សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្អាង​ដោះលែង​វិញ

ដោយ សាន សែល
2017-08-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
Photo courtesy of Mother Nature

សកម្មជន​មាតា​ធម្មជាតិ​មួយ​រូប​ឈ្មោះ ហ៊ុន វណ្ណៈ ត្រូវ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ដោះលែង​វិញ បន្ទាប់​ពី​សាកសួរ​អស់​រយៈពេល​ជាង ៨​ម៉ោង។

លោក ហ៊ុន វណ្ណៈ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្អាង ប្រមាណ ២០​នាក់ ចាប់​ខ្លួន​វេលា​ម៉ោង ១២ និង ៣០​នាទី ថ្ងៃ​ទី​៧ សីហា ក្រោយ​ពេល​ដែល​លោក​ចូលរួម​ឃ្លាំ​មើល​ការ​តវ៉ា​របស់​អ្នក​ភូមិ អំពី​បញ្ហា​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ឡេង ជីង នៅ​ត្រង់​ចំណុច​ភូមិ​កោះគរ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​អ្នក​ភូមិ​ថា​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ និង​បាក់​ផ្ទះ​នៅ​តំបន់​នោះ។

អភិបាល​រង​ខេត្ត​កណ្ដាល លោក ខឹម ច័ន្ទគីរី ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ឃាត់​ខ្លួន​យុវជន ហ៊ុន វណ្ណៈ ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​ខេត្ត​កណ្តាល ដោយសារ​យុវជន​រូប​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង«ចឹង​យើង​ត្រូវ​ទៅ​សួរ​នាំ​ដើម្បី​បញ្ជាក់​ថា គាត់​មក​ពី​ខាង​ណា? គាត់​នៅ​ខាង​ណា? ពី​ស្ថាប័ន​ណា? គាត់​ចុះ​ទៅ​ហ្នឹង​ដើម្បី​អ្វី? ពី​ថ្ងៃ​មុន គាត់​យក​ដ្រូន​ទៅ​បង្ហោះ​ទៀត។ យើង​សួរ​នាំ​គាត់​សិន​ទេ។ (សំណួរ៖ នឹង​ឲ្យ​គាត់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​ប៉ុន្មាន?) ចាំ​មើល​ជំនាញ​ខាង​សន្តិសុខ គេ​ធ្វើ​ការ​តទៅទៀត។ (សំណួរ៖ ប្រហែល​ជា​អាច​ល្ងាច​នឹង​ទេ?) ហ្នឹង! ទាល់​តែ​ខាង​ជំនាញ​គេ»

លោក ហ៊ុន វណ្ណៈ ប្រាប់​អាស៊ីសេរី​ក្រោយ​ពេល​ចេញ​ពី​ស្នងការដ្ឋាន​ខេត្ត​កណ្ដាល ថា ដំណើរការ​សាកសួរ​របស់​អាជ្ញាធរ​ហាក់​ចង់​គំរាម​កំហែង​រូប​លោក ដោយ​អាជ្ញាធរ​បាន​អះអាង​ថា សកម្មភាព​របស់​លោក​ធ្វើ​នៅ​ក្នុង​ភូមិ​កោះគរ កន្លង​ទៅ គឺ​ខុស​ច្បាប់។ ក៏ប៉ុន្តែ​លោក វណ្ណៈ យល់​ថា ការ​ចុះ​ពន្យល់​ប្រជាពលរដ្ឋ​ពី​សិទ្ធិ និង​ឃ្លាំ​មើល​ការ​ជួបជុំ​របស់​អ្នក​ភូមិ មិន​ខុស​ច្បាប់​នោះ​ទេ។

ចំណែក​អ្នក​ភូមិ​មួយ​ចំនួន​យល់​ថា ការ​ចាប់​ខ្លួន​យុវជន ហ៊ុន វណ្ណៈ នេះ​ជា​សារ​គំរាម​កំហែង​ប្រជាពលរដ្ឋ​មិន​ឲ្យ​តវ៉ា​នឹង​ការ​បូម​ខ្សាច់​រាប់​ឆ្នាំ ដែល​ពួក​គាត់​ថា​ធ្វើ​ឲ្យ​បាក់​ច្រាំង និង​បាក់​ផ្ទះ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​លិខិត​មួយ​ដោយ​រៀបរាប់​ពី​ហេតុការណ៍​នេះ ក៏ប៉ុន្តែ​មិន​បាន​បញ្ចេញ​យោបល់​លើ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​នោះ​ថា​យ៉ាង​ណា​ទេ។

ជា​ថ្នូរ​នឹង​ការ​ដោះលែង យុវជន ហ៊ុន វណ្ណៈ បាន​ផ្ដិត​មេដៃ​ដោយ​សន្យា​មិន​បង្ហោះ​កូន​យន្តហោះ​ថត​រូប ឬ​ដ្រូន (Drone) ដោយ​គ្មាន​ការ​ជូន​ដំណឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល