សហគមន៍​ភ្នំ​បាណន់​គ្រោង​ដាក់​ញត្តិ​ជូន​អាជ្ញាធរ​ឲ្យ​ចាត់​វិធានការ​លើ​អ្នក​បំផ្លាញ​ព្រៃ

ដោយ ជិន ជេដ្ឋា
2015.02.24

ប្រជា​សហគមន៍​ភ្នំ​បាណន់ នៅ​ភូមិ​ត្រពាំងម្លូ ឃុំ​ក្រាំងស្គារ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៧០​នាក់ គ្រោង​ដង្ហែ​ញត្តិ​ដាក់​ជូន​អភិបាល​ស្រុក ដើម្បី​ឲ្យ​ជួយ​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ និង​ដក​ហូត​ដី​ព្រៃ​សហគមន៍​ដែល​មន្ត្រី​ប៉ូលិស និង​ពលរដ្ឋ​ចំនួន ១១​គ្រួសារ កាប់​រាន​ធ្វើ​កម្មសិទ្ធិ​មក​ដាក់​សហគមន៍​វិញ។ សង្គម​ស៊ីវិល គាំទ្រ​គម្រោង​របស់​ពលរដ្ឋ​នេះ។

ការ​សម្រេច​របស់​តំណាង និង​ប្រជា​សហគមន៍​នេះ គឺ​បន្ទាប់​ពី​ពួក​គាត់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ស្រុក និង​រដ្ឋបាល​ព្រៃ​ឈើ​តាំង​ពី​ឆ្នាំ​២០០៩ ដើម្បី​ឲ្យ​ចាត់​វិធានការ​លើ​អ្នក​បំផ្លាញ​ព្រៃ​សហគមន៍ ប៉ុន្តែ​គ្មាន​លទ្ធផល។ ក្រុម​សហគមន៍ នឹង​ដង្ហែ​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ​ចំនួន ១០៥​ស្នាម​មេដៃ តាម​រទេះ​គោ​យន្ត​ចំនួន ៤​គ្រឿង ចេញ​ពី​ភូមិ​ត្រពាំងម្លូ ឆ្ពោះ​ទៅ​សាលា​ស្រុក​ទឹកផុស ចម្ងាយ​ប្រហែល ១៨​គីឡូម៉ែត្រ។

ប្រធាន​សហគមន៍​ភ្នំ​បាណន់ លោក ស៊ីវ សែត ថ្លែង​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ថា ការ​ដង្ហែ​ញត្តិ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដោយ​មាន​មនុស្ស​ចូលរួម​យ៉ាង​តិច ៧០​នាក់ ហើយ​នៅ​លើ​រទេះ​នីមួយៗ នឹង​ភ្ជាប់​បដា​ពាក្យ​ស្លោក​ទាក់ទង​នឹង​កិច្ច​ការពារ និង​ផល​ប្រយោជន៍​របស់​ព្រៃ​ឈើ។ លោក​ថា បច្ចុប្បន្ន​ព្រៃ​សហគមន៍​ភ្នំ​បាណន់ ទំហំ​ជាង ១០០​ហិកតារ (១៥៤,៣៩​ហិកតារ) រង​ការ​កាប់​បំផ្លាញ ខណៈ​អ្នក​ភូមិ​ត្រពាំងម្លូ នៃ​ឃុំ​ក្រាំងស្គារ ចំនួន ៩៦​គ្រួសារ នាំ​គ្នា​ចូល​ទៅ​បោច​វល្លិ រក​ឧស រក​អង្ក្រង និង​មើល​គោ​ជា​រៀង​រាល់​ថ្ងៃ៖ «ខ្ញុំ​ស្នើ​ឲ្យ​ស្ថាប័ន​នានា ឬ​ខាង​វិទ្យុ​អាស៊ីសេរី ផ្សព្វផ្សាយ​ថា​ក្នុង​សហគមន៍​កំពុង​រងគ្រោះ​យ៉ាង​ខ្លាំង ដោយសារ​ប្រជាពលរដ្ឋ​ចំនួន ១១​គ្រួសារ​នេះ​កាប់​យក​ដី​នេះ ហើយ​ចង់​ទាមទារ​មក​ដាក់​ជា​សម្បត្តិ​រួម​របស់​សហគមន៍​វិញ»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​ទឹកផុស លោក ម៉េង ហាក់ ថ្លែង​បញ្ជាក់​យ៉ាង​ខ្លី​ថា អាជ្ញាធរ​ឃុំ និង​ស្រុក ព្រម​ទាំង​រដ្ឋបាល​ព្រៃ​ឈើ​កំពុង​ចុះ​សិក្សា​លើ​បញ្ហា​នេះ ប៉ុន្តែ​ការ​ដោះស្រាយ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​នោះ លោក​មិន​អាច​កំណត់​បាន​ឡើយ។ តាម​លោក​ដឹង អ្នក​ភូមិ​ទាំង ១១​គ្រួសារ បាន​ចូល​ទៅ​កាប់​រាន​ព្រៃ​នៅ​តំបន់​ដែល​សហគមន៍​អះអាង​ថា ជា​ដី​ព្រៃ​សហគមន៍​នោះ​តាំង​ពី​ឆ្នាំ​២០០៩៖ «ព័ត៌មាន​ហ្នឹង​វា​ជា​រឿង​ចាស់​យូរ​ហើយ! តាម​ដែល​ខ្ញុំ​ស៊ើប​សួរ​មិញ​ទៅ ប្រជាពលរដ្ឋ​គាត់​នៅ​ត្រង់​ហ្នឹង ហើយ​បច្ចុប្បន្ន​នេះ​ខាង​រដ្ឋបាល​ព្រៃ​ឈើ ក៏ដូចជា​អាជ្ញាធរ​ឃុំ​កំពុង​ធ្វើ​ការ»

នាយិកា​អង្គការ​សកម្មភាព​ដើម្បី​បរិស្ថាន និង​សហគមន៍ (AEC) អ្នកស្រី សរ សាត ថ្លែង​គាំទ្រ​ចំពោះ​គម្រោង​ដង្ហែ​ញត្តិ​របស់​ក្រុម​សហគមន៍​នេះ ដោយ​លើក​ហេតុផល​ថា កន្លង​ទៅ​ប្រជា​សហគមន៍​ដែល​ស្រឡាញ់​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ បាន​ប្ដឹង​ផ្ទាល់​មាត់ ឬ​ដាក់​ពាក្យ​បណ្ដឹង​ស្ងាត់ៗ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​តែង​តែ​មិន​ទទួល​បាន​លទ្ធផល ប៉ុន្តែ​បើ​នាំ​គ្នា​ដង្ហែ​ក្បួន​បែប​នេះ អាច​នឹង​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។