កម្មករ​ច្រើន​ក្រុម​បោះតង់​​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ ខេត្ត​រតនគិរី​ កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់

មាន ឫទ្ធិ
2018-08-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រៃ​សហគមន៍​កែងសាន់ ឋិត​ក្នុង​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី ដែល​ត្រូវ​ឈ្មួញ​យក​គ្រឿង​ចក្រ​ឈូស​ឆាយ។
ព្រៃ​សហគមន៍​កែងសាន់ ឋិត​ក្នុង​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី ដែល​ត្រូវ​ឈ្មួញ​យក​គ្រឿង​ចក្រ​ឈូស​ឆាយ។
Photo provided

ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន និង​មេ​សហគមន៍​ផង​បាន​ឃុបឃិត​គ្នា​អនុញ្ញាត​ឲ្យ​កម្មករ​ច្រើន​ក្រុម ចូល​អារ​រំលំ​ឈើ​ធំៗ​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ លក់​ឲ្យ​ឈ្មួញ​អស់​រាប់​សិប​ហិកតារ​ជា​ថ្មី​ទៀត។ អ្នកភូមិ​កែងសាន់​ថា អាជ្ញាធរ​មូលដ្ឋាន និង​មេ​សហគមន៍​យក​តួនាទី​ជា​អាជ្ញាធរ​លក់​ដី​ព្រៃ​អភិរក្ស​ឲ្យ​ឈ្មួញ​ជា​របប​អាជីព​ចិញ្ចឹមជីវិត។

អ្នកភូមិ​កែងសាន់ ភ័យ​ព្រួយ​ជា​ថ្មី​ទៀត ពី​វិនាសកម្ម​ព្រៃឈើ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ កំពុង​រង​ការ​កាប់​ទន្ទ្រាន​ទ្រង់ទ្រាយ​ធំ ក្រោយ​ពី​ផ្អាក​មួយ​រយៈ​អំឡុង​ពេល​បោះឆ្នោត។ អ្នកភូមិ​ថា ក្រុម​កម្មករ​ប្រដាប់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ បាន​បោះ​តង់​​ស្នាក់នៅ​ក្នុង​ព្រៃ​អភិរក្ស​ចំណុច​អូរគ្រៀង ៣​ថ្ងៃ​មក​ហើយ ដើម្បី​កាប់​ទន្ទ្រានព្រៃ​ឲ្យ​ក្លាយ​ជា​វាល ធ្វើ​អាជីវកម្ម រីឯ​ដើមឈើ​ធំៗ ត្រូវ​គេ​អារ​ច្រៀក​រួច​ដឹក​ជញ្ជូន​ចេញ​ក្រៅ។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា លោក ស្រូត សំបុក ឲ្យ​ដឹង​នៅ​ថ្ងៃទី១៩ សីហា​ថា សកម្មភាព​កាប់​ទន្ទ្រាន​នោះ បាន​រាលដាល​ដល់​ទឹកអូរ​ធម្មជាតិ និង​ព្រៃ​ជំនឿ ដែល​ជា​កន្លែង​អ្នកភូមិ​ប្រមូល​អនុផល​ព្រៃឈើ​កំពុង​ឈាន​ទៅ​រក​ការ​បាត់បង់។ លោក​ថា ព្រៃឈើ​ដែល​នៅ​សេសសល់​ចុងក្រោយ​ប្រមាណ ១​ពាន់​ហិកតារ នៅ​ចំណុច​អូរគ្រៀង ទល់​បឹងណាំលៀ គឺជា​តំបន់​អ្នកភូមិ​ប្រមូល​អនុផល​ព្រៃឈើ​លក្ខណៈ​ប្រពៃណី និង​ឃ្វាល​គោក្របី​ជា​យូរ​មក​ហើយ កំពុង​ទទួលរង​ការ​កាប់​ទន្ទ្រាន​ទ្រង់ទ្រាយ​ធំ​អស់​ប្រមាណ ៣០​ហិកតារ​ជា​ថ្មី​ទៀត ពី​សំណាក់​ឈ្មួញ​ពី​ខាងក្រៅ ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន៖ «ឥឡូវ​គេ​កាប់​រំលំ​រហូត ថ្ងៃនេះ​គេ​ទៅទៀត គេ​ទៅ ១០ ទៅ ១១ ម៉ូតូ​គេ​ទៅ។ មេភូមិ​បាន​អនុញ្ញាត​ឲ្យ​គេ​រំលំ​យក​ដី ដើមឈើ​ធំៗ សុក្រំ គ្រប់យ៉ាង។ កន្លែង​ដាក់​ទ្រូ​តាម​អូរ​គេ​រំលំ​អស់ហើយ»

ជនជាតិ​ដើម​ភាគតិច​ទំពូន ម្នាក់ទៀត លោក ខាំ និន ឲ្យ​ដឹង​ថា អ្នកភូមិ​ដែល​បាន​ទៅដល់​ទីតាំង អាជីវកម្ម​ឈើ​ខុសច្បាប់​នេះ សម្ដែង​ការ​សោកស្ដាយ នៅ​គ្រា​ដែល​ពួកគេ​ប្រទះឃើញ គំនរ​ឈើ​ធំៗ ត្រូវ​គេ​កាប់​រំលំ រួច​ដុត​កម្ទេច​ចោល​ដើម្បី​ធ្វើ​ចម្ការ​អស់​ជាច្រើន​ហិកតារ។ លោក​ថា មក​ទល់​ពេល​នេះ ព្រៃ​សហគមន៍​ភូមិ​កែងសាន់ ត្រូវ​គេ​កាប់​ទន្ទ្រាន​អស់ ជិត ៤​ពាន់​ហិកតារ បច្ចុប្បន្ន​នៅ​សេសសល់​ប្រមាណ ១​ពាន់​ហិកតារ កំពុង​រង​ការ​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់។ ចំណែក​អ្នកភូមិ​មួយ​ចំនួន បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ ពី​បទ​អនុគ្រោះ​នាំ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ ជិត ១​ឆ្នាំ​ហើយ តែ​គ្មាន​ប្រសិទ្ធភាព៖ «នៅសល់​ដី ១​ពាន់​ហិត​ការ ពលរដ្ឋ​ស្រក់​ទឹកភ្នែក​ដោយសារ​បាត់បង់​ដី​ព្រៃ ១​ពាន់​ហិកតារ​ទៀត វា​បាត់បង់​ឆ្នាំនេះ​ទៀតហើយ អត់​យូរ​ទេ។ មេភូមិ ញ៉ូក គួត គំរាម​ពលរដ្ឋ។ ពលរដ្ឋ​អស់សង្ឃឹម​ហើយ ពលរដ្ឋ​ចេញ​មួយ​មាត់​មិន​បានទេ។ គាត់​ថា សិទ្ធិ​មាន​ពី​ណា​ធំ​លើ​គាត់»

មេឃុំ​សេដា លោក អង់ ប៊ុនធៀង និយាយ​ថា អាជ្ញាធរ​ឃុំ​មិន​ទាន់​ទទួល​ដំណឹង ពី​ការ​កាប់​ទន្ទ្រានព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នោះ​ទេ តែ​យ៉ាងណា​លោក​នឹង​ចាត់​ឲ្យ​មេភូមិ និង​មេ​ប៉ុស្តិ៍​ចុះ​ស៊ើបអង្កេត​រឿង​នេះ នៅ​គ្រា​ដែល​ទទួល​ដំណឹង​នេះ។ លោក​បដិសេធ​ថា អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​កាប់​ទន្ទ្រានព្រៃ​ធ្វើ​អាជីវកម្ម​នេះ​ទេ ហើយ​កន្លង​ទៅ មន្ត្រី​បរិស្ថាន​បាន​កំណត់​ដី​តំបន់​ព្រៃ​នៅ​តំបន់​នោះ ជា​ដែន​ជម្រក​សត្វព្រៃ និង​ធ្វើការ​ផ្សព្វផ្សាយ​ហាមឃាត់​មិន​ឲ្យ​កាប់​ទន្ទ្រាន៖ «ខាង​ក្រសួង​បរិស្ថាន​បាញ់​ថ្នាំ​ឡោមព័ទ្ធ​អស់​ហើយ អត់​មាន​ពី​ណា​ទៅ​កាប់​ទេ។ ប្រជាជន​ទូទៅ​ដឹង​ឮ​ថា តំបន់​នោះ ជា​ដែន​ជម្រក​សត្វព្រៃ។ មាន​ពី​ណា​ទៅ​កាប់​ទៀត»

កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧ អ្នកភូមិ​កែងសាន់ ជាង ១០០​គ្រួសារ បាន​ផ្តិត​មេដៃ ស្នើ​ឲ្យ​អាជ្ញាធរ​ខែត្រ និង​មន្ទីរ​បរិស្ថាន ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ នៅ​គ្រា​ដែល​សហគមន៍​រក​ឃើញ​ថា ដី​ព្រៃ​នៅ​តំបន់​នោះ ត្រូវ​ឈ្មួញ​កាប់ឆ្ការ និង​ឈូស​ឆាយ​ក្លាយ​ជា​វាល​អស់​ជាង ៥០០​ហិកតារ។

កាលពី​ខែ​តុលា ឆ្នាំ​២០១៧ តំណាង​ពលរដ្ឋ​ភូមិ​កែងសាន់​មួយ​ចំនួន និង​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម ​អាដហុក បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខែត្រ​រតនគិរី ដោយ​ចោទ​មេភូមិ មេឃុំ អភិបាលស្រុក​លំផាត់ និង​មន្ត្រី​ជំនាញ ១០​នាក់ ពី​បទ​អនុគ្រោះ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ​នៅ​ព្រៃ​សហគមន៍​ភូមិ​កែងសាន់។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​ អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ អង្កេត​ឃើញ​ថា តុលាការ​ខេត្ត​រតនគិរី បាន​ពន្យារពេល​មិន​ចាត់វិធានការ ពាក្យ​បណ្តឹង​របស់​សហគមន៍​ភូមិ​កែងសាន់ ជិត​ ១​ឆ្នាំ​មក​ហើយ ធ្វើ​ឲ្យ​អ្នកភូមិ​បាត់បង់​ទំនុក​ចិត្ត។ លោក​ថា សាលាដំបូង​ខេត្ត​នេះ មាន​ការ​យឺតយ៉ាវ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឧក្រិដ្ឋ ដែល​នាំ​ព្រៃឈើ នៅតែ​រង​ការ​កាប់​ទន្ទ្រាន បែប​អនាធិបតេយ្យ៖ «យើង​គិត​ថា ជំនួញ​លក់​ដី ខុសច្បាប់ ពាក់ព័ន្ធ​អំពើពុករលួយ លក្ខណៈ​បទល្មើស​ឧក្រិដ្ឋ មានការ​បំផ្លាញ​ព្រៃឈើ។ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់​ដែរ»

ព្រៃ​សហគមន៍​ភូមិ​កែងសាន់ គឺ​ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ គឺជា​ព្រៃ​នៅសល់​ចុងក្រោយ​ធំជាង​គេ ក្នុង​ចំណោម​ទំហំ​ព្រៃឈើ​ទាំងមូល​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​រាប់ម៉ឺន​ហិកតារ​ក្នុង​ខេត្ត​រតនគិរី។ អ្នកភូមិ​ថា អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត អាជ្ញាធរ​បាន​បញ្ជូន​កម្លាំង​សមត្ថកិច្ច​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​តំបន់​នោះ តែ​ក្រោយពី​បោះឆ្នោត​រួច បទល្មើស​ព្រៃឈើ​បាន​កម្រើក​ឡើងវិញ រីឯ​សមត្ថកិច្ច​គេ​ពុំ​ឃើញ​ចុះ​អនុវត្ត​ច្បាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល