សហគមន៍ខេត្តមណ្ឌលគិរីគ្រោងប្ដឹងអភិបាលស្រុកអូររាំង ករណីរំលោភដីព្រៃរដ្ឋ ៣០០ហិកតារ
2020.02.02
ក្រុមជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរីគ្រោងប្ដឹងអភិបាលស្រុកអូររាំង លោក សៀក មុន្នី ទៅអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ករណីរំលោភដីព្រៃអភិរក្ស ៣០០ហិកតារ ឋិតក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ។ សហគមន៍ថា ពួកគេមានភស្តុតាង និងឯកសារច្បាស់លាស់ ដែលបង្ហាញថា អភិបាលស្រុករូបនេះបានយកតួនាទីរំលោភយកដីព្រៃអភិរក្សដោយខុសច្បាប់ ហើយការដាក់បណ្ដឹងនេះនឹងធ្វើឡើងយ៉ាងយូរបំផុតត្រឹម២ សប្ដាហ៍ទៀត។
ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង (ពូនង) ២ នាក់ រស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ដែលតំណាងឱ្យជនជាតិដើមភាគតិចព្នងជាង ៣០០រយគ្រួសារ គ្រោងប្ដឹងអភិបាលស្រុកអូររាំង លោក សៀក មុន្នី ទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ ក្រសួងដែនដី រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឱ្យស្ថាប័នកំពូលថ្នាក់ជាតិទាំងនេះ ចុះអន្តរាគមន៍ ករណីអភិបាលស្រុកអូររាំងរូបនេះ ដែលបានចាប់យកដីព្រៃអភិរក្សប្រមាណ ៣០០ហិកតារ មកគ្រប់គ្រងជាទ្រព្យឯកជន ដោយបំពានច្បាប់។
តំណាងជនជាតិដើមភាគតិចព្នង លោក គ្រើង តុលា ឱ្យដឹងនៅថ្ងៃទី១ កុម្ភៈ ថា អភិបាលស្រុកអូររាំង លោក សៀក មុន្នី បានរំលោភយកដីព្រៃអភិរក្ស ឋិតនៅចំណុចទួលស្លៃ ភូមិពូឡេះ ឃុំដាក់ដាំ ចំនួន ៣០០ហិកតារ។ លោកថា ស្មៀនឃុំដាក់ដាំ បានបោះត្រាលើលិខិតស្នើសុំកាន់កាប់ដីធ្លីក្នុងព្រៃអភិរក្សទំហំ ៣០០ហិកតារនោះ ឱ្យអភិបាលស្រុករូបនេះ ស្របពេលពលរដ្ឋមួយចំនួនរស់នៅតំបន់នោះ កំពុងមានជម្លោះដីធ្លីជាមួយអភិបាលស្រុករូបនេះ។ លោកអំពាវនាវឱ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតរឿងនេះ ឱ្យត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីសង្គ្រោះព្រៃអភិរក្ស ដែលកំពុងរងការរំលោភបំពាន៖ «គេហៅថា ចំណុចទួលស្លែនៅចំណុចប៉ុស្តិ៍ ៨ មាន៣០០ហិកតារ ដែលមានទំនាស់ជាមួយបងប្អូនជនជាតិចាម។ បងប្អូនជនជាតិចាម គាត់ទៅប្ដឹងម្សិលមិញគាត់ថា ទៅប៉ះដីគាត់សុំសម្របសម្រួល សៀក មុន្នី ហ្នឹងគាត់មិនព្រម។ គាត់ថា អត់ទេ ដីខ្ញុំគឺដីខ្ញុំ។ ការបញ្ជាក់របស់ស្មៀនឃុំ គាត់ថា លោកស្មៀនឃុំគាត់ថា ធ្លាប់បោះត្រាឱ្យលោកសៀក មុន្នី ហ្នឹងដីចំណុចហ្នឹង ៣០០ហិកតារ»។
ជនជាតិដើមភាគតិចព្នងម្នាក់ទៀតដែលចូលរួមប្ដឹងអាជ្ញាធរស្រុក គឺ លោក ក្លាន ថូ ថ្លែងថា ដីព្រៃអភិរក្សដែលអាជ្ញាធរស្រុករំលោភយកនោះ ជាកន្លែងអាស្រ័យផលបែបប្រពៃណីរបស់ជនជាតិដើមភាគតិចព្នងរាប់ពាន់គ្រួសាររស់នៅតំបន់នោះដូចជា រកវល្លិ៍ រកថ្នាំបុរាណ បេះបន្លែ ចិញ្ចឹមសត្វ និង រុក្ខជាតិកម្រ ជាដើម។ លោកថា ការដាក់បណ្តឹងនេះ គឺជាជម្រើសចុងក្រោយរបស់សហគមន៍ ដោយសារអ្នកភូមិភាគច្រើនមិនហ៊ានងើបតវ៉ាទាមទារដីដែលអាជ្ញាធររំលោភនោះទេ ព្រោះពួកគេខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ៖ «ជាព្រៃដំណម ព្រៃខ្មោច ដូចតា ពីមុនៗគេកាប់បំផ្លាញអស់រលីង។ អ៊ីចឹងយើងប្តឹងដើម្បីយើងទាមទារទាំងអស់គ្នា។ រាល់ថ្ងៃហ្នឹងយើងការពារត្រង់ហ្នឹង បើអត់មានកន្លែងហ្នឹងយើងដាច់ពោះស្លាប់ហើយ ដោយសារ ម្ហូបអាហារ បន្លែ ព្រៃឈើទាញយកផលកន្លែងហ្នឹង»។
ឆ្លើយតបការចោទប្រកាន់នេះ អភិបាលស្រុកអូររាំង លោក សៀក មុន្នី បដិសេធថា លោកមិនបានរំលោភយកដីព្រៃអភិរក្ស៣០០ ហិកតារនោះទេ។ លោកចាត់ទុកការលើកឡើងរបស់ពលរដ្ឋគឺជារឿងមិនពិត ហើយលោកកំពុងរកមេធាវី ការពាររឿងក្តីនេះ៖ «អត់ទេបាទ អត់ទាល់តែសោះតែម្តង។ ឥឡូវខ្ញុំកំពុងរៀបចំឱ្យរកមេធាវី ធ្វើពាក្យបណ្តឹង ដែលគាត់ចុះព័ត៌មានពីខ្ញុំ ខុសពីការពិត»។
ចំណែកស្មៀនឃុំ ដាក់ដាំ លោក ចាង អ៊ិន ក៏បានបដិសេធដែរថា លោកមិនបានបោះត្រាលើលិខិតស្នើសុំកាន់កាប់ដីធ្លី ក្នុងព្រៃអភិរក្សទំហំ ៣០០ ហិកតារ ឱ្យអភិបាលស្រុកអូររាំង នោះទេ៖ «ដូចអត់មានទេបង។ អត់ដឹងផងបង»។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុក ពាក្យបណ្តឹងបរិហាររបស់ពលរដ្ឋ ជាគំរូល្អបង្ហាញពីភាពក្លាហាន ការពារទ្រព្យសម្បត្តិរបស់រដ្ឋ និងបំបាត់អំពើកេងប្រវ័ញ្ចទ្រព្យសាធារណៈរបស់រដ្ឋ ដែលកំពុងកើតមានច្រើននៅកម្ពុជា។ លោកពន្យល់ថា ការំលោភដីព្រៃអភិរក្សរបស់រដ្ឋ ជាទង្វើល្មើសច្បាប់ ហើយអាជ្ញាធរពាក់ព័ន្ធ ត្រូវស៊ើបអង្កេតរឿងនេះឱ្យត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីស្រោចស្រង់ព្រៃអភិរក្សដែលនៅសល់ចុងក្រោយ៖ «យើងឃើញថា នេះជាជំហានមួយដែលបង្ហាញពីភាពគំរូ របស់សហគមន៍ខេត្តមណ្ឌលគិរី លោកមានឆន្ទៈដាក់បណ្ដឹងបរិហារតាមផ្លូវច្បាប់ហ្នឹង ដើម្បីឱ្យមានការបំបាត់អំពើពុករលួយ និងអំពើកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋ ជាកម្មសិទ្ធិដោយខុសច្បាប់»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា ចលនារំលោភទ្រព្យសាធារណៈរបស់រដ្ឋ នៅខេត្តមណ្ឌលគិរីកំពុងកើតមានឡើងស្ទើរគ្រប់ទីកន្លែង ប៉ុន្តែមានពលរដ្ឋតិចតួចប៉ុណ្ណោះ ដែលហ៊ានចេញមុខប្ដឹងឈ្មួញ និងអាជ្ញាធរ ទៅតុលាការ និងស្ថាប័នពាក់ព័ន្ធ ដើម្បីទាមទារដីព្រៃសាធារណៈរបស់រដ្ឋមកវិញ ដោយសារពួកគាត់ខ្លាចរងការធ្វើទុក្ខបុកម្នេញពីជនទាំងនោះ៕