អង្គការ​ចំនួន​៦​ប្ដឹង​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ម៉ាឡេស៊ី​រឿង​ទំនប់​វារីអគ្គិសនី​ដនសាហុង

ដោយ យន់ សាមៀន
2014.10.20
វារី​អគ្គិសនី​ដនសាហុង ៦១០ ១២-មីនា-២០១៤៖ ច្រក​ទន្លេ​ហ៊ូសាហុង (Hou Sahong) ដែល​ប្រទេស​ឡាវ គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ក្នុង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។
RFA/Yeang Socheametta

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​អន្តរជាតិ​ចំនួន​៦ ដាក់​បណ្ដឹង​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​ម៉ាឡេស៊ី (Malaysia) ឈ្មោះ ស៊ូហាក់កាម (SUHAKAM) ស្នើសុំ​ឱ្យ​ស៊ើប​អង្កេត​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ដែល​អាច​បណ្ដាល​មក​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង នៅ​ប្រទេស​ឡាវ។

ពាក្យ​បណ្ដឹង​ដែល​ដាក់​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២០ តុលា តំណាង​ឲ្យ​ពលរដ្ឋ​សហគមន៍​នៅ​កម្ពុជា និង​ថៃ រាប់​លាន​នាក់ ដែល​អាច​រង​ការ​គំរាម​កំហែង​បាត់​បង់​ត្រី​ជា​ប្រភព​ម្ហូប​អាហារ និង​ប្រាក់​ចំណូល​របស់​ពួក​គេ។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល (NGO Forum) លោក តឹក វណ្ណារ៉ា បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ស៊ូហាក់កាម ធានា​ថា ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ជា​ក្រុមហ៊ុន​ម៉ាឡេស៊ី ឈ្មោះ មេហ្កា ហ្វឺសខបប៉ូរេសិន ប៊ើហេដ (Mega First Corporation Berhad) ត្រូវ​គោរព​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​អន្តរជាតិ រួម​ទាំង​ត្រូវ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដល់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ទំនប់​នេះ។

លោក តឹក វណ្ណារ៉ា អះអាង​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​ស៊ូហាក់កាម បាន​ទទួល​យក​ពាក្យ​បណ្ដឹង​រួច​ហើយ ប៉ុន្តែ​គ្រោង​នឹង​ពិភាក្សា​ផ្ទៃ​ក្នុង​ជា​មុន រួច​ហើយ​នឹង​ចុះ​ទៅ​ស៊ើប​អង្កេត​លើ​គម្រោង​សាងសង់​ទំនប់​នេះ។

រីឯ​តំណាង​ក្រុមហ៊ុន មេហ្កា ហ្វឺសខបប៉ូរេសិន ប៊ើហេដ ក៏​បាន​ទទួល​យក​ញត្តិ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែរ។ អង្គការ​ទាំង​នោះ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​នេះ ពិចារណា​ពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​សង្គម៖ «បណ្ដឹង​យើង​សង្ឃឹម​ថា​នឹង​មាន​លទ្ធផល ពីព្រោះ​គណៈកម្មការ​សិទ្ធិ​មនុស្ស​មាន​លទ្ធផល​ជា​វិជ្ជមាន គេ​ទទួល​យក​ពាក្យ​បណ្ដឹង​ពី​តំណាង​សហគមន៍។ ហើយ​ទី​ពីរ គេ​បាន​សន្យា គេ​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​វិវឌ្ឍ​ដនសាហុង ដែល​ប្រជាជន​គាត់​ដាក់»

រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​សាងសង់​របស់​ម៉ាឡេស៊ី ឈ្មោះ មេហ្កា ហ្វឺសខបប៉ូរេសិន ប៊ើហេដ កាល​ពី​ឆ្នាំ​២០០៦ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​សិក្សា​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង។ គម្រោង​នេះ នឹង​ចំណាយ​ថវិកា​ចំនួន ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន ២៤០​មេហ្គា​វ៉ាត់ (Megawatts)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។