ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​៦០០​នាក់​នាំគ្នា​ផ្ដិត​មេដៃ​ជំទាស់​គម្រោង​ស្ដារ​ស្រះ​ទឹក​របស់​អាជ្ញាធរ​ស្រុក

ដោយ ជិន ជេដ្ឋា
2015-05-23
Share

តំណាង​ប្រជាពលរដ្ឋ និង​មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​ជលគីរី ខេត្ត​កំពង់​ឆ្នាំង នឹង​ដាក់​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ​ចំនួន ​៦០០ស្នាម​មេដៃ​ជូន​ក្រុម​ប្រឹក្សា​ស្រុក​ខេត្ត និង​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង ដើម្បី​អន្តរាគមន៍​លប់​ចោល​គម្រោង​ស្ដារ​ស្រះ​ទឹក​មួយ​កន្លែង។ ក្រុម​ពលរដ្ឋ​អះអាង​ថា បើ​ស្រះទឹក​ទំហំ​ជិត​២​ហិកតារ ដែល​អ្នកភូមិ​ធ្លាប់​ប្រើ​ស្ទើរ​បាន​មួយ​ឆ្នាំ​ពេញ ត្រូវ​ស្ដារ​តែ​ទំហំ​ទទឹង​៤០​ម៉ែត្រ បណ្ដោយ​៧០​ម៉ែ​ត្រ ហើយ​ទុក​ផ្ទៃ​ដី​​ខ្លះ​ធ្វើ​សួនច្បារ​នោះ​​ វា​មិន​អាច​ផ្ទុក​ទឹក​បាន​ច្រើន​ដូច​មុន នៅ​ពេល​នោះ​អ្នកភូមិ​រាប់​រយ​គ្រួសារ​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

អ្នកភូមិ​ព្រៃគ្រី​ជើង និង​ព្រៃគ្រីត្បូង ដែល​ធ្លាប់​យក​ទឹក​ពី​ស្រះ​មួយ ឋិត​នៅ​ក្បែរ​សាលា​ស្រុក​ជលគីរី ទៅ​ប្រើ​ប្រាស់​ដូច​ជា​បោក​គក់ លាង​ចាន​ឆ្នាំង និង​ងូត​ជា​ដើម​នោះ បាន​ជំទាស់​នឹង​គំនិត​របស់​អភិបាល​ស្រុក​ជលគីរី លោក យ៉ិន សាវ៉េន ដែល​ចង់​ទទួល​ថវិកា​សប្បុរស​របស់​សម្ដេច​ចៅហ្វាវាំង គង់ សំអុល និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង ទៅ​ស្ដារ​ស្រះ​មិន​ឲ្យអស់​ទំហំ​ផ្ទៃ​ដី​ស្រះ​ចាស់​នោះ។

តំណាង​ពលរដ្ឋ​ម្នាក់​លោក សៅ ណៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ថា រូប​លោក និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត ខ្លាច​អាជ្ញាធរ​ស្រុក​យក​ផ្ទៃ​ដី​ដែល​នៅ​សល់​ទុក សម្រាប់​ធ្វើ​សួនច្បារ​​ទៅ​លក់​ឲ្យ​បុគ្គល​ឯកជន ឬ​ឈ្មួញ។ លោក​ថា កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៥ អភិបាល​ស្រុក​រូប​នេះ បាន​ប្រមូល​សកម្មជន​គណបក្ស​ប្រជា​ជន ដោយ​មិន​ប្រាប់​ពលរដ្ឋ​ទូទៅ​ឲ្យ​ដឹង ដើម្បីចូល​រួម​ស្ដាប់​គម្រោង​ស្ដារ​ស្រះ​ទឹក​នោះ​ទេ។ ក្រោយ​មក​ទៀត គឺ​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា អភិបាល​ស្រុក​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​រឿង​នេះ​ម្ដង​ទៀត ប៉ុន្តែ​លោក​ដែល​ជា​ពលរដ្ឋ​ម្នាក់​មិន​ពេញ​ចិត្ត នឹង​គម្រោង​នេះ​ត្រូវ​បាន​គេ​បិទ​មីក្រូ​មិន​ឲ្យ​និយាយ​អ្វី​សោះ៖ «ខ្ញុំ​ទាមទារ​ឲ្យ​បាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ព្រោះ​ប្រជា​ពលរដ្ឋ​ចេះ​តែ​កើន​ទៅ​ៗ ហើយ​ចង់​ពង្រួម​ដី​ឲ្យ​តូច​ខ្ញុំ​អត់​ទទួល​យក​បាន​ទេ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ជលគីរី​លោក យ៉ិន សាវ៉េន ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ ខណៈ​ដែល​អភិបាល​រងស្រុក​ម្នាក់ គឺ​លោក លី ផល្លីន បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ដោយ​ប្រាប់​ថា កំពុង​ធ្វើ​ដំណើរ ហើយ​ទូរស័ព្ទ​និយាយ​ពិបាក​ស្ដាប់គ្នា។

យ៉ាងណា​មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​ជលគីរី​កូតា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី ជុំ ស៊ីនឿន ថ្លែង​បញ្ជាក់​ថា តំណាង និង​ក្រុម​ពលរដ្ឋ​មិន​ជំទាស់​នឹង​ការ​ស្ដារ​ស្រះ​ទឹក​នេះ​ទេ ប៉ុន្តែ​សុំ​ឲ្យ​ស្ដារ​ផ្ទៃ​ស្រះ​ទាំង​មូល ទើប​អាច​ផ្ទុក​បរិមាណ​ទឹក​បាន​ច្រើន ហើយ​អាច​បញ្ចៀស​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ទៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ខណៈ​ស្រះ​នេះ​កំពុង​រីង​ស្ងួត​ទឹក​ប្រេះក្រហែង​នោះ។ អ្នកស្រី​ថា ញត្តិ​របស់​ប្រជា​ពលរដ្ឋ​អ្នកស្រី​នឹង​ដាក់​ជូន​ក្រុម​ប្រឹក្សា​ស្រុក ខេត្ត និង​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង នៅ​ដើម​សប្ដាហ៍​ទី​៥ នៃ​ខែ​ឧសភា ខាងមុខនេះ៖ «ខ្ញុំ​ធ្វើ​នេះ​ក៏​មិន​មែន​ធ្វើ​ដើម្បី​បក្ស​ដែរ គឺ​ធ្វើ​ដើម្បី​ពលរដ្ឋ​ទូទៅ​ដែល​ឆ្នាំ​នេះ​មាន​គ្រោះ​រាំង​ស្ងួត​ដោយ​អត់​សូវ​មាន​ភ្លៀង ហើយ​ស្រះ​ហ្នឹង​ក៏​រីង ដល់​អីចឹង​គាត់(ពលរដ្ឋ)​ទាំង​មនុស្ស ទាំង​សត្វ​គោ​ក្របី​ក៏​ត្រូវ​ការ​ទឹក​ដែរ»។

ស្រុក​ជលគីរី មាន​សណ្ឋានដី​ខ្ពស់​ជាប់​ចង្កេះ​ភ្នំ​សម្បូរ​ដោយ​ថ្ម ហើយ​ព័ទ្ធជុំវិញ​ទៅ​ដោយ​ទឹក​បឹង​ទន្លេសាប ប៉ុន្តែ​នៅ​ស្រុក​នេះ​កន្លែង​ខ្លះ ជីក​អណ្ដូង​មិន​ចេញ​ទឹក​បាន​ប្រើប្រាស់​ទេ។ អ្នកភូមិ​ពឹង​ផ្អែក​លើ​ទឹក​ស្រះ ឬ​ទិញ​ទឹក​ស្អាត​មក​ប្រើប្រាស់​ក្នុង​តម្លៃ​មួយ​ថ្លៃ គឺ​មួយ​ប៊ីដុង​ចំណុះ​២០​លីត្រ តម្លៃ​១​ពាន់​៦០០​រៀល។ ដោយ​ឡែក​ស្រះ​នេះ អ្នក​ភូមិ​បាន​នាំគ្នា​ជីក​​ដើម្បី​ផ្ទុក​ទឹក​ប្រើ​ប្រាស់ ប្រចាំ​ថ្ងៃ​ជា​ច្រើន​ជំនាន់​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល