ពលរដ្ឋ​នៅ​បាត់ដំបង​អះអាង​ថា​ឈ្មួញ​លួច​ដឹក​ឈើ​ខុស​ច្បាប់​ទៅ​ថៃ​តាម​ច្រក​របៀង

ដោយ ហ៊ុំ ចំរើន
2014-12-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​ឈើ​ហុប​បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ដែល​អ្នក​ភូមិ​ប្រទះ​ឃើញ​ធ្វើ​សកម្មភាព​កាល​ពី​រសៀល​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
រថយន្ត​ដឹក​ឈើ​ហុប​បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ដែល​អ្នក​ភូមិ​ប្រទះ​ឃើញ​ធ្វើ​សកម្មភាព​កាល​ពី​រសៀល​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo Provided

ប្រជាពលរដ្ឋ​នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង អះអាង​ថា សកម្មភាព​ឈ្មួញ​លួច​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​នៅ​ខេត្ត​បាត់ដំបង កំពុង​មមាញឹក ហើយ​ពុំ​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​ថ្លែង​បែប​នេះ បន្ទាប់​ពី​ពួក​គាត់​ប្រទះ​ឃើញ​រថយន្ត​ដឹក​ឈើ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ ធ្វើ​សកម្មភាព​កាល​ពី​រសៀល​ថ្ងៃ​ទី​៦ ធ្នូ កន្លង​ទៅ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ស្រុក​សំពៅលូន អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ទប់ស្កាត់​ការ​លួច​នាំ​ឈើ​ចេញ​អនាធិបតេយ្យ​នេះ​ជា​បន្ទាន់ ដើម្បី​រក្សា​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​ខ្មែរ កុំ​ឲ្យ​ហិនហោច​នៅ​ថ្ងៃ​ខាង​មុខ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​សន្តិភាព ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​៨ ធ្នូ ថា សកម្មភាព​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​តាម​រថយន្ត​យីហ៊ុប​ចំណុះ​ប្រមាណ ៣០​ម៉ែត្រ​គូប នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​គីឡូ​លេខ​៩ នៅ​ចំណុច​ភូមិ​រស្មី ឃុំ​ជ្រៃសីមា ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។ អ្នក​ភូមិ​រូប​នេះ​បន្ត​ថា សកម្មភាព​លួច​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​នេះ ច្រើន​ប្រទះ​ឃើញ​នៅ​ពេល​រសៀល ហើយ​ប្រមាណ​ជា ៤​លើក​ក្នុង​មួយ​ខែ និង​ធ្វើ​សកម្មភាព​ប្រមាណ​ជិត​មួយ​ឆ្នាំ​មក​ហើយ។

អ្នក​ភូមិ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ឈ្មួញ​ដឹក​ឈើ​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន​នេះ លុះ​ណា​មាន​ភ្លើង​ខៀវ​ពី​សំណាក់​អាជ្ញាធរ​ប្រចាំ​ការ​នៅ​តំបន់​នោះ៖ «ហើយ​ពេល​យប់​ឡើង​ប្រហែល​ជា​ម៉ោង​៦​ទៅ​យប់​៧​អី​ហ្នឹង គឺ​គេ​ចាប់​ផ្ដើម​ដឹក​ឈើ​ចេញ​ទៅ​ចក្រ​របៀង រួច​គេ​ទម្លាក់​ឈើ​តាម​មាត់​អូរ ដើម្បី​រង់ចាំ​ឲ្យ​រថយន្ត​របស់​ថៃ មក​ប្រមូល​ដឹក​បន្ត ហើយ​នៅ​ក្នុង​ឃើញ​មាន​នៅ​ច្រក​នគរបាល​វីរ​ការពារ​ព្រំដែន​គីឡូ​៩ និង​នៅ​មួយ​កន្លែង​ទៀត ចំណុះ​ឲ្យ​ច្រក​គីឡូ​លេខ​៩ ដែរ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​សំពៅលូន លោក ជា សម្បត្តិ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​មែន​មិន​គិតគូរ​ចំពោះ​ករណី​ដែល​ឈ្មួញ​នាំ​ឈើ​ចេញ​ទៅ​លក់​ប្រទេស​ថៃ ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​នោះ​ទេ គឺ​សមត្ថកិច្ច​កំពុង​រិះរក​វិធី ដើម្បី​ទប់ស្កាត់​សកម្មភាព​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​យូរ​អង្វែង​នា​ពេល​អនាគត៖ «បាទ! ខ្ញុំ​កំពុង​តែ​ចាត់​វិធានការ​រឿង​ហ្នឹង ហើយ​គណៈ​បញ្ជាការ​ឯកភាព​បាន​រាយការណ៍​ឲ្យ​ខ្ញុំ​ទាំងអស់ ពាក់ព័ន្ធ​នឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​ក្នុង​ហ្នឹង​ក៏​មាន​និយាយ​អំពី​បទល្មើស​ហ្នឹង​ដែរ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ឈើ​ហុប​ដឹក​តាម​រថយន្ត​រាប់​សិប​ម៉ែត្រ​គូប​បែប​នេះ គឺ​មិន​អាច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ដោយ​ងាយ​ស្រួល​នោះ​ទេ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​នោះ។ លោក​បញ្ជាក់​ថា ការ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​ថៃ នេះ ពុំ​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​ប្រទេស​ជាតិ​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​រឹត​តែ​ធ្វើ​ឲ្យ​ហិនហោច​ដល់​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​ខ្មែរ​ទៅ​វិញ​ទេ៖ «ហើយ​ករណី​នេះ​ប្រហែល​ជា​មាន​អំពើ​ពុក​រលួយ​ហើយ បាន​ជា​មាន​រឿង​បែប​ហ្នឹង​ទៅ​រួច​នោះ។ ហើយ​យើង​ត្រូវ​ត្រួត​ពិនិត្យ​ឲ្យ​មែន​ទែន ព្រោះ​ព្រៃ​ខ្មែរ​យើង​វា​ចង់​រលាយ​អស់​ទៅ​ហើយ ដូចជា​នៅ​ជាយ​ដែន​ខេត្ត​បាត់ដំបង អី​ហ្នឹង គឺ​ពុំ​មាន​ព្រៃ​ឈើ​នោះ​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី អ្នក​ភូមិ​ឲ្យ​ដឹង​ថា ឈើ​ដែល​ក្រុម​ឈ្មួញ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ នោះ ភាគ​ច្រើន​ជា​ប្រភេទ​ឈើ​លេខ​២ ក្នុង​នោះ​ឈើ​មួយ​ចំនួន​ដឹក​មក​ពី​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល