សម្ពន្ធភាព​សង្គ្រោះ​ទន្លេ​មេគង្គ​ជំរុញ​ឲ្យ​ផ្អាក​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​បណ្ដោះអាសន្ន

ដោយ មាន ឫទ្ធិ
2017.11.28
ទន្លេ​មេគង្គ ស្ទឹងត្រែង ៨៥៥ ២០១៦ ប្រជា​កសិករ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខែត្រ​ស្ទឹងត្រែង ដង​ទឹក​យក​ទៅ​ស្រោច​ដំណាំ​នៅ​តាម​ច្រាំង​ទន្លេ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

សម្ពន្ធភាព​សង្គ្រោះ​ទន្លេ​មេគង្គ (Save the Mekong Coalition) ដែល​រួមមាន​សមាជិក​មក​ពី​ទូទាំង​តំបន់​អាង​ទន្លេ​មេគង្គ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ក្រុមប្រឹក្សា​របស់​គណៈកម្មការ​ទន្លេ​មេគង្គ និង​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​នេះ ដែល​មាន​តំណាង​រដ្ឋាភិបាល​មក​ពី​ប្រទេស​កម្ពុជា ថៃ ឡាវ និង​វៀតណាម។

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា សម្ពន្ធភាព​សង្គ្រោះ​ទន្លេ​មេគង្គ បាន​សម្ដែង​ក្ដី​បារម្ភ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ និង​អាង​ទន្លេ​មេគង្គ ដែល​កំពុង​បន្ត​កើត​មាន​ឡើង បើ​ទោះ​បី​ជា​មាន​ភស្តុតាង​បង្ហាញ​ថា គម្រោង​ទាំង​អស់​នេះ​កំពុង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ស្បៀង​ក្នុង​តំបន់ និង​បង្ក​ឲ្យ​មាន​ភាព​ក្រីក្រ​កាន់​តែ​ខ្លាំង​ឡើង​ក្ដី។

អង្គការ​សម្ពន្ធភាព​សង្គ្រោះ​ទន្លេ​មេគង្គ​សង្កត់​ធ្ងន់ៗ​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ទន្លេ​មេគង្គ ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ហើយ​ថា​កិច្ច​ពិគ្រោះ​យោបល់ និង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​មាន​ភាព​ចន្លោះ​ប្រហោង​នៅ​ឡើយ។ លិខិត​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈកម្មការ​ទន្លេ​មេគង្គ កំពុង​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​របស់​ខ្លួន​លើក​ទី​២៤ ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នេះ នៅ​ឯ​រមណីយដ្ឋាន​ប៉ាតាយ៉ា ខេត្ត​ជុនបុរី ប្រទេស​ថៃ។

​សម្ពន្ធភាព​សង្គ្រោះ​ទន្លេ​មេគង្គ ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ជាប់​ទន្លេ​មេគង្គ​ក្រោម ប្ដេជ្ញា​ចិត្ត​ឲ្យ​មាន​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទ្រង់ទ្រាយ​ធំ​ទាំង​ឡាយ ខណៈ​ដែល​គោលនយោបាយ​ថ្នាក់​តំបន់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​គាំទ្រ​ដល់​ការ​ប្រើប្រាស់​ថាមពល​អាច​បម្លែង​បាន ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត។ សម្ពន្ធភាព​សង្គ្រោះ​ទន្លេ​មេគង្គ គូស​បញ្ជាក់​ថា តាម​រយៈ​ការ​អនុវត្ត​យ៉ាង​ដូច្នេះ នឹង​ជួយ​ធានា​ឲ្យ​បាន​នូវ​ការ​លូតលាស់​ប្រកប​ដោយ​និរន្តរភាព​យ៉ាង​ពិត​ប្រាកដ​សម្រាប់​តំបន់​នេះ ដោយ​ពុំ​ចាំបាច់​បាត់បង់​នូវ​អត្ថប្រយោជន៍​ទាំង​ឡាយ​ដែល​ផ្ដល់​ដោយ​ទន្លេ​មេគង្គ​នេះ។

​អង្គការ​សម្ពន្ធភាព​នេះ​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​២៤​នេះ គឺ​ជា​ឱកាស​សម្រាប់​គណៈកម្មការ​ទន្លេ​មេគង្គ និង​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ​ក្រោម ក្នុង​ការ​ផ្ដល់​នូវ​ភាព​ជា​អ្នកដឹកនាំ និង​ចក្ខុវិស័យ​នៃ​ការ​ដឹកនាំ​សម្រាប់​អនាគត​មួយ ប្រកប​ដោយ​និរន្តរភាព និង​ផ្ដល់​អាទិភាព​ចំពោះ​ការ​ការពារ​តំបន់​ដែល​សម្បូរ​ដោយ​ធនធាន​ត្រី និង​ធនធាន​ជលផល​ដទៃ​ទៀត។ អង្គការ​សម្ពន្ធភាព​សង្គ្រោះ​ទន្លេ​មេគង្គ​ដដែល​នេះ​ស្នើ​ថា ជាជាង​បន្ត​ផ្ដល់​ការ​គាំទ្រ​លើ​គម្រោង​ទំនប់​វារីអគ្គិសនី​ដែល​បង្ក​ការ​ខូចខាត​ដល់​បរិស្ថាន និង​សង្គម គណៈកម្មការ​ទន្លេ​មេគង្គ គួរ​ទទួលស្គាល់​នូវ​សក្ដានុពល​របស់​បច្ចេកវិទ្យា​ថាមពល​ដែល​អាច​បម្លែង​បាន​ទើប​បង្កើត​ថ្មី និង​បច្ចេកវិទ្យា​អគ្គិសនី​នានា ដែល​កំពុង​តែ​មាន​ស្រាប់ និង​មាន​តម្លៃ​អាច​ប្រកួតប្រជែង​បាន។ បច្ចុប្បន្ន​នេះ មាន​ប្រជាជន​ជាង ៦០​លាន​នាក់ កំពុង​ពឹង​ផ្អែកលើ​ធនធាន​ផ្ដល់​ដោយ​ទន្លេ​មេគង្គ និង​ដៃទន្លេ​នេះ រួម​មាន​ម្ហូប​អាហារ ទឹក ការ​ដឹក​ជញ្ជូន និង​ធនធាន​ជា​ច្រើន​ដទៃ​ទៀត​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។