អ្នកឃ្លាំមើល៖ ពន្ធពីអាជីវកម្មព្រៃឈើ៥ឆ្នាំមិនស្មើនឹងក្រុមហ៊ុន ទ្រី ភាព រកចំណូល១ថ្ងៃ

ក្រុមអ្នកឃ្លាំមើលឧក្រិដ្ឋកម្មព្រៃឈើក្នុងប្រទេសកម្ពុជា បានរកឃើញថា ប្រាក់ចំណូលដែលបានមកពីការធ្វើអាជីវកម្មព្រៃឈើ និងការប្រមូលពន្ធពីការធ្វើពាណិជ្ជកម្មឈើប្រណីតក្នុងរយៈពេល ៥ឆ្នាំ មានចំនួនតិចជាងឆ្ងាយពីការជួញដូរឈើក្នុងមួយថ្ងៃទៅបរទេសរបស់ក្រុមហ៊ុនឯកជនក្នុងស្រុកមួយ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលអះអាងថា ជាការចោទប្រកាន់ដោយគ្មានភស្តុតាងច្បាស់លាស់។
របាយការណ៍បូកសរុបប្រចាំឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ របស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បង្ហាញថា ប្រាក់ចំណូលដែលរដ្ឋទទួលបានពីការធ្វើអាជីវកម្មព្រៃឈើក្នុងរយៈពេលប្រាំឆ្នាំនេះ មានចំនួន ៧៥លានដុល្លារសហរដ្ឋអាមេរិក។ ហើយចំណែកឯចំណូលដែលបានមកពីការប្រមូលពន្ធលើការនាំឈើចេញទៅលក់នៅក្រៅប្រទេសវិញ មានចំនួនតែជិត ៤២លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះក្នុងរយៈពេលប្រាំឆ្នាំ។
ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង មានប្រសាសន៍ថា ចំណូលទាំងនោះមានចំនួនតិចបំផុតដែលមិនស្មើនឹងតម្លៃនាំឈើចេញរបស់ក្រុមហ៊ុនមួយ សម្រាប់លក់ទៅបរទេសក្នុងរយៈពេលមួយថ្ងៃផង។
លោកបានជំរុញឲ្យរដ្ឋាភិបាល ត្រូវពិនិត្យបញ្ហានេះឡើងវិញជាបន្ទាន់ ដើម្បីឲ្យស្វែងរកភាពមិនប្រក្រតីនៃការប្រមូលប្រាក់ចំណូល និងពន្ធពីការធ្វើអាជីវកម្មឈើប្រណីតនៅកម្ពុជា។
វិទ្យុអាស៊ីសេរី នៅមិនអាចសុំការបំភ្លឺពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបញ្ហាការប្រមូលពន្ធពីការធ្វើអាជីវកម្មឈើប្រណីតរបស់ក្រុមឈ្មួញ ដែលរងការចោទប្រកាន់ថា បានកាប់ឈើខុសច្បាប់លក់ចេញទៅក្រៅប្រទេសនោះឡើយ។
របាយការណ៍បូកសរុបអំពីអាជីវកម្មឈើរបស់ក្រុមហ៊ុន ទ្រី ភាព ដែលស៊ើបអង្កេតដោយក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បង្ហាញថា យ៉ាងហោចណាស់មានក្រុមហ៊ុនរកស៊ីឈើនៅកម្ពុជា ចំនួនជាង៣០ កំពុងប្រតិបត្តិការកាប់ឈើក្នុងប្រទេស។ ហើយក្រុមហ៊ុនដែលធំជាងគេក្នុងការប្រមូលទិញឈើនៅទូទាំងប្រទេសកម្ពុជា លក់ចេញទៅបរទេសចំណេញកប់ក្តោងរកកន្លែងតម្កល់លុយមិនអស់នោះ គឺក្រុមហ៊ុនរបស់ លោក ទ្រី ភាព។
ប៉ុន្តែ លោក អ៊ាង សុផល្លែត អ្នកនាំពាក្យនៃក្រសួងកសិកម្ម បានប្រតិកម្មតាមទូរស័ព្ទប្រាប់វិទ្យុអាស៊ីសេរី ថា ការចោទប្រកាន់របស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងដោយគ្មានភស្តុតាងត្រឹមត្រូវ។
ប៉ុន្តែ លោក អ៊ូច ឡេង បានទាមទារឲ្យរដ្ឋាភិបាលបញ្ចេញតួលេខពិតប្រាកដអំពីប្រាក់ចំណូលដែលបានមកពីការធ្វើអាជីវកម្មឈើទាំងនេះ ដើម្បីឲ្យមានតម្លាភាពសម្រាប់សាធារណជន។
សេចក្តីជូនដំណឹងពីទីស្ដីការគណៈរដ្ឋមន្ត្រីលេខ៨៥៤ ស.ជ.ណ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ តាមសំណើរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន បានអនុញ្ញាតឲ្យ លោក ទ្រី ភាព ប្រមូលទិញឈើប្រណីតគ្រប់ប្រភេទដែលមាននៅក្នុងស្តុករបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន និងដើម្បីសម្អាតឃ្លាំងផង និងជៀសវាងការខាតបង់ដោយការពុកផុយផង។ ជាងនេះទៅទៀត កាលពីឆ្នាំ២០១២ ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិត ស.ជ.ណ លេខ១៥១ ចុះថ្ងៃទី២៦ កុម្ភៈ ក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនរបស់ លោក ទ្រី ភាព ធ្វើការនាំឈើកែច្នៃគ្រប់ប្រភេទដែលមានចំនួន ១សែនម៉ែត្រគូប ស្មើនឹងជាង ៣ពាន់កុងតឺន័រ ដែលបានមកពីការឈូសឆាយដីសម្បទានរបស់ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អ៊ិចផត (Try Pheap Import Export) និងក្រុមហ៊ុន អឹម.ឌី.អេស ថ្មដា (MDS Thmorda) ដើម្បីនាំឈើចេញតាមច្រកអន្តរជាតិសំខាន់ៗចំនួនបី គឺច្រកអន្តរជាតិកំពង់ផែកំពង់សោម ច្រកវ៉ាលឺ ស្រុកស្នួល នៅខេត្តក្រចេះ និងច្រកអូរយ៉ាដាវ ខេត្តរតនគិរី។
ជុំវិញបញ្ហានេះ លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក អះអាងថា ការកាប់ឈើ និងការនាំឈើចេញតាមច្រករបៀងនានាដោយខុសច្បាប់នៅកម្ពុជា គឺជាការគេចពន្ធ ហើយបញ្ហានេះដែលធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិដ៏ច្រើន។
តាមការស៊ើបអង្កេតរបស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៤ លោក ទ្រី ភាព បាននាំឈើប្រណីតចេញតាមច្រកកំពង់ផែអន្តរជាតិយ៉ាងហោចណាស់ជាង ៣០កុងតឺន័រក្នុងមួយថ្ងៃ ដែលមានតម្លៃជាង ១៥០លានដុល្លារសហរដ្ឋអាមេរិក។ នេះនៅមិនទាន់គិតអំពីការនាំឈើចេញតាមច្រកផ្សេងទៀតក្នុងប្រទេសនោះទេ។
លោក អ៊ូច ឡេង មានប្រសាសន៍ថា តម្លៃ ១៥០លានដុល្លារនេះជាចំនួនមួយដ៏ច្រើនលើសពីការប្រមូលពន្ធរបស់រដ្ឋាភិបាលកម្ពុជា ពីការធ្វើអាជីវកម្មឈើប្រណីតក្នុងរយៈពេលប្រាំឆ្នាំដែលមានតម្លៃជាង ៤០លានដុល្លារនោះ។
អង្គការឃ្លាំមើលពិភពលោក ក្លបល វីតនេស (Global Witness) កាលពីដើមខែកុម្ភៈ រកឃើញឯកសារលក់ឈើរបស់ លោក ទ្រី ភាព ចំនួនពីរ កាលពីខែមីនា ឆ្នាំ២០១៤ ដែលដឹកឈើប្រណីតទៅកាន់ទីក្រុងហុងកុង តាមច្រកកំពង់ផែក្រុងព្រះសីហនុ ចំនួន ៥ពាន់ម៉ែត្រគូប តែពីរជើងប៉ុណ្ណោះ គឺមានតម្លៃជិត ៦លានដុល្លារសហរដ្ឋអាមេរិក។ ការរកឃើញរបស់អង្គការឃ្លាំមើលពិភពលោក ក្លបល វីតនេស ឲ្យដឹងថា យ៉ាងហោចណាស់ឈើប្រណីតរបស់ខ្មែរចំនួន ៨៥ភាគរយ ត្រូវបានឈ្មួញលក់ទៅប្រទេសចិន ហើយដែលធ្វើឲ្យការនាំចេញសិប្បកម្មតុទូតាំងរបស់ចិន ធ្វើដោយឈើប្រណីតរបស់ខ្មែរកើនឡើងដល់ទៅ ១៥០ភាគរយ ក្នុងចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៤។
ក្រុមអ្នកឃ្លាំមើលឧក្រិដ្ឋកម្មព្រៃឈើមួយនេះអះអាងថា លោក ទ្រី ភាព កំពុងប្លន់ព្រៃឈើពីប្រជាពលរដ្ឋខ្មែរដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងដើម្បីចិញ្ចឹមដល់គណបក្សកាន់អំណាចនៅកម្ពុជា៕