របាយការណ៍បឋមរបស់កាកបាទក្រហមខេត្តស្ទឹងត្រែង ឲ្យដឹងថា ភ្លៀងលាយខ្យល់ព្យុះ បានបោកបក់នាំឲ្យផ្ទះ ៥ខ្នងដួលរលំ និងជាង ៥០ខ្នងទៀតរងផលប៉ះពាល់ជាមធ្យម ដូចជា របើកជញ្ជាំង និងដំបូល ជាដើម។ ដោយឡែកនៅក្នុងឃុំស្រែគរ ស្រុកសេសាន អាជ្ញាធរឃុំឲ្យដឹងថា ផ្ទះ ១៨ខ្នងក៏ត្រូវខ្យល់ព្យុះបំផ្លាញដូចគ្នាដែរ ប៉ុន្តែអាជ្ញាធរមិនទាន់បានបញ្ចូលក្នុងរបាយការណ៍ខេត្តនៅឡើយ។
ក្រោយទទួលរបាយការណ៍បឋមនេះ អាជ្ញាធរ និងកាកបាទក្រហមខេត្ត នឹងយកអំណោយចែកជូនក្រុមពលរដ្ឋរងគ្រោះទាំងនោះ។ អាជ្ញាធរថា ចំនួនផ្ទះពិតប្រាកដដែលរងគ្រោះនេះ អាចនឹងមានច្រើនជាងរបាយការណ៍ដែលទទួលបាន ខណៈដែលអាជ្ញាធរមូលដ្ឋានខ្លះពុំទាន់បានបញ្ជូនរបាយការណ៍មកខេត្ត។
ផ្អែកលើរបាយការណ៍បឋមរបស់កាកបាទក្រហមខេត្តស្ទឹងត្រែង ផ្ទះពលរដ្ឋក្នុងស្រុកពីរនៃខេត្តស្ទឹងត្រែង គឺស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមប៉ាង រងខូចខាតដោយសារភ្លៀងលាយខ្យល់នេះ មិនបណ្ដាលឲ្យមានរបួស ឬអាយុជីវិតរបស់ពលរដ្ឋឡើយ។ ចំណែកស្រុកសេសាន ក៏ដូចគ្នានេះដែរ គឺត្រឹមតែខូចខាតផ្ទះសម្បែងពលរដ្ឋប៉ុណ្ណោះ។
នាយកសាខាកាកបាទក្រហមនៃខេត្តស្ទឹងត្រែង លោក សាយ ព្រលឹង ប្រាប់ថា លោកទើបតែទទួលរបាយការណ៍ពីស្រុកដែលរងគ្រោះ ខណៈដែលខេត្តនេះមាន ៣ស្រុករងគ្រោះដោយសារភ្លៀងលាយព្យុះ។ លោក សាយ ព្រលឹង បន្តទៀតថា ក្រោយទទួលរបាយការណ៍ ក្រុមការងារខេត្តនឹងចុះចែកអំណោយដល់ក្រុមពលរដ្ឋនៅថ្ងៃទី២៣ ខែមេសា ប៉ុន្តែលោកមិនទាន់ឲ្យដឹងថា ពលរដ្ឋដែលខ្យល់បក់រលំផ្ទះ នឹងទទួលបានអ្វីលើសពីពលរដ្ឋផ្សេងឡើយ៖ «ផ្ទះដែលត្រូវខ្យល់បោកបក់នេះ យើងចែកចេញជាពីរ គឺរងគ្រោះធ្ងន់ធ្ងរ និងមធ្យម»។
ដោយឡែកនៅឃុំស្រែគរ ស្រុកសេសាន អាជ្ញាធរឃុំឲ្យដឹងថា ខ្យល់ព្យុះលាយឡំដុំទឹកកកផង បានបោកបក់នាំឲ្យដើមឈើរលំដួលលើផ្ទះពលរដ្ឋជិត ១៨ខ្នង។ ហេតុការណ៍នេះមិនបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរងរបួសឡើយ ប៉ុន្តែផ្ទះ ៤ខ្នងរងការខូចខាតខ្លាំង។
មេឃុំស្រែគរ លោក សៀក មេគង្គ ឲ្យដឹងនៅព្រឹកថ្ងៃទី២២ មេសា ថា ផ្ទះពលរដ្ឋដែលខូចខាតខ្លាំងទាំង ៤គ្រួសារ ត្រូវតែជួសជុលឡើងវិញ ទើបអាចរស់នៅបាន។ លោកថា នេះជាលើកទី១ដែលភូមិឃុំលោកជួបគ្រោះខ្យល់ព្យុះដូចនេះ៖ «មិនមែនខ្យល់ធម្មតាទេ ព្យុះសង្ឃរាហ្មង ធ្វើឲ្យមែកស្វាយហ្នឹងបាក់ធ្លាក់លើផ្ទះពលរដ្ឋ»។
អាជ្ញាធរខេត្តថា អំណោយដែលខេត្តផ្តល់ជូនពលរដ្ឋរងគ្រោះក្នុងមួយគ្រួសារថវិកា ៥ម៉ឺនរៀល អង្ករ ៣០គីឡូក្រាម មីមួយកេស តង់ កន្ទេល ភួយ ម៉ុង ជាដើម។ អាជ្ញាធរខេត្តនេះអះអាងថា ការចែកអំណោយនេះមិនប្រកាន់បក្ខពួកឡើយ ឬនិន្នាការនយោបាយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។