ពិភាក្សា​ពី​វិធានការ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ព្រៃ​លិច​ទឹក​នៅ​ពោធិ៍សាត់

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​មាន​ឈ្មោះ​ថា "សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា" បាន​បើក​វេទិកា​សាធារណៈ​មួយ ដើម្បី​ពិភាក្សា​រិះ​រក​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់ កុំ​ឲ្យ​មាន​ការ​កាប់​រាន​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប ជា​បន្ត​ទៀត។
ដោយ មណ្ឌល កែវ
2013.04.24
ព្រៃ​លិច​ទឹក ពោធិ៍សាត់ ៣០៥ អង្គការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ពិភាក្សា​ពី​វិធានការ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ព្រៃ​លិច​ទឹក​នៅ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Mondul Keo

វិធានការ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ព្រៃ​លិច​ទឹក ត្រូវ​បាន​អង្គការ "សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា" លើក​យក​មក​ធ្វើ​ជា​ប្រធាន​បទ​ពិភាក្សា​ក្នុង​វេទិកា​សាធារណៈ​មួយ ដោយ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់។

ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា លោក ឡុង សុចែត បាន​លើក​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា ថា គោល​បំណង​នៃ​វេទិកា​សាធារណៈ​នេះ គឺ​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​អាជ្ញាធរ​ជំនាញ អ្នក​ពាក់ព័ន្ធ និង​តំណាង​សហគមន៍ បាន​ជួប​ពិភាក្សា​គ្នា​រិះ​រក​មធ្យោបាយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក ឬ​ហៅ​ថា​ព្រៃ​រនាម ក្នុង​តំបន់​៣ យក​ធ្វើ​ជា​កម្មសិទ្ធិ។

លោក​ថា ក្ដី​កង្វល់​របស់​ប្រជា​នេសាទ​នា​ពេល​បច្ចុប្បន្ន គឺ​ការ​ថយ​ចុះ​នូវ​ផល​ត្រី​ដែល​ធ្លាប់​តែ​សម្បូណ៌​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​គឺ​តំបន់​បឹង​ទន្លេសាប ដោយសារ​តែ​ការ​បាត់​បង់​ព្រៃ​រនាម​លិច​ទឹក​នេះ៖ «បើ​សិន​ជា​យើង​មិន​ទប់ស្កាត់​ទេ អនាគត​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ នឹង​វិនាស​អស់។ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បឹង​ទន្លេសាប ទាំង​មូល។ យើង​យក​គោលដៅ​នៅ​កន្លែង​នេះ​ធ្វើ​ជា​បទ​ពិសោធន៍ ប្រសិន​បើ​មាន​ជោគជ័យ យើង​នឹង​យក​ទៅ​អនុវត្ត​កន្លែង​ផ្សេង​ទៀត​នៅ​ជុំវិញ​បឹង​ទន្លេសាប...»

បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​ចេញ​បទ​បញ្ជា​លេខ​០១ ចុះ​ថ្ងៃ​ទី០២ ខែ​កក្កដា ឆ្នាំ​២០១០ ស្ដីពី​ការ​ចាត់​វិធាន​ការ​ការពារ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​បន្ទាប់​ពី​ក្រុម​ការងារ​ចុះ​បោះ​បង្គោល​ព្រំ​កំណត់​ដែន​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​ពោធិ៍សាត់ រួច​មក សកម្មភាព​នៃ​ការ​កាប់​រាន​ព្រៃ​លិច​ទឹក​មាន​ការ​ថយ​ចុះ។ ប៉ុន្តែ ថ្មីៗ​នេះ សកម្មភាព​កាប់​រាន​ព្រៃ​លិច​ទឹក​បាន​កើត​មាន​ឡើង​វិញ​យ៉ាង​ស្ងាត់​កំបាំង ដែល​បណ្ដាល​ឲ្យ​ដី​ព្រៃ​លិច​ទឹក​រាប់​ពាន់​ហិកតារ​នៅ​ជុំវិញ​បឹង​ទន្លេសាប ត្រូវ​បាត់បង់។ ដោយ​ឡែក​ព្រៃ​លិច​ទឹក ឬ​ហៅ​ថា​ព្រៃ​រនាម​រាប់​រយ​ហិកតារ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ក៏​កំពុង​រង​ការ​បាត់បង់​ផង​ដែរ។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ពោធិ៍សាត់ លោក ភុំ វិមល បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៦ ប្រជាពលរដ្ឋ ៧៩​គ្រួសារ ដែល​បាន​រស់នៅ និង​កាន់​កាប់​ដី​ចំនួន ៨៥​ហិកតារ ក្នុង​តំបន់​៣ ចំណុច​ឫស្សី​មួយ​រយ​គុម្ព ស្ថិត​ក្នុង​ឃុំ​កញ្ជរ ស្រុក​កណ្ដៀង។ លោក​ថា នេះ​ជា​ចំណុច​ផ្ដើម​រីក​រាល​ដាល​នៃ​ការ​កាប់​រាន​ព្រៃ​លិច​ទឹក​យក​ធ្វើ​កម្មសិទ្ធិ​នា​ពេល​បច្ចុប្បន្ន៖ «២០០៦ ដល់ ២០១២ ដី​ស្រែ​ដែល​គាត់​ធ្វើ គឺ​តែ ៨៥​ហិកតារ ទេ ក្នុង​នោះ​មាន ៧៩​គ្រួសារ។ តែ​ដល់​ឆ្នាំ​២០១២ ដី​ស្រែ​គាត់​កើន​ឡើង​ដល់​ទៅ​ជាង ២០០​ហិកតារ នេះ​មិន​មាន​ន័យ​ថា​គាត់​លួច​កាប់​រាន​ថែម។ ខ្ញុំ​កំពុង​ធ្វើ​សាវតារ​ជាតិ​បញ្ហា​ដី​នេះ ហើយ​ខ្ញុំ​នឹង​មិន​អនុគ្រោះ​ឲ្យ​អ្នក​ធ្វើ​អំពើ​នេះ​ទេ...»

ប្រភព​ពី​អាជ្ញាធរ​ជំនាញ​ផ្នែក​ជលផល​ស្រុក​កណ្ដៀង បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ចាម ចំនួន ៧៩​គ្រួសារ បាន​នាំគ្នា​កាប់​រាន​ដោយ​ប្រើ​ម៉ាស៊ីន​គោយន្ត​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ដី​ចន្លោះ​រវាង​សហគមន៍​នេសាទ​ស្រីចឹក និង​សហគមន៍​នេសាទ​ពោធិ៍របង។ ការ​ឈូស​ឆាយ​នេះ ច្រើន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់។

ទាក់ទិន​ចំពោះ​បញ្ហា​កាប់​រាន​ព្រៃ​លិច​ទឹក​នេះ អភិបាល​ស្រុក​កណ្ដៀង លោក សុខ លីមុត មាន​ប្រសាសន៍​ថា អនុក្រឹត្យ​លេខ​១៩៧ របស់​រាជ​រដ្ឋាភិបាល ការ​កាន់​កាប់​ដី​ក្នុង​តំបន់​៣ ត្រូវ​បាន​ហាមឃាត់​ដាច់​ខាត៖ «ខ្ញុំ​នឹង​អនុវត្ត​តាម​អនុក្រឹត្យ​លេខ​១៩៧ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​កាប់​រាន​ព្រៃ​នៅ​ក្នុង​តំបន់​៣ ទេ បើ​នៅ​តែ​អនុគ្រោះ គឺ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ។ យើង​មិន​ងាយ​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​លេខ​១៩៧ នេះ​ទេ...»

អនុក្រឹត្យ​លេខ​១៩៧ របស់​រាជ​រដ្ឋាភិបាល បាន​កំណត់​ដែន​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប មាន​ទំហំ ៦៤៧.៤០៦​ហិកតារ។ ដោយ​ឡែក​ខេត្ត​ពោធិ៍សាត់ មាន​ព្រៃ​លិច​ទឹក​សរុប ៩៤.០៤២​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។