ក្រសួង៖ កម្ពុជា​នឹង​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ជាង​ឆ្នាំ​មុន

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​សាធារណជន​ថា ប្រទេស​កម្ពុជា នឹង​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ជាង​ឆ្នាំ​មុនៗ។
ដោយ ឡេង ម៉ាលី
2013.11.21

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​តាម​ដាន និង​ព្យាករណ៍​លើ​អាកាស​ធាតុ​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២១ វិច្ឆិកា ជ្រលង​សម្ពាធ​ខ្ពស់​ស៊ីបេរី និង​មូសុង​ឦសាន ចាប់​ផ្ដើម​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ហើយ​បាតុភូត​បែប​នេះ​នឹង​បង្កើន​ឥទ្ធិពល​ត្រជាក់​ខ្លាំង​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ ជា​ពិសេស​ក្នុង​រយៈពេល​មួយ​ខែ គឺ​ចាប់​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៤។

នៅ​រយៈពេល​មួយ​ខែ​នេះ នៅ​ថ្ងៃ​ខ្លះ សីតុណ្ហភាព​អប្បបរមា ឬ​សីតុណ្ហភាព​កម្រិត​ទាប នៅ​តំបន់​ខ្លះ អាច​នឹង​ធ្លាក់​ចុះ​ដល់​ចន្លោះ​ពី ១២ ទៅ ១៤​អង្សា​សេ (12-14°C) រួម​មាន តំបន់​ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំ​ក្រវាញ។ នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​ខ្ពង់​រាប​ភាគ​ខាង​ជើង រួម​មាន ខេត្ត​ព្រះវិហារ ឧត្ដរមានជ័យ ស្ទឹងត្រែង រតនគីរី និង​ខេត្ត​មណ្ឌលគីរី សីតុណ្ហភាព​អប្បបរមា អាច​នឹង​ធ្លាក់​ចុះ​ដល់ ១៥ ទៅ ១៧​អង្សា​សេ។ ដោយ​ឡែក នៅ​តំបន់​ទំនាប​កណ្ដាល រួម​មាន ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់​ចុះ​ដល់​ចន្លោះ​ពី ១៤ ទៅ ១៦​អង្សា​សេ។ ចំពោះ​តំបន់​មាត់​សមុទ្រ និង​បណ្ដា​រាជធានី-ខេត្ត​ផ្សេងៗ​ទៀត សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់​ចុះ​ត្រឹម​កម្រិត​ពី ១៩ ទៅ ២១​អង្សា​សេ។

យោង​តាម​ការ​ព្យាករណ៍​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ដល់​សាធារណជន ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ផ្សេងៗ បណ្ដាល​មក​ពី​អាកាស​ធាតុ​ចុះ និង​ត្រជាក់​ខ្លាំង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។