្ចុប្បន្ន​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ៖ «រាល់​ថ្ងៃ​គេ​ដឹក​ឈើ​ជាង ២០ឡាន​យក​ទៅ​ប្រទេស​វៀតណាម។ គេ​ដឹក​ពី​ប៊ូស្រា ពី​កែវសីមា និង​ប៊ូជ្រៃ ទៅ​ប្រទេស​វៀតណាម​ច្រើន»

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី ​លោក សុខ សូរ៉ា ទទួល​ស្គាល់​ថា បទ​ល្មើស​ព្រៃ​ឈើ​កើត​មាន​ដោយ​តិច​តូច​ តាម​ម៉ូតូ​លក្ខណៈ​គ្រួសារ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ពលរដ្ឋ​នៅ​មូលដ្ឋាន។ លោក​បដិសេធ​ចំពោះ​ព័ត៌មាន​ថា មាន​បទល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​នេះ ព្រោះ​ក្នុង​អាណត្តិ​អភិបាល​ខេត្ត ស្វាយ សំអ៊ាង គឺ​គ្មាន​បទ​ល្មើស​ព្រៃ​ឈើ​ដឹក​តាម​រថយន្ត​ប៉ាកុង​នោះ​ទេ៖ «ឈើ​មាន​ជា​ការ​លួច​ដាក់​តិចតួច បើ​ទ្រង់ទ្រាយ​ធំ​គ្មាន​ទេ។ មន្ត្រី​ទាំង​អស់​ជា​មន្ត្រី​ក្របខណ្ឌ​រដ្ឋ។ គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ បើ​ចៅហ្វាយ​ខេត្ត​ធ្វើ​ការ​ម្នាក់​ឯង មិន​បាច់​គ្មាន​ជំនាញ​ទេ តែ​ខេត្ត​ក៏​មិន​ព្រងើយ​កន្តើយ​ដែរ ហើយ​ខេត្ត​នឹង​ប្រឹង​ធ្វើ​កិច្ចការ​នេះ​បន្ត​ទៀត»

សកម្មជន​ការពារ​ព្រៃឈើ​លោក ហេង ស្រស់ ដែល​តែង​ចុះ​ឃ្លាំមើល​ពី​បទ​ល្មើស​ព្រៃ​ឈើ​យល់​ថា ពុំ​មែន​ជា​រឿង​ចម្លែក​ទេ ដែល​អាជ្ញាធរ​ឆ្លើយ​យក​រួច​ខ្លួន និង​ព្យាយាម​បិទបាំង​បទ​ល្មើស​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ។ លោក​សង្កេត​ឃើញ​ថា កន្លង​ទៅ​នៅ​ខេត្ត​មណ្ឌលគិរី មាន​ការ​កាប់​រំលំ​ឈើ​មូល​ដឹក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​រាប់​ម៉ឺន​ម៉ែត្រ​គូប ក៏​ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នៅ​តែ​បដិសេធ​ថា គ្មាន​បទ​ល្មើស​ព្រៃ​ឈើ។ ចំណែក​ទំហំ​ព្រៃ​ឈើ​ក្នុង​ព្រៃ​អភិរក្ស​កំពុង​ទទួល​រង​វិនាស​មហន្តរាយ​យ៉ាង​ខ្លាំងក្លា​នៅ​គ្រប់​តំបន់៖ «រាល់​ព្រៃ​ឈើ ដែល​ចេញ​ទៅ​ប្រទេស​វៀតណាម​ទាំង​អស់។ រាល់​មន្ត្រី​ទាំង​អស់ មិន​ដែល​ទទួល​ស្គាល់​ថា ខ្លួន​ធ្វើ​ការ​អន់​ទេ។ ព្យាយាម​តែ​ការពារ​ខ្លួន​ឯង​ថា មិន​មាន​ការ​កាប់​ព្រៃ​ឈើ តែ​ព្រៃ​ឈើ​រលាយ​ហិនហោច​ដោយសារ​ក្រុម​ឧក្រិដ្ឋជន និង​រលាយ​ដោយសារ​មន្ត្រី​មួយ​ចំនួន​ព្យាយាម​ការពារ​តំណែង​របស់​ខ្លួន»

កាលពី​ពេល​ថ្មី​ៗ​នេះ​ លោក​ ស ​ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ព្រមាន​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង ថា ត្រូវ​ពិនិត្យ​មើល​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​ដោះ​ស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់។ បើ​ពុំ​ដូច្នេះ​ទេ​នឹង​ត្រូវ​មាន​រឿង៖ «សូម​ផ្តាំ​ទៅ​អភិបាល​ខេត្ត​មណ្ឌលគិរី​ ត្រូវ​ដោះ​ស្រាយ​ បើ​មិន​អ៊ីចឹង​មាន​រឿង​ហើយ។ វា​កន្លង​ទៅ​មាន​បញ្ហា​ច្បាប់​ព្រៃឈើ។ បើ​ធ្វើ​អ៊ីចឹង អន្តរាយ​ហើយ​អត់​ឲ្យ​អំណាច​ទៅ​គណៈ​បញ្ជាការ​ឯកភាព ដែល​មាន​កម្លាំង​គ្រប់គ្រាន់ គាត់​យក​អំណាច​ដាច់​ទៅ​រដ្ឋបាល​ព្រៃឈើ»

សកម្មជន​បរិស្ថាន និង​ជនជាតិ​ដើម​ភាគ​តិច​ ទទួច​ឲ្យ​អភិបាល​ខេត្ត​មណ្ឌលគិរី​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ភ្ញាក់​ខ្លួន​ឡើង​វិញ និង​ត្រូវ​អនុវត្ត​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​មុន​ចូល​កាន់​តំណែង​ឲ្យ​មាន​ប្រសិទ្ធភាព ​ទាក់ទិន​ការ​អនុវត្ត​គោល​នយោបាយ​ការពារ​ធនធាន​ធម្មជាតិ មិន​ត្រូវ​អនុវត្ត​ច្បាប់​បាន​តែ​មួយ​ឆាវ ឬ​ភ្លើង​ចំបើង អំឡុង​ពេល​ដែល​មាន​ការ​ព្រមាន​ពី​ថ្នាក់​លើ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។