ក្រសួងបើកវគ្គបណ្ដុះបណ្ដាលពីការអនុវត្តគ្រប់គ្រងថ្នាំជក់ដល់មន្ត្រីទេសចរណ៍
2016.08.23
ប្រធាន និងអនុប្រធានមន្ទីរទេសចរណ៍ទាំង ២៥ រាជធានី ខេត្ត ក្រុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារី។ ការបណ្ដុះបណ្ដាលនេះយកសេចក្ដីណែនាំលេខ ០០៧ របស់ក្រសួងទេសចរណ៍ជាគោល ដោយក្រសួងនឹងដាក់សម្ពាធលើអាជីវកម្ម និងសេវាកម្មទេសចរណ៍អោយអនុលោមតាមច្បាប់ស្ដីពីថ្នាំជក់ និងផ្សែងបារី។
ក្រសួងទេសចរណ៍ សហការជាមួយអង្គការចំនួនពីរ គឺអង្គការសុខភាពពិភពលោក (WHO) និង ប្រធានអង្គការចលនាដើម្បីសុខភាព បើកវគ្គបណ្តុះបណ្តាលស្តីពីរការអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅថ្ងៃអង្គារ ទី២៣ ខែសីហា។
វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេលមួយព្រឹកពេញនេះ ធ្វើឡើងនៅក្រសួងទេសចរណ៍ដែលមានអ្នកចូលរួមប្រមាណ ១០០នាក់ គឺផ្តោតសំខាន់ទៅប្រធានបទមួយចំនួន ដូចជា ផលប៉ះពាល់នៃថ្នាំជក់ ច្បាប់ជុំវិញការផ្សព្វផ្សាយ និងប្រើប្រាស់ថ្នាំជក់ និងជាពិសេសទៅលើការសម្រេចចិត្តឈប់ផ្ដល់អាជ្ញាប័ណ្ណទេសចរណ៍អោយអាជីវកម្មទាំងឡាយដែលមិនគោរពសេចក្ដីណែនាំពីផ្សែងបារីរបស់ក្រសួងទេសចរណ៍ ដែលចេញពីខែមិថុនា កន្លងទៅ។
សេចក្ដីណែនាំលេខ ០០៧ ស្ដីពីបរិស្ថានគ្មានផ្សែងបារីដល់អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងកម្ពុជានេះ ជាការប្រមូលចងក្រងនូវច្បាប់ និងលិខិតគតិយុត្តិក្រោមច្បាប់ដែលកម្ពុជា មាន ស្តីពីការគ្រប់គ្រង ផ្សព្វផ្សាយ និងប្រើប្រាស់ថ្នាំជក់។ ក្រសួងទេសចរណ៍បានយកសេចក្ដីណែនាំនេះមកធ្វើជាលក្ខន្តិកៈអោយអាជីវកម្មទាំងឡាយត្រូវបំពេញអោយបានដើម្បីសុំអាជ្ញាប័ណ្ណទេសចរណ៍។ ឧទាហរណ៍មួយចំនួននៃសេចក្ដីណែនាំទៅកាន់ម្ចាស់អាជីវកម្មនោះ មានដូចជាការតម្រូវអោយបិទផ្សាយបំរាមហាមជក់តាមផ្លូវចូលកន្លែងសាធារណៈ ការអោយដកចេញនូវប្រដាប់គោះបារី ការអោយមានសារព្រមានលើរាល់ផលិតផលថ្នាំជក់ ការមិនអោយផ្សាយផលិតផលថ្នាំជក់ក្នុងបរិវេណមូលដ្ឋានរបស់ខ្លួន ។ល។
អាជីវកម្មណាដែលបរាជ័យក្នុងការអនុលោមតាមសេចក្ដីណែនាំនេះ នឹងមិនត្រូវបានក្រសួងចេញ ឬបន្តអាជ្ញាប័ណ្ណអោយឡើយ។ លើសពីនេះទៀត ម្ចាស់អាជីវកម្មទាំងនោះក៏ប្រឈមមុខនឹងការផាកពិន័យពីអធិការកិច្ចក្រសួងសុខាភិបាលដែរ។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន អោយដឹងថា បច្ចុប្បន្ននេះក្រសួងស្ថិតនៅក្នុងដំណាក់កាលផ្សព្វផ្សាយនៅឡើយ ប៉ុន្តែខែកញ្ញានេះ ការអនុវត្តនឹងចាប់ផ្តើមបន្ទាប់ពីអធិការកិច្ចរបស់ក្រសួងសុខាភិបាល និងទេសចរណ៍ត្រូវបានរៀបចំជាស្ថាពរ៖ «នៅពេលដែលអធិការកិច្ចក្រសួងសុខាភិបាល បានបង្កើតឡើង ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល នឹងពិភាក្សារកប្រកាសរួមមួយក្នុងការចុះអនុវត្តអោយមានប្រសិទ្ធភាព។ យោងតាមអនុក្រឹត្យលេខ ៤៣ ចេញខែមីនា ឆ្នាំ២០១៦ នេះ គេទុកពេលអោយ ៦ខែ ម្ចាស់អាជីវកម្មមូលដ្ឋានទាំងអស់រៀបចំ។ ក្រោយ ៦ខែគឺនៅថ្ងៃទី១៦ ខែកញ្ញា ២០១៦ គឺយើងអាចចុះត្រួតពិនិត្យ និងផាកពិន័យបាន។ ខ្ញុំអំពាវនាវអោយបងប្អូនទាំងអស់ដែលប្រកបអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់អោយយកចិត្តទុកដាក់ពីរឿងនេះ»។
ប្រធានអង្គការចលនាដើម្បីសុខភាព លោកវេជ្ជបណ្ឌិត មុំ គង់ បានលើកឡើងពីផលវិបាកយ៉ាងច្រើនរបស់បារី ដែលលោកថា ជាមធ្យមឆក់យកជីវិតប្រជាជនកម្ពុជា ជាង ៣០នាក់ក្នុងមួយឆ្នាំ។ លោកបានបន្តទៀតថា ចំណាត់ការរបស់ក្រសួងនេះនឹងជួយកាត់បន្ថយចំនួនអ្នកជក់បារី និងអ្នកស្រូបផ្សែងបារី ហើយវាជាអ្វីដែលគួរតែធ្វើតាំងពីដំបូង៖ «ការពិតការហាមឃាត់ការជក់បារីតាមកន្លែងធ្វើការ តាមមូលដ្ឋានទេសចរណ៍ ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលហាមឃាត់មិនអោយជក់ខាងក្នុង តែអាចជក់ខាងក្រៅបានអោយតែមានចម្ងាយ ៥ម៉ែត្រពីច្រកចេញចូល។ យើងខាងសង្គមស៊ីវិលមានការគាំទ្រ ព្រោះមិនមែនតែប្រទេសកម្ពុជា ទេដែលធ្វើអ៊ីចឹង គឺទូទាំងពិភពលោក។ ការពិតយើងនៅក្រោយប្រទេសមួយចំនួនផង នៅពេលដែលយើងចាប់ផ្ដើមធ្វើរឿងនេះ»។
បញ្ហាបារីនៅប្រទេសកម្ពុជា ជាបញ្ហាមួយដែលគេសង្កេតឃើញថា បានទទួលការចាប់អារម្មណ៍ច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការស្រង់ស្ថិតិរបស់ក្រសួងផែនការនៅឆ្នាំ២០១៤ រកឃើញថា មានមនុស្សជាង ២លាននៅកម្ពុជា ដែលកំពុងប្រើប្រាស់ថ្នាំជក់។ មូលហេតុចម្បងនៃបញ្ហានេះត្រូវបានរកឃើញថា បណ្ដាលមកពីតម្លៃបារីនៅថោកពេក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្តាច់បារីខ្លួនឯងបានជោគជ័យផង បានចេញអនុក្រឹត្យផ្ទួនៗលេខ ១៤៩ និងលេខ ៤៣ នៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា។ នៅក្នុងវេទិការបរិស្ថានមួយកាលពីថ្ងៃទី២២ ខែសីហា លោក ហ៊ុន សែន ថែមទាំងលើកឧទាហរណ៍ថា លោកចង់ដំឡើងពន្ធបារី និងស្រាបៀដើម្បីយកប្រាក់ទៅបរិច្ចាគអោយមន្ទីរពេទ្យគន្ធបុប្ផា ទៀតផង៕