បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទទួល​បាន​រង្វាន់​ពី​សាកលវិទ្យាល័យ​នៅ​អាមេរិក

ដោយ មាន ឫទ្ធិ
2017.01.31
ផៃ ប៊ុនលាង ២០១៧ ៨៥៥ លោក ផៃ ប៊ុនលាង (ពី​ឆ្វេង​រូប​ទី​៣) ទទួល​រង្វាន់​កិច្ច​សហការ​អន្តរជាតិ​អ្នក​ការពារ​ព្រៃ​ឈើ​តំបន់​ត្រូពិក ឆ្នាំ​២០១៧ នៅ​សាកលវិទ្យាល័យ យ៉ែល (Yale University) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៧។ Photo/Prey Lang Facebook
Photo/Prey Lang Facebook

គម្រោង​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ដែល​មាន​ឈ្មោះ​ថា “ព្រៃ​ឡង់ ជា​ព្រៃ​របស់​យើង” បាន​ទទួល​រង្វាន់ “កិច្ច​សហការ​អន្តរជាតិ​អ្នក​ការពារ​ព្រៃ​ឈើ​តំបន់​ត្រូពិក ឆ្នាំ​២០១៧” របស់​សាកលវិទ្យាល័យ យ៉ែល (Yale University’s International Society of Tropical Foresters Innovation prize) សហរដ្ឋ​អាមេរិក។

សកម្មជន​បរិស្ថាន និង​ជា​តំណាង​សហគមន៍​ព្រៃ​ឡង់​ប្រចាំ​ខេត្ត​ក្រចេះ លោក ផៃ ប៊ុនលាង បាន​អញ្ជើញ​មក​ធ្វើ​បទ​បង្ហាញ​ប្រកួត​យក​រង្វាន់​នេះ​នៅ​សាកលវិទ្យាល័យ យ៉ែល នៅ​ក្នុង​រដ្ឋ​ខនណិកទីកាត់ (Connecticut)។ លោក​សង្ឃឹម​ថា រង្វាន់​នេះ​បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​លោក​ឲ្យ​បន្ត​ធ្វើ​ការ​រួម​គ្នា​ជាមួយ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង ៤​ខេត្ត ឲ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន​ថែម​ទៀត តាម​រយៈ​ការ​ចែក​រំលែក​នូវ​បទពិសោធន៍ ដែល​លោក​បាន​សិក្សា​ពី​គម្រោង​ជោគជ័យ​នានា និង​បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួល​ស្គាល់​ការងារ​របស់​បណ្ដាញ​ព្រៃ​ឡង់​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រង្វាន់​ស្ដីពី "កិច្ច​សហការ​អន្តរជាតិ​អ្នក​ការពារ​ព្រៃ​ឈើ​តំបន់​ត្រូពិក ឆ្នាំ​២០១៧" នេះ គឺ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត ដែល​សហគមន៍​ព្រៃ​ឡង់​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​សហគមន៍​នៅ​បរទេស។ រង្វាន់​នេះ​បង្កើត​ឡើង​ដើម្បី​ទទួល​ស្គាល់ និង​ផ្តល់​កិត្តិយស​ដល់​គម្រោង​ពហុ​វិស័យ​ល្អ​បំផុត​មួយ ដែល​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការ​ប្រើប្រាស់ និង​អភិរក្ស​ធនធាន​ក្នុង​តំបន់​ត្រូពិក​ប្រកប​ដោយ​និរន្តរភាព និង​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ចំនួន ៣​ពាន់​ដុល្លារ​អាមេរិក។

សកម្មជន​បរិស្ថាន និង​ជា​តំណាង​សហគមន៍​ព្រៃ​ឡង់​ប្រចាំ​ខេត្ត​ក្រចេះ លោក ផៃ ប៊ុនលាង បាន​អញ្ជើញ​មក​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​របស់​លោក ដែល​មាន​ឈ្មោះ​ថា “ព្រៃ​ឡង់​ជា​ព្រៃ​របស់​យើង” ដើម្បី​ប្រកួត​យក​រង្វាន់​នេះ​នៅ​សាកលវិទ្យាល័យ យ៉ែល នៅ​ក្នុង​រដ្ឋ​ខនណិកទីកាត់ សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែ​មករា កន្លង​មក​នេះ។

លោក​មាន​ប្រសាសន៍​លាយឡំ​នឹង​អារម្មណ៍​ត្រេកអរ ប្រាប់​អាស៊ីសេរី​ក្រោយ​ពេល​ទទួល​បាន​រង្វាន់​នេះ​ថា លោក​សប្បាយ​ចិត្ត​ដែល​បណ្ដាញ​របស់​លោក​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ​យ៉ាង​ច្រើន​នៅ​ក្នុង​ពិភពលោក៖ «យើង​ធ្វើ​ការ​ទៅ​លើ​ការ​ការពារ​ព្រៃ​ឈើ ហើយ​ជា​អ្នក​តស៊ូ​មតិ​សម្រាប់​ផល​ប្រយោជន៍​របស់​សង្គម​ជាតិ​ផង​ដែរ...»

លោក​បន្ត​ថា រង្វាន់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ទទួល​ស្គាល់​នូវ​គម្រោង​បង្កើត​ថ្មី​ប្រកប​ដោយ​លក្ខណៈ​ច្នៃប្រឌិត ជាមួយ​នឹង​ការ​កសាង​នូវ​ភាព​ជា​ដៃគូ​ចម្រុះ​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ក្នុង​សហគមន៍ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា។

នេះ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​លោក ផៃ ប៊ុនលាង ដែល​ត្រូវ​បាន​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​របស់​លោក និង​អង្គការ​ដៃគូ​នានា គាំទ្រ​លោក​ឲ្យ​មក​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​យក​រង្វាន់​នេះ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ក៏​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​គំនិត​ផ្ដួចផ្ដើម​អេក្វាទ័រ​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP Equator Initiative Prize) នៅ​ឯ​សន្និសីទ​ក្រុង​ប៉ារីស ប្រទេស​បារាំង និង​ពាន​រង្វាន់​មូលនិធិ​អាឡិចស៊ែនឌ័រ សូរូស (Alexander Soros Foundation) កាល​ពី​ឆ្នាំ​២០១៣ ផង​ដែរ។

លោក ផៃ ប៊ុនលាង ជា​សកម្មជន​បរិស្ថាន​ម្នាក់​ដែល​តែងតែ​បាន​ដឹកនាំ និង​ចូលរួម​យ៉ាង​សកម្ម​អស់​រយៈពេល​ជាង ១៦​ឆ្នាំ​មក​ហើយ ក្នុង​កិច្ចការ​អភិរក្ស និង​ការពារ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ពី​ការ​រុក​រាន និង​ការ​កាប់​បំផ្លាញ​ខុស​ច្បាប់។

លោក​មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​ធ្លាប់​ទទួល​រង​នូវ​ការ​គំរាម​កំហែង​រាប់​មិន​អស់​ពី​សំណាក់​ក្រុម​អ្នក​មាន​អំណាច ប្រាក់កាស និង​អាជ្ញាធរ​ជា​បន្តបន្ទាប់។ ទោះ​យ៉ាង​ណា​ក៏ដោយ លោក​ថា​ក្រុម​របស់​លោក​នៅ​តែ​មិន​រួញរា និង​ភ័យ​ខ្លាច​ចំពោះ​ការ​គំរាម​កំហែង​នោះ​ឡើយ៖ «តាម​ការពិត ១៦​ឆ្នាំ​ជាង​នេះ​ដែល​ខ្ញុំ​បាន​ចូលរួម​នៅ​ក្នុង​បណ្ដាញ ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​ក្នុង​បណ្ដាញ​ការពារ យើង​មាន​គោល​ជំហរ​ច្បាស់លាស់​ទៅ​លើ​ការ​ការពារ​ព្រៃ ត្រូវ​បាន​គំរាម​កំហែង ជាក់ស្តែង​តាម​ទូរស័ព្ទ តាម​សម្ដី​ផ្សេងៗ​ជាច្រើន។ ប៉ុន្តែ​ពួក​ខ្ញុំ​បាទ​មិន​ត្រូវ​ការ​ខ្លាច​ទេ ដោយសារ​យើង​ស្រឡាញ់​ពិត​ប្រាកដ ព្រោះ​ព្រៃ​នេះ​ជា​ព្រៃ​របស់​យើង​ទាំងអស់​គ្នា។ យើង​នៅ​តែ​ព្យាយាម​ធ្វើ​ឲ្យ​ឃើញ ឲ្យ​សង្គម​ឃើញ​ថា​យើង​ចង់​បាន​ព្រៃ​ឲ្យ​នៅ​ល្អ ហើយ​ជា​ព្រៃ​របស់​ខ្មែរ​ផង​ដែរ»

គម្រោង “ព្រៃ​ឡង់​ជា​ព្រៃ​របស់​យើង” គឺ​ជា​គម្រោង​រួម​គ្នា​មួយ​រវាង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ និង​ដៃគូ​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត រួម​មាន​ដូចជា អង្គការ Denmission អង្គការ​ស្ពាន​ដើម្បី​សន្តិភាព បណ្តាញ​កសាង​សន្តិភាព​សហគមន៍ ក្រុមហ៊ុន Web Essentials និង​សាកលវិទ្យាល័យ កូពែនហាហ្គែន (University of Copenhagen) នៃ​ប្រទេស​ដាណាម៉ាក (Denmark)

គម្រោង​នេះ​បាន​បង្កើត​ឲ្យ​មាន​ឡើង​នូវ​កម្មវិធី​ប្រើប្រាស់​ក្នុង​ទូរស័ព្ទ​ដៃ​ឆ្លាត​វៃ (ស្មាត​ហ្វូន) ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ផ្តល់​នូវ​ព័ត៌មាន​ជាក់លាក់​នានា ពាក់ព័ន្ធ​នឹង​សញ្ញាណ​នៃ​ការ​រុក​រាន​ដី​ព្រៃ ការ​សឹករិចរិល​ព្រៃ​ឈើ រូបភាព ទីតាំង និង​ពេលវេលា​នៃ​ការ​កាប់​បំផ្លាញ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់។ល។ ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​កម្មវិធី​នេះ ត្រូវ​បាន​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​យក​មក​ប្រើប្រាស់ ដើម្បី​កំណត់​អត្តសញ្ញាណ​ពិត​ប្រាកដ​នៃ​បទល្មើស​ព្រៃ​ឈើ ក៏ដូចជា​ចូលរួម​ទប់ស្កាត់​ប្រឆាំង​នឹង​បទល្មើស​ព្រៃ​ឈើ​ទាំងនេះ និង​បង្កើន​ប្រសិទ្ធភាព អភិរក្ស​ព្រៃ​ឡង់​ជា​រួម​ផង​ដែរ។

ថ្វី​បើ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០១ ដោយ​សហគមន៍​ដែល​រស់នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​មក​ពី​ខេត្ត​ចំនួន​បួន គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ ដែល​បាន​រួបរួម​គ្នា​តស៊ូ​មតិ​ដើម្បី​ការពារ និង​អភិរក្ស​ព្រៃ​ឈើ​របស់​ពួក​គេ​ក៏ដោយ បច្ចុប្បន្ន រដ្ឋាភិបាល​នៅ​មិន​ទាន់​ទទួល​ស្គាល់​ការងារ​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​របស់​បណ្ដាញ​សហគមន៍​នេះ​នៅ​ឡើយ​ទេ។

លោក ផៃ ប៊ុនលាង បាន​ផ្តាំផ្ញើ​នូវ​ពាក្យពេចន៍​មួយ​ចំនួន និង​អំពាវនាវ​ដល់​សមាជិក​ទាំងអស់ ត្រូវ​ចេះ​ទទួល​ខុស​ត្រូវ ហើយ​សំខាន់​ជាង​គេ គឺ​យើង​ចេះ​ថែរក្សា​គ្នា​នឹង​សាមគ្គី​គ្នា ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​របស់​យើង៖ «ខ្ញុំ​ក៏​នឹង​នាំ​ពី​ពាក្យ​ពី​ការ​ប្រជុំ​នេះ​ទៅ​ជូន​បងប្អូន​វិញ ទៅ​ជូន​ក្រុម​បណ្ដាញ​របស់​យើង​ខ្ញុំ​វិញ។ ហើយ​ក៏​សូម​ផ្តាំផ្ញើ​ម្យ៉ាង​ទៀត សូម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គួរ​តែ​ទទួល​ស្គាល់​បណ្ដាញ​ព្រៃ​ឡង់ ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​នាម​ជា​អ្នក​ស្ម័គ្រ​ចិត្ត ក្នុង​នាម​ជា​អ្នក​ការពារ​ដោយ​ឯករាជ្យ ដើម្បី​ជួយ​ការពារ​ព្រៃ និង​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ»

នេះ​ជា​លើក​ទី​៣ ហើយ​ដែល​កម្មវិធី​កិច្ច​សហការ​អន្តរជាតិ​អ្នក​ការពារ​ព្រៃ​ឈើ​តំបន់​ត្រូពិក នៃ​សាកលវិទ្យាល័យ យ៉ែល (Yale University) សហរដ្ឋ​អាមេរិក បាន​បង្កើត​គំនិត​ផ្ដួចផ្ដើម​ឲ្យ​មាន​រង្វាន់​នេះ​ឡើង។

សម្រាប់​ឆ្នាំ​២០១៧ នេះ មាន​អង្គការ​ចំនួន​២៥ នៅ​ទូទាំង​ពិភពលោក បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​យក​ជ័យលាភី​សម្រាប់​រង្វាន់​នេះ ហើយ​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ មាន​តែ​បេក្ខភាព​ចំនួន​ពីរ​ប៉ុណ្ណោះ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​មក​ចូលរួម​ធ្វើ​បទ​បង្ហាញ​ប្រកួត​យក​ជ័យលាភី ក្នុង​នោះ​មាន​បេក្ខភាព​មក​ពី​ប្រទេស​ស្រីលង្កា និង​កម្ពុជា។

ទិន្នន័យ​កម្មវិធី​ឃ្លាំ​មើល​ព្រៃ​ឈើ​សកល (Global Forest Watch) ឆ្នាំ​២០១៥ ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ធនធាន​ពិភពលោក (WRI) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន និង​សាកលវិទ្យាល័យ​ម៉ារីឡែន ឲ្យ​ដឹង​ថា ក្នុង​ចន្លោះ​ឆ្នាំ​២០០១ និង​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា បាន​បាត់បង់​ព្រៃ​ឈើ​សរុប​ប្រមាណ ១​លាន ៤​សែន​ហិកតារ (,៤៤​លាន​ហិកតារ) ឬ ១៤.៤៧១​គីឡូម៉ែត្រ​ក្រឡា។ ហើយ​ថា​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​អត្រា​បាត់បង់​ព្រៃ​ឈើ​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។