ទន្លេមេគង្គដែលហូរកាត់ប្រទេសឡាវ ចាក់មកស្រុកមួយនៃខេត្តព្រះវិហារ ដែលជាប់គ្នានឹងព្រំប្រទល់ខេត្តស្ទឹងត្រែង បានបង្កើតទៅជាល្បាក់ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលអ្នកភូមិនៅទីនោះបានហៅថាទឹកធ្លាក់ព្រះនិមិត្ត។
ទឹកធ្លាក់នេះ មានសក្ដានុពលផ្នែកអេកូទេសចរណ៍យ៉ាងខ្លាំង ប្រសិនបើអាជ្ញាធរ ឬក៏រដ្ឋាភិបាល រៀបចំឲ្យបានត្រឹមត្រូវ គឺវាមិនត្រឹមតែឲ្យសហគមន៍ការពារព្រៃឈើ អាចរកកម្រៃជួយទ្រទ្រង់លើសកម្មភាពអភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ វាក៏អាចបង្កើតការងារឲ្យប្រជាពលរដ្ឋអាចរកកម្រៃពីវិស័យទេសចរណ៍ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃដែរ។
ទឹកធ្លាក់ព្រះនិមិត្ត ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ នៃស្រុកឆែប ចម្ងាយជាង ១៤០គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តព្រះវិហារ ដោយជាប់គ្នានឹងព្រំដែនរបស់ប្រទេសឡាវ ព្រមទាំងខេត្តស្ទឹងត្រែង ផង។
បច្ចុប្បន្ន ទឹកធ្លាក់នោះមានធម្មជាតិស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចង់ទៅកម្សាន្តផ្នែកអេកូទេសចរណ៍ ដូចជាគយគន់សម្រស់ព្រៃឈើ ភ្នំ និងងូតទឹកលេងសប្បាយ។
ថ្វីត្បិតតែតំបន់ទឹកធ្លាក់ព្រះនិមិត្តនៅឆ្ងាយដាច់ស្រយាលពីទីក្រុង ប៉ុន្តែសក្ដានុពលរបស់វានៅតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីច្រើនកន្លែង ឲ្យទៅលេងកម្សាន្តនៅទីនោះ ដោយមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានមនុស្ស ៤-៥ក្រុមទៅលេងដែរ។
ស្ត្រីចំណាស់ដែលតាមក្រុមគ្រួសារទៅលេងកម្សាន្តនៅទីនោះ ក្នុងចំណោមអ្នកទេសចរជាច្រើនទៀត គឺលោកស្រី តាន់ គឹមលី។ លោកស្រីមានប្រសាសន៍ថា គាត់រស់នៅទីរួមខេត្តព្រះវិហារ ហើយកូនៗបាននាំគាត់ទៅលេងទឹកធ្លាក់ព្រះនិមិត្តចំនួន ៣លើកហើយ។
លោកស្រី តាន់ គឹមលី មានប្រសាសន៍ថា គាត់ធ្លាប់ដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងក្នុងប្រទេសខ្មែរ ប៉ុន្តែគាត់ចាប់អារម្មណ៍លើទឹកធ្លាក់ព្រះនិមិត្ត ហើយក៏មកលេងច្រើនដងជាងគេដែរ៖ « ខ្ញុំដើរលេងច្រើនកន្លែងដែរ ប៉ុន្តែមកទីនោះមើលទៅឃើញទឹកធ្លាក់ធំល្វឹងល្វើយ ហាក់សប្បាយចិត្ត។ កន្លែងនេះ គឺមានទេសភាពស្អាតណាស់ មើលទៅវាលធំជាងទឹកជ្រោះប៊ូស្រានៅខេត្តមណ្ឌលគិរី »។
ដោយសារតែភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេះតែទៅលេងទឹកធ្លាក់ព្រះនិមិត្តជាបន្តបន្ទាប់ គឺវាបានផ្ដល់ការងារខ្លះទៅឲ្យអ្នកភូមិកំពង់សាមី ដែលរស់នៅចំនួនប្រហែលពី ១០ ទៅ ១៥គ្រួសារក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៣០០គ្រួសារ អាចមានការងារធ្វើ តាមរយៈការរកកម្រៃពីវិស័យទេសចរណ៍ មានការលក់ម្ហូប ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ ជាដើម។
អ្នកភូមិកំពង់សាមី ម្នាក់ក្នុងចំណោមជាច្រើននាក់ទៀត លោកស្រី ឃួន វ៉ាន់ មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ គាត់តែងលក់ដូរម្ហូបសម្រាប់ភ្ញៀវទេសចរដែលមកលេងទឹកធ្លាក់ព្រះនិមិត្តនេះ។ ក្នុង ១ខែៗ គាត់អាចរកប្រាក់កម្រៃបានពីការលក់ម្ហូប ភេសជ្ជៈ និងអីវ៉ាន់ជូនភ្ញៀវទេសចរប្រហែលជាង ២០០ដុល្លារអាមេរិក ហើយនៅពេលណាដែលមិនមានភ្ញៀវមកលេង គឺគាត់ទៅរកត្រីនៅតាមទន្លេមេគង្គ៖ « បានប្រហែលជា ១លានរៀលអីហ្នឹង ខែណាបាន ខែណារកមិនបានដល់ ១លានរៀលទេ។ ខ្ញុំលក់បាយដំណើប បុកល្ហុងស្បែកគោ បំពងជាដើម មិនដែលកោរភ្ញៀវទេ » ។
ភាគច្រើននៃប្រជាពលរដ្ឋរស់នៅឃុំកំពង់ស្រឡៅ២ គឺមានទម្លាប់ដូចប្រជាជនឡាវ ដោយពួកគេទទួលទានអាហារដូចឡាវ ព្រមទាំងនិយាយភាសាឡាវ ផង។

ទឹកធ្លាក់ព្រះនិមិត្ត គឺដើមដំបូងឡើយគ្រប់គ្រងដោយសហគមន៍ការពារព្រៃឈើព្រលាននៃភូមិកំពង់សាមី ប៉ុន្តែរយៈពេល ៣-៤ឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនចិន មួយបានចូលទៅវិនិយោគធ្វើសណ្ឋាគារ ភោជនីយដ្ឋាន ព្រមទាំងកាស៊ីណូជាដើម ដោយដណ្ដើមចែកផលប្រយោជន៍គ្នាជាមួយសហគមន៍ការពារព្រៃឈើ និងសហគមន៍អេកូទេសចរណ៍។ រហូតមកដល់ពេលនេះ សហគមន៍អេកូទេសចរណ៍ហាក់មិនសូវសប្បាយចិត្តជាមួយនឹងក្រុមហ៊ុននោះទេ។
ប្រធានសហគមន៍អេកូទេសចរណ៍ លោក កេត សុគន្ធ មានប្រសាសន៍ថា បច្ចុប្បន្នថ្វីត្បិតតែតំបន់ទឹកធ្លាក់ព្រះនិមិត្ត ជារបស់សហគមន៍មែន ក៏ប៉ុន្តែសហគមន៍គ្មានសិទ្ធិចាត់ចែងលើការអភិវឌ្ឍផ្លូវថ្នល់ និងធ្វើកន្លែងសម្រាប់ទេសចរមកអង្គុយលេង ដើម្បីឲ្យអ្នកភូមិអាចចូលមករកចំណូលបានត្រឹមត្រូវទេ។
លោក កេត សុគន្ធ ឲ្យដឹងថា ជារៀងរាល់ខែ ភ្ញៀវទេសចរដែលទៅលេងទឹកធ្លាក់ព្រះនិមិត្តចំនួនប្រហែលពី ៥.០០០នាក់ ឬក៏ច្រើនជាងនេះ ហើយនៅពេលដែលភ្ញៀវចង់ឲ្យសហគមន៍ធ្វើខ្ចុះសម្រាប់អង្គុយលេង ឬក៏ទទួលទានអាហារនោះ គឺក្រុមហ៊ុនចិន ដែលទើបតែចូលមកវិនិយោគ ហាក់ដូចជាចង់គ្រប់គ្រងទៅលើកិច្ចការរបស់សហគមន៍៖ « យើងចង់រៀបចំឲ្យមានខ្ចុះសម្រាប់ភ្ញៀវមកអង្គុយលេងអី គឺវានៅជំពាក់ជំពិន ត្រូវតែពិភាក្សាជាមួយក្រុមហ៊ុន។ ខ្ញុំមិនមែនថាមិនចង់ឲ្យមានក្រុមហ៊ុនមកទីនេះទេ ប៉ុន្តែសុំឲ្យក្រុមហ៊ុនបែងចែកការងារសហគមន៍ឲ្យបានច្បាស់ »។
បច្ចុប្បន្ន សហគមន៍ការពារព្រៃឈើព្រលាននៃភូមិកំពង់សាមី ដែលធ្លាប់ជាម្ចាស់នៃរមណីយដ្ឋាននោះ បានសិទ្ធិត្រឹមតែដាក់បារ៉ាស់លក់សំបុត្រឲ្យអ្នកទេសចរដែលចូលទៅលេងកម្សាន្តទឹកធ្លាក់ ដូចជាឡានតូច ១គ្រឿងថ្លៃ ៥.០០០រៀល ឡានទេសចរណ៍មួយថ្លៃ ១០.០០០រៀល និងអ្នកទេសចរបរទេសម្នាក់ ត្រូវទិញសំបុត្រ ២ដុល្លារប៉ុណ្ណោះ សម្រាប់ប្រមូលយកកម្រៃទាំងនោះទៅរៀបចំជួយការងារសហគមន៍ការពារព្រៃឈើ ចំណែកឯការរៀបចំរមណីយដ្ឋានទេសចរណ៍វិញ ហាក់គ្មានសិទ្ធិពេញលេញដើម្បីចាត់ចែងទេ។
ប្រធានសហគមន៍ការពារព្រៃឈើព្រលាន លោក ភុំ ម៉ាវុធស៊ី មានប្រសាសន៍ថា រយៈពេល ២-៣ឆ្នាំមកហើយ សហគមន៍ការពារព្រៃឈើរបស់លោកបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន ក្នុងការអភិវឌ្ឍតំបន់ទឹកធ្លាក់នេះ ហេតុដូច្នេះ សហគមន៍មិនមានសិទ្ធិធ្វើការអភិវឌ្ឍទីនោះបានស្រេចតែចិត្តទៀតទេ។ ទោះជាយ៉ាងណា ប្រធានសហគមន៍រូបនេះមិនបានបញ្ជាក់ថា តើកិច្ចព្រមព្រៀងនោះមានចែងអំពីអ្វីខ្លះទេ៖ « វាអត់មានប្រាក់ចំណូលច្រើន ដើម្បីកែច្នៃតំបន់ទឹកធ្លាក់ បើធ្វើខ្ចុះសម្រាប់ទទួលភ្ញៀវ គឺក្រុមហ៊ុនមិនឲ្យធ្វើទេ ពីព្រោះតំបន់ទឹកធ្លាក់នេះ ក្រុមហ៊ុនគេម៉ៅការដាច់អស់ហើយ »។
អភិបាលស្រុកឆែប លោក សុខ សានតារា មានប្រសាសន៍ថា លោកមិនបានដឹងពីកិច្ចព្រមព្រៀងរវាងសហគមន៍ព្រៃឈើ និងក្រុមហ៊ុនចិន នោះយ៉ាងណាឡើយ ពីព្រោះកិច្ចព្រមព្រៀងនោះបានធ្វើឡើងតាំងតែពីជំនាន់អភិបាលស្រុកមុន ដែលមានលោក អ៊ុំ ម៉ារ៉ា ជាអភិបាលខេត្តម្ល៉េះ៖ « សូមឲ្យសហគមន៍រាយការណ៍មកអាជ្ញាធរស្រុកមក គាត់អាចធ្វើជារបាយការណ៍ ឬក៏គាត់អាចមកជួបអាជ្ញាធរដើម្បីប្រជុំគ្នាមើលថា តើមានការមិនពេញចិត្តរឿងអី ?»។
សហគមន៍ព្រៃឈើព្រលាន បានបង្កើតឡើងកាលពីឆ្នាំ២០០៩ ហើយនៅឆ្នាំ២០១៣ គេបានកែច្នៃតំបន់ទឹកធ្លាក់ព្រះនិមិត្តឲ្យទៅជាកន្លែងអេកូទេសចរណ៍ ក្រោមការជួយជ្រោមជ្រែងពីអង្គការពន្លកខ្មែរ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៣ បន្ទាប់ពីសហគមន៍ព្រៃឈើព្រលាន នៅភូមិកំពង់សាមី បានចុះកិច្ចព្រមព្រៀងវិនិយោគទេសចរណ៍តំបន់ទឹកធ្លាក់ព្រះនិមិត្ត ជាមួយនឹងក្រុមហ៊ុនមក គឺអង្គការពន្លកខ្មែរ បានដកខ្លួនចេញលែងជួយជ្រោមជ្រែងដល់សហគមន៍ព្រៃឈើ និងសហគមន៍ទេសចរណ៍ទីនោះ ទាំងការផ្ដល់យោបល់ និងពិភាក្សាលើគម្រោងអ្វីទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។