ពលរដ្ឋ​ថា ជនជាតិ​វៀតណាម​បន្ត​ធ្វើ​នេសាទ​ខុស​ច្បាប់​នៅ​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់

ដោយ ជាតិ ចំណាន
2019.04.30
fishing_net_305 មង​នេសាទ​ដែល​ច្បាប់​ហាម ត្រូវ​អ្នក​នេសាទ​នៅ​តំបន់​ចុងឃ្នាស បឹង​ទន្លេសាប​ប្រើ នៅ​ថ្ងៃ​ទី ២១ ធ្នូ ២០១១។
RFA

ប្រជាពលរដ្ឋ​នៅ​តំបន់​ទន្លេសាប​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង អះអាង​ថា ទូក​នេសាទ​ធំៗ ជា​ច្រើន​គ្រឿង​របស់​ជនជាតិ​វៀតណាម​នៅ​បន្ត​ធ្វើ​នេសាទ​ខុស​ច្បាប់​នៅ​បឹង​ទន្លេសាប ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​នេសាទ​ខុស​ច្បាប់​ជា​មូលហេតុ​ធ្វើ​ឱ្យ​ហិនហោច​ត្រី ហើយ​បាន​ប៉ះពាល់​ដល់​របរ​ធ្វើ​នេសាទ​ជា​លក្ខណ​គ្រួសារ​របស់​ពលរដ្ឋ​​នៅ​ជុំវិញ​បឹង​ទន្លេ​សាប។

​​​ពលរដ្ឋ​រស់​នៅ​ឃុំ​កោះ​ជីវាំង​ ស្រុក​ឯកភ្នំ អ្នក​ស្រី ម៉ៅ រ៉េត ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៩ មេសា​ថា ទូក​នេសាទ​ត្រី​របស់​ជនជាតិ​វៀតណាម ប្រមាណ​ពី ៥ទៅ ១០គ្រឿង​ក្នុង​មួយ​ថ្ងៃ​ ធ្វើ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​យ៉ាងកាវ​ ហៅ​អួន​ក្រឡាញឹក នាំ​គ្នា​អូស​ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ​នៅ​បឹង​ទន្លេសាប​ក្នុង​ឃុំ​កោះ​ជីវាំង ដោយ​​ពុំ​មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​នោះ​ទេ។ អ្នក​ស្រី​បន្ត​ថា ពលរដ្ឋ​ខ្មែរ​រស់​នៅ​ទី​នោះ​មិន​អាច​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន​ទេ ព្រោះ​អ្នក​នេសាទ​ជនជាតិ​វៀតណាម​ទាំង​នោះ​បើក​កាណូត​បុក​លិច​ទូក​ នឹង​បើក​កាត់​ផ្ដាច់​មង​របស់​ពួកគាត់​ជា​ប្រចាំ«មាន​ទាំង​អស់​កាន់​តែ​ខ្លាំង​លើស​ដើម​ អ្នក​ណា​មក​ភូត​ខ្ញុំ​ ហើយ​ខ្ញុំ​បើ​ចង់​ដឹង​មក​ខ្ញុំ​នាំ​ទៅ​មើល ឥឡូវ​ទន្លេ​ចង់​ដុះ​ដី​ហើយ​ ដោយសារ​មង​នេសាទ​ជនជាតិ​វៀតណាម។អីចឹង​និយាយ​ទៅ​ធ្វើ​អី​ឱ្យ​វា​ជាក់​ស្ដែង​ឱ្យ​មាន​ការពិត​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​សង្ឃឹម​ទៅ​លើ​សមត្ថកិច្ច​ផង​ ដល់​តែ​សមត្ថកិច្ច​និយាយ​យក​រួច​តែ​ខ្លួន​គឺ​ពួក​ខ្ញុំ​នៅ​បឹង​ទន្លេសាប​អស់​ទឹក​ចិត្ត​ហើយ»

អ្នក​ស្រី​បន្ត​ទៀត​ថា អាជ្ញាធរ​ពាក់​ព័ន្ធ​ប្រចាំ​នៅ​បឹង​ទន្លេសាប​សុទ្ធតែ​ដឹង​បញ្ហា​​នេះ​ តែ​មិន​ចាត់​វិធានការ​នោះ​ទេ​ ដោយ​បណ្ដោយ​ឱ្យ​ជនជាតិ​វៀតណាម​ធ្វើ​នេសាទ​ដោយសេរី ហើយ​អាជ្ញាធរ​ច្រើន​តែ​មាន​វិធាន​ការ​ចំពោះ​បទល្មើស​តូចតាច​ដែល​ពលរដ្ឋ​ខ្មែរ​ធ្វើ​នេសាទ​ទៅ​វិញ។

ប្រជា​នេសាទ​នៅ​ឃុំ​កោះជីវាំង​ម្នាក់​ទៀត​ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា សព្វ​ថ្ងៃ​ពួកគាត់​ធ្វើ​នេសាទ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​មិន​បាន​ទេ ដោយសារ​បរិមាណ​ត្រី​កាន់​តែ​ថយ​ចុះ។លោក​បន្ត​ថា ជនជាតិ​វៀតណាម​សម្រុក​ធ្វើ​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​ទន្លេសាប​ជា​រៀង​រាល់​ថ្ងៃ ដោយសារ​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ការ​នៅ​បឹង​ទន្លេសាប«និយាយ​ពី​ធនធាន​ត្រី​គឺ​ចប់​ហើយ គឺ​វា​អស់​​សូន្យ​តែ​ម្ដង បើ​អាជ្ញាធរ​បណ្ដោយ​ឱ្យ​អ្នក​នេសាទ​សុខ​ច្បាប់​ដូច​សព្វថ្ងៃ។ រឿង​នេះ​ដោយសារ​ការ​ឃុបឃិត​គ្នា​ជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​ពេល​ឃុបឃិត​គ្នា​រួច​ពួកគេ​ចុះ​ទៅ​នេសាទ​ត្រី​មាន​កាណូត​១០គ្រឿង​អីចឹង​ទៅ ហើយ​យើង​ទូក​តូច​មិន​អាច​ធ្វើ​អី​គេ​បាន​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង​ លោក ជួង សុភាព ​ប្រាប់​អាស៊ី​សេរី​ថា លោក​ទើប​ដឹក​នាំ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​កាល​ពី​ដើម​​សប្ដាហ៍​កន្លង​ទៅ ហើយ​រឹបអូស​បាន​ឧបករណ៍​នេសាទ​មួយ​ចំនួន​ទៀត​ផង។ទោះ​ជា​យ៉ាង​ណា​លោក​ថា​​ សមត្ថកិច្ច​មិន​ទាន់​ចាប់​ជនជាតិ​វៀតណាម​​ធ្វើ​នេសាទ​ខុស​ច្បាប់​បាន​នៅ​ឡើយ​ទេ ដោយសារ​ពួកគេ​ធ្វើ​នេសាទ​នៅ​ពេល​យប់ ហើយ​មាន​កាណូត​ធំ​ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​​ពិបាក​ក្នុង​ការ​ចុះ​បង្ក្រាប៖ «ប៉ុន្តែ​អា​ធំៗ ខ្ញុំ​គិត​ថា​បើ​នៅ​ក្រៅ​លំហ​មាន​បើ​នៅ​កន្លែង​អភិរក្ស​ពុំ​មាន​ទេ ព្រោះ​ទឹក​រីង​នៅ​សល់​កម្ពស់​តែ​មួយ​ម៉ែត្រ​មិន​អាច​ធ្វើ​នេសាទ​កើត​ទេ ហើយ​បើ​ធ្វើ​ប៉ះ​មង​ពលរដ្ឋ​ប្ដឹង​មាន​រឿង​ហើយ ព្រោះ​ឥឡូវ​ឱ្យ​តែ​មាន​បទល្មើស​ពលរដ្ឋ​គាត់​រាយការណ៍​មក​ខ្ញុំ​ភ្លាម ហើយ​បើ​សិន​ជា​ពលរដ្ឋ​ដឹង​ព័ត៌មាន​ច្បាស់​ឱ្យ​គាត់​ទូរស័ព្ទ​មក​ខ្ញុំ​មក ដើម្បី​ខ្ញុំ​បញ្ជូន​កម្លាំង​ទៅ​ឱ្យ​ទាន់។ បាទ​គ្រាន់​តែ​ឃុំ​កោះ​ជីវាំង​មួយ​នឹង​យើង​មាន​សង្កាត់​រដ្ឋបាល​ជលផល​ ២កន្លែង ហើយ​ឃុំ​ព្រៃចាស់​ ក៏​យើង​សង្កាត់​រដ្ឋបាល​ជលផល​ដែរ និយាយ​រួម​នៅ​ក្រុង​ឯកភ្នំ​មួយ​យើង​មាន ៤សង្កាត់​ សម្រាប់​ទប់​ទល់​បទល្មើស​នេសាទ ហើយ​នឹង​មាន​ផ្នែក​មួយ​ទៀត»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី យល់​ថា ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​នេះ​ ដោយសារ​តែ​កន្លង​មក​អាជ្ញាធរ​ពាក់ព័ន្ធ​ច្រើន​ធ្វើ​ការ​បដិសេធ​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ ដែល​តែង​តែ​ស្នើសុំ​ឱ្យ​មាន​ការ​​ទប់​ស្កាត់​​​បទល្មើស​នេសាទ​ និង​​ខ្វះ​កិច្ច​សហការ​ល្អ​ជា​មួយ​សហគមន៍​ និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។លោក​បន្ត​ថា បញ្ហា​នេះ​នឹង​នៅ​តែ​កើត​មាន​បន្ត​ប្រសិន​បើ​មន្ត្រី​ថ្នាក់​លើ​នៅ​តែ​បណ្ដោយ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ដូច​សព្វ​ថ្ងៃ​នោះ៖ «សម្រែក​ស្រែក​យំ​របស់​ពលរដ្ឋ​វា​កើត​មាន​ស្ទើរតែ​រាល់​ថ្ងៃ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ការ​ពិនិត្យ​វិញ ចំណុច​សំខាន់​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​ខ្វះ​ការ​គ្រប់គ្រង​ខ្វះ​ការ​ត្រួតពិនិត្យ​ទៅ​លើ​បញ្ហា​ទាំង​នេះ ហើយ​ច្រើន​តែ​បណ្ដោយ​ និង​ជា​ពិសេស​មួយ​ទៀត​វា​អាច​មាន​អំពើពុករលួយ​ដែរ​បាន​ជា​បញ្ហា​នេះ​នៅ​តែ​កើត​មាន​ដដែល​នោះ»

ប្រជាពលរដ្ឋ​នៅ​បឹង​ទន្លេសាប​ភាគ​ស្រុក​ឯកភ្នំ​ភាគ​ច្រើនទទូច​ឱ្យ​របប​ក្រុង​ភ្នំពេញ បញ្ជូន​ជនជាតិ​វៀតណាម​ទាំង​នោះ​ចេញ​ពី​បឹង​ទន្លេសាប​ ដើម្បី​ដោះស្រាយ​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់។មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ឆាប់​ទប់​ស្កាត់​​បញ្ហា​នេះ​​ទេ នឹង​ធ្វើ​ឱ្យ​ត្រី​នៅ​តំបន់​បឹងទន្លេសាប​កាន់​តែ​ហិនហោច​ឆាប់​រហ័ស ហើយ​​បាន​ប៉ះពាល់​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​តំបន់​បឹងទន្លេសាប​ស្រុក​ឯក​ភ្នំ​ ប្រឈម​ការ​​​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ ព្រោះ​ពួកគាត់​គ្មាន​ដី​ធ្វើ​ស្រែ​ដាំដុះ​ដូច​ពលរដ្ឋ​នៅ​តំបន់​ផ្សេង​ឡើយ​ ដោយ​ពួកគាត់​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​របរ​ធ្វើ​នេសាទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។