"ឈើ​រាប់ពាន់​ម៉ែត្រ​គូប​នៅ​បាត​អាង​ទំនប់​សេសាន​ត្រៀម​ដឹក​ទៅ​វៀតណាម​ពេល​បោះឆ្នោត​រួច"

ដោយ អាស៊ីសេរី
2018.06.04
ឈើ បាត​អាង​ សេសាន ស្ទឹងត្រែង ៦២២ ២០១៥ កន្លែង​កែច្នៃ​ឈើ​ដែល​ដឹក​ពី​តំបន់​ផ្សេង​នៅ​ក្នុង​តំបន់​បាត​អាង​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៥
RFA

ឃ្លាំង​ស្តុក​ឈើ រាប់ពាន់​ម៉ែត្រ​គូប​នៅ​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ក្នុងស្រុក​សេសា​ន ខេត្ត​ស្ទឹងត្រែង នៅ​ពុំ​ទាន់​ដឹកជញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​នៅឡើយ​ទេ ទំនងជា​រង់ចាំ​បោះឆ្នោត​រួច ខណៈ​មាន​លិខិត​ឲ្យ​ផ្អាក​អាជីវកម្ម​ឈើ​តំបន់​នោះ កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ។

កម្មករ​ធ្វើការ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃទី៤ មិថុនា​ថា ឃ្លាំង​ស្តុក​ឈើ​ពីរ​ទីតាំង​ផ្សេងគ្នា​ក្នុង​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​សមត្ថកិច្ច​យាម​យ៉ាង​តឹងតែង និង​ប្រយ័ត្នប្រយែង​បំផុត។ លោក​ថា គំនរ​ឈើ​ទាំងនោះ​ភាគច្រើន​គេ​អារ​ច្រៀក​ជា​ជ្រុង​ដែល​មាន​មុខ​កាត់ ៣​តឹក​ឡើង​ទៅ ប្រវែង​ជាង ២​ម៉ែត្រ​ឡើង​ទៅ ដែល​ក្រុមហ៊ុន​បាង​អាង​បាន​ប្រមូល​ទិញ​ពី​កម្មករ ដឹកជញ្ជូន​ពី​តំបន់​ឆ្ងាយៗ តាម​ទូក រថយន្ត​បាកុង និង គោយន្ត​ផង មក​ស្តុក​ទុកជា​បន្តបន្ទាប់៖ «ខ្ញុំ​ជឿ​ថា ឈើ​ដែល​ស្តុក​ទុក ពីរ​កន្លែង ដែល​ខ្ញុំបាទ​ឃើញ​នេះ ពេល​បោះឆ្នោត​រួច​បែប​មាន​សកម្មភាព​គគ្រឹកគគ្រេង​ត​ទៀតហើយ។ រាល់ថ្ងៃ​មាន​កងកម្លាំង​ទៅ​យាមកាម​យ៉ាង​យកចិត្តទុកដាក់ មិន​ក្រោម​ពាន់​ម៉ែត្រ​គូប​ទេ​ពីរ​កន្លែង។ បើ​និយាយ​ទៅ​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ»

កាលពី​ថ្ងៃ​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០១៨ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ប៊ុយ អ៊ុយ បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​ដឹក​ជញ្ជូន​ឈើ ក្នុង​តំបន់​បាត​អាង​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​ផ្អាក​ការ​ឈូស​ឆាយ​សំអាត​ទីតាំង​គម្រោង​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច រហូតដល់​បោះឆ្នោត​ជា​សកល​រួច។

កន្លងទៅ​សហគមន៍​ការពារ​ព្រៃឈើ និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម​ថា ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខាងក្រៅ ចូល​ផ្ទៃ​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក្រោម​លេស​សំអាត​បាត​អាង គឺ​ដើម្បី​បម្លែង​ជា​ឈើ​ស្រប​ច្បាប់​រួច​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម អស់​រយៈពេល​ជាង ៥​ឆ្នាំ​ហើយ ទើបតែ​របប​ក្រុងភ្នំពេញ​ប្រកាស​បិទ​នៅ​ដើម​ឆ្នាំ ២០១៨ ស្រប​ពេល​ការ​បោះឆ្នោត​ជាតិ​ជិត​មកដល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។